សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ព័ត៌មាន​ជាក់លាក់​អំពី​កាត់​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ឲ្យ​ឯកជន

ដោយ ឡេង ម៉ាលី
2024.10.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ព័ត៌មាន​ជាក់លាក់​អំពី​កាត់​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ឲ្យ​ឯកជន

រូបភាពីខាងលើបង្ហាញ​ពីក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក ( Macle Logistics) ដែលលួចកាប់ឈើចេញពីតំបន់ព្រៃឡង់ ស្ថិតនៅឃុំរុសរាន ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សហគមន៍​ការពារ​ព្រៃឡង់​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្ហាញ​ព័ត៌មាន​ជាក់លាក់​អំពី​កាត់​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ព្រៃឡង់ ឲ្យ​ទៅ​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ ដើម្បី​បង្ហាញ​អំពី​តម្លាភាព និង​យុត្តិធម៌ ពីព្រោះ​ព្រៃឡង់​ជា​ព្រៃ​របស់​ពលរដ្ឋ​ទាំង​អស់​គ្នា។ កាល​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ អះអាង​ថា ការ​កាត់​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ព្រៃឡង់​ជិត ៦​ពាន់​ហិកតារ គឺ​ធ្វើ​ឡើង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់​អះអាង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ការងារ​ការពារ​តំបន់​ព្រៃឡង់ មិន​ដែល​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​ការ​កាត់​ឆ្វៀល​ដី​ព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់​ឲ្យ​ទៅ​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ​ម្ដង​ណា​ឡើយ។ សហគមន៍​ថា អាជ្ញាធរ​គួរ​រឹបអូស​យក​ដី​ដែល​មិន​មាន​ការ​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន​ឯកជន​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វិញ។

សមាជិក​ក្រុម​ស្នូល នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក មិញ នី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​ថា អាជ្ញាធរ​គួរ​តែ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​មុន​សិន មុន​ធ្វើ​ការ​កាត់​ឆ្វៀល​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ទាំង​អស់​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ពីព្រោះ​បច្ចុប្បន្ន​តំបន់​ដែល​គម្រប​ព្រៃឈើ​មិន​នៅ​សេសសល់​ច្រើន​ដូច​មុន​នោះ​ទេ។ លោក​បន្ថែម​ថា នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ហើយ មិន​បាន​ធ្វើ​ការ​អភិវឌ្ឍន៍ ដូច្នេះ​រដ្ឋាភិបាល​គួរ​ដកហូត​ដី​ទាំង​អស់​នោះ បែងចែក​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ប្រសើរ​ជាង​យក​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ពុះ​ចែក​គ្នា។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិត​ពិចារណា​ឡើង​វិញ ចំពោះ​ការ​កាត់​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​ឯកជន​ណា​មួយ ពីព្រោះ​វា​មិន​មាន​ផល​ល្អ​សម្រាប់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ឡើយ។

លោក មិញ នី៖ «យើង​គួរ​ស៊ើប​អង្កេត និង​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​អំពី​ដី ដែល​ក្រុមហ៊ុន​ណា​ដែល​យក​ទៅ​ហើយ​មិន​ធ្វើ​អាជីវកម្ម​មិន​ដំណើរ​ការ ហើយ​គួរ​តែ​ដក​ដី​ទាំង​នោះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វិញ ហើយ​ដី​កន្លែង​ណា​ដែល​ពលរដ្ឋ​កាប់​ទន្ទ្រាន​ជា​គម្រប​ព្រៃ​យើង​ទុក​ជា​គម្រប​ព្រៃ​ឈើ​វិញ​ទៅ​ដាំ​ដើម​ឈើ​ឡើង​វិញ​ទៅ ដី​ដែល​កាត់​ឲ្យ​ក្រុមហ៊ុន​ហើយ​ទុក​ដី​ចោល​គួរ​តែ​កាត់​ឲ្យ​ពលរដ្ឋ​វា​ល្អ​ជាង កុំ​ឲ្យ​ខូច​នៅ​ត្រង់​កន្លែង​នេះ​ហើយ នៅ​ត្រង់​នោះ​ខូច​ទៀត»។

ចំណែក​អ្នក​សម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ក្រចេះ លោក ស្វាយ សុង ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​គួរ​លាក់​បាំង​ព័ត៌មាន និង​មិន​គួរ​យក​ដី​ព្រៃ​ក្នុង​ដែន​អភិរក្ស​បែប​ចែក​គ្នា​បែង​នេះ​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​គួរ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​មិន​គោរព​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​យក​មក​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ជំនួស​វិញ។

logg.jpg
ទិដ្ឋភាពការកាប់ទន្ទ្រានដីព្រៃនៅតំបន់ព្រៃឡង់ ភាគខាងជើង ក្នុងស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ កាល​ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក ស្វាយ សុង៖ «សុំ​ឲ្យ​រដ្ឋាភិបាល​បើ​ថា​ចែក​ដី​ក្នុង​តំបន់​ព្រៃ​ឡង់​ឲ្យ​ប្រជាពលរដ្ឋ​សូម​ឲ្យ​គិត​ទៅ​ដល់​ព្រៃឈើ​ធនធាន​ធម្មជាតិ​របស់​យើង​ផង ពីព្រោះ​កន្លង​ទៅ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​៤​ខេត្ត​គាត់​ខំប្រឹង​ថែរក្សា​ដើម្បី​ជាតិ​យើង អ៊ីចឹង​បើ​សិន​ចែក​អ្វី​ឲ្យ​បណ្ដាញ ឬ​អាជ្ញាធរ​បាន​ដឹង​ឲ្យ​តម្លាភាព​ផង កុំ​គិត​តែ​ចែក​ម្នាក់​ឯង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ធំ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ បាន​ចេញ​លិខិត​បំភ្លឺ​ពាក់ព័ន្ធ និង​ការ​ផ្សព្វផ្សាយ​កន្លង​ទៅ ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ កាត់​ឆ្វៀល​ដី​ព្រៃ​ជិត ៦​ពាន់​ហិកតារ នៅ​ភាគ​ខាងត្បូង ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ គឺ​ធ្វើ​ឡើង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​អាស្រ័យផល។

បើ​ទោះ​បី​អាជ្ញាធរ​អះអាង​បែប​នេះ​ក្ដី សហគមន៍​ការពារ​តំបន់​ព្រៃ​ឡង់​លើក​ឡើង​ថា ពួកគាត់​មិន​ដែល​ទទួល​បាន​ព័ត៌មាន​អំពី​ការ​កាត់​ឆ្វៀល​ដី នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​ម្ដង​ណា​ឡើយ។ លើស​ពី​នោះ​អាជ្ញាធរ​តែងតែ​ព្យាយាម​លាក់​បាំង​ព័ត៌មាន និង​ហាម​ឃាត់​សហគមន៍​មិន​ឲ្យ​ចូល​ទៅ​ការពារ និង​ល្បាត​នៅ​ក្នុង​តំបន់​អភិរក្ស​មួយ​នេះ​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​គម្រោង នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា រដ្ឋាភិបាល​ឬ​អាជ្ញាធរ​ត្រូវ​តែ​បង្ហាញ​ព័ត៌មាន​ទាំង​នេះ​ជា​សាធារណៈ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​មាន​ចម្ងល់ និង​រិះគន់​ដល់​រដ្ឋាភិបាល​ជុំ​វិញ​រឿង​នេះ។

លោក អូត ឡាទីន៖ «ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​រីក​រាល​កាន់​ធំ នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​ដំបូងៗ ធ្វើ​យ៉ាង​ណា​ចុះ​អន្តរាគមន៍ និង​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា»។

រដ្ឋាភិបាល​បាន​ប្រកាស​ពង្រីក​ទំហំ​ផ្ទៃ​ដី​ព្រៃ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ចាប់​ពី ៤៣​ម៉ឺន​(៤៣១.៦៨៣) ហិកតារ​ទៅ ៤៨​ម៉ឺន (៤៨៩.៦៦៣)ហិកតារ។ បើ​ទោះ​បី​រដ្ឋាភិបាល​ពង្រីក​ផ្ទៃ​ដី​ធំ​ជាង​មុន​យ៉ាង​ណា​ក្ដី ក៏​អង្គការ​ជាតិ និង​អន្តរជាតិ នៅ​តែ​រក​ឃើញ​ថា​តំបន់​ការពារ​មួយ​នេះ​រង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment