រូបត្លុកនយោបាយ​៖ នរណា​ជា​អ្នក​សម​គំនិត​សម្លាប់​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា?

ដោយ វិទ្យុអាស៊ីសេរី
2025.01.12
វិទ្យុអាស៊ីសេរី

រូបត្លុកនយោបាយ​៖ នរណា​ជា​អ្នក​សម​គំនិត​សម្លាប់​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា?

រូបត្លុកនយោបាយ​៖ នរណា​ជា​អ្នក​សម​គំនិត​សម្លាប់​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា? រូប៖ RFA


ករណី​ឃាតកម្ម​ដ៏​កក្រើក​លើ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា នៅ​កណ្តាល​ក្រុង​បាងកក (Bangkok) ប្រទេស​ថៃ កើត​​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅ​ថ្ងៃ​០៧ ខែ​មករា បាន​ព្រមាន​សារ​ជា​ថ្មី​តាម​កម្ចាត់​ក្រុម​អ្នក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​កូន​ប្រុស​របស់​លោក តាមរយៈ​ការ​ជំរុញ​ឱ្យ​បង្កើត​ច្បាប់​ដាក់​ពួកគេ​ជា ​«ក្រុម​ភេរវកម្ម»

ក្រោយ​ឃាតកម្ម​នេះ​ភ្លាម អាជ្ញាធរ​ថៃ​បាន​តាម​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​ជា​ខ្មាន់​កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) យ៉ាង​ប្រកៀកប្រកិត​រហូត​ចូល​ក្នុង​ទឹកដី​ខ្មែរ។ ដោយ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា ជន​ដៃដល់​ដែល​ជា​ជនជាតិ​ថៃ​រូប​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃទី០៨ មករា ហើយ​អាជ្ញាធរ​កម្ពុជា​បាន​ប្រគល់​ជនសង្ស័យ​រូប​នេះ ​ឱ្យ​ទៅ​សមត្ថកិច្ច​ថៃ​នៅ​ថ្ងៃ​ទី​១១ មករា។

អេកាឡាក់ ផែណយ ដែល​ជា​អតីត​ទាហាន​ជើងទឹក​ថៃ បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​បាញ់​សម្លាប់​លោក លិម គិមយ៉ា មែន តែ​បដិសេធ​មិន​ព្រម​លាត​ត្រដាង​ឈ្មោះ​មេខ្លោង​ពិត​ប្រាកដ​ ដែល​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​មាន​ករណី​ឃាតកម្ម​នេះ​ឡើយ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​របស់​គ្រួសារ​​ខ្លួន។

ទោះ​យ៉ាង​ណា តុលាការ​ថៃ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ជា​អ្នក​សម​គំនិត​ម្នាក់​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែល​តុលាការ​ថៃ​សង្ស័យ​ថា​ ជា​អ្នក​ប្រាប់​គោលដៅ និង​អត្តសញ្ញាណ​ជាក់លាក់​របស់​លោក លិម គិមយ៉ា ឱ្យ​ជនល្មើស​បាន​ស្គាល់ និង​ងាយស្រួល​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​កើត​ហេតុ។ ជន​សង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន នេះ ត្រូវ​គេ​ជឿ​ថា​ ជា​ប្អូន​បង្កើត​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់។ លោក ពេជ្រ ស្រស់ គឺ​ជា​បុគ្គល​ម្នាក់​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ឱ្យ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ២០១៧។ ជន​សង្ស័យ ពេជ្រ គឹមស្រ៊ិន បាន​គេច​ខ្លួន​តាម​យន្តហោះ​មក​កម្ពុជា​ភ្លាមៗ​ក្រោយ​ពេល​កើត​ហេតុ។ ជន​សង្ស័យ​រូប​នេះ ត្រូវ​គេ​ស្គាល់​ថា​ជា​អនុ​ប្រធាន​គណៈកម្មការ​ផ្សារ​កណ្ដាល និង​ជា​កូនចៅ​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង។

ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​ ដែល​ជា​អ្នក​ផ្ញើ​លុយ​ឱ្យ​ខ្មាន់​កាំភ្លើង ឈ្មោះ ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ដែល​ប្រភព​មួយ​ចំនួន​បាន​អះអាង​ថា ជា​ឈ្មោះ​ភាសា​ថៃ​របស់​លោក លី រតនរស្មី អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ក្រោយ​មក​បាន​ផ្តាច់​ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ដោយ​ចំហ ហើយ​ដែល​ត្រូវ​បាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា​លោក​ផ្ទាល់​នោះ តុលាការ​ថៃ​នៅ​មិន​ទាន់​ចេញ​ដីកា​ចាប់ខ្លួន​នៅឡើយ​ទេ។

ផ្ទុយ​ពី​អាជ្ញាធរ​ថៃ​ដែល​ព្យាយាម​ស៊ើបអង្កេត​រក​ការពិត​ក្នុង​ករណី​ឃាតកម្ម​នេះ រដ្ឋាភិបាល ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា​របស់​កម្ពុជា​ឯណេះ​វិញ នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​បាន​ថ្កោលទោស ឬ​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​អាជ្ញាធរ​ថៃ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស និង​អ្នក​សមគំនិត​ក្នុង​ករណី​ឃាតកម្ម​មក​លើ​ជនជាតិ​ខ្មែរ​នេះ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឡើយ ទោះជា​មាន​តម្រុយ​ជាច្រើន​ក៏ដោយ។ ក្រៅ​តែ​ពី​បាន​ប្រគល់​ជន​ជាប់​ចោទ​ឈ្មោះ អេកាឡាក់ ផែណយ ឱ្យ​ទៅ​អាជ្ញាធរ​ថៃ​ហើយ រដ្ឋាភិបាល​កម្ពុជា​បាន​​បដិសេធ​ថា​ករណី​ឃាតកម្ម​នេះ​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​កម្ពុជា​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles