គ្រួសារ​លោក ស៊ន តារា សោកស្ដាយ ចំពោះ​សាលា​ឧទ្ធរណ៍ ដែល​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ឪពុក

ដោយ ខាន់ លក្ខិណា
2025.01.18
RFA

គ្រួសារ​លោក ស៊ន តារា សោកស្ដាយ ចំពោះ​សាលា​ឧទ្ធរណ៍ ដែល​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ឪពុក

 Photo: RFA


កូន​ប្រុស​របស់​លោក សុខ ស៊ុនណារ៉េត សោកស្ដាយ ដែល​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បដិសេធ​ការ​សុំ​នៅ​ឃុំ​ក្រៅ​របស់​ឪពុក​លោក។ ការ​លើក​ឡើង នេះ បន្ទាប់​ពី​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី១៦ ខែមករា បាន​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សុខ ស៊ុនណារ៉េត។

កូន​ប្រុស​របស់​លោក សុខ ស៊ុនណារ៉េត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ ខែមករា ថា គ្រួសារ​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត។ លោក​ថា ឪពុក​របស់​លោក ឈឺជង្គង់ និង​ក្អក​មិន​បាត់​រយៈ​ពេល ១ខែ​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី១៦ ខែមករា សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក យូ ប៊ុនណា បាន​បើក​សវនាការ​អសាធារណៈ​លើ​សំណុំរឿង​លោក សុខ ស៊ុនណារ៉េត ចំពោះ​ការ​សម្រេច​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​របស់​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ លើ​បទ​ចោទ «រក្សាទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» ដែល​ថា បាន​ប្រព្រឹត្ត កាល​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រោយ​ពី​សវនាការ​សួរ​ដេញដោល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ លោក យូ ប៊ុនណា បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សុខ ស៊ុនណា រ៉េត តាម​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ កាល​ពី​ខែធ្នូ ឆ្នាំ២០២៤ ដែរ។ ការ​សម្រេច​នេះ ក្រោម​ហេតុផល​ថា បង្ការ​បទ​ល្មើស​កុំ​ឱ្យ​កើត​ជា​ថ្មី រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​តាម​នីតិវិធី និង​ដើម្បី​រារាំង​កុំ​ឱ្យ​មាន​ការ​គាប​សង្កត់​លើ​សាក្សី ជាដើម។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក ឃុន លាងម៉េង បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែមករា។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា សំណុំរឿង​នេះ មាន​ចរិត​នយោបាយ ដោយ​លោក​កត់​សម្គាល់​តាម​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ ដែល​បាន​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ជា​បន្ត​បន្ទាប់។

លោក​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ ខែមករា​ថា លោក​សោកស្ដាយ ចំពោះ​ការ​សម្រេច​របស់​តុលាការ ដែល​នៅ​តែ​បន្ត​ឃុំ​ខ្លួន លោក សុខ ស៊ុនណារ៉េត។

លោក យិន ម៉េងលី បន្ត​ថា តុលាការ​គួរតែ​ឱ្យ​លោក សុខ ស៊ុនណារ៉េត នៅ​ក្រៅ​ឃុំ ពីព្រោះ​យោង​តាម​គោលការណ៍​មនុស្សធម៌ លោក សុខ ស៊ុនណារ៉េត មាន គុណ បំណាត់ ដើម្បី​បុព្វហេតុ​ជាតិ ហើយ​ពេល​នេះ គាត់​ចាស់​ជរា ជា​ជន​ពិការ និងមានជំងឺ ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជា​ប្រចាំ​ទៅ​ទៀត។ ម្យ៉ាង​ទៀត យោង​តាម​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ ដែល​មាន​ចែង​ក្នុង​ច្បាប់​វិញ លោក យិន ម៉េងលី ថា ស្ថានភាព​របស់​លោក សុខ ស៊ុនណារ៉េត គាត់​គ្មាន​លទ្ធភាព​បំពាន​ច្បាប់​ឡើយ។

លោក យិន ម៉េងលី៖«គាត់​មិន​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​អី​ផ្សេង​ទៀត គាត់​មិន​អាច​ទៅ​គំរាម​កំហែង​សាក្សី គាត់​មិន​អាច​ទៅ​បំផ្លាញ​ភស្តុតាង គាត់​មិន​អាច​រត់គេច​ទៅ​ណា​ទេ។ គាត់​មាន​ក្រុម​គ្រួសារ គាត់​មាន​ផ្ទះ​សម្បែង​រស់នៅ គាត់​មិន​ចាកចេញ​ទៅ​ណា​ទេ ហើយ​គាត់​ជា​ជន​មនុស្ស​ចាស់​ជរា ពិការ គាត់​អាច​ទៅ​គំរាម ទៅ​បំផ្លាញ​អ្នក​ណា​បានអត់​ទេ។ អ៊ីចឹង​ហើយ ទាំង​នេះ ដែល​យើង​នៅតែ​ធ្វើ​ការ​សោកស្ដាយ​បញ្ហា​នេះ»។

កាល​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត អំឡុង​ពេល​មេបញ្ជាការ​ភូមិ​ភាគ៣ បាន​ហៅ​ឱ្យ​លោក​ទៅ​ជួប។ តុលាការ​ខេត្តកំពង់ស្ពឺ បាន​ចោទ​ប្រកាន់​លោក​ថា បាន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នេះ។ ប៉ុន្តែ លោក សុខ ស៊ុណារ៉េត បាន​បដិសេធ​ការ​ចោទ​ប្រកាន់ ដោយ​អះអាង​ថា លោក​មិន​បាន​ដឹង​រឿង​ទេ តាំង​ពី​ដំបូង​រហូត​ដល់​ពេល​ចាប់​ខ្លួន និង​មិន​ពាក់ព័ន្ធ​អង្គហេតុ ចោទ​ប្រកាន់​នោះ​ឡើយ។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង ចាត់​ទុក​ការ​សម្រេច​បដិសេធ​របស់​តុលាការ​ថា ជា​រឿង​អយុត្តិធម៌ និង​បង្ហាញ​កាន់តែ​ច្បាស់​ថា សំណុំ​រឿង​នេះ ពាក់ព័ន្ធ​រឿង​នយោបាយ ដោយ​ប្រើ​លេស​ចាប់​លោក សុខ ស៊ុនណារ៉េត ធ្វើ​ជា​ចំណាប់​ខ្មាំង ក្នុង​គោលដៅ​ដាក់​សម្ពាធ​លើ​លោក ស៊ន តារា ពីព្រោះ​កន្លង​មក​លោក ហ៊ុន សែន អូសទាញ​លោក ស៊ន តារា ឱ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្ស​ប្រឆាំង​មិន​បាន។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ថ្មីៗ នេះ អ្នក​អត្ថាធិប្បាយ​បញ្ហា​សង្គម និង នយោបាយ លោក ស៊ន តារា បាន​ប្រកាស​រក្សា​ជំហរ​ថា លោក​នៅ​តែ​ស្មោះស្ម័គ្រ ជាមួយ​អ្នក​ប្រជាធិបតេយ្យ គឺ​មិន​លក់​ខ្លួន ឬ​ចុះ​ចូល​បក្ស​កាន់​អំណាច​ឡើយ បើ​ទោះ​ជា​អាជ្ញាធរ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ចាប់​ឪពុក​របស់​លោក​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment