លោក រ៉ុង ឈុន ថា លោក​មិន​គេចវេះ​ក្នុង​ចូល​បំភ្លឺ​តុលាការ​ទេ

ដោយ ជុន ច័ន្ទបុត្រ
2025.01.18
RFA

លោក រ៉ុង ឈុន ថា លោក​មិន​គេចវេះ​ក្នុង​ចូល​បំភ្លឺ​តុលាការ​ទេ

លោក រ៉ុង ឈុន ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ។ រូបពីពលរដ្ឋ


ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន លើក​ឡើង​ថា លោក​មិន​បាន​គេចវេះ​ក្នុង​ការ​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ពី«បទ​ចោទ​មិន​រាងចាល» នៅ​ថ្ងៃ​ទី១៧ ខែ​មករា នេះ​ទេ ប៉ុន្តែ ដោយសារ​មេធាវី​របស់​លោក​មាន​បញ្ហា​សុខភាព​មិន​អាច​ចូលរួម​សវនាការ​ការពារ​ក្ដី​ឱ្យ​លោក​បាន។

ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៧ ខែមករា ដោយ​បញ្ជាក់​ជំហរ ថា​លោក​មិន​រុញរា​ក្នុង​ចូល​បំភ្លឺ​នៅ​ក្នុង​សវនាការ​ឡើយ ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្តិ​ទោស​កំហុស​ណា​មួយ​នោះ​ទេ។ លោក​បន្ត​ថា ប្រសិនបើ​ថ្ងៃ​នេះ​លោក ចូលរួម​សវនាការ​ក៏​តុលាការ​មិន​អាច​ដំណើរ​ការ​រឿង​ក្ដី​បាន​ដែរ ពីព្រោះ​លោក​ពុំ​មាន​មេធាវី​ចូលរួម​ការពារ​ក្ដី​ឱ្យ​លោក។

លោក រ៉ុង ឈុន៖ «ធ្វើ​ម៉េច​បើ​មេធាវី​លោក​មាន​បញ្ហា​សុខភាព អ៊ីចឹង​នៅ​ចាំ​មើល​ចៅក្រម  ឬ​តំណាង​អយ្យការ​ចេញ​ដីកា​កោះហៅ បើក​សវនាការ​បន្ត​ទៀត​នៅ​ពេល​ណា​នៅ​ខែ​កុម្ភៈ ឬ​ខែ​ណា​នៅ​ពេល​កោះ​ហៅ​យើង​ចូលរួម​បំភ្លឺ​ទៅ​ពីព្រោះ​យើង​អត់​មាន​ទោស​កំហុស​អ្វី​ផង ពីព្រោះ​គ្រាន់តែ​ថា​ធ្វើ​អ្នក​នយោបាយ​បើ​ជួប​ប្រជាពលរដ្ឋ​មិន​បាន​ធ្វើ​អ្នក​នយោបាយ»។

ដើម​ឡើយ លោក រ៉ុន ឈុន ត្រូវ​ចូល​សវនាការ​លើ​សំណុំ​រឿង​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទ​មជ្ឈិម​លើ​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម នៅ​ថ្ងៃ​ទី១៧ ខែមករា​នេះ ប៉ុន្តែ ដោយសារ​មេធាវី​របស់​លោក​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​សវនាការ ដោយសារ​បញ្ហា​សុខភាព ទើប​លោក រ៉ុង ឈុន មិន​បាន​ចូលរួម។ នៅ​ថ្ងៃ​ដដែល​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​មិន​បាន​ចេញ​លិខិត​ឆ្លើយតប​ជុំវិញ​ការ​ស្នើសុំ​ពន្យារ​ពេល​របស់​មេធាវី​លោក រ៉ុង ឈុន គឺ​លោក ជូង ជូងី ដែរ។

លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​លើកទី២ កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ ក្រោយ​ពេល​លោក​ចុះ​ឃ្លាំ​មើល​នៅ​ខេត្ត​ត្បូងឃ្មុំ និង​បាន​អះអាង​ថា ដី​របស់​ពលរដ្ឋ​មួយ​ចំនួន​នៅ​ជាប់​តាម​បន្ទាត់​ព្រំដែន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ហាម​មិន​ឱ្យ​ធ្វើ​ស្រែ​ចម្ការ ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ ក្រោយ​មក​ដោយសារ​ភាព​សកម្ម​និយម​របស់​រួម​ផ្សំ​នឹង​លោក រ៉ុង ឈុន ហក់​ចូល​ក្នុង​ឆាក​នយោបាយ​ផង​នោះ តុលាការ​ចេញ​បទ​ចោទ​មួយ​ថ្មី​ទៀត​ទាំង​គ្មាន​ភស្តុតាង​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ ពោល​គឺ ក្នុង​ទិសដៅ​បំបិទ​សិទ្ធិ​សេរីភាព​លោក រ៉ុង ឈុន។ លោក រ៉ុង ឈុន ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ប្រសិនបើ​តុលាការ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​លោក​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment