កម្ពុជា
01/11/2024 – 11:56
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រវាត់ព្រំដែនបានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា រដ្ឋាភិបាលនឹងប្រើប្រាស់ថវិកានៅក្នុងកញ្ចប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធចំនួនជិត ២៧លានដុល្លារដើម្បីកសាងផ្លូវប្រវែង ២៥០ គីឡូម៉ែត្រនៅតាមក្រវាត់ព្រំដែននៃខេត្តមណ្ឌលគិរី និងរតនគិរី។ ការកសាងផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះចាប់ផ្ដើមនៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧។
រដ្ឋាភិបាលផ្តើមសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រក្នុងខេត្តមណ្ឌលគិរី និងរតនគិរី
ក្នុងសន្និសីទសារព័ត៌មានស្តីពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រវាត់ព្រំដែន លោក គឹម ប៊ុនថាន ប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានបញ្ជាក់ថា ចម្ងាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រដែលផ្តើមសាងសង់ គឺស្មើនឹង ១៨.៤% នៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់មិនទាន់បានកសាងប្រមាណ ៥១.៩០%។ តាមលោក គឹម ប៊ុនថាន ក្រុមការងារនឹងអនុវត្តន៍ការងារកសាងផ្លូវក្រវាត់ព្រំដែនប្រវែង២៥០ គីឡូម៉ែត្រនេះដោយតម្លាភាព គណនេយ្យភាព និងសន្សំសំចៃតាមគោលការណ៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ចំណែកលោក ខ្វាន់ ស៊ាម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលមានវត្តមានក្នុងសន្និសីទកាសែតដែរនោះបានឲ្យដឹងថា ការកសាងផ្លូវក្រវាត់ព្រំដែនមានភាពលំបាកជាច្រើន ព្រោះខេត្តទាំងពីរ គឺរតនគិរី និងមណ្ឌលគិរីជាតំបន់ខ្ពង់រាប មានព្រៃក្រាស់ៗ និងមានជួរភ្នំខ្ពស់ៗ ពិសេសមានថ្ម អូរ ជ្រោះ និងជ្រលងជ្រៅៗ។ បន្ថែមពីនេះ លោក ខ្វាន់ ស៊ាម បានរៀបរាប់ពីស្ថានភាពមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងស្ថានភាពអាកាសធាតុ និងការយាយីដោយជំងឺផ្សេងៗដែលអាចជាឧបសគ្គដល់ដំណើរការសាងសង់។

សូមជម្រាបថា ក្នុងរយៈពេល ៦៦ថ្ងៃដោយរាប់ពីថ្ងៃទី២២ សីហាដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានទទួលថវិកាជិត២៧លានដុល្លារពីសម្បុរសជនចូលរួមសរុបជាង៧២ម៉ឺនអង្គ/នាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ គួររម្លឹកថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ ការសាងសង់ផ្លូវខ្សែក្រវាត់ព្រំដែនសម្រេចបានប្រវែង ៤៨.១០% និងបោសសំអាតមីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងទំហំដីជិត៣ម៉ឺនហិកតា។ ចំណែកផ្លូវក្រវាត់ព្រំដែនដែលមិនទាន់បានសាងសង់នៅសល់ប្រមាណ ៥១.៩០%។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល៕