កម្ពុជា
31/10/2024 – 10:16
ដោយ៖ អោ ស្រីពេជ្រ
RFI
ជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាមម្នាក់ដែលជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀងត្រូវបានបក្ខពួកប្រដាប់ដោយអាវុធរំដោះចេញពីគុកដោយសុវត្ថិភាពកាលពីថ្ងៃទី២៨តុលា។ លោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារបានបញ្ជាក់នៅថ្ងៃទី៣១តុលានេះថា ក្រុមអ្នកជំនាញកំពុងស្រាវជ្រាវលើករណីនេះយ៉ាងម៉ត់ចត់ជាទីបំផុត និងបញ្ជាក់ថា ប្រធានពន្ធនាគារខេត្តស្វាយរៀងនឹងអស់តំណែង ប្រសិនបើការស្រាវជ្រាវបង្ហាញថា ករណីនេះពិតជាបានកើតឡើងដោយការថ្លោះធ្លោយការងារប្រាកដមែន។
ប្រធានពន្ធនាគារខេត្តស្វាយរៀងប្រឈមការដកតំណែង ក្រោយអ្នកទោសវៀតណាមរត់ចេញពីគុក
អគ្គនាយកដ្ឋានពន្ធនាគារបានទទួលស្គាល់នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះថា ពិតជាមានហេតុការណ៍ជនជាប់ឃុំជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង តុងហ្វឹង ភេទប្រុសបានរត់ចេញពីពន្ធនាគារខេត្តស្វាយរៀងកាលពីថ្ងៃទី២៨ ខែតុលា វេលាម៉ោង៥ និង៤០នាទីរសៀលប្រាកដមែន។ តែអគ្គនាយកដ្ឋានពន្ធនាគារ ដដែលបានបញ្ជាក់ថា ការរត់ចេញរបស់អ្នកទោសជនជាតិវៀតណាមរូបនោះមិនមែនដោយមានសកម្មភាពចូលរំដោះ ឬដោយមានសកម្មភាពប្រដាប់អាវុធចូលរំដោះអ្នកទោសទេ តែជាការរត់គេចខ្លួនដោយការlថ្លោះធ្លោយការងាររបស់មន្ត្រីពន្ធនាគារ។
បើតាមអគ្គនាយកដ្ឋានពន្ធនាគារ ជនជាប់ឃុំជនជាតិវៀតណាម ង្វៀង តុងហ្វឹងបានធ្វើសកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបគ្រួសារមកសួរសុខទុក្ខ និងឆ្លៀតពេលដែលមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព។ គឺនៅឱកាសនោះហើយដែលជនជាប់ឃុំបានរត់ចេញពីបន្ទប់សំដៅទៅគូកនដែលបានរង់ចាំជាស្រេច ហើយបានយកអាវុធខ្លីពីគូកនតម្រង់ទៅមន្ត្រីពន្ធនាគារដែលដេញតាមពីក្រោយ រួចក៏ឡើងជិះម៉ូតូដែលកំពុងត្រៀមចាំនៅរបងកំផែងខាងក្រៅជិះគេចខ្លួនបាត់ទៅ។ ទោះយ៉ាងណា អគ្គនាយកដ្ឋានពន្ធនាគារបានប្តេជ្ញាតាមស្វែងរកចាប់ជនជាប់ឃុំមកវិញ រួមទាំងគូកនដើម្បីផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។
ចំណែកលោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី៣១ តុលានេះថា ករណីបណ្តោយឱ្យអ្នកទោសរត់គេចពីពន្ធនាគារបានទាំងកណ្តាលថ្ងៃនេះជាការធ្វេសប្រហែស និងជាការថ្លោះធ្លោយដ៏ធំរបស់អ្នកគ្រប់គ្រងពន្ធនាគារ។ តាមលោក នុត សវនា លទ្ធផលនៃការស៊ើបអង្កេតបឋមបានបង្ហាញថា មន្ត្រីពន្ធនាគារខេត្តស្វាយរៀងបានអនុញ្ញាតឱ្យគូកនបានជួបសួរសុខទុក្ខអ្នកទោសដល់ទៅប្រមាណ ៤-៥ថ្ងៃជាប់ៗគ្នាដែលជាការផ្តល់ឱកាសឱ្យអ្នកទោស និងគូកនរៀបចំផែនការរត់គេចបានយ៉ាងងាយស្រួល។
តាមលោក នុត សវនា ប្រសិនបើភស្តុតាងពិតជាបង្ហាញថា ករណីនេះបានកើតឡើងដោយការថ្លោះធ្លោយនៃការគ្រប់គ្រងមែន នោះប្រធានពន្ធនាគារខេត្តស្វាយរៀងលោក សួស សាខូ ច្បាស់ជាត្រូវអស់តំណែង។ គួរជ្រាបថាកន្លងមក ការផ្សព្វផ្សាយជាច្រើនបានបង្ហាញឱ្យឃើញពីកម្សោយនៃការគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារនៅកម្ពុជា ដូចជាការបណ្តោយឱ្យមានការប្រើប្រាស់ទូរស័ព្ទដើម្បីផ្ញើសារចែកចាយគ្រឿងញៀននៅផ្ទៃក្នុងពន្ធនាគារ និងការរក្សាទុកគ្រឿងញៀនដើម្បីជួញដូរនៅក្នុងពន្ធនាគារតាមរយៈមន្ត្រីពន្ធនាគារជាដើម។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រធានពន្ធនាគារព្រៃស ត្រូវបានជ្រុះពីតំណែង ក្រោយបែកធ្លាយវីដេអូរាំរែក ស៊ីផឹក និងសេពគ្រឿងញៀនរបស់អ្នកទោសជនជាតិចិនក្នុងពន្ធនាគារ៕