ការរួមថយលំហសិទ្ធិមនុស្ស៖ សភាអឺរ៉ុបបោះឆ្នោតឱ្យ​គេសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា

កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
29/11/2024 – 14:37
ដោយ៖ អោ ស្រីពេជ្រ
RFI

គណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុបត្រូវតែសើរើឡើងវិញ នយោបាយផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសេសសល់ជាមួយកម្ពុជា។ នេះជាសេចក្តីសម្រេចថ្មីមួយរបស់សភាអឺរ៉ុបដែលត្រូវបានអនុម័តនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមមូលហេតុថា រដ្ឋាភិបាលកម្ពុជា មិនអើពើដោះស្រាយ និងបង្ការការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ សភាអឺរ៉ុបក៏បានស្នើឱ្យសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួនដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា រហូតទាល់តែមានការដោះលែងអ្នកទោសនយោបាយខ្មែរទាំងអស់។ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRfiនៅថ្ងៃសុក្រទី២៩វិច្ឆិកានេះ ក្រសួងការងារ និងគណៈកម្មាការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកការសម្រេចរបស់សភាអឺរ៉ុបនេះជាការដើររំលងនីតិរដ្ឋនៃសង្គមលទ្ធិប្រជាធិតេយ្យ និងមិនឆ្លុះបញ្ជាំងពីទិដ្ឋភាពសិទ្ធិមនុស្សជាក់ស្តែងនៅកម្ពុជា។

ការរួមថយលំហសិទ្ធិមនុស្ស៖ សភាអឺរ៉ុបបោះឆ្នោតឱ្យ​គេសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា


សភាអឺរ៉ុបបានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប និងរដ្ឋសមាជិកវាយតម្លៃ និងកែប្រែឡើងវិញនូវលក្ខខណ្ឌនៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ជាភាសាអង់គ្លេសថា EBA ដែលនៅសេសសល់ ដល់កម្ពុជា ក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជាមិនបានសហការដោះស្រាយ និងបង្ការការរំលោភសិទ្ធិមនុស្សនៅកម្ពុជាសោះឡើយ។ នេះបើតាមសេចក្តីសម្រេចថ្មីមួយដែលទើបអនុម័តដោយសភាអឺរ៉ុបក្នុងថ្ងៃទី២៨ ខែវិច្ឆិកា នៅក្នុងកិច្ចពិភាក្សាស្តីពីការកាន់តែរួមតូចទៅៗនៃលំហសង្គមស៊ីវិលនៅកម្ពុជា ជាពិសេសករណីអង្គការសង់ត្រាល់ (CENTRAL)។ ចំពោះសភាអឺរ៉ុប សេចក្តីសម្រេចនេះគឺជា ការបញ្ជូនសារច្បាស់មួយថា ការកែលម្អសិទ្ធិមនុស្ស និងការគាំពារសេរីភាពសង្គមស៊ីវិលជាលក្ខខណ្ឌចាំបាច់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

ជុំវិញសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដោយលើកយកករណីអង្គការសង់ត្រាល់ ក្រសួងការងារកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកកត្តា អ៊នបានច្រានចោលទាំងស្រុង ដោយពន្យល់ថា កម្ពុជាមានលំហសេរីភាពសហជីពទូលំទូលាយណាស់។ បើតាមលោកកត្តា អ៊ន នៅកម្ពុជា សហភាពមូលដ្ឋាន សហព័ន្ធ ឬសហភាពសហជីពដែលមានចំនួនជាង ៦ពាន់ស្ថាប័នបាននិងកំពុងប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយសេរី។ ប៉ុន្តែសេរីភាពនោះ ចំពោះលោកកត្តា អ៊ន គឺមិនត្រូវរំលងហួសបន្ទាត់ច្បាប់កម្ពុជាដាច់ខាត។

អ្នកនាំពាក្យក្រសួងការងារដដែលរូបនេះចាត់ទុកការព្រួយបារម្ភ និងការសន្និដ្ឋានរបស់សភាអឺរ៉ុបទៅលើការអនុវត្តច្បាប់លើអង្គការសង់ត្រាល់ដោយការទាញភ្ជាប់ទៅរឿងនយោបាយ ថា ជាការដើររំលងនីតិរដ្ឋនៃសង្គមលទ្ធិប្រជាធិបតេយ្យ។ ក្នុងន័យនេះ លោកកត្តា អ៊នសង្ឃឹមថា អឺរ៉ុបនឹងពិចារណាថ្លឹងថ្លែងឱ្យច្បាស់ មុននឹងសម្រេចចិត្តសើរើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសេសសល់៨០%ជាមួយកម្ពុជាព្រោះលោកយល់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះមិនមែនផ្តល់ប្រយោជន៍ឱ្យតែកម្ពុជាតែម្ខាងនោះទេ។

គួរបញ្ជាក់ថា ក្នុងសេចក្តីសម្រេចថ្ងៃទី២៨វិច្ឆិកា សភាអឺរ៉ុបបានលើកឡើងពីលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ សភាអឺរ៉ុបបានថ្កោលទោស និងបានជំរុញឱ្យគណៈកម្មារអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួនចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព តាមរយៈការដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមនុស្សដែលទទួលខុសត្រូវលើការរឹតត្បិតផ្នែកនយោបាយ និងការដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា រហូតទាល់តែអ្នកទោសនយោបាយខ្មែរទាំងអស់ត្រូវបានដោះលែង។ ទន្ទឹមគ្នានេះ សភាអឺរ៉ុបបានអំពាវនាវឱ្យ អាជ្ញាធរកម្ពុជាដោះលែងរាល់អ្នកទោសនយោបាយ សកម្មជន អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងតួអង្គសង្គមស៊ីវិលដែលបានរងការចោទប្រកាន់ ដែលមានចរិតនយោបាយ។

ការរួមថយលំហសិទ្ធិមនុស្ស៖ សភាអឺរ៉ុបបោះឆ្នោតឱ្យគេសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា
ការរួមថយលំហសិទ្ធិមនុស្ស៖ សភាអឺរ៉ុបបោះឆ្នោតឱ្យគេសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា © European Parliament

ទាក់ទងទៅនឹងការលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជារបស់សភាអឺរ៉ុប លោកកែវ រ៉េមីប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជាបានប្រតិកម្មតបថា ការចោទប្រកាន់របស់សភាពអឺរ៉ុបមិនឆ្លុះបញ្ជាំងពីទិដ្ឋភាពសិទ្ធិមនុស្សជាក់ស្តែងនៅកម្ពុជា និងថា រដ្ឋាភិបាលកម្ពុជាធ្វើកិច្ចការច្រើនណាស់ដើម្បីលើកកម្ពស់ជីវភាពរស់នៅ សិទ្ធិ និងសេរីភាពពលរដ្ឋ។ នៅត្រង់ចំណុចនេះ លោកកែវ រ៉េមី បាននិយាយបែបលេបខាយថា គណៈកម្មាការសិទ្ធិមនុស្សកម្ពុជាពិតជាមានអំណរអរគុណដល់សហភាពអឺរ៉ុបដែលខ្វល់ខ្វាយពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាងស្ថានភាពសិទ្ធិមនុស្ស នៅសហភាពអឺរ៉ុបខ្លួនឯងទៅទៀត។

គួររម្លឹកថា កាលពីឆ្នាំ២០២០ នៅក្នុងអាណត្តិកម្ពុជាដែលដឹកនាំដោយលោកហ៊ុន សែន សហភាពអឺរ៉ុបបានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជាដែលមានតម្លៃជាទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារ បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូល​សម្រេច​រំលាយចោល កាលពីឆ្នាំ២០១៧។ ការរបូតបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០%នេះ ត្រូវបានលោកហ៊ុន សែនអះអាងថា មិនបាននាំបញ្ហាអ្វីដល់ការនាំចេញរបស់កម្ពុជាសោះឡើយ។ ផ្ទុយទៅវិញ បើតាមអតីតនាយករដ្ឋមន្ត្រីកម្ពុជា ការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA បានពង្រឹងភាពធន់របស់កម្ពុជា ដ្បិតប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប គង់តែនឹងបាត់បង់ទាំងស្រុងក្នុងពេលខាងមុខ៕

What Next?

Recent Articles