ដោយ ហ៊ុំ ចំរើន
2024.11.15
RFA

(ឆ្វេង) លោក ស៊ន តារា អ្នកអត្ថាធិប្បាយនយោបាយ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ (ស្ដាំ) ឪពុករបស់លោក គឺលោក សុខ ស៊ុនណារ៉េត ដែលអាជ្ញាធរលោក ហ៊ុន ម៉ាណែត ចាប់ឃុំខ្លួនក្នុងពន្ធនាគារ។ រូប៖ ហ្វេសប៊ុកលោក ស៊ន តារា
ពលរដ្ឋចាត់ទុកការចាប់ខ្លួន ឪពុករបស់អ្នកអត្ថាធិប្បាយនយោបាយមានប្រជាប្រិយភាព តាម បណ្ដាញសង្គមហ្វេសប៊ុក (Facebook) លោក ស៊ន តារា ដែលកំពុងរស់នៅប្រទេសបារាំង គឺបង្ហាញពីភាពព្រៃផ្សៃរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបសំឡេងរិះគន់ទាំងក្នុង និងក្រៅប្រទេស។
ពលរដ្ឋមួយចំនួន បានបញ្ចេញប្រតិកម្មថា ចាប់ខ្លួនអតីតនាយរងសេនាធិការ នៃតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត ដែលត្រូវជាឪពុករបស់ អ្នកអត្ថាធិប្បាយនយោបាយតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) លោក ស៊ន តារ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយចោទអំពីបទពាក់ព័ន្ធនឹងគ្រឿងញៀន គឺជាប្រឌិតរបស់រដ្ឋាភិបាល ដើម្បីបង្ខូចឈ្មោះជនរងគ្រោះ និងដើម្បីកុំឲ្យមហាជនមើលឃើញថា រឿងនេះពាក់ព័ន្ធនឹងរឿងនយោបាយ។ ទោះជាយ៉ាងណាក្ដី ពួកគាត់យល់ថា ការចាប់ខ្លួននេះ គឺការគាបសង្កត់ឆ្លងដែន ដែលរបបផ្ដាច់ការតែងតែធ្វើ ដើម្បីបំបិទសំឡេងអ្នកប្រឆាំង។
ពលករធ្វើការនៅប្រទេសថៃ លោក សុះ សល់ យល់ថា ការចាប់ខ្លួនឪពុករបស់លោក ស៊ន តារា គឺជាយុទ្ធសាស្ត្រដដែលៗ របស់ប្រធានបក្សកាន់អំណាច គឺលោក ហ៊ុន សែន ដែលចង់អូសទាញ លោក ស៊ន តារា ឱ្យចុះចូលគណបក្សកាន់អំណាច ឬលោក ហ៊ុន សែន ចង់ឱ្យលោក ស៊ន តារា ឈប់វិភាគអំពីបញ្ហាសង្គម នយោបាយ និងការដឹកនាំរដ្ឋាភិបាលតទៅទៀត។
លោក សុះ សល់៖ «គោលបំណងរបស់លោក ហ៊ុន សែន គាត់ធ្វើអី លោក ស៊ន តារា មិនបាន អ៊ីចឹង គាត់ចាប់ឪពុកគំរាម ដូចជា លោក ហៃ វណ្ណា អ៊ីចឹង។ អាហ្នឹង វាជារឿងនយោបាយ ហើយនរណា ក៏គេដឹងដែរ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក មិនមែនទូទាំងប្រទេសទេ វាគឺជារឿងពិតតែម្ដង»។
ចំណែកប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិនៅប្រទេសកូរ៉េខាងត្បូង លោក លួន វិបុល លើកឡើងថាការចាប់ខ្លួនឪពុករបស់លោក ស៊ន តារា នេះ បង្ហាញឱ្យឃើញថា រដ្ឋាភិបាលហ៊ានប្រើវិធីខុសច្បាប់ និងអំពើព្រៃផ្សៃ ដែលចាប់គ្រួសាររបស់អ្នករិះគន់នៅក្រៅប្រទេសជាចំណាប់ខ្មាំង ដើម្បីបំបិទសំឡេងរិះគន់។ ទោះជាយ៉ាងណាក្ដី លោក លួន វិបុល ថ្លែងថា យុទ្ធសាស្ត្រក្នុងការបំបិទសំឡេងប្រឆាំងនេះមិនអាចជោគជ័យបាននោះទេ ដោយសារពលរដ្ឋផ្សេងទៀត នៅតែរិះគន់ពីរបៀបដឹកនាំផ្ដាច់ការរបស់ក្រុមគ្រួសារត្រកូលហ៊ុន។
លោក លួន វិបុល៖ «មិនមានប្រសិទ្ធភាពច្រើនទេ ចំពោះគណបក្សប្រជាជន ពីព្រោះអ្នកដែលមានឆន្ទៈពិតប្រាកដមោះមុត គឺគាត់មិនរណបនឹងរបបផ្ដាច់ការទេ បើទោះជាគាត់រងសម្ពាធជាមួយក្រុមគ្រួសារនៅស្រុកក៏ដោយ ប៉ុន្តែបើឆន្ទៈគាត់ គាត់ច្បាស់ថាគាត់គិតអំពីផលប្រយោជន៍ជាតិជាធំនោះ ឥទ្ធិពលដែលគណបក្សប្រជាជនចង់ស្រូបទាញ ចង់បញ្ចុះបញ្ចូល ទិញអីហ្នឹង គឺមិនអាចទៅរួចទេ ពីព្រោះអស់មួយ គឺនៅមួយ»។
ជាមួយគ្នានេះ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា លើកឡើងថាលោកមិនទាន់ជឿថា ការចាប់ខ្លួនឪពុករបស់លោក ស៊ន តារា គឺដោយសារតែករណីគ្រឿងញៀនដូចការលើកឡើងរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែ លោកថារដ្ឋាភិបាលអាចចាប់ខ្លួនឪពុករបស់លោក ស៊ន តារា ដើម្បីដាក់សម្ពាធមិនឱ្យ លោក ស៊ន តារា បញ្ចេញមតិរិះគន់តទៅទៀត។ លោក ម៉ា ចិត្រា ថា ប្រសិនបើឪពុករបស់លោក ស៊ន តារា នឹងត្រូវដោះលែង ក្រោយលោក ស៊ន តារា ឈប់រិះគន់ ឬចុះចូលចូលគណបក្សបក្សកាន់អំណាចនឹងបង្ហាញថាករណីចាប់ខ្លួននេះ គឺជារឿងអសីលធម៌។
លោក ម៉ា ចិត្រា៖ «ប្រសិនជាករណីចាប់ខ្លួនគ្រួសារគេ ដើម្បីធ្វើជាចំណាត់ខ្មាំងនយោបាយ ខ្ញុំគិតថា វាមិនមែនជាសីលធម៌នយោបាយទេ ហើយក៏វាមិនមែនជាគំរូល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយដែរ ពីព្រោះប្រសិនបើគាត់ចង់ឱ្យអ្នកនយោបាយជំនាន់ក្រោយល្អ អ្នកនយោបាយជំនាន់ចាស់កុំផ្ដល់គំរូអាក្រក់ដល់អ្នកនយោបាយជំនាន់ក្រោយ»។
ក្រៅពីនេះ ថ្នាក់ដឹកនាំគណបក្សប្រឆាំង ព្រះសង្ឃ យុវជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះសារថ្កោលទោសរដ្ឋាភិបាលរបស់ត្រកូល ”ហ៊ុន” ព្រោងព្រាត។ អ្នកខ្លះ សរសេរថា លោក ហ៊ុន សែន ជាមេដឹកនាំដែលសាហាវព្រៃផ្សៃ គ្មានសេចក្តីថ្លៃថ្នូរ និងគ្មានភាពក្លាហាននោះទេ ។ អ្នកខ្លះទៀត ហួសចិត្តចំពោះទង្វើរបស់លោក ហ៊ុន សែន ដែលបានបង្ខំឱ្យឪពុកម្ដាយ និងបងប្អូនរបស់លោក ស៊ន តារា កាត់កាលលោកម្ដងហើយ តែពេលនេះ មិនអស់ចិត្តបែរជាចាប់ខ្លួនឪពុករបស់គាត់ថែមទៀត។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនទៀត បញ្ចេញទស្សនៈថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដែលខឹងគោ វាយរទេះនេះ មិនចំណេះទេ ហើយកាន់តែបញ្ជាក់ឱ្យឃើញថានេះជារបបផ្ដាច់ការ ដែលធ្វើឱ្យមហាជនកាន់តែស្អប់ខ្ពើមខ្លាំង។ ពួកគាត់ ជឿថា របបនេះ គង់តែមានថ្ងៃបរាជ័យវិញទេ ព្រោះតែរឿងអយុត្តិធម៌ក្នុងសង្គមកាន់តែកើនឡើងជាបន្តបន្ទាប់។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយលោកបានចុចបិទទូរស័ព្ទ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្នុងនាមជាអង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលស៊ើបអង្កេត និងបង្ហាញជាសាធារណៈថា ការចាប់ខ្លួនឪពុករបស់លោក ស៊ន តារា ដោយសារពាក់ព័ន្ធនឹងករណីគ្រឿងញៀនពិតប្រាកដមែន និងដើម្បីជៀសវាងពីមតិជាតិ និងអន្តរជាតិរិះគន់ថា ករណីនេះមានការពាក់ព័ន្ធនឹងនយោបាយ និងការបំបិទសិទ្ធិសេរីភាព។
លោក អំ សំអាត៖«សូមឱ្យមានការស៊ើបអង្កេតឱ្យបានម៉ត់ចត់ តម្លាភាព ហើយហ្នឹងយុត្តិធម៌ ដើម្បីជៀសវាងនូវការរិះគន់ទៅលើករណីនេះបន្តទៅទៀត គឺសូមឱ្យមានការបង្ហាញភស្តុតាងឱ្យបានគ្រប់គ្រាន់ទាក់ទងនឹងបទល្មើស និងការចោទប្រកាន់»។
ពលរដ្ឋ និងអ្នកវិភាគចាត់ទុកថា ករណីចាប់ខ្លួនឪពុករបស់លោក ស៊ន តារា គឺដូចគ្នានឹងករណីរបស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហៃ វណ្ណា នៅប្រទេសជប៉ុនដែរ។ ពួកគាត់មើលឃើញថា គោលបំណងរបស់លោក ហ៊ុន សែន គឺចង់ឱ្យលោក ស៊ន តារា ធ្វើដូចលោក ហៃ វណ្ណា ដែលបានចេញវីដេអូសុំទោស និងចុះចូលគណបក្សកាន់អំណាចដើម្បីដោះដូរនឹងសេរីភាពរបស់ប្អូន ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារធ្វើជាចំណាប់ខ្មាំង។ ពួកគាត់យល់ថា លោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រនយោបាយស្មោកគ្រោក ដោយមិនខ្លាចការរិះគន់នេះ ព្រោះលោក តែងតែធ្វើបានជោគជ័យ។ ប៉ុន្តែ លោក ហ៊ុន សែន និងគ្រួសាររបស់លោក នឹងជាប់ឈ្មោះអាក្រក់នៅក្នុងប្រវត្តិសាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ហ៊ុនសែន! កំពុងតែធ្វើទង្វើបិសាចដែលពិភពលោកគេស្អប់ខ្ពើមជាទីបំផុត។លោក ហ៊ុន សែន ត្រូវតែដោះលែងលោក សុខ ស៊ុនណារ៉េត ដោយគ្មានល័ក្ខខ័ណ្ឌ។