ដោយ សុជីវី
2024.10.29
RFA

លោកស្រី ប៉ាត់ រស្មី (អាវខ្មៅ) និងប្ដី លោក ថុន រដ្ឋា (កៀកក) កញ្ញា ឡុង គន្ធា (រូបទី៣ ពីខាងស្ដាំ) និងកញ្ញា ភួន កែវ រស្មី (ខាងស្ដាំ) សកម្មជនចលនាមាតាធម្មជាតិ ព្រមទាំងអ្នកគាំទ្រ នៅថ្ងៃអាជ្ញាធរចាប់ខ្លួន កាលពីទី២ ខែកក្កដា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សកម្មជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារផ្ញើសារលើកទឹកចិត្តយុវជនឱ្យក្លាហាន និងហ៊ានប្រឆាំងចំពោះភាពអយុត្តិធម៌ ដើម្បីទាមទារសិទ្ធិសេរីភាព ទោះជារដ្ឋាភិបាលប្រើវិធីសាស្ត្របំបាក់ស្មារតីយុវជនយ៉ាងណាក្ដី។ ពួកគាត់អះអាងថា ការជាប់ពន្ធនាគារគឺមិនគួរឱ្យខ្លាចដូចកម្ពុជាត្រូវបាត់បង់ធនធានធម្មជាតិ និងបាត់បង់លទ្ធិប្រជាធិបតេយ្យនោះទេ។
បើទោះជាបាត់បង់សិទ្ធិសេរីភាពដោយសារជាប់ឃុំក្នុងពន្ធនាគារក្ដី ក៏យុវជនចលនាមាតាធម្មជាតិនៅតែមានឆន្ទៈមោះមុត និងពេញចិត្តក្នុងការធ្វើការងារជាអ្នកការពារបរិស្ថាន ហើយចង់ឃើញយុវជនជំនាន់ក្រោយចេះរួបរួមគ្នាដើម្បីប្រយោជន៍ជាតិ។
ប្រពន្ធសកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែតុលា ថា លោកស្រីបានទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ តុលា ដោយបានឃើញស្ថានភាពសុខភាពប្ដីលោកស្រីនៅតែរឹងមាំ។ លោកស្រីបន្តថា ប្ដីលោកស្រីបានផ្ដាំផ្ញើឱ្យយុវជនបន្តឆន្ទៈ ការពារបរិស្ថាន និងក្លាហានហ៊ាននិយាយពីបញ្ហាសង្គម ពីព្រោះបញ្ហាសង្គមជាតិគឺជាបញ្ហារបស់ពលរដ្ឋទាំងអស់គ្នា។ លោកស្រីបន្ថែមថា ទោះជាស្ថានភាពគ្រួសារលំបាក និងត្រូវរស់នៅព្រាត់ប្រាសពីគ្រួសារក្ដី ក៏លោកស្រីនៅតែជំរុញលើកទឹកចិត្តប្ដី ដោយសារប្ដីលោកស្រីគឺជាមនុស្សស្អាតស្អំ។
លោកស្រី ប៉ាត់ រស្មី៖ «ពន្ធនាគារវាមិនមែនជាកន្លែងគួរតែឱ្យខ្លាចទេអ៊ីចឹងខ្ញុំគិតថា យុវជនជំនាន់ក្រោយដែលស្រឡាញ់បរិស្ថាន ចង់ការពារបរិស្ថានកុំបាក់ស្បាតដោយសារតែពួកគាត់ជាប់ពន្ធនាគារ»។
ដោយឡែកប្អូនស្រីសកម្មជនចលនាមាតាធម្មជាតិកញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន ថ្លែងថា ស្ថានភាពសុខភាពបងស្រីកញ្ញាមិនសូវល្អប្រសើរនោះទេ ដោយសារថ្មីៗនេះគ្រូពេទ្យពិនិត្យឃើញបងស្រីកញ្ញា មានមេរោគនៅក្នុងពោះវៀន ហើយពេទ្យនៅក្នុងពន្ធនាគារក៏ពុំសូវយកចិត្តទុកដាក់ចំពោះបងស្រីកញ្ញាដែរ។ កញ្ញាបារម្ភពីស្ថានភាពសុខភាពរបស់បងស្រីដោយសារបងស្រីគឺជាមនុស្ស ឧស្សាហ៍ឈឺ ប៉ុន្តែបងស្រីកញ្ញាផ្ដាំមកថា កញ្ញាឈឺតែរូបរាងកាយប៉ុណ្ណោះតែកម្លាំងចិត្ត និងឆន្ទៈកញ្ញានៅតែរឹងមាំដដែល។
កញ្ញា ឡុង សុខលីន៖ «ចង់រំលឹកថា សកម្មភាពដែលពួកគាត់ធ្វើកន្លងមក វាមិនមែនជាសកម្មភាពញុះញង់ ឬក៏ក្បត់ជាតិទេប៉ុន្តែសកម្មភាពកន្លងមកយើងមើលមកគឺសុទ្ធតែជាសកម្មភាពចូលរួមទៅដល់ការពារប្រទេសជាតិ ការពារធនធានធម្មជាតិទេអ៊ីចឹងសុំផ្ដល់សេរីភាពដល់យុវជនដែលកំពុងឃុំខ្លួនដោយឥតលក្ខខណ្ឌ»។
ក្រៅពីលោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា ផ្ញើសារលើកទឹកចិត្តដល់យុវជនហើយនោះ ក៏នៅមានសកម្មជនចលនាមាតាធម្មជាតិផ្សេងទៀត ដែលពួកគាត់បានផ្ញើសារតាមរយៈក្រុមគ្រួសាររបស់ពួកគាត់ទៅដល់យុវជនឱ្យមានភាពអត់ធ្មត់ និងរួបរួមសាមគ្គីគ្នាបើទោះបីជាពួកគាត់កំពុងជាប់ពន្ធនាគារ ប៉ុន្តែពួកគាត់ពេញចិត្តក្នុងការរួមចំណែកធ្វើឱ្យកម្ពុជារក្សាបាននៅគម្របព្រៃឈើ មានយុត្តិធម៌សង្គម និងការគោរពសិទ្ធិមនុស្សពេញលេញ។
ក្នុងការបន្តបេសកកម្មជាអ្នកការពារបរិស្ថានរហូតដល់ជាប់ពន្ធនាគារជាលើកទី២នេះ សកម្មជនបរិស្ថានចំនួន៥នាក់ និងយុវជនបរិស្ថានផ្សេងទៀតតែងរងការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងអ្នកខ្លះទៀត ឪពុកម្ដាយពួកគេត្រូវបានមន្ត្រីនៅថ្នាក់មូលដ្ឋានហៅទៅដាក់សម្ពាធគ្រួសារឱ្យបញ្ឈប់សកម្មភាពតស៊ូមតិការពារបរិស្ថាន ប៉ុន្តែបញ្ហានេះមិនបានធ្វើឱ្យពួកគាត់បោះបង់គោលជំហរធ្វើសកម្មភាពតស៊ូមតិដើម្បីការពារបរិស្ថានឡើយ។
ទាក់ទងរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា លោកស្ញប់ស្ញែងចំពោះការលះបង់ និងគំរូវីរភាពរបស់យុវជនបរិស្ថានដែលតស៊ូការពារធនធានធម្មជាតិដោយមិនរុញរា ប៉ុន្តែលោកសោកស្ដាយដែលរដ្ឋាភិបាលចាប់យុវជនបរិស្ថាន ៥នាក់ដាក់ពន្ធនាគារទាំងគ្មានកំហុស។ លោកបន្តថា ការចាប់យុវជនបរិស្ថានដាក់ពន្ធនាគារនេះមិនបានផ្ដល់ផលចំណេញអ្វីដល់មុខមាត់កម្ពុជាឡើយ តែធ្វើឱ្យកម្ពុជារងការថ្កោលទោសពីមជ្ឈដ្ឋានអន្តរជាតិ។
លោក នី សុខា៖ «ការឃុំខ្លួនពួកគាត់មិនមែនផលចំណេញអ្វីដល់រដ្ឋាភិបាលទេ ហើយប្រសិនបើយើងដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ គឺរដ្ឋាភិបាលនឹងទទួលបានផ្ដល់ចំណេញជាពិសេសទទួលនូវការលើកសរសើរ ក៏ដូចជាទទួលបាននូវការគោរពពីដៃគូអន្តរជាតិផ្សេងទៀតអាហ្នឹងគួរតែផលចំណេញដល់រដ្ឋាភិបាល។ ហើយប្រសិនបើរដ្ឋាភិបាលបន្តឃុំខ្លួនពួកគាត់ខ្ញុំគិតថា អាហ្នឹងគឺជារឿងមួយដែលរដ្ឋាភិបាលមិនចំណេញទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨ ខែតុលា។
កាលពីថ្ងៃទី២៤ ខែតុលា នៅក្នុងសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) អង្គការរ៉ាយឡាយលីហ៊ូត (Right Livelihood) បានរាយការណ៍ទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាករណីតុលាការកាត់ទោសឱ្យសកម្មជនបរិស្ថាន៥នាក់ ជាប់ពន្ធនាគារដោយចោទប្រកាន់អាជ្ញាធរកម្ពុជាថា បានដំណើរការនីតិវិធីនៅក្នុងតុលាការ ដោយគ្មានភស្តុតាងរឹងមាំ និងលម្អៀងទៅក្រុមហ៊ុនបរទេសធំៗដែលផ្ដល់ផលប្រយោជន៍ជាជាងផ្ដោតលើប្រយោជន៍របស់ពលរដ្ឋខ្លួនឯង។
ក្រុមគ្រួសារសកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងដោះលែងសកម្មជនបរិស្ថានចំនួន ៥នាក់ឱ្យមានសេរីភាពឡើងវិញ ពីព្រោះការចាប់យុវជនឃុំខ្លួនដោយគ្មានភស្តុតាងច្បាស់លាស់បែបនេះធ្វើឱ្យកម្ពុជា ជាប់ឈ្មោះនៅលើឆាកអន្តរជាតិថា ជាប្រទេសពូកែខាងរំលោភច្បាប់ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។