ដោយ អាស៊ីសេរី
2024.11.17
RFA

រូបត្លុកនយោបាយ៖ កម្ពុជារបស់ត្រកូល «ហ៊ុន» បោះបង់ចោលការទាមទារអធិបតេយ្យលើកោះគុត? រូប៖ RFA
រដ្ឋាភិបាលត្រកូល «ហ៊ុន» រក្សាភាពស្ងៀមស្ងាត់ជាមួយប្រទេសថៃដោយមិនទាន់បង្ហាញជំហរជាក់លាក់ពាក់ព័ន្ធនឹងរឿងរ៉ាវជម្លោះកំណត់ព្រំដែនសមុទ្រក្នុងតំបន់ដែលភាគីទាំង២អះអាងថាជា «តំបន់ត្រួតស៊ីគ្នា» និងអធិបតេយ្យលើកោះគុតក្នុងឈូងសមុទ្រថៃ ភាគខាងលិចខេត្តកោះកុង។ នេះក៏ទំនងជាដោយសារតែរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងត្រៀមបើកការចរចាសាជាថ្មីឡើងវិញ ដើម្បីបែងចែកផលប្រយោជន៍ពីការទាញយកកំណប់រ៉ែប្រេង និងឧស្ម័នដ៏មហាសាលតម្លៃជាង ៣០០ពាន់លានដុល្លារពីតំបន់នេះ។
បញ្ហានេះ ក៏កំពុងធ្វើឱ្យក្រុមបក្សប្រឆាំងនៅប្រទេសថៃ ព្រួយបារម្ភថា អាចធ្វើឱ្យប្រទេសថៃបាត់បង់អធិបតេយ្យលើកោះគុត។ កម្ពុជា កាលពីឆ្នាំ១៩៧២ ធ្លាប់ទាមទារអធិបតេយ្យមួយភាគធំលើកោះគុតនេះ ដោយផ្អែកតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ក៏ប៉ុន្តែត្រូវភាគីថៃបដិសេធ។ ទោះយ៉ាងណា ការទាមទារអធិបតេយ្យលើកោះគុតរបស់កម្ពុជានេះ ហាក់ថមថយទៅវិញនៅសម័យក្រោយៗមកទៀត ដោយសារតែកម្ពុជាត្រូវឆ្លងកាត់សង្គ្រាមស៊ីវិល និងការផ្លាស់ប្តូររបបជាច្រើនជំនាន់ ជាពិសេសក្រោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលលើកបន្តុបដោយវៀតណាម បានចុះកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ស្តីពីតំបន់ទឹកប្រវត្តិសាស្ត្រ និងសន្ធិសញ្ញាព្រំដែនខុសច្បាប់ដទៃទៀតជាមួយប្រទេសវៀតណាម។
កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលអ្នកស្រីបានអះអាងថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រាប់អ្នកស្រីថានឹងជួយគាំទ្រថៃក្នុងរឿងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ស្តីពីការអភិវឌ្ឍធនធានរ៉ែប្រេង និងឧស្ម័នរួមគ្នា និងថាកម្ពុជា «មិនមានបញ្ហាណាមួយ» ចំពោះកោះគុតនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។