អ្នកកាសែត ដែល​រង​អំពើ​ហិង្សា​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ ថែម​ទាំង​រង​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ទៀត

ដោយ ឡេង ម៉ាលី
2024.10.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកកាសែត ដែល​រង​អំពើ​ហិង្សា​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ ថែម​ទាំង​រង​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ទៀត

(រូបអាវខ្មៅពាក់កាតពណ៌ក្រហម) លោក លួន ភារិន អ្នក​កាសែត​អនឡាញ (online) របស់​គេហទំព័រ​ សំអ៊ាង​ ហតញូស៍ និង​ក្រុម​ការងារ ដែល​ត្រូវ​បាន​បក្ខពួក​របស់​ម្ចាស់​កន្លែង​ទូ​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ នៅ​ប៉ោយប៉ែត វាយ​ដំ​លើ​រាង​កាយ ពេល​ផ្សាយ​ព័ត៌មាន កាល​ពីយប់​​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ២០២៤។ រូប៖ លោក លួន ភារិន


អ្នក​កាសែត​អនឡាញ (online) របស់​គេហទំព័រ​សំអ៊ាង​ហតញូស៍ លោក លួន ភារិន និង​ក្រុម​ការងារ ដែល​ត្រូវ​បាន​បក្ខពួក​របស់​ម្ចាស់​កន្លែង​ទូ​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​នៅ​ប៉ោយប៉ែត វាយ​ដំ​លើ​រាង​កាយ​តាំង​ពី​ខែ​មីនា រហូត​ដល់​ពេល​នេះ មិន​ត្រឹម​តែ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ថែម​ទាំង​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ល្បែង​ទូ​ហ្គេម ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ទៀត។ សម្ព័ន្ធ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​បង្ហាញ​កង្វល់​អំពី​អំពើ​ហិង្សា និង​ការ​បំភិត​បំភ័យ​តាម​ផ្លូវ​ច្បាប់ និង​តុលាការ ទៅ​លើ​អ្នក​សារព័ត៌មាន ដែល​ព្យាយាម​ធ្វើ​សេចក្ដី​ការណ៍​អំពី​បញ្ហា​រសើប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រយៈ​ពេល​ប្រមាណ ៩ខែ ក្រោយ​ពី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា អំឡុង​ពេល​ចុះ​រាយការណ៍​ព័ត៌មាន​នៅ​ទី​តាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត មក​ដល់​ចុង​ខែតុលា​នេះ អ្នក​កាសែត​អនឡាញ (Online) រង​អំពើ​ហិង្សា​អះអាង​ថា មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ឡើយ។

អ្នក​កាសែត​អនឡាញ លោក លួន ភារិន រៀប​រាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៨ ខែតុលា ថា លោក និង​សហការី​ពីរ​នាក់ ត្រូវ​បាន​បក្ខពួក​របស់​ម្ចាស់​កន្លែង​ទូ​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង នៅ​ក្រុង​ប៉ោយប៉ែត វាយ​ដំ​លើ​រាង​កាយ​យ៉ាង​ដំណំ។ លោក​ថា លោក​មាន​របួស​នៅ​ត្រង់​មាត់ រីឯ​ក្រុម​ការងារ​ម្នាក់​រង​របួស​ត្រង់​ក្បាល ហើយ​ម្នាក់​ទៀត ត្រូវ​គេ​វាយ​ឱ្យ​របួស​ធ្លាក់​ឆ្អឹង​ស្មា។

លោក លួន ភារិន៖ «ចូល​មន្ទីរ​ពេទ្យ ៣នាក់។ យើង​ទៅ​គ្នា ៧៨នាក់​ដែរ។ គ្នា​គេ​ច្រើន​ណាស់ យើង​ចូល​ទៅ​កន្លែង​គេ សុទ្ធ​តែ​ពួក​ក្មេង​ញៀន​ថ្នាំ»។

អំពើ​ហិង្សា​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៨យប់ ថ្ងៃ​ទី២ ខែមីនា ឆ្នាំ២០២៤ នៅ​ពេល​លោក​ចុះ​ទៅ​ធ្វើការ​ឡាយ​ផ្ទាល់ (LIVE) ដល់​កន្លែង​បើក​ល្បែង​ទូ​ហ្គេម​បាញ់​ត្រី​ខុស​ច្បាប់​របស់​បុគ្គល​ឈ្មោះ សុខ អាង និង​ឈ្មោះ ក្រូច ឃឿន ដែល​មាន​ទីតាំង​នៅ​ភូមិ​ប្រជាធម្ម​ខាង​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ។

លោក​បាន​និយាយ​ថា ក្រោយ​ហេតុការណ៍​ប្រើ​ហិង្សា​វាយ​ដំ​រូប​លោក​នោះ លោក​ក៏​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដូច​ជា នគរបាល​ប៉ុស្តិ៍ និង​ថ្នាក់​ស្រុក​ដែរ ប៉ុន្តែ​បែរ​ជា​ត្រូវ​ម្ចាស់​ផ្ទះ​ដាក់​ល្បែង​ទូ​ហ្គេម​បាញ់​ត្រី​ប្ដឹង​លោក​និង​មិត្ត​រួម​ការងារ​ពី​បទ «កកូរ​កកាយ​ផ្ទះ​ប្រជាពលរដ្ឋ» ទៅ​ដល់​សាលា​​ដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​មុន​លោក​ទៅ​ទៀត។

លោក លួន ភារិន៖ «យើង​ប្ដឹង​ចូល​ប៉ុស្តិ៍ ប៉ុស្តិ៍​គេ​ថា ឱ្យ​យើង​ទៅ​ឡើង​ស្នង​ការ។ ប្ដឹង​នៅ​ស្នងការ​នៅ​ប៉ោយប៉ែត ២៣ថ្ងៃ​ហើយ គេ​អត់​មាន​កោះហៅ ឬ​អ្នក​ខាង​បទ​ល្មើស​បទ​អី​មក​ទេ តែ​យើង​ក៏​មិន​ដែល​ប្រាប់​ថា ម៉េច​អី​ម៉េច យើង​អត់​មាន​លុយ​ចាយ​វាយ ក៏​ឡើង​មក​ភ្នំពេញ​វិញ​មក។ យើង​ដាក់​ពាក្យ​ប្ដឹង តែ​គេ​ប្ដឹង​យើង​វិញ​ទៀត​នោះ​គេ​ថា យើង​ទៅ​កកូរ​កកាយ​ផ្ទះ​គេ។ គេ​ដាក់​ទៅ​ដល់​ខេត្ត​មុន​យើង​ទៀត​គេ​ថា យើង​ទៅ​កកូរ​កកាយ​ផ្ទះ​គេ។ ខ្ញុំ​អត់​មាន​ប៉ះពាល់​ចូល​ទៅ​ដល់​ផ្ទះ​ដល់​អី​ទេ មាន​តែ​អ្នក​ទៅ​យក​ព័ត៌មាន គេ​ទៅ​ថត​ភស្តុតាង បាន​យើង​ហ៊ាន​ផ្សាយ»។

អ្នក​កាសែត​អនឡាញ​រូប​នេះ អះអាង​ថា លោក​ចុះ​ទៅ​ផ្សាយ​ផ្ទាល់​ដល់​ទីតាំង​ល្បែង​ទូ​ហ្គេម​បាញ់​ត្រី​នោះ ដោយសារ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​ មាន​កូន​ចៅ​វក់​នឹង​ល្បែង​ហ្គេម​បាញ់​ត្រី។ លោក​បញ្ជាក់​ថា មុន​នឹង​លោក​ចុះ​ទៅ​ផ្សាយ​ផ្ទាល់​ពេល​នោះ លោក​ក៏​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ​ដែរ ប៉ុន្តែ​សមត្ថកិច្ច​មិន​យក​ចិត្ត​ទុក​ដាក់។

លោក លួន ភារិន បង្ហាញ​ការ​សង្ស័យ​ថា ម្ចាស់​ល្បែង​ហ្គេម​បាញ់​ត្រី​ឈ្មោះ សុខ អាង និងឈ្មោះ ក្រូច ឃឿន មាន​ខ្នង​ធំ​ហើយ​ករណី​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ ឃុបឃិត​របស់​សមត្ថកិច្ច​ផង ព្រោះ​សមត្ថកិច្ច​ធ្វើ​របាយការណ៍​បង្វែរ​ការ​ពិត​ថា ម្ចាស់​ល្បែង​ហ្គេម​ជា​ស្ត្រី​មេម៉ាយ និង​គ្មាន​ការ​បើក​ទូ​ហ្គេម​ទៅ​វិញ។

លោក លួន ភារិន៖ «ឆ្ងល់​ថា ពេល​កើត​ហេតុ​ហើយ ក៏​ប៉ូលិស​ចុះ​ទៅ​ក៏​មិន​ចុះ​ទៅ​ឆែក​ឆេ​កន្លែង​ហ្នឹង​ដែរ។ ដល់​ភ្ញាក់​ឡើង​គេ​រើ​ឥវ៉ាន់​ចេញ​អស់ គេ​យក​ទូរ​ហ្គេម​ចេញ​បាត់​អស់ បាន​គេ​ទៅ​ថត​ថា ផ្ទះ​នេះ អត់​មាន​បើក​កន្លែង​ហ្គេម​អី​ទេ គេ​ថា ម្ចាស់​ផ្ទះ (ជា​ស្ត្រីមេម៉ាយ អត់​មាន​បើក​អី​ទេ​ផ្ទះ​ទុក​ចោល»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ម្ចាស់​ល្បែង​ទូ​ហ្គេម​បាញ់​ត្រី​ឈ្មោះ សុខ អាង និង​ឈ្មោះ ក្រូច ឃឿន ឱ្យ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែតុលា​នេះ។ រីឯ​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​លោក ព្រហ្ម ពិសិដ្ឋ និង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ ក៏​វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​រក​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ទី២៩ ខែតុលា ខណៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ទេព អស្នារិទ្ធ ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

សម្ព័ន្ធ​អ្នកសារព័ត៌មាន​មាន​ខេមបូចា បង្ហាញ​កង្វល់​អំពី​អំពើ​ហិង្សា និង​ការ​បំភិត​បំភ័យ​តាម​ផ្លូវ​ច្បាប់ និង​តុលាការ​ទៅ​លើ​អ្នកសារព័ត៌មាន ដែល​ព្យាយាម​ធ្វើ​សេចក្ដី​ការណ៍​អំពី​បញ្ហា​រសើប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CAMBOJA) លោក ណុប វី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៩ ខែតុលា​ថា ការ​ខកខាន​ស្វែង​រក និង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ឬ​វាយ​ដំ​ទៅ​លើ​អ្នក​សារព័ត៌មាន នៅ​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ណុប វី៖ «បើ​សិន​ករណី​នេះ មិន​ត្រូវ​បាន​ដោះស្រាយ ឬ​ករណី​វាយ​ដំ ហើយ​ជន​ល្មើស​មិន​ត្រូវ​បាន​អនុវត្ត​វិធានការ​ច្បាប់​ទេ វា​អាច​ជា​ការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​ជន​ផ្សេងៗ ទៀត ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​មក​លើ​អ្នក​សារព័ត៌មាន ឬមួយ​ទៅ​លើ​អ្នក​ដទៃ​ផ្សេង​ទៀត។ នេះ​ជា​រឿង​មួយ ដែល​ជា​ក្ដី​ព្រួយបារម្ភ ហើយ​យើង​ជា​និច្ចកាល​តែង​តែ​ទទូច​ឱ្យ​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ​លោក ពង្រឹង​ការ​អនុវត្ត​ច្បាប់ ហើយ​ជាពិសេស ឈាន​ទៅ​ការ​ចាប់​យក​ជន ដែល​ប្រព្រឹត្ត​បទ​ល្មើស​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់»។

របាយការណ៍​ឃ្លាំមើល​ប្រចាំ​ត្រីមាស ស្ដី​ពី​ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា ឆ្នាំ២០២៤ របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ខេមបូចា​ឱ្យ​ដឹង​ថា ការ​យាយី​មក​លើ​អ្នក​សារព័ត៌មាន​មាន​ចំនួន ៧ ករណី ដែល​ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន ១១នាក់។

ខេមបូចា រក​ឃើញ​ថា ក្នុង ៧ករណី គឺ​មាន ៦ករណី​ហើយ ដែល​ជា​ការ​បំភិតបំភ័យ​តាម​ផ្លូវ​ច្បាប់ ឬ​តាម​ផ្លូវ​តុលាការ ឬ​ស្មើ​នឹង ៨៦ភាគ​រយ នៃ​ករណី​សរុប ដែល​បាន​កត់​ត្រា។ ការ​យាយី​តាម​ផ្លូវ​ច្បាប់ ឬ​តុលាការ គឺ​មាន ៦ ករណី ដោយ​មាន​អ្នក​សារព័ត៌មាន ១០នាក់ ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ ឃុំខ្លួន និង​ផ្ដន្ទាទោស ដែល​វិធានការ​ទាំង​នោះ ធ្វើ​ឡើង​ដោយ​នគរបាល កង​រាជ​អាវុធហត្ថ អភិបាល​ស្រុក ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន។

របាយការណ៍​ដដែល​ថា ភាគ​ច្រើន​នៃ​ការ​យាយី និង​បំភិត​បំភ័យ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មន្ត្រី​សាធារណៈ ដូចជា មន្ត្រី​យោធា នគរបាល អភិបាល​ស្រុក ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​ជា​ញឹកញាប់​បំផុត​នោះ គឺ​ទាក់ទង​នឹង​សេចក្ដី​រាយការណ៍​អំពី​បញ្ហា​បរិស្ថាន។

ក្រៅ​ពី​ករណី​ខាង​លើ​នេះ កាល​ពី​ថ្ងៃទី៣០ ខែកញ្ញា អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ដែល​ធ្លាប់​រាយការណ៍ អំពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន ចំពោះ​ការ​បង្ហោះ​រូបភាព​ពីរ​សន្លឹក​លើ​បណ្ដាញ​សង្គម​របស់​លោក ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​រមណីយដ្ឋាន​បាភ្នំ នៅ​ខេត្តព្រៃវែង។ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​លោក ក្រោម​បទ​ចោទ «ញុះញង់»។ លោក ម៉ិច ដារ៉ា ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​ទី២៤ ខែតុលា ដោយសារ​ការ​សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺ​ពុំ​មែន​ដោយ​ការ​ផ្ដល់​យុត្តិធម៌​ដល់​លោក ម៉ិច ដារ៉ា ទេ។

ចំណែក​អង្គការ​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporter Without Border) បាន​ដាក់​កម្ពុជា​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ទី១៥១ ដែល​ជា​ចំណាត់​ថ្នាក់​អន់​លើ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​ពិភព​លោក​ក្នុង​ឆ្នាំ២០២៤នេះ។ ការិយាល័យ​អង្គការ​សារព័ត៌មាន​គ្មាន​ព្រំដែន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ចេញ​របាយការណ៍​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​រឹត​បន្តឹង និង​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ។

កាល​ពី​ឆ្នាំ២០១៣ សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត និង​ប្រកាស​យក​ថ្ងៃ​ទី២ ខែវិច្ឆិកា ជា​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន។ សេចក្ដី​សម្រេច​នេះ ថ្កោល​ទោស​គ្រប់​ទម្រង់ នៃ​ការ​វាយ​ប្រហារ​និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជំរុញ​រដ្ឋ​ភាគី​ឱ្យ​អនុវត្ត​នូវ​វិធានការ​ជាក់​លាក់​ប្រយុទ្ធ​ប្រឆាំង​លើ​វប្បធម៌​និទ្ទណ្ឌភាព។
ទិវា​នេះ តម្រូវ​ឱ្យ​រដ្ឋ​ជា​ភាគី​ទប់​ស្កាត់​នូវ​រាល់​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ធានា​នូវ​គណនេយ្យភាព នាំ​ជន​ល្មើស​មក​កាត់​ទោស និង​ធានា​ថា ជន​រងគ្រោះ​ទទួល​បាន​នូវ​សំណង​សមរម្យ​ផង​ដែរ។

ទោះជា​យ៉ាង​ណា សន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២៣ បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ១៩៩៤មក​យ៉ាង​ហោច​ណាស់ មាន​អ្នកសារព័ត៌មាន​ចំនួន ១៥ នាក់​ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ការ​បំពេញ​ការងារ​របស់​ខ្លួន ហើយ​ជន​រងគ្រោះ​ចំនួន ១២នាក់​ស្លាប់ ដោយសារ​ពាក់ព័ន្ធ​នឹង​សកម្មភាព​រាយការណ៍​ព័ត៌មាន ដែល​បង្ក​ហានិភ័យ ដោយ​ផ្ទាល់​ដល់​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​ទី២៩ ខែតុលា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អះអាង​ថា មក​ដល់​បច្ចុប្បន្ន​នេះ ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជភាព និង​តម្លាភាព មិន​ត្រូវ​បាន​ដំណើរការ ដើម្បី​នាំ​ជន​ល្មើស ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​លើ​អ្នក​សារព័ត៌មាន មក​ធ្វើការ​ជំនុំ​ជម្រះ​ទេ ហើយ​ជន​ល្មើស​នៅ​តែ​បន្ត​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment