ព្រឹត្តិការណ៍​សាទរ​កម្ពុជា​កំពុង​រង​ការ​រិះគន់​ថា ជា​ព្រឹត្តិការណ៍​បង្វែរ​ការ​ចាប់​អារម្មណ៍​សាធារណជន​ពី​គំនរ​បញ្ហា​សង្គម

ដោយ ទីន ហ្សាការីយ៉ា
2025.01.01
RFA

ព្រឹត្តិការណ៍​សាទរ​កម្ពុជា​កំពុង​រង​ការ​រិះគន់​ថា ជា​ព្រឹត្តិការណ៍​បង្វែរ​ការ​ចាប់​អារម្មណ៍​សាធារណជន​ពី​គំនរ​បញ្ហា​សង្គម

ព្រឹត្តិការណ៍ «​សាទរ​កម្ពុជា​» ដែល​រៀបចំ​នៅ​ខាងមុខ​ព្រះបរមរាជវាំង នៅយប់​ថ្ងៃ​ឆ្លងឆ្នាំ ៣១ ធ្នូ ២០២៤។ រូប៖ ហ្វេសប៊ុកសសយក


សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឬ​ហៅ​កាត់​ថា ស.ស.យ.ក ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ដែល​ត្រូវជា​កូនប្រុស លោក ហ៊ុន សែន បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍​យ៉ាង​អធិកអធម​មួយ នៅ​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ២០២៥ ដែល​គេ​ហៅ​ព្រឹត្តិការណ៍​នេះ​ថា «សាទរ​កម្ពុជា» ។ ព្រឹត្តិការណ៍​នេះ កំពុង​រង​ការរិះគន់​ពី​មហាជន​ខ្លះ​ថា ជា​ព្រឹត្តិការណ៍​មួយ​ធ្វើឡើង​បន្លំ​ភ្នែក​ពលរដ្ឋ​អំពី​តថភាព​ពិត​និង​បង្វែរ​ការចាប់អារម្មណ៍​ពី​បញ្ហា​នានា​កំពុង​ញាំញី​ក្នុង​សង្គម​កម្ពុជា។

ព្រឹត្តិការណ៍ «​សាទរ​កម្ពុជា​» ដែល​រៀបចំ​នៅ​ខាងមុខ​ព្រះបរមរាជវាំង មានការ​តែង​លម្អ​ដោយ​ការ​រចនា និង​ច្នៃប្រឌិត លាយឡំ​គ្នា​រវាង​រចនាបថ​បែប​បុរាណ និង​សហ​សម័យ ដោយ​មាន​ការ​ហាត់​សម​ដើរ​ក្បួន ដោយមាន​អ្នកចូលរួម​ប្រមាណ​៣​ពាន់​នាក់​បង្ហាញ​ពី​សិល្បៈ និង​វប្បធម៌​ខ្មែរ​ដូចជា ការសម្ដែង​របាំ ទីងមោង ល្ខោនបាសាក់ ល្ខោន​ស្រមោល​ស្បែក​ធំ និង​គោម​យក្ស​មាន​រូប​សត្វ​ចម្រុះ​ជាដើម។ ព្រឹត្តិការណ៍​នេះ ក៏​មាន​ស្តង់​លក់​ម្ហូបអាហារ​មកពី​បណ្ដា​រាជធានី​-​ខេត្ត ការ​ប្រគំ​តន្ត្រី និង​ការ​រាប់​ថយក្រោយ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ជាដើម។

សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល នៃ​ស​.​ស​.​យ​.​ក លោក សុខ សប្បាយណា ថ្លែង​ថា ព្រឹត្តិការណ៍​សាទរ​កម្ពុជា ជា​ព្រឹត្តិការណ៍​អបអរសាទរ​ដល់​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​សង្គម និង​ផ្ដល់​មោទនភាព​ចំពោះ​អ្វី ដែល​កម្ពុជា​សម្រេច​បាន ។ លោក​ថ្លែង​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ។

ពលរដ្ឋ និង​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម​មួយចំនួន​បាន​ថតរូប​ភាព និង​វីដេអូ បង្ហោះ​តាម​បណ្ដាញ​សង្គម​នានា ដើម្បី​បង្ហាញ​ភាព​រីករាយ និង​ទស្សនីយភាព​ជុំវិញ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ។ ពលរដ្ឋ​ខ្លះទៀត បាន​សរសើរ​អំពី​គំនិត​ច្នៃប្រឌិត​របស់​យុវជន ក្នុង​ការ​លើក​យក​វប្បធម៌​ខ្មែរ​មក​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នេះ។

ប៉ុន្តែ​ពលរដ្ឋ​សកម្ម​មួយ​ចំនួន​ទៀត​លើកឡើង​ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ ហាក់​ពុំបាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​នៅក្នុង​សង្គម​ឡើយ​។ សកម្មជន​បរិស្ថាន​អ្នកនាង លឹម គឹមស័រ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ព្រឹត្តិការណ៍​សាទរ​កម្ពុជា ជា​ព្រឹត្តិការណ៍​មួយ​ដែល​រដ្ឋាភិបាល​ទំនងជា​ចង់​បង្វែរ​ការចាប់អារម្មណ៍​របស់​ពលរដ្ឋ​ពី​បញ្ហា​សង្គមជាតិ​ទាំងឡាយ​ដែល​រដ្ឋាភិបាល​មិនអាច​ដោះស្រាយ និង​គ្រប់គ្រង​បាន។

ពលរដ្ឋ និង​អ្នកឃ្លាំមើល​ទទូច​ដល់​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» ឲ្យ​ស្ដារ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ពី​បញ្ហា​គ្រឿងញៀន អំពើ​ឆបោក​តាម​អនឡាញ បញ្ហា​ជួញដូរ ការ​រំលោក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី បង្កើន​ទំនុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ប្រទេស​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles