អគ្គិភ័យឆាបឆេះរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំសកល ២០២៥

កម្ពុជា
01/01/2025 – 10:42
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​រូប​ព្រះឆាយ​លក្ខណ៍​របស់​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនីដែល​តាំង​នៅ​មុខ​ព្រះ​បរម​រាជ​វាំង ​ខណៈ​មាន​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ «សាទរកម្ពុជា» ​អបអរ​សារ​ទរ​ឆ្លង​ឆ្នាំថ្មី​ ឆ្នាំសកល​ ២០២៥ ដោយមាន​ការ​បាញ់​កាំជ្រួច​នៅពាក់​កណ្តាល​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ ២០២៤​។

អគ្គិភ័យឆាបឆេះរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំសកល ២០២៥


គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានបញ្ចប់នៅវេលាម៉ោង ១២:០០ នាទីរំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រ និងអបអរពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ តែក្នុងពេលជាមួយគ្នា គណៈកម្មការដដែលបានសម្តែងការសោកស្តាយដែលនៅចុងបញ្ចប់នៃកម្មវិធី ក៏ស្រាប់តែមានកើតឧបទ្ទវហេតុអគ្គិភ័យមួយជាយថាហេតុ តែត្រូវបានគ្រប់គ្រងភ្លាមៗដោយអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅទីតាំង និងបញ្ជាក់ថា ពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ។

ទោះគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» មិនបានបញ្ជាក់ថាជាអគ្គិភ័យឆាបឆេះអ្វីក៏ដោយក៏រូបភាពចែកចាយតាមបណ្តាញសង្គមបានបង្ហាញពីការឆេះរូបព្រះឆាយលក្ខណ៍របស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនីដែលតាំងនៅមុខព្រះបរមរាជវាំង។ តាមគណៈកម្មការដដែល ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវរកមូលហេតុនៃការកើតមានអគ្គិភ័យមួយនេះ។ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញសុំមិនធ្វើអត្ថាធិប្បាយដោយត្រឹមបញ្ជាក់ថា លោករវល់ពេញមួយយប់មិនទាន់បានសម្រាន្តនៅឡើយទេ។

ទិដ្ឋភាពនៃព្រឹត្តិការណ៍«សាទរកម្ពុជា»២០២៤ឆ្លងចូល២០២៥
ទិដ្ឋភាពនៃព្រឹត្តិការណ៍«សាទរកម្ពុជា»២០២៤ឆ្លងចូល២០២៥ © សាទរកម្ពុជា Celebrating Cambodia

ចំណែក លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្អូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដែលជាអ្នករៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ។ តែលោកក៏បានសម្តែងការសោកស្តាយដែលនៅចុងបញ្ចប់នៃកម្មវិធីមានកើតឡើងនូវឧបទ្ទវហេតុអគ្គិភ័យជាយថាហេតុនេះ។

លោក ហ៊ុន ម៉ាណែតក៏បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកដោយអរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា“ ដោយរលូន និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងពេលសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥៕

What Next?

Recent Articles