ដោយ ទីន ហ្សាការីយ៉ា
2024.12.10
RFA

កងកម្លាំងអាជ្ញាធរខណ្ឌដូនពេញរារាំងដំណើរក្រុមយុវជន និងឪពុកម្ដាយសកម្មជនសង្គម កំពុងជាប់ពន្ធនាគារជិត ២០នាក់ នៅចំណុចផ្សាររាត្រី ក្បែរផ្សារចាស់ មិនឱ្យធ្វើដំណើរឆ្ពោះទៅខាងមុខព្រះអង្គដងកើ (ដងទង់) ខាងមុខវាំង នៅថ្ងៃរំលឹកទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ខែធ្នូ ឆ្នាំ២០២៤។ រូប៖ ពីពលរដ្ឋ
ក្រុមអាជ្ញាធរខណ្ឌដូនពេញរារាំងដំណើរក្រុមយុវជន និងឪពុកម្ដាយសកម្មជនសង្គម ដែលកំពុងជាប់ពន្ធនាគារជិត ២០នាក់ ខណៈពួកគាត់ធ្វើដំណើរចេញពីផ្សាររាត្រីក្បែរផ្សារចាស់ ឆ្ពោះទៅខាងមុខព្រះអង្គដងកើ (ដងទង់) ដើម្បីអុជធូបឧទ្ទិសកុសលដល់វីរជនស្នេហាជាតិ ដែលបានពាលីជីវិតក្នុងបុព្វហេតុជាតិ និងស្នើដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកការរារាំងរបស់អាជ្ញាធរនោះថា ជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ។
ក្រុមអាជ្ញាធរខណ្ឌដូនពេញស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប្រមាណ ៥០នាក់ ចុះរារាំងរុញច្រាន និងប្រើពាក្យសំដីជេរប្រមាថទៅលើស្ត្រី ហើយចោទយុវជនទាំងនោះថា ធ្វើសកម្មភាពនយោបាយ ដោយសារតែពួកគាត់លើកបដាទាមទារឱ្យដោះលែងអ្នកទោសមនសិការ។

កងកម្លាំងអាជ្ញាធរខណ្ឌដូនពេញរារាំងដំណើរក្រុមយុវជន និងឪពុកម្ដាយសកម្មជនសង្គម កំពុងជាប់ពន្ធនាគារជិត ២០នាក់ នៅចំណុចផ្សាររាត្រី ក្បែរផ្សារចាស់ មិនឱ្យធ្វើដំណើរឆ្ពោះទៅខាងមុខព្រះអង្គដងកើ (ដងទង់) ខាងមុខវាំង នៅថ្ងៃរំលឹកទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ខែធ្នូ ឆ្នាំ២០២៤។ រូបពីពលរដ្ឋ (ចុចលើរូបថតនេះ ដើម្បីទៅមើលរូបមួយចំនួនទៀត)
យុវជនសកម្មមកពីខេត្តបាត់ដំបង លោក អឿង អូន ដែលបានចូលរួមអុជធូបឧទ្ទិសកុសលជូនវីរជនស្នេហាជាតិ បានថ្លែងឱ្យនៅថ្ងៃទី១០ ខែធ្នូ ថា គោលបំណងនៃដើរពីផ្សាររាត្រីឆ្ពោះទៅខាងមុខព្រះអង្គដងកើទល់មុខព្រះបរមរាជវាំងគឺដើម្បីអុជធូបបន់ស្រន់ និងឧទ្ទិសកុសលដល់អ្នកដែលបានបាត់បង់ជីវិតដោយសារការនិយាយការពិត។ លោកបន្តថា ការរារាំងរបស់អាជ្ញាធរខណ្ឌដូនពេញនេះគឺបង្ហាញពីគំរូអាក្រក់ដល់សង្គម ពីព្រោះយុវជនមិនបានធ្វើអ្វីខុសទាល់តែសោះ។
លោក អឿង អូន៖ «ខ្ញុំមានអារម្មណ៍ថា វាអាក្រក់មើលមែនទែននៅពេលដែលប្រទេសយើងកាន់យករបរសេរីពហុបក្ស ប្រជាធិបតេយ្យសេរី។ពហុបក្សនៅពេលយើងកាន់របរហ្នឹងយើងដឹងហើយថា គេយកប្រជាពលរដ្ឋជាធំក្នុងការសម្រេចក្នុងការដឹកនាំប្រទេស ក្នុងការចូលរួមសកម្មភាពផ្សេងៗអ៊ីចឹងប្រសិនបើគាត់ហាមបិទសិទ្ធិយើងងាយត្រឡប់ទៅក្រោយវិញយើងចាំបានទេសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃគេដូចគ្នាសុទ្ធ»។
អាជ្ញាធរបានឃាត់យុវជននៅខាងមុខផ្សាររាត្រី មិនឱ្យធ្វើដំណើរទៅអុជធូបនៅព្រះអង្គដងកើ ដោយអាជ្ញាធរអះអាងថា ការធ្វើដំណើរនេះគឺ «ខុសច្បាប់»។ ក្រោយពេលចរចាគ្នាជាមួយអាជ្ញាធរជាង ១ម៉ោង ក្រុមយុវជនក៏សម្រេចអុជធូបនៅខាងមុខផ្សាររាត្រី និងជិះកង់បីវិលទៅចូលរួមកម្មវិធីនៅទីលានប្រជាធិបតេយ្យវិញ។
ដោយឡែកសកម្មជនការពារព្រៃឡង់ កញ្ញា ឆេន លក្ខិណា ថ្លែងថា កញ្ញាសោកស្ដាយចំពោះទង្វើរបស់អាជ្ញាធរដែលបានប្រើពាក្យសំដីអសុរោះ និងរុញច្រានមកលើស្ត្រីដោយគ្រាន់តែយុវជនដើរទៅអុជធូបនៅព្រះអង្គដងកើ។
កញ្ញា ឆេន លក្ខិណា៖ «សម្រាប់ពួកយើងថ្ងៃនេះដែលគឺពួកយើងមានតែបដាទេលើកទាមទារនូវសេរីភាពដល់សកម្មជនចលនាមាតាធម្មជាតិក៏ដូចជាសកម្មជនដែលស្នេហាជាតិហើយពួកគាត់អត់មានអាវុធទេហើយសម្រាប់អាជ្ញាធរវិញគឺគាត់មាន គាត់បានធ្វើហិង្សាលើពួកគាត់ជាស្ត្រី និងបុរសដែលមិនឱ្យយើងទៅអុជធូបនៅព្រះអង្គដងកើ»។
ការជួបជុំគ្នារបស់ក្រុមយុវជននៅខាងមុខផ្សាររាត្រីជាប់មាត់ទន្លេនេះ គឺក្នុងគោលបំណងអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ និងធ្វើពិធីអុជធូបបន់ស្រន់តាមបែបសាសនារួចបន្តដំណើរដោយថ្មើរជើងពីទីតាំងព្រះអង្គដងកើមកចូលរួមពិធីជួបជុំជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀត នៅទីលានប្រជាធិបតេយ្យ។ ក្រុមយុវជនបាននាំគ្នាពាក់អាវពណ៌សដែលមានខ្លឹមសារថា «សេរីភាព» ហើយមានយុវជនខ្លះបានកាន់បដាដែលមានពាក្យថា«ដោះលែងអ្នកទោសមនសិការ»ដោយភ្ជាប់ជាមួយនឹងរូបថតរបស់សកម្មជនបរិស្ថាន សកម្មជនសង្គម។ កម្មវិធីព្រឹកនេះក៏មានការចូលរួមពីឪពុកម្ដាយសាច់ញាតិសកម្មជនបរិស្ថាន និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តផងដែរ។
ប្អូនស្រីរបស់សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន ឱ្យដឹងថា ការចាប់បងស្រីកញ្ញាដាក់ពន្ធនាគារទាំងគ្មានកំហុសគឺជារឿងអយុត្តិធម៌ដែលមិនអាចទទួលបានរួចទៅហើយ តែអាជ្ញាធរនៅតែបង្កការឈឺចាប់មកលើគ្រួសារបន្ថែមទៀតតាមរយៈការរារាំងបំបិទសិទ្ធិសេរីភាព។
កញ្ញា ឡុង សុខលីន៖ «ខ្ញុំមានអារម្មណ៍ថា សោកស្ដាយ និងឈឺចាប់ជាខ្លាំងដែលក្នុងនាមអាជ្ញាធរការពារសុវត្ថិភាពឱ្យប្រជាពលរដ្ឋបែរជាមកហាមឃាត់ប្រជាពលរដ្ឋខ្លួនមកអុជធូបទាំងដែលវាជាប្រពៃរបស់ខ្មែរយើងជំនឿតាំងពីដើមមកហើយប៉ុន្តែបែរជាអាជ្ញាធរមកហាមឃាត់មិនឱ្យពួកយើងមកអុជធូបគោរពទៅដល់ព្រះអង្គដងកើនៅមាត់ទន្លេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអធិការនគរបាលខណ្ឌដូនពេញ លោក ទៀង ច័ន្ទសារ ដើម្បីសុំជុំវិញរឿងនេះបានទេនៅថ្ងៃទី១០ ខែធ្នូ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគួរតែបង្កភាពងាយស្រួលដល់ពលរដ្ឋ និងជជែកគ្នាដោយសន្តិវិធីមិនគួរប្រើពាក្យអសុរោះនោះទេ។ លោកបន្តថា ការរារាំងយុវជននេះនឹងធ្វើឱ្យរដ្ឋាភិបាលរងការរិះគន់កាន់តែខ្លាំងពីការរំលោភសិទ្ធិសេរីភាពពលរដ្ឋ។
លោក អំ សំអាត៖ «ថ្ងៃនេះគឺជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦ដែលបងប្អូនប្រជាពលរដ្ឋពួកគាត់ចូលរួមប្រារព្ធក៏ដូចជាស្ថាប័នរដ្ឋផ្សេងៗប្រារព្ធទិវាសិទ្ធិមនុស្ស។ ថ្ងៃនេះក៏គួរតែបើកឱ្យបានទូលាយដែលក្នុងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដើម្បីកុំឱ្យមានការរំខាន ឬក៏ការយាយីណាមួយ។ ប្រសិនជាពួកគាត់អនុវត្តទៅលើគោលការណ៍នៃការគោរព និងរំលឹកទៅសិទ្ធិមនុស្សនេះ»។
ទន្ទឹមគ្នានេះក្រុមអង្គការសង្គមស៊ីវិល និងសហជីពជិត ២០ស្ថាប័នបានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី ៧៦ឆ្នាំ នៅទីលានប្រជាធិបតេយ្យដែលមានអ្នកចូលរួមប្រមាណ ២ពាន់នាក់ ហើយប្រធានបទឆ្នាំនេះគឺ «សិទ្ធិរបស់យើងអនាគតរបស់យើងឥឡូវនេះ លើកកម្ពស់សេរីភាពនៃការបញ្ចេញមតិដើម្បីសមភាព និងយុត្តិធម៌» ប្រធានបទនេះគឺស្របជាមួយនឹងប្រធានបទរបស់អង្គការសហប្រជាជាតិ។
អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិនៃសមាគម ការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ថ្លែងនៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ថា ចាប់តាំងពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្នសិទ្ធិសេរីភាពបញ្ចេញមតិមានការធ្លាក់ចុះដោយសារតែបញ្ហានយោបាយ។ លោកព្រួយបារម្ភចំពោះស្ថានភាពសព្វថ្ងៃជាពិសេសលើការចាប់ចងសកម្មជនបរិស្ថាន និងសង្គម។
លោក យិន ម៉េងលី៖ «យើងឃើញហើយព្រឹត្តិការណ៍ធំៗ ដែលកើតមាននៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ យើងឃើញមានការចាប់ មានការចោទប្រកាន់មានការចាប់ខ្លួនជាបន្តបន្ទាប់ទៅលើសកម្មជនសិទ្ធិមនុស្ស បរិស្ថាន ឬក៏អ្នកបញ្ចេញមតិនេះ។ អ៊ីចឹងធ្វើសិទ្ធិមនុស្សកាន់តែធ្លាក់ចុះថែមទៀតបញ្ហានៅដដែលបញ្ហាថ្មីនៅតែកើតឡើងជាបន្តបន្ទាប់»។
ក្រៅពីមន្ត្រីអង្គការសង្គមស៊ីវិល សហជីព និងពលរដ្ឋឡើងថ្លែងពីក្ដីកង្វល់របស់ខ្លួនជុំវិញការរឹតត្បិតសិទ្ធិសេរីភាព និងការរំលោភសិទ្ធិមនុស្ស ក៏មានតំណាងស្ថានទូតអាមេរិក ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និងឯកអគ្គរាជទូតបារាំងជាដើមឡើងថ្លែងអំពីសិទ្ធិសេរីភាពបញ្ចេញមតិ និងការផ្ដល់អនុសាសន៍ពីភាគីពាក់ព័ន្ធទៅកាន់រដ្ឋាភិបាល។
ឯកអគ្គរាជទូតអង់គ្លេស (British) ប្រចាំនៅកម្ពុជា លោក ដូមីនិច វីល្លៀម (Dominic Williams) រំលឹកដល់រដ្ឋាភិបាលកម្ពុជាថា ការគោរពសិទ្ធិមនុស្សគឺជាកត្តាសំខាន់ក្នុងការជួយជំរុញឱ្យមានអភិបាលកិច្ច និងការអភិវឌ្ឍន៍កាន់តែល្អប្រសើរ ជាពិសេសការនាំចេញទំនិញយកទៅលក់នៅលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោក ដូមីនិច វីល្លៀម៖«យើងជឿជាក់ការគោរពសិទ្ធិមនុស្សជួយ ការអភិវឌ្ឍន៍ និងអភិបាលកិច្ចរបស់គ្រប់ប្រទេស។ យើងសម្រេចបានល្អដោយសារយើងគោរពសិទ្ធិដូចជាប្រជាពលរដ្ឋ។ ក្រៅពីនេះការគោរពសិទ្ធិមនុស្សជួយដល់ការនាំចេញសេដ្ឋកិច្ចនៅអឺរ៉ុប អាមេរិកខាងជើងពីព្រោះពួកគេចង់ដឹងថា ពួកគេគាំទ្រក្រុមហ៊ុន និងផលិតផលដែលស្របតាមស្តង់ដារអន្តរជាតិ»។
ទិវាសិទ្ធិមនុស្សអន្តរជាតិនេះដែរ អង្គការចលនាមាតាធម្មជាតិ ក៏បានចេញញត្តិអំពាវនាវឱ្យពលរដ្ឋនៅក្នុង និងក្រៅប្រទេសរួបរួមសាមគ្គីគ្នា ពីព្រោះរដ្ឋាភិបាលបច្ចុប្បន្ននេះកំពុងប្រែក្លាយប្រទេសឱ្យទៅជារបបផ្ដាច់ការ មានការគាបសង្កត់ ការប្រើអំពើហិង្សាលើពលរដ្ឋ និងចាប់ចងអ្នកការពារសិទ្ធិមនុស្សដាក់ពន្ធនាគារជាបន្តបន្ទាប់។
ក្រុមយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពបញ្ចេញមតិ បើកឱ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញដើម្បីលុបបំបាត់អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ហើយឆ្ពោះទៅរកការផ្សះផ្សាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។