កម្មករ​រោងចក្រ គ្លូរី នីតវែរ នៅ​ខេត្ត​កណ្ដាល តវ៉ា​បិទ​ផ្លូវ​ជាតិ៤ ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​បំណាច់​ឆ្នាំ

ដោយ សេក បណ្ឌិត
2025.01.19
RFA

កម្មករ​រោងចក្រ គ្លូរី នីតវែរ នៅ​ខេត្ត​កណ្ដាល តវ៉ា​បិទ​ផ្លូវ​ជាតិ៤ ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​បំណាច់​ឆ្នាំ

ទិដ្ឋភាព​កម្មករ​រោងចក្រ គ្លូរី នីតវែរ (Glory Knitwear) នៅ​ខេត្ត​កណ្ដាល ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤ កាលពី​ថ្ងៃទី ១៨ ខែ​មករា ឆ្នាំ​២០២៥។ រូប៖​ បណ្ដាញសង្គម


កម្មករ​រោងចក្រ គ្លូរី នីតវែរ (Glory Knitwear) នៅ​ខេត្ត​កណ្ដាល ចំនួន​រាប់​រយ​នាក់ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​មករា ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ទូទាត់​ប្រាក់​បំណាច់​ឆ្នាំ​សម្រាប់​ឆ្នាំ២០២៤។

កម្មករ​រោងចក្រ គ្លូរី នីតវែរ (Glory Knitwear) ស្ថិត​នៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ចំនួន​រាប់​រយ​នាក់​បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ៤ នៅ​ខាងមុខ​រោងចក្រ​មួយ​នេះ ដើម្បី​ឲ្យ​ថៅកែ​ទូទាត់​ប្រាក់​បំណាច់​ឆ្នាំ។

កម្មករ​មួយ​ចំនួន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ពេល​បិទ​ផ្លូវ​ថា គោលបំណង​នៅ​ពេល​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​បើកប្រាក់​បំណាច់​ឆ្នាំ​សម្រាប់​ឆ្នាំ២០២៤។

«ចង់​ឲ្យ​ក្រសួង​ការងារ​ដឹងឮ​ទាំង​អស់​គ្នា ព្រោះ​អី​ពួក​ខ្ញុំ​ធ្វើការ​យប់ៗ​ជ្រៅ​ថែម​ដល់​ម៉ោង៨ ឬ​ម៉ោង​១០ ពេល​ខ្លះ ពេល​ក្រសួង​ការងារ​ចុះ​មក​ពិនិត្យ​អី គេ​ឲ្យ​កូនចៅ​កុហក​គេ ក៏​មាន​ដែរ ។ ពេល​អីចឹង​ខ្ញុំ​ស្នើសុំ​ចូល​ដោះស្រាយ​រោងចក្រ​នេះ ឥឡូវ​នេះ រោងចក្រ​មាន​គម្រោង​ការ​ចង់​បិទ ហើយ​គាត់​ថា អីចេះ​ថា អ្នកធ្វើការ​យូរ​ឆ្នាំ ក៏គេ​អត់​បើក​លុយ​ធ្វើការ​យូរ​ឆ្នាំ​ឲ្យ​ដែរ ខណៈ​រោងចក្រ​ដទៃ​ទៀត​គេ​បើក​លុយ​ឲ្យ ឲ្យ​តែ​រោងចក្រ​នោះ​ឈប់ ឬ​រោងចក្រ​គេ​បិទ តែ​រោងចក្រ​នេះ គេ​បិទ​ហើយ ។ អ្នក​ខ្លះ​ធ្វើការ​យូរ​ឆ្នាំ​ហើយ គាត់​ថា រោងចក្រ​នេះ គេ​អត់​បង់​ឲ្យ​ទេ ចង់​ឲ្យ​គាត់​ដោះស្រាយ​ថា ពេល​បិទ​រោងចក្រ​ហ្នឹង​លុយ​អ្នក​ធ្វើការ​យូរៗ​ឆ្នាំ ឲ្យ​ពួកគាត់​អីចឹង»

ការ​តវ៉ា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រោងចក្រ គ្លូរី នីតវែរ ពុំ​បាន​គោរព​តាម​ពាក្យ​សន្យា​ជាមួយ​កម្មករ ថា​នឹង​បើក​ប្រាក់​បំណាច់​ឆ្នាំ សម្រាប់​ឆ្នាំ​២០២៤ នៅ​ព្រឹក​ថ្ងៃទី១៨ មករា។

ភ្លាមៗ​បន្ទាប់​ពី​កម្មករ​បិទ​ផ្លូវ អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​មក​សម្របសម្រួល និង​បើក​ផ្លូវ​ធ្វើដំណើរ​ឡើង​វិញ។

ចំណែក​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ធុល នាង បាន​ដឹកនាំ​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ​រួម ដោះស្រាយ​ករណី​កម្មករ​រោងចក្រ​គ្លូរី នីតវែរ ដែល​បាន​បិទ​ផ្លូវ​ជាតិ​លេខ៤ និង​បាន​បញ្ចប់​វិវាទ​នេះ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។ នេះ បើ​តាម​ការ បង្ហោះ​សារ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ធុល នាង នៅ​រសៀល​ថ្ងៃទី១៨ ខែ​មករា។

ទាក់ទង​នឹង​បញ្ហា​នេះ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) លោក អាត់ ធន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តាម​ច្បាប់​ស្ដីពី​ការងារ កម្មករ​មាន​សិទ្ធិ​ឈប់​សម្រាក​ចំនួន​១៨​ថ្ងៃ ហើយ​កម្មករ ដែល​អតីត​ភាព ឬ​ធ្វើការ​នៅ​កន្លែង​ណាមួយ​លើស​ពី​៣ឆ្នាំ គឺ​អាច​ឈប់​សម្រាក​បន្ថែម​ចំនួន​១​ថ្ងៃ​ទៀត។

លោក អាត់ ធន់៖ «និយោជក​គាត់​អាច​នឹង​ចាត់ចែង​ខ្លះ​ដែរ​យ៉ាង​ហោច​ណាស់​ពាក់កណ្ដាល ប៉ុន្តែ​យ៉ាង​ហោច​ណាស់​គេ​ឲ្យ​យើង​ឈប់​យ៉ាង​តិច​ចំនួន​១២ ក្នុង​ចំណោម​១៨​ថ្ងៃ ហើយ​សល់​ប៉ុន្មាន​ទៀត គឺ​គេ​ឲ្យ​កម្មករ​របស់​យើង​ឈប់​បន្ត​ទៀត បើ​យើង​ឈប់​មិន​អស់​ឆ្នាំ​ហ្នឹង ។ ប៉ុន្តែ​នៅពេល ដែល​កម្មករ​ត្រូវ​បាន​ដាច់​កិច្ចសន្យា ឬ​បញ្ឈប់ ឬ​ត្រូវ​ជួប​បញ្ហា​ផ្សេងៗ គាត់​ត្រូវ​តែ​បាន​លុយ​វិញ ជំនួស​ឲ្យ​ថ្ងៃ ដែល​មិន​បាន​ឈប់​ហ្នឹង។ ជាទូទៅ​នៅ​តាម​រោងចក្រ​សហគ្រាស​បច្ចុប្បន្ន​នេះ កាល​ណា​គាត់​ឈប់​នៅ​សេសសល់ គឺ​គេ​គិត​ទូទាត់​ជា​លុយ​តែ​ម្ដង ហើយ​កម្មករ​សុខចិត្ត​ទទួល​យក អីចឹង​ហើយ​បាន​ជា​យើង​ឃើញ​មាន ការ​ស្នើ​ឲ្យ​បង់​អតីតភាព​ការងារ ឬ​បង់​បំណាច់​ឆ្នាំ ដែល​យោង​ទៅ​លើ​កិច្ចសន្យា​ហ្នឹង​ឯង»

កម្មករ​មួយ​ចំនួន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រោងចក្រ​ចាក់​សំលៀក​បំពាក់ គ្លូរី នីតវែរ មាន​កម្មករ​កំពុង​បម្រើ​ការងារ​ប្រមាណ ៦​រយ​នាក់។

ទាក់ទិន​នឹង​កម្មករ​បិទ​ផ្លូវ​មុខ​រោងចក្រ​បិទ​ផ្លូវ​ទាមទារ​ប្រាក់ និង​អត្ថប្រយោជន៍​នេះ កម្មករ​រោងចក្រ​ចំនួន​២​នៅ​ខេត្ត​កំពង់ស្ពឺ ប្រមាណ​៤រយ​នាក់ កាល​ពី​រសៀល​ថ្ងៃទី៦ មករា​កន្លង​ទៅ បាន​ប្រមូល​ផ្ដុំ​គ្នា បិទ​ផ្លូវជាតិ​លេខ៣ នៅ​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ៥២ និង៥៣ ត្រង់​ចំណុច​មុខ​រោងចក្រ លីវតាន ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ទាមទារ​តំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ចំនួន​២៦ដុល្លារ ។ បន្ទាប់​ពី​នេះ រោងចក្រ​បាន​ឯកភាព​តាម​សំណើ​របស់​កម្មករ ហើយ​កម្មករ ក៏​បាន​បើក​ឲ្យ​ចរាចរណ៍​ដំណើរការ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment