កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
28/11/2024 – 10:59
ដោយ៖ ជួប នរក្សា
RFI
ក្រោយចូលកាន់តំណែងជាប្រមុខការទូតជាថ្មីបានមួយសប្តាហ៍ លោក ប្រាក់ សុខុន បានចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងទៅកាន់ប្រទេសចិនពីថ្ងៃទី២៨ វិច្ឆិកាដល់ថ្ងៃទី ០១ ធ្នូ។ អ្នកតាមដានកិច្ចការអន្តរជាតិបានចាប់អារម្មណ៍ខ្លាំងចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក ប្រាក់ សុខុនដោយលើកឡើងថា លោកអាចស្នើសុំឲ្យភាគីចិនបញ្ចេញជំហរគាំទ្រ និងពន្លឿនលើគម្រោងសាងសង់ព្រែកជីកហ្វូណន។
អ្នកជំនាញថា ទស្សនកិច្ចលោក ប្រាក់ សុខុន ទៅចិនអាចស្នើសុំចិនឲ្យគាំទ្រ និងពន្លឿនគម្រោងព្រែកជីកហ្វូណន
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេសកម្ពុជានៅថ្ងៃពុធ ទី២៧ វិច្ឆិកា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន ចំនួន៤ថ្ងៃនៅប្រទេសចិននឹងត្រូវជួបជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោក លីវ ជានឆាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន រួមទាំងឥស្សរជនចិនផ្សេងទៀត។ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងក្នុងចេតនាពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ចិន ដ្បិតឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ។
តែអ្នកតាមដានកិច្ចការអន្តរជាតិបានកត់សម្គាល់ខ្លាំងនឹងទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នៅចិន ក្រោយពីលោកចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសឡើងវិញបាន ១សប្តាហ៍។ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិកយល់ឃើញថា ជំនួបរវាងប្រមុខការទូតកម្ពុជា និងប្រមុខការទូតចិនអាចផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។ តែប្រធានបទស្តីពីគម្រោងព្រែកជីកហ្វូណនក៏អាចជារបៀបវារៈមួយដែរ។ នេះបើតាមលោក សេង វណ្ណលីដោយបន្ថែមថា កម្ពុជាអាចស្នើសុំឲ្យភាគីចិនចេញមុខអះអាងលើការផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ព្រែកជីកហ្វូណន។
ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ថា ប្រធានបទព្រែកជីកហ្វូណនអាចស្ថិតនៅក្នុងរបៀបវារៈតូចមួយនៃជំនួបរវាងប្រមុខការទូតកម្ពុជា និងឥស្សរជនចិន។ តាមលោកបណ្ឌិត គិន ភា ការចេញមុខអះអាងផ្ទាល់ពីសំណាក់ឥស្សរជនកម្រិតនយោបាយរបស់ចិនទៅលើគម្រោងព្រែកជីកហ្វូណននឹងអាចជួយជម្រះមន្ទិលសង្ស័យថ្មីៗដែលលើកឡើងថា ការសាងសង់ព្រែកជីកត្រូវអាក់ខានដោយសារគ្មានហិរញ្ញប្បទាន។
ដោយឡែក នៅក្នុងសារឆ្លើយតបនឹងវិទ្យុបារាំងអន្តរជាតិនាថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ទៅចិនជាជំហានដ៍សំខាន់មួយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ពិសេសភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ លោក ជុំ សុន្ទរី ក៏ឆ្លៀតបញ្ជាក់ឡើងវិញអំពីជំនួបរវាងលោក ប្រាក់ សុខុន និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាកាលពីថ្ងៃអង្គារ ទី២៦វិច្ឆិកាថា ចិនគាំទ្រឥតងាករេចំពោះការអភិវឌ្ឍន៍របស់កម្ពុជា រួមទាំងគម្រោងព្រែកជីកហ្វូណន។

គួរដឹងថា បញ្ហាគម្រោងព្រែកជីកហ្វូណនត្រូវបានសារព័ត៌មានបរទេសចុះផ្សាយជាថ្មីនាប៉ុន្មានថ្ងៃចុងក្រោយដោយអះអាងថា កម្ពុជាកំពុងរាំងស្ទះគម្រោងនេះដោយសារតែខ្វះខាតថវិកា។ តែនាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងមន្ត្រីកម្ពុជាទទួលខុសត្រូវលើគម្រោងព្រែកជីកហ្វូណនបានចេញមុខបដិសេធ។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ក្នុងថ្ងៃពុធទី២៧ វិច្ឆិកាថា គម្រោងព្រែកជីកហ្វូណននឹងត្រូវសាងសង់តាមផែនការកំណត់ ឬអាចសង់រួចមុនផែនការកំណត់៕