ដោយ មាន ឫទ្ធិ
2024.10.29
RFA

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃខួបគ្រងរាជ្យសម្បត្តិ២០ឆ្នាំ នៅថ្ងៃទី២៩ តុលា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អតីតមន្ត្រីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច និងក៏ជាមនុស្សស្និទ្ធនឹងសម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺលោក ប៉ែន សង្ហា លើកឡើងថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី មានគុណសម្បត្តិជាច្រើន ដោយព្រះអង្គបានព្យាយាមបំពេញតួនាទីតាមរដ្ឋធម្មនុញ្ញ គឺព្រះមហាក្សត្រដែលគ្រងរាជ្យ តែមិនកាន់អំណាច ហើយព្រះអង្គក៏ជាព្រះមហាក្សត្រដែលមានព្រះទ័យត្រជាក់ និងតែងបង្ហាញស្នាមញញឹមទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ។
ការកត់សម្គាល់របស់លោក ប៉ែន សង្ហា ដូចនេះធ្វើឡើងក្នុងខួប ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រនៅថ្ងៃទី២០ តុលា។
ទោះជាយ៉ាងណា លោក ប៉ែន សង្ហា ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅមិនទាន់ព្យាយាមសម្របសម្រួលវិបត្តិនយោបាយដូចបិតាព្រះអង្គ គឺព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៅឡើយ ក្នុងពេលប្រទេសកម្ពុជាកំពុងមានវិបត្តិនយោបាយ។ លោកថា ក្នុងរយៈពេលដែល ព្រះបរមនាថ នរោត្តម សីហមុនី គ្រងរាជ្យសម្បត្តិមានវិបត្តិនយោបាយកាន់តែបែកបាក់ ដោយគណបក្សកាន់អំណាចប្រើប្រាស់មធ្យោបាយគ្រប់យ៉ាង ដើម្បីកម្ទេចបក្សប្រឆាំង ហើយមេដឹកនាំបក្សប្រឆាំងបន្តរត់ភៀសខ្លួន និងជាប់ពន្ធនាគារជាដើម។
លោក ប៉ែន សង្ហា៖ «នៅក្នុងស្ថានភាពដែលមានភាពប្រទូសរ៉ាយដែលមានភាពឡើងក្ដៅខ្លាំង នៅក្នុងស្ថានភាពនយោបាយ ព្រះអង្គមិនមានព្រះរាជឥទ្ធិពលច្រើននៅក្នុងក្របខ័ណ្ឌអ្នកនយោបាយ បញ្ហាគឺនៅត្រង់ថា អ្នកនយោបាយមិនបានថ្វាយការគោរពក៏ពេញលេញ ដើម្បីឱ្យព្រះអង្គបំពេញព្រះរាជតួនាទី ជាអាជ្ញាកណ្ដាល ព្រះរាជតួនាទីជានិមិត្តរូបនៃឯកភាពជាតិ»។
ចំណែក អ្នកធ្វើអធិប្បាយពីបញ្ហានយោបាយ និងសង្គម លោក គឹម សុខ លើកឡើងថា ក្នុងរយៈពេលពីរទសវត្សមកនេះ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានរារាំង និងជាអ្នកឃ្លាំមើលព្រះមហាក្សត្រ មិនឱ្យព្រះអង្គអាចបំពេញព្រះរាជតួនាទីដោយឯករាជ្យបានដូចជាការបង្រួបបង្រួមជាតិ ដោះស្រាយវិបត្តិនយោបាយ និងបង្ខំឱ្យព្រះអង្គចេញព្រះរាជក្រឹត្យដែលបម្រើដល់ក្រុមគ្រួសារ និងបក្ខពួកលោក ហ៊ុន សែន ប៉ុណ្ណោះ។ លោក គឹម សុខ រំពឹងថា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងអាចមានព្រះរាជតួនាទីដោយឯករាជ្យបាន ប្រសិនបើរបបនយោបាយកម្ពុជាមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោក គឹម សុខ៖ «ដូចដែលប្រជាពលរដ្ឋខ្មែរដែរហ្នឹង ព្រះអង្គក៏ជាអ្នកទោសរបស់ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែរ ពីព្រោះឃុំព្រះអង្គមិនឱ្យបំពេញព្រះរាជកិច្ចតាមខ្លឹមសាររដ្ឋធម្មនុញ្ញ តាមបំណងប្រាថ្នាប្រជារាស្ត្រខ្មែរ ដែលចង់ឃើញព្រះភក្ត្រ ព្រះអង្គ ចង់ឃើញការបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ»។
បើទោះជាបច្ចុប្បន្ននេះ ប្រធានគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សនេះ តែងថ្លែងប្ដេជ្ញាការពារឱ្យខាងតែបាននូវរបបរាជានិយមនៅកម្ពុជាក្តី។
កាលពីឆ្នាំ២០០៥ ប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន ធ្លាប់បានគំរាមរម្លាយរបបរាជានិយមនៅកម្ពុជាចោល ប្រសិនបើព្រះមហាក្សត្របច្ចុប្បន្ន មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែម រឿងព្រំដែនជាមួយប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។