បក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​គម្រោង​លម្អិត​អំពី​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២៥

ដោយ ឡេង ម៉ាលី
2024.10.29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​គម្រោង​លម្អិត​អំពី​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២៥

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​កិច្ចប្រជុំ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាល​ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ រូបហ្វេសប៊ុកក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ


បក្ស​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​បារម្ភ​អំពី​តម្លាភាព នៃ​គម្រោង​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២៥ និង​ស្នើ​ឱ្យ​បង្ហាញ​គម្រោង​លម្អិត​។ ការ​បារម្ភ​នេះ ធ្វើឡើង​បន្ទាប់​ពី​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៥ ខែ​តុលា បាន​អនុម័ត​ថវិកាជាតិ​ជាង ៩​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ ហើយ​ក្រសួង​ហិរញ្ញវត្ថុ​ថា នឹង​ផ្សព្វផ្សាយ​សេចក្ដី​ព្រាងច្បាប់ ១​សប្ដាហ៍​ក្រោយ ក្រោយ​ទៅ​ដល់​រដ្ឋសភា។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ស្នើ​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ឯកសារ​ព័ត៌មាន​នៃ​គម្រោង​ចំណាយ នៅមុន​ពេល​ដាក់​ជូន​រដ្ឋសភា​អនុម័ត ដើម្បី​ផ្ដល់​ឱកាស​ដល់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​នឹង​ថវិកា លើក​មតិយោបល់​ជា​មូលដ្ឋាន សម្រាប់​ឱ្យ​សមាជិកសភា​តវ៉ា ក្នុង​គោលដៅ​កែ​លម្អ​ការ​ចំណាយ​របស់​រដ្ឋ​ឱ្យ​ត្រឹមត្រូវ​តាម​សេចក្ដី​ត្រូវការ។

អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែ​តុលា ថា តាម​បទពិសោធន៍ កាល​លោក​នៅ​ជា​តំណាងរាស្ត្រ និង​អតីត​ជា​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ លោក​ទទួល​បាន​ឯកសារ​គម្រោង​ថវិកាជាតិ​ក្នុង​អំឡុង​ខែ​តុលា ដែល​មាន​ពេល​ពិនិត្យ​លើ​ការ​ចំណាយ មុន​នឹង​ពិភាក្សា​អនុម័ត​នៅ​សភា។

លោក​ថា សម្រាប់​កម្ពុជា​លោក​តែងតែ​ចាប់អារម្មណ៍​លើ​ការ​ចំណាយ​ក្នុង​វិស័យ​អប់រំ សុខាភិបាល និង​វិស័យ​សង្គមកិច្ច ហើយ​ច្បាប់​ថវិកាជាតិ ទាមទារ​ឱ្យ​មាន​ការ​ផ្ដល់​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ដែល​យល់ដឹង​អំពី​ស្ថានភាព​ពលរដ្ឋ​នៅ​មូលដ្ឋាន ទាក់ទង​នឹង​វិស័យ​ទាំងនេះ ដើម្បី​ឱ្យ​ឆ្លើយតប​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

លោក​សម្ដែង​ការ​បារម្ភ​ពាក់ព័ន្ធ​នឹង​ច្បាប់​ថវិកាជាតិ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​រដ្ឋាភិបាល និង​សភា​បាន​ធ្វើ ដោយ​លោក​កត់សម្គាល់​ថា រាល់​គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ឡើយ​។ លោក​ថា ការ​ធ្វើ​ច្បាប់​ថវិកា​របស់​ប្រទេស​កម្ពុជា មិន​ផ្ដល់​ឱកាស​ឱ្យ​ស្ថាប័ន​ថ្នាក់​មូលដ្ឋាន​ធ្វើ​សំណើ​ទេ គឺ​ច្រើនតែ​ធ្វើ​ពី​ថ្នាក់​ជាតិ​ទៅ​។ ដូច្នេះ មិនអាច​ធ្វើ​ឱ្យ​ការ​ចំណាយ​អនុវត្ត​ចំ​តាម​សេចក្ដី​ត្រូវការ​របស់​ប្រទេសជាតិ​ទេ។

លោក សុន ឆ័យ៖ «ក្រោយ​ៗ មក​នេះ ខ្ញុំ​មិន​បាន​ដឹង​ច្បាស់លាស់​អំពី​ចំណាយ​លម្អិត​ទេ។ ប៉ុន្តែ ព័ត៌មាន​ថា នឹង​ផ្សព្វផ្សាយ​ថវិកា​ជាតិ សម្រាប់​បម្រើ​សកម្មភាព​វិមជ្ឈការ ជាពិសេស សម្រាប់​ថ្នាក់​ឃុំ​សង្កាត់ ដើម្បី​ឱ្យ​មានលទ្ធភាព​ធ្វើការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ផ្ទាល់​ជាមួយ​ពលរដ្ឋ​។ វា​ជា​ការ​ព្រួយបារម្ភ ព្រោះ​កន្លង​ទៅ​នេះ យើង​ឭ​ព័ត៌មាន​ថា អាច​នឹង​មានការ​កាត់​ការ​ចំណាយ​នៅ​តាម​មូលដ្ឋាន​ឃុំ​សង្កាត់​នោះ មាន​ចំនួន​ជាច្រើន ដែល​អាច​នឹង​ប៉ះពាល់​ទៅដល់​ការ​ជួយ​ទៅដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន»។

គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៥ ខែ​តុលា បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២៥ ដែល​រាជរដ្ឋាភិបាល​គ្រោង​ចំណាយ ៩.៣០០​លាន​ដុល្លារ (៣៧.៩៥០.៣៨៥លាន​រៀល)។ គម្រោង​ចំណាយ​ឆ្នាំ​២០២៥ នេះ កើន​លើស​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០២៤ ចំនួន ៤០០​លាន​ដុល្លារ​ដែល​គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល​ឆ្នាំ​២០២៤ មាន​ប្រមាណ ៨.៩០០​លាន​ដុល្លារ (៣៧.១១០.៤០៤​លាន​រៀល)។

យ៉ាងណា គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២៥ នៅ​តិច​ជាង​ការ​ចំណាយ​កាលពី​ឆ្នាំ​២០២៣ ចំនួន ៣០០​លាន​ដុល្លារ ដែល​កាលពី​ឆ្នាំ​២០២៣ រដ្ឋាភិបាល​ចាយ​ថវិកា​ប្រមាណ ៩.៦០០​លាន​ដុល្លារ (៣៩.២០៦.២០៥​លាន​រៀល)។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែតុលា​ថា ចំណាយ​ចរន្ត​នៅ​ឆ្នាំ​២០២៥ ដូចជា ការ​ចំណាយ​លើ​ប្រាក់ខែ​មន្ត្រីរាជការ និង​ផ្នែក​ប្រតិបត្តិ​រដ្ឋបាល​នៅ​ស្ថាប័នរដ្ឋ​ជាដើម មាន​កំណើន​តិចតួច តែ​កើន​ច្រើន​លើ​ចំណាយ​មូលធន ដែល​រដ្ឋាភិបាល​មាន​គម្រោង​បង្កើន​ការ​វិនិយោគ​ហេដ្ឋារចនាសម្ពន្ធ​សាធារណៈ។

លោក ប៉ិច ពិសី៖ «មក​ដល់​ពេល​នេះ យើង​មិនទាន់​បាន​ទទួល​សេចក្ដីព្រាងច្បាប់​សង្ខេប​ទេ​។ អ៊ីចឹង​យើង​ពិបាក​ក្នុង​ការវិភាគ​ខ្ទង់ចំណាយ​ថវិកា​លម្អិត ដោយសារតែ​មកដល់​នេះ យើង​មិន​ទទួល​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឱ្យ​ពលរដ្ឋ​ដឹង​អំពី​សេចក្ដី​សង្ខេប​សេចក្ដី​ព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២៥​ទេ។ កន្លងមក​យើង​រដ្ឋាភិបាល​ចែកចាយ តែ​ឆ្នាំ​នេះ មាន​ការ​ពន្យារពេល​។ យើង​ចាំ​មើល​ប្រហែល​អាទិត្យ​ក្រោយ​ក្រែង​រដ្ឋាភិបាល​អាច​ធ្វើ​ការ​ផ្សព្វផ្សាយ»។

អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែ​តុលា ថា ក្រសួង​នឹង​ផ្សព្វផ្សាយ​សេចក្ដីព្រាងច្បាប់ ១​សប្ដាហ៍​ក្រោយ ក្រោយ​ទៅ​ដល់​រដ្ឋសភា។

លោក មាស សុខសេនសាន៖ «យើង​នឹង​មាន​តួលេខ​លម្អិត​នៅពេល​ទៅ​សភា»។

ប្រធាន​កម្មវិធី​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​លោក ម៉ារ សុផល ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​សេចក្ដីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២៥​ឱ្យ​បាន​លឿន ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​មានឱកាស​ផ្ដល់​យោបល់​កែ​លម្អ។

លោក ម៉ារ សុផល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែ​តុលា ថា បញ្ហា​សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​ការ​ប្រមូល​ពន្ធ​ធ្លាក់ចុះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ការ​វិនិយោគ និង​ការ​បែងចែក​ថវិកា​ថ្នាក់ក្រោម​ជាតិ​មួយ​ចំនួន។

លោក​ថា៖ «ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ពន្លឿន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​លឿន ប្រសិនបើ​ទុក​ពេល​យូរ ឱ្យ​ខាង​សាធារណជន អង្គការ​សង្គម​ស៊ីវិល មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ពិនិត្យ​និង​ផ្ដល់​យោបល់​ធាតុ​ចូល ទៅ​ដល់​តំណាងរាស្ត្រ​ក្នុង​ការ​ជជែក​ពិភាក្សា អនុម័ត​ជា​ការ​ល្អ ហើយ​ធ្វើ​ម៉េច​ធានា​ការ​អនុវត្ត​ចាយវាយ​ថវិកា​ប្រកបដោយ​តម្លាភាព​និង​គណនេយ្យភាព មិន​មាន​ភាព​មិន​ប្រក្រតី​ជៀសវាង​អំពើពុករលួយ​ផ្សេងៗ»។

គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើកឡើង​ថា ការ​លាក់បាំង​ការ​ចំណាយ​លម្អិត នៃ​គម្រោង​ថវិកាជាតិ គឺជា​ប្រព័ន្ធ​នយោបាយ ដែល​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ចំណាយ​របស់​រដ្ឋាភិបាល ហើយ​ករណី​បែប​នេះ ជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ដឹកនាំ​សេដ្ឋកិច្ច ដែល​មិនអាច​ធានា​រក​ចំណូល​ឱ្យ​គ្រប់​ការ​ចំណាយ និង​រុញ​ប្រទេស​ឱ្យ​ធ្លាក់​ចុះ នូវ​អំពើ​បក្ខពួក​និយម​និង​ពុករលួយ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ថវិកា​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment