ដោយ វិទ្យុអាស៊ីសេរី
2024.10.27
វិទ្យុអាស៊ីសេរី

រូបត្លុកនយោបាយ៖ «អភិវឌ្ឍដោយមិនទុកនរណាម្នាក់ចោល» រូប៖ RFA
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូល «ហ៊ុន» តពូជពីឪដល់កូនអស់រយៈពេលជិត៤០ឆ្នាំមកនេះ កម្ពុជាតែងអួតអាងនៅតាមវេទិកាអន្តរជាតិនានាថា ខ្លួនខិតខំអភិវឌ្ឍប្រទេស «ដោយមិនទុកនរណាម្នាក់ចោល»។ ក៏ប៉ុន្តែ ការពិតជាក់ស្តែង គោលនយោបាយនេះ ហាក់មានតែនៅលើក្រដាសតែប៉ុណ្ណោះ ខណៈកម្ពុជាកំពុងប្រែក្លាយជាអាណាចក្រគ្រប់គ្រងដោយត្រកូល «ហ៊ុន» និងក្រុមអ្នកមានលុយមានអំណាចស្ទើរផ្តាច់មុខ។ ពលរដ្ឋខ្មែរ ជាពិសេសក្រុមអ្នករិះគន់ គណបក្សប្រឆាំង សកម្មជនសង្គម និងពលរដ្ឋក្រីក្រ កំពុងបន្តរងគ្រោះកាន់តែច្រើនឡើងៗពីការអនុវត្តគោលនយោបាយបែប «ផាត់ចោល» ពួកគេ និងប្រព័ន្ធនយោបាយបែបបក្ខពួកនិយមចាក់ស្រេះ។
សហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ការអភិវឌ្ឍន៍ប្រទេសបែប «ផាត់ចោល» ក្រុមអ្នករិះគន់យ៉ាងដូច្នេះ នឹងមិនអាចធ្វើឱ្យសង្គមជាតិរីកចម្រើនក្លាយជាប្រទេស «អ្នកមាន» បានឡើយ។ ផ្ទុយទៅវិញ ការបន្តក្ដោបក្ដាប់អំណាចរបស់ត្រកូល «ហ៊ុន» ក្រោមលេសនៃពាក្យថា «អរគុណសន្តិភាព» នេះ គ្រាន់តែជាសន្តិភាពបែបភ្លើងចំបើងដែលងាយនឹងផុតរលត់។ ពួកគេព្រមានថា ការណ៍នេះ អាចបណ្ដាលឱ្យសង្គមកម្ពុជាកាន់តែហែកហួរ និងបែកបាក់គ្នាខ្លាំងឡើងៗ ពោលគឺមិនខុសពីសម័យកាលសង្គ្រាមស៊ីវិលមុនឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។