អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​​ស្នើ​អ.ស.ប​អន្តរាគមន៍​ទៅ​វៀតណាម​ដោះលែង​សកម្មជន​២​រូប​ជា​បន្ទាន់

ដោយ យន់ សាមៀន
2024.10.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​​ស្នើ​អ.ស.ប​អន្តរាគមន៍​ទៅ​វៀតណាម​ដោះលែង​សកម្មជន​២​រូប​ជា​បន្ទាន់

សកម្មជន​ខ្មែរ​ក្រោម​ទាំង​ពីរ​រូប​នោះ​គឺ​លោក តោ ហ្វាងចឿង និងលោក ថាច់ កឿង។ រូប៖ សារព័ត៌មាន​ត្រាវិញ (Tra Vinh)


អង្គការ​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ដាក់​ញត្តិ​ទៅ​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន (The United Nations Working Group on Arbitrary Detention) ជំនួស​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ពីរ​នាក់ ដែល​តុលាការ​វៀតណាម​បាន​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ​ពួកគេ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម។ អង្គការ​ទាំង​ពីរ​នេះ​មាន​ភស្តុតាង​បង្ហាញ​ថា អាជ្ញាធរ​វៀតណាម​បាន​បន្ត​ឃុំ​ខ្លួន​ជនជាតិ​ដើម​ខ្មែរ​ក្រោម​តាម​ទំនើង​ចិត្ត​ និង​ស្នើ​ឲ្យ​វៀតណាម​ដោះលែង​សកម្មជន​ទាំង​ពីរ​ជា​បន្ទាន់។

មូលនិធិ​សិទ្ធិ​មនុស្ស (Human Rights Foundation) និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​ឲ្យ​ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន ​ស៊ើបអង្កេត​ករណី​សកម្មជន​សិទ្ធិ​មនុស្ស​ឈានមុខ​ខ្មែរ​ក្រោម​ពីរ​នាក់ ដោយសារ​តែ​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​រំលោភ​ច្បាប់​អន្តរជាតិ។

សកម្មជន​ខ្មែរ​ក្រោម​ទាំង​ពីរ​រូប​នោះ​គឺ​លោក តោ ហ្វាងចឿង និងលោក ថាច់ កឿង   ត្រូវ​បាន​តុលាការ​វៀតណាម​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ ៣​ឆ្នាំ​កន្លះ ទៅ​ដល់ ៤ឆ្នាំ​ម្នាក់​ៗ​ ដោយ​យក​លេស​ថា ​ពួកគេ​បាន «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ ​បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ ​និង​សិទ្ធិ​សេរីភាព​ស្របច្បាប់​នៃ​អង្គការ​ចាត់តាំង ​និង​បុគ្គល»

ទោះ​បី​ជា​យ៉ាងណា ញត្តិ​រួម​របស់​មូលនិធិ​សិទ្ធិមនុស្ស និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចេញ​កាល​ពី​ថ្ងៃ​ទី​២២ តុលាការ ជូន​ទៅ​ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន ​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​លោក

តោ ហ្វាងចឿង និង​លោក ថាច់ កឿង ធ្វើ​ឡើង​ក្រោម​ច្បាប់​ដែល​គ្មាន​ភាព​ច្បាស់លាស់។ អង្គការ​ទាំង​ពីរ​ថា ​ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​ដាក់​ទោស​ទៅ​ការ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ដូចជា ការ​សំដែង​មតិ​ ការ​ប្រមូល​ផ្ដុំ​ និង​​សមាគម។ សកម្មជន​ទាំង​ពីរ​ត្រូវ​បាន​តុលាការ ​វៀតណាម​កាត់ទោស​ទាំង​គ្មាន​មេធាវី​តំណាង​ ក្រោយ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈ​ពេល​ជិត ៨​ខែ ​ដោយ​គ្មាន​មេធាវី​ ហើយ​ក្រុម​គ្រួសារ​ក៏​មិន​អាច​ចូល​ជួប​បាន​ដែរ។

សហការី​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ កញ្ញា ខេតធី ហូលែន (Kaitie Holland) នៃ​មូលនិធិ​សិទ្ធិ​មនុស្ស ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កង្វះ​ខាត​ផ្នែក​ច្បាប់​ក្នុង​ដំណើរ​ការ​ក្ដី​នៅ​តុលាការ​ជាពិសេស​ការ​បដិសេធ​មិន​ផ្ដល់​មេធាវី និង​ការ​មិន​ផ្ដល់​សិទ្ធិ​ជា​មូលដ្ឋាន​ឲ្យ​សកម្មជន​ទាំង​ពីរ​បង្ហាញ​ថា ការ​ឃុំ​ឃាំង​នោះ​ គ្មាន​មូលដ្ឋាន​ និង​ធ្វើ​ឡើង​តាម​ទំនើងចិត្ត។

កញ្ញា ខេតធី ហូលែន៖ «យើង​គិត​ថា​នេះ​គឺ​ជា​ឧបករណ៍​មួយ​ដែល​យើង​អាច​ប្រើ​ដើម្បី​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ ហើយ​ក្ដី​សង្ឃឹម​របស់​យើង​នោះ​គឺ​ថា​យើង​បាន​បង្កើត​សំណុំ​រឿង​ដ៏​រឹងមាំ​មួយ​ដែល​បុរស​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​បំពាន។ ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​វៀតណាម។​ យើង​គិត​ថា មូលដ្ឋាន​នៃ​ការ​ចោទ​ប្រកាន់​នោះ​ខ្លួន​ឯង​អាច​និយាយ​ថា វា​ជា​ការ​បំពាន»

កញ្ញា ខេតធី ហូលែន សង្ឃឹម​ថា ញត្តិ​ដាក់​ទៅ​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​នឹង​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​លោក តោ ហ្វាងចឿង ​និង​លោក ថាច់ កឿង នៅ​ពេល​ខាង​មុខ។

កញ្ញា ខេតធី ហូលែន៖ «មាន​វិធី​ផ្សេង​គ្នា​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​បាន​។ ​ច្បាស់​ណាស់​យើង ​មិន​អាច​ទៅ​ធានា​បាន​ចំណុច​មួយ​ណា​នឹង​កើត​ឡើង​ឡើយ។ ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​មិន​​ចាំបាច់​ចេញ​មតិ​លើ​បញ្ហា​នេះ​ទេ។ យើង​គិត​ថា ​វា​ជា​បញ្ហា​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នេះ​។​ យើង​គិត​ថា វា​ជា​បញ្ហា​សំខាន់​មួយ​ដូច្នេះ​ក្តី​សង្ឃឹម​របស់​យើង​គឺ​ថា ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​នឹង​ចាប់​អារម្មណ៍​លើ​ករណី​នេះ»

ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន មាន​តួនាទី​ស៊ើបអង្កេត​ករណី​ទាំងឡាយ នៃ​ការ​ដកហូត​សិទ្ធិ​សេរី និង​ការ​បំពាន​យ៉ាង​ទំនើង និង​គ្មាន​ស៊ី​សង្វាក់​គ្នា ក្នុង​ការ​អនុវត្ត​ស្តង់ដារ​អន្តរជាតិ​ជុំវិញ​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​ជា​សកល និង​ក្របខ័ណ្ឌ​គតិយុត្តិ​អន្តរជាតិ​ដែល​រដ្ឋ​ភាគី​ទទួល​យក​ទៅ​អនុវត្ត។ក្រុម​ការងារ​ស៊ើបអង្កេត​បណ្ដឹង​តាមរយៈ​ការ​ធ្វើ​សារ​បន្ទាន់​ទៅ​រដ្ឋាភិបាល​ដែល​រង​ការ​ចោទ​ប្រកាន់​

​ដើម្បី​ឆ្លើយតប។ ក្រុម​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដែល​រង​ការ​ចោទប្រកាន់ ​ដើម្បី​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ស្ដី​ពី​បណ្ដឹង​នៃ​ការ​ដក​ហូត​សេរីភាព។ បច្ចុប្បន្ន មាន​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ៥​អង្គ និង​សកម្មជន​ខ្មែរ​ក្រោម​ប្រាំ​​មួយ​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​តុលាការ​វៀតណាម​ចាប់​ឃុំ​ដោយសារ​តែ​សកម្មភាព​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment