កម្ពុជា
កម្ពុជា-នយោបាយ
03/01/2025 – 10:59
ដោយ៖ ជួប នរក្សា
RFI
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលចំពោះការទទួលបានកាដូឆ្នាំថ្មី ២០២៥ ដោយការកោះហៅឲ្យលោកចូលសវនាការ។ ប្រតិកម្មនេះកើតឡើង បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាក្នុងថ្ងៃ៣១ ធ្នូ ឆ្នាំ២០២៤ កោះហៅលោក រ៉ុង ឈុន ឲ្យចូលបំភ្លឺក្នុងបទល្មើសមិនរាងចាលនៅថ្ងៃទី១៧ មករាខាងមុខ។
លោក រ៉ុង ឈុន ភ្ញាក់ផ្អើលដែលទទួលកាដូឆ្នាំថ្មីដោយការកោះហៅចូលសវនាការ
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រ ទី០៣ មករានេះ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលដែលលោកទទួលបានកាដូឆ្នាំថ្មីដែលជាដីកាកោះហៅឲ្យចូលសវនាការ។ សម្រាប់លោក រ៉ុង ឈុន នេះជារឿងចម្លែកដែលតុលាការចោទប្រកាន់លោកពីបទមិនរាងចាល និងថា លោកមិនបានធ្វើអ្វីផ្ទុយពីបម្រាមរបស់តុលាការទាល់តែសោះ។ លោក រ៉ុង ឈុន ថាសកម្មភាពរបស់លោកកន្លងមកជាការឈឺឆ្អាលនឹងសុខទុក្ខប្រជាពលរដ្ឋ ចុះជួបប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាដល់អ្នករងអយុត្តិធម៌ក្នុងសង្គមតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញក្នុងថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២៤ បានបង្គាប់ឲ្យលោក រ៉ុង ឈុន ចូលខ្លួនបំភ្លឺក្នុងសវនាការជាកំហិតនៅថ្ងៃទី១៧ មករាខាងមុខក្នុងបទមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីលោកត្រូវបានផ្តន្ទាទោសក្នុងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គមកាលពីឆ្នាំ ២០២៤។ តែទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះដដែលបានបញ្ជាក់ថា លោកនឹងចូលខ្លួនក្នុងសវនាការតាមដីកាកោះហៅនៅថ្ងៃទី១៧ មករាខាងមុខដោយមិនរុញរាឡើយ និងបន្ថែមថា លោកមិនបារម្ភពីការចាប់ឃុំឃាំងជាថ្មីឡើយ ព្រោះអ្វីដែលលោកបានធ្វើ គឺបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ។
លោក រ៉ុង ឈុន ថា បើលោកត្រូវឃុំឃាំងជាថ្មី និងបើការឃុំឃាំងនោះអាចធ្វើឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិមានភាពរីកចម្រើនក៏លោកសុខចិត្តដែរ។ សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវបានតុលាការឃុំខ្លួនពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពីលោកបាននិយាយរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានសម្រេចដោះលែង បន្ទាប់ពីលោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល ១៥ខែ និង១១ថ្ងៃនៃរយៈពេលឃុំខ្លួនសរុបចំនួន ២៤ខែ។ ចំណែកទោសដែលនៅសល់ត្រូវបានព្យួរ។

ក្រោយមក លោក រ៉ុង ឈុន ក៏បានធ្វើសកម្មភាពនយោបាយជាហូរហែ ពិសេសធ្វើការជាមួយគណបក្សកម្លាំងជាតិក្នុងនាមជាទីប្រឹក្សា។ ក្រោយមកទៀត ពោលនៅថ្ងៃទី ២០ កញ្ញា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចឲ្យលោក រ៉ុង ឈុន នៅក្រៅឃុំ និងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដីកានេះបានបង្គាប់បញ្ជាមិនឲ្យលោក រ៉ុង ឈុន ចាកចេញពីប្រទេសកម្ពុជា និងមិនត្រូវផ្លាស់ប្តូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ៕