ដោយ ជីវិតា
2024.11.04
RFA

ទិដ្ឋភាពអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ ធ្វើបុណ្យតាមព្រះពុទ្ធសាសនា នៅឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ
អ្នកជាប់ឃុំក្នុងពន្ធនាគារ កំពុងប្រឈមបញ្ហាសុខភាព និងលក្ខខណ្ឌរស់នៅប្រចាំថ្ងៃ ស្ថិត នៅក្នុងស្ថានភាពលំបាក នារដូវរងាឆ្នាំនេះ។ ចំណែក អ្នកជំនាញផ្នែកសុខភាពថា ជនជាប់ឃុំក្នុងពន្ធនាគារ ងាយនឹងឆ្លងជំងឺឆ្លងមួយចំនួន ដូចជារបេង ផ្ដាសាយធំ និងកមរមាស់ជាដើម បណ្ដាលមកពីបន្ទប់តូចចង្អៀត គ្មានអនាម័យ ខ្វះខាតអាហារ ដែលមានជីវជាតិ និងខ្វះទឹកស្អាតប្រើប្រាស់ជាដើម។ ចំណែកឯអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានអះអាងថា បានត្រៀមភួយ និងកំពុងគិតគូររឿងទឹកស្អាតនេះ សម្រាប់អ្នកជាប់ឃុំរួចហើយ។
ជំនោរត្រជាក់នាខែកត្តិក ចាប់ផ្ដើមធ្លាក់ក្នុងសប្ដាហ៍ទី១ នៅដើមខែវិច្ឆិកានេះ បណ្ដាលឲ្យអាកាសធាតុ នាពេលព្រឹក និងល្ងាច ប្រែជាត្រជាក់។ ភាពប្រែប្រួលនេះ បានបណ្ដាលឲ្យជនជាប់ឃុំមួយចំនួន ដែលកំពុងរស់នៅក្នុងលក្ខខណ្ឌមិនអំណោយផលស្រាប់ផងនោះ ប្រឈមនឹងបញ្ហាសុខភាព ដូចជាកើតជំងឺផ្ដាសាយ និងកមរមាស់ជាដើម។
ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារព្រៃស លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា អះអាងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២ ខែវិច្ឆិកាថា ប្ដីរបស់លោកស្រី នៅរយៈពេលចុងក្រោយនេះ គឺពុំសូវមានទឹកស្អាតប្រើប្រាស់ឡើយ ពោលគឺមន្ត្រីពន្ធនាគារ បានបូមទឹកស្រះ នៅក្នុងពន្ធនាគារ ដែលគ្មានអនាម័យ ដើម្បីឲ្យជនជាប់ឃុំប្រើប្រាស់ ។ លោកស្រី ឲ្យដឹងថា កត្តានេះ បានបណ្ដាលឲ្យប្ដីលោកស្រី និងជនជាប់ឃុំដទៃទៀត កើតជំងឺកមរមាស់។
លោកស្រី ព្រុំ ចាន់ថា៖ «នៅម១ ឬព្រៃស គ្រួសារខ្ញុំទៅហ្នឹង គឺរមាស់ហ្នឹង វាទូទៅហើយ អ៊ីចឹងទាល់តែយើងទិញថ្នាំឲ្យគាត់ថែស្បែកខ្លួនរបស់គាត់ អនាម័យខ្លួនរបស់គាត់ ប៉ុន្តែអនាម័យយ៉ាងណា ក៏នៅតែមានការកើតរមាស់កើតឡើងដែរ ដោយសារតែវាមានគ្នាច្រើន ហើយណាមួយទៅ គឺវាឆ្លងគ្នា និងកន្លែងគេងហ្នឹង យើងសម្អាត ប៉ុន្តែគេមិនសម្អាត ក៏វាឆ្លងដែរ ព្រោះគេងជាប់ៗគ្នា ប៉ុន្តែមានលក្ខណៈតូចចង្អៀត ដល់ពេលអីចឹងគឺពិបាកណាស់ រឿងសុខភាពហ្នឹង»។
អតីតជនជាប់ឃុំក្នុងពន្ធនាគារមួយចំនួនទៀត ឲ្យដឹងថា ក្នុងរដូវរងាស្ថានភាពជនជាប់ឃុំស្ទើរតែទាំងអស់ក្នុងពន្ធនាគារ គឺមិនសូវខុសគ្នាឡើយ ព្រោះជនជាប់ឃុំខ្លះ មានតែខោអាវជាអ្នកជាប់ឃុំ មួយសម្រាប់ ឬខោខ្លី ដែលគ្រួសារទិញផ្ញើឲ្យ ក៏ប៉ុន្តែខោអាវទាំងនោះ មានលក្ខណៈស្ដើង ដែលមិនអាចទប់ទល់នឹងអាកាសធាតុត្រជាក់បានឡើយ។
សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង លោក លាស់ ឆេងឡាយ ដែលធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន១៨ខែ អះអាងប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងអំឡុងពេល ដែលលោកជាប់ពន្ធនាគារ មន្ត្រីពន្ធនាគារពុំបានផ្ដល់ភួយ ឲ្យបានគ្រប់គ្រាន់ដល់ជនជាប់ឃុំឡើយ។ លោក បន្ថែមថា ក្នុងរដូវរងាបែបនេះ ជនជាប់ឃុំ ដែលគ្មានសាច់ញាតិ ឬគ្រួសារ ពុំមានភួយប្រើប្រាស់ទេ ពួកគាត់តែងដេករងាញាក់ អោបដៃក្រវៀន ហើយអ្នកជាប់ឃុំខ្លះដេកអោបគ្នា ដើម្បីបង្កើតកំដៅកាត់បន្ថយភាពរងានៅក្នុងបន្ទាប់ឃុំឃាំង ។ លោកឲ្យដឹងទៀតថា មានជនជាប់ឃុំខ្លះកើតរមាស់ ខ្លះស្ពឹកដៃជើងដោយសារមន្ត្រីពន្ធនាគារមិនសូវអនុញ្ញាតឱ្យចេញមកក្រៅស្រូបយកកំដៅថ្ងៃ ឬហាត់ប្រាណ ឬលេងកីឡា ឱ្យបានទៀងទាត់ និងគ្រប់គ្រាន់ រហូតធ្វើឲ្យជនជាប់ឃុំខ្លះ ធ្លាក់ខ្លួនពិការក៏មានដែរ។
លោក លាស់ ឆេងឡាយ៖ «អត់មានហេតុផលច្បាស់លាស់ ក៏ត្រូវបានចាប់ដាក់ក្នុងពន្ធនាគារ ហើយធ្វើអំពើទារុណកម្មដល់ពួកគាត់ ដោយពួកគាត់មិនត្រូវបានថែបំប៉ននៅពេលពួកគាត់ឈឺ ជាពិសេសនៅខែរងា ខណៈពួកគាត់កំពុងតែរងាហ្នឹង ហើយមិនសូវបានចេញមកខាងក្រៅហាត់ប្រាណ មានពេលវេលាសមស្រប ដល់អីចឹងអាហ្នឹងធ្វើឲ្យពួកគាត់មានជំងឺស្ពឹក អ្នកខ្លះស្ពឹកដល់ដើរមិនរួច ដល់អីចឹងទៅវាធ្វើឲ្យពួកគាត់ទាំងអស់គ្នា ប្រឈមនឹងបញ្ហាហ្នឹងធ្ងន់ ដល់ពេលត្រឡប់ចេញមកវិញ បើគាត់ឆាប់ចេញមកវិញមិនអីទេ ប៉ុន្តែនៅពេល ដែលត្រូវជាប់ពន្ធនាគារយូរ វាមានបញ្ហាប្រឈមអស់មួយជីវិត គាត់ចេញមកវិញមិនអាចធ្វើកិច្ចការងារបាន គាត់ក្លាយជាអ្នកពិការ។ នេះជាបញ្ហាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមគ្រួសាររបស់គាត់ ហើយក៏ប៉ះពាល់ដល់សង្គមជាតិ»។
ឆ្លើយតបចំពោះបញ្ហានេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានពន្ធនាគារ ម១ លោក នុត សវនា អះអាងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២ ខែវិច្ឆិកា ថា ពន្ធនាគារតាមបណ្ដារាជធានី-ខេត្ត បានត្រៀមរួចរាល់នូវ ភួយ សម្រាប់ចែកជូនជនជាប់ឃុំ ក្នុងរដូវរងា ហើយករណីខ្វះខាត ពន្ធនាគារបានអនុញ្ញាត ឲ្យគ្រួសារផ្គត់ផ្គង់បន្ថែមលើរបបដែលមានស្រាប់ ។ មន្ត្រីនាំពាក្យរូបនេះ បញ្ជាក់ថា ពន្ធនាគារមួយចំនួនពិតជាមានជនជាប់ឃុំកើតជំងឺកមរមាស់ ឬជំងឺរមាស់ស្បែក បណ្ដាលមកពីគុណភាពទឹក ប៉ុន្តែពន្ធនាគារ បានសហការជាមួយមន្ត្រីសុខាភិបាលខេត្ត ដើម្បីដោះស្រាយបញ្ហានេះ។
លោក នុត សវនា៖ «កន្លងមកគឺ ពន្ធនាគារខេត្ត គាត់បានបូមទឹកមានអណ្ដូង មានអីផ្សេង អ៊ីចឹងបានទឹកមក គេប្រើក្លរ (Chloride) ដើម្បីបន្សុទ្ធវាមុននឹងយកទៅប្រើ ប៉ុន្តែដោយសារមួយរយៈនេះ គាត់អស់សារធាតុក្លរសម្រាប់ប្រើប្រាស់ អីចឹងទឹកហ្នឹង វាអត់ស្អាត ដល់គាត់ប្រើទៅវាទៅជាបង្កបញ្ហាកមរមាស់ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ពន្ធនាគារខេត្តបានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក៏ដូចជានាយកដ្ឋានអប់រំកែប្រែ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីផ្គត់ផ្គង់នូវឱសថ និងសេវាថែទាំសម្រាប់អ្នកមានបញ្ហាកមរមាស់នេះ»។
អតីតមន្ត្រីជាន់ខ្ពស់ នៃមន្ទីរសុខាភិបាល និងជាប្រធានប្រតិបត្តិគណបក្ស ភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ថ្លែងថា ជំងឺសើស្បែកដូចជា កមរមាស់ជាដើម អាចព្យាបាលឲ្យធូរស្បើយបាន ប៉ុន្តែពុំអាចលុបបំបាត់ជំងឺនេះឡើយ ព្រោះតែពន្ធនាគារ មានភាពចង្អៀតណែន ខ្វះអនាម័យ ខ្វះទឹកស្អាតប្រើប្រាស់ និងអាហារហូបចុកខ្វះជីវជាតិទ្រទ្រង់រាងកាយជាដើម។ លោកបារម្ភទៀតថា ជំងឺឆ្លងផ្សេងទៀត ដូចជាជំងឺរបេងជាដើម អាចឆ្លងរាលដាលនៅពេលមានជនជាប់ឃុំណាម្នាក់ កើតរបេង ពីព្រោះតែលក្ខខណ្ឌរស់នៅចង្អៀតណែន រួមទាំងបរិយាកាសពោរពេញដោយផ្សែងបារីថែមទៀតនោះ។
លោក ខឹម មុនីកុសល៖ «វាពិបាកនឹងផ្ដល់យោបល់ ពីព្រោះស្ថានភាពរស់នៅនៅក្នុងពន្ធនាគារហ្នឹង វាពិបាកមែនទែនចំពោះពួកគាត់ ឥឡូវឧទាហរណ៍ថា ឲ្យពួកគាត់រស់នៅឃ្លាតពីគ្នា តើឲ្យពួកគាត់ឃ្លាតពីគ្នាបែបម៉េច? អីចឹងវាមិនអាចទៅរួច ។ ទី២ យើងឲ្យយោបល់គាត់ថា គាត់ត្រូវងូតទឹកឲ្យបានស្អាត មានសាប៊ូដុសខ្លួន មានអនាម័យ តើអាចទៅរួចទេ? វានៅតែមិនអាចទៅរួចទៀត។ ដូច្នេះ សម្រាប់អ្នកទោស វាពិបាកសូម្បីតែតែយើងខំពន្យល់គាត់យ៉ាងណាក៏ដោយក៏វាពិបាក ព្រោះលក្ខខណ្ឌដែលពួកគាត់ជាប់ហ្នឹងគឺវាពិបាកនឹងឲ្យគាត់រៀបចំខ្លួន តាំងចិត្តឲ្យបានល្អ ដើម្បីការពារជំងឺឆ្លងនៅក្នុងពន្ធនាគារ»។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ភាពចង្អៀតណែនក្នុងពន្ធនាគារ ជាបញ្ហាចំបង ដែលរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ គួរតែពិនិត្យ និងដោះស្រាយ ព្រោះបញ្ហានេះ បង្កឲ្យជនជាប់ឃុំមានជំងឺថប់ដង្ហើម និងកង្វះអនាម័យជាដើម។
លោក អំ សំអាត៖ «ដូច្នេះតុលាការ ទាក់ទងនឹងការផ្ដន្ទាទោសរឿងការងារសហគមន៍ រឿងពាក់កណ្ដាលនៃទោស ការដោះលែងអ្នកទោស ដែលជិតផុតទោស និងបញ្ហាអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បទល្មើស ដែលមិនចាំបាច់ក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ក៏ដូចជាបញ្ហាចោទប្រកាន់ ឬក៏បញ្ហាខ្លះមិនគួរចោទប្រកាន់ គួរតែកុំចោទប្រកាន់ គឺទី១ ដើម្បីកាត់បន្ថយភាពចង្អៀតណែន ទី២ គឺកាត់បន្ថយការរិះគន់ជាដើម»។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ ឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនអ្នកជាប់ឃុំ នៅទូទាំងប្រទេសមានប្រមាណជាង ៥ម៉ឺននាក់។ អគ្គនាយកដ្ឋានពន្ធនាគារព្យាករណ៍ថា ចំនួនអ្នកជាប់ឃុំអាចកើនឡើងដល់ ៦ម៉ឺននាក់នាពេលខាងមុខ ខណៈមានពន្ធនាគារ កំពុងប្រឈមភាពចង្អៀតណែនណាន់តាន់តាប់លើសពីសមត្ថភាពពន្ធនាគារដែលផ្ទុកបាន។
ទោះជាចំនួនជនជាប់ឃុំក្នុងពន្ធនាគារ លើកពីសមត្ថភាពផ្ទុកបានក៏ដោយ ក៏វិធានការដោះស្រាយរបស់រដ្ឋាភិបាល នៅពុំទាន់ឆ្លើយតបនៅឡើយ ហើយរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថែមទាំងបង្កើនការចាប់ចងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយជាដើម ដាក់ពន្ធនាគារឥតស្រាកស្រាន្ត បណ្ដាលអង្គការសិទ្ធិមនុស្សរិះគន់ថា ជាការចាប់ចងគ្មានមូលដ្ឋានច្បាប់។
អតីតមន្ត្រីជាន់ខ្ពស់ នៃមន្ទីរសុខាភិបាល និងជាប្រធានប្រតិបត្តិគណបក្ស ភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ទទូចឱ្យរដ្ឋាភិបាលផ្គត់ផ្គង់ទឹកស្អាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ និងលើកទឹកចិត្តដល់សាច់ញាតិជនជាប់ឃុំឲ្យបន្តជួយផ្គត់ផ្គង់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា សាប៊ូលាងដៃ សាប៊ូដុសខ្លួន និងអាហារហូបចុក ដែលមានគុណភាពដល់ជនជាប់ឃុំក្នុងពន្ធនាគារ ។ លោកបន្ថែមថា បើទោះជានៅក្នុងពន្ធនាគារ ខ្វះទឹកស្អាតប្រើប្រាស់ក៏ដោយ ក៏ជនជាប់ឃុំ គួរតែលាងដៃឲ្យបានស្អាតមុនបរិភោគអាហារ និងដុសសម្អាតខ្លួនជាមួយសាប៊ូរៀងរាល់ថ្ងៃ ពេលងូតទឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
erwer