ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ទាមទារ​យុត្តិធម៌​ជូន​សព​លោក លិម គិមយ៉ា

ដោយ ច័ន្ទ ដារ៉ូ
2025.01.19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ទាមទារ​យុត្តិធម៌​ជូន​សព​លោក លិម គិមយ៉ា

ទិដ្ឋភាពពលរដ្ឋខ្មែរ​នៅ​ប្រទេស​ជប៉ុន​ជួបជុំ​ពិធីបុណ្យ​ និងរំលឹកវិញ្ញណក្ខន្ធ​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា នៅប្រទេសជប់ូន នៅថ្ងៃទី១៩ មករា ២០២៥។ រួប៖ ហ្វេសប៊ុក គជ់ សំបូរ


ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ជប៉ុន​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​លើ​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា។ ពួកគាត់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឃាតកម្ម​លើ​អ្នកស្នេហាជាតិ​កន្លងទៅ។ ក្រៅពីនេះ​ពួកគាត់ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នកនយោបាយ​គ្រប់​និន្នាការ​ពួតដៃគ្នា​ទាមទារ​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើការ និង​រស់នៅ​ប្រទេស​ជប៉ុន (Japan) នៅតែ​រន្ធត់ចិត្ត​លាយឡំ​អារម្មណ៍​ឈឺចាប់​ជុំវិញ​ឃាតកម្ម​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា នៅក្នុង​ពិធី​គោរពវិញ្ញាណក្ខន្ធ​ជូន​លោក ដែល​រៀបចំ​ឡើង​នៅ​តំបន់​អ៊ីប៊ីណា (Ebina) ខេត្ត​កាណាកាវ៉ា ​(Kanakawa) នៅ​រសៀល​ថ្ងៃអាទិត្យ​ទី១៩ ខែ​មករា។

ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ អ្នកចូលរួម​ប្រមាណ​៥០នាក់ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​បង្សុកូល​តាម​បែប​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក លិម គិមយ៉ា រួមទាំង​បណ្ឌិត កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​វីរជន ស្នេហា​ជាតិ​មួយចំនួន​ទៀត ដែល​​រង​ការ​បាញ់​សម្លាប់ ក្រោមអំណាច​ដឹកនាំ​របស់​ត្រកូល​ហ៊ុន​នា​ពេល​កន្លងមក។ ពួកគាត់​ក៏​បាន​នាំ​គ្នា​ដាក់​កម្រងផ្កា និង​អាន​វិយោគកថា​ដ៏​សោកសៅ​អំពី​ប្រវត្តិ និង​ការ​តស៊ូ​លះបង់​របស់​លោក លិម គិមយ៉ា ដោយ​ពួកគាត់​ចាត់ទុក​ថា​ជា​អ្នក​ស្នេហាជាតិ។

«ថ្វី​បើ​រូបកាយ​របស់​លោក​ឃ្លាត​ឆ្ងាត​ទៅ​ក្តី តែ​សកម្មភាព​តស៊ូ​នយោបាយ​របស់​លោក លិម គិមយ៉ា នឹង​ស្ថិត​នៅក្នុង​ការ​ចងចាំ​របស់​អ្នក​ប្រជាធិបតេយ្យ​គ្រប់ៗ​រូប។ ការ​លះបង់​ដើម្បី​ប្រទេសជាតិ​របស់​លោក គឺ​ជា​ការ​លះបង់​ដ៏​ធំ​គេង សូម​ឱ្យ​គំរូ​វីរភាព​នេះ​ក្លាយជា​ថាមពល​ដ៏​ខ្លាំងក្លា​ជួយ​ដាស់តឿន​ដល់​ស្មារតី​កូនខ្មែរ​គ្រប់រូប​ចេះ​ស្រឡាញ់​ជាតិ​មាតុភូមិ មាន​ភាព​ក្លាហាន ចេះ​តស៊ូ​ពុះពារ លះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ផលប្រយោជន៍​យើង​ទាំងអស់​គ្នា»។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន អ្នកស្រី មាស ភារ៉ា ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​មួយ​រូប​ស្មោះត្រង់​នឹង​ជាតិ។ អ្នកស្រី​បញ្ជាក់​ថា​អ្នកដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ ចាត់ទុក​ជីវិត​មនុស្ស​រូប​គ្រប់​សុទ្ធតែ​មាន​តម្លៃ​ដោយ​មិន​អាច​កាត់ថ្លៃ​បាន​​ទេ ប៉ុន្តែ​ជាក់ស្តែង​លោក ហ៊ុន សែន មិន​ខ្វល់​ពី​ជីវិត​ពលរដ្ឋខ្មែរ​ឡើយ។ អ្នកស្រី​មើល​ឃើញ​ថា​មេដឹកនាំ​ក្រុងភ្នំពេញ​ហ៊ាន​ធ្វើ​អំពើ​អមនុស្សធម៌​គ្រប់​យ៉ាង​ដើម្បី​រក្សា​អំណាច​ត​វង្ស​ត្រកូល ដូច្នេះ​អ្នក​ប្រជាធិបតេយ្យ​គ្រប់​និន្នាការ​ត្រូវ​រួម​សាមគ្គី​គ្នា​តស៊ូ​ប្រឆាំង​ទើប​ពលរដ្ឋខ្មែរ​រស់នៅ​បាន​សុខ។

អ្នកស្រី មាស ភារ៉ា៖ «មេដឹកនាំ​ក្រុងភ្នំពេញ​វិញ​ចំពោះ​ឃាតកម្ម​លើ​ពលរដ្ឋ​ខ្លួនឯង​មិន​រក​យុត្តិធម៌​ឱ្យ​ផង និង​ដើម្បី​រក​ភាព​ស្អាតស្អំ​ឱ្យ​ខ្លួនឯង​ផង​ហ្នឹង ហើយ​គាត់​ទៅ​ធ្វើ​បន្លែបន្លំ​ដើម្បី​រក្សា​អំណាច​អត់​ចេះ​​ខ្មាស​អ៊ីចឹង ទៅ​យក​ប្រទេស​ដឹកនាំ​ដូច​បាយឡុកបាយឡ»។

ចំណែក​លោកស្រី ខាត់ សំនៀង ដែល​ធ្លាប់​រងគ្រោះ​នៅ​ក្រោម​អំណាច​ដឹកនាំ​របស់​ត្រកូល​ហ៊ុន​វិញ រៀបរាប់​ទាំង​ទឹកភ្នែក​ថា​ ជា​រឿង​ឈឺចាប់​ចំពោះ​ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​កណ្តាល​ទីក្រុង​បាងកក ពីព្រោះ​គ្រួសារ​លោកស្រី​ក៏​ធ្លាប់​ឆ្លងកាត់​រឿង​អយុត្តិធម៌ និង​អារម្មណ៍​សោក​សង្រែង​ដូចគ្នា​នេះ​ដែរ។ លោកស្រី​រំលឹក​ថា ប្តី​លោកស្រី​ត្រូវ​បាន​កងទ័ព​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន បាញ់​បណ្តាល​ឱ្យ​ដួល​ស្លាប់​ក្នុង​ថ្លុក​ឈាម នៅ​លើ​ផ្លូវ​វេងស្រេង អំឡុង​ពេល​គាត់​ចេញ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល កាល​ពី​ដើម​ឆ្នាំ​២០១៤។ 

លោកស្រី ខាត់ សំនៀង៖ «ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​គាត់​បាន​បាញ់​សម្លាប់​កម្មករ​កម្មការិនី​ ស្លាប់​អស់​៤នាក់ និង​រង​របួស​ជាច្រើន​នាក់ ហើយ​អ្នក​ដែល​ស្លាប់​នោះ​ក៏​មាន​ប្តី​ខ្ញុំ​ដែរ រូបភាព​ទាំងអស់​នៅ​ជាប់​នឹង​ភ្នែក នៅ​ជាប់​ក្នុង​បេះដូង​ខ្ញុំ។ ប្តី​ខ្ញុំ​ស្លាប់​យ៉ាង​​អាណោចអាធម៌​​មែនទែន ការ​ឈឺចាប់​មួយ​នេះ​ ខ្ញុំ​​ដឹង​អារម្មណ៍​ប្រពន្ធ​របស់​ឯកឧត្តម លិម គិមយ៉ា ហើយ​វា​ឈឺចាប់​ខ្លាំង​ជាង​នេះ​គឺ​នៅ​ពេល​យើង​ដឹង​ថា អ្នកណា​ជា​អ្នក​ស្លាប់​ហើយ អ្នកណា​ជា​អ្នក​បញ្ជា​ហើយ តែ​យើង​ធ្វើ​អ្វី​គេ​(លោក ហ៊ុន សែន)អត់​បាន ដោយសារ​គេ​និយាយ​ថា​ប្រទេស​គេ​ហ្នឹង​មាន​សន្តិភាព​ហើយ ខ្ញុំ​សួរ​សន្តិភាព​បែប​ណា​បើ​ប្រជា​ពលរដ្ឋ​គ្រាន់​តែ​ទាមទារ​ដើម្បី​ប្រាក់ខែ​សោះ ដើម្បី​រស់​សោះ​ត្រូវ​គេ​បាញ់​សម្លាប់ »។

រីឯ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ម្នាក់ទៀត​លោកស្រី ឈុន លក្ខិណា ចាត់ទុក​ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា នេះ​ថា​ជា​ឃាតកម្ម​នយោបាយ ហើយ​ករណីនេះ​បង្ហាញ​កាន់តែ​ច្បាស់​ថា​លោក ហ៊ុន សែន និង​លោក ហ៊ុនម៉ាណែត កំពុង​ទាញ​ប្រទេស​កម្ពុជា​ទៅ​រក​របប​ផ្តាច់ការ ដោយ​មិន​គិត​ពី​ទុក្ខវេទនា និង​អំពើ​អយុត្តិធម៌​របស់​ពលរដ្ឋ​រងគ្រោះ​ទេ។ លោកស្រី ឈុន លក្ខិណា អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​ទាំងអស់ ប្រែក្លាយ​ការឈឺចាប់​ទាំងនេះ​ទៅ​ជា​ថាមពល​ក្នុង​ការតស៊ូ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​កសាង​កម្ពុជា​តាម​បែប​ប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋខ្មែរ​ទាំងអស់គ្នា។

លោកស្រី ឈុន លក្ខិណា៖ «សុទ្ធតែ​ធនធាន​មនុស្ស​ដ៏​កម្រ​ ចុះ​ហេតុអ្វី​បាន​ជា​គេ​សម្លាប់​គាត់​ដោយ​ឆៅៗ​យ៉ាង​នេះ យើង​ពិត​ជា​មាន​ការ​សោកស្ដាយ​ណាស់ ប៉ុន្តែ​ការ​សម្លាប់​ គំរាមកំហែង​នយោបាយ​ ដើម្បី​អំណាច​គាត់​(លោក ហ៊ុន សែន)ក្តី ក៏​ពួក យើង​នៅតែ​ក្រោក​ឈរ ងើប​ឡើង​តស៊ូ​ឱ្យ​ប្រទេស​កម្ពុជា​រួចផុត​ពី​របប​ផ្ដាច់ការ។ ទោះជា​មាន​ការ សម្លាប់​ក្តី យើង​នៅតែ​ក្រោកឈរ​ឡើង​រីក​ដូច​ផ្សិត​ទ្វេដង»។

ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​នេះ ពលរដ្ឋខ្មែរ-អាមេរិកាំង សាខា​គណបក្ស​សង្គ្រោះជាតិ អង្គការ​សង្គមស៊ីវិល នៅ​ទីក្រុង​ឡូវែល​ (Lowell) រដ្ឋ​ម៉ាស្សាឈូសេត្ស (Massachusetts) សហរដ្ឋអាមេរិក​ក៏​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក លិម គិមយ៉ា តាម​បែប​សាសនា នៅក្នុង​សមាជ​ស្ដីពី​កោះគជ់ នៅ​ថ្ងៃ​ទី១៩ ខែ​មករា ដែរ។


ក្រោយពី​តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​ចេញដីកា​តាម​ចាប់ខ្លួន លោក ពេជ្រ គឹមស្រ៊ិន ដែល​គេស្​គាល់​ថា ជា​កូនចៅ​របស់​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង និង​លោក លី រតនរស្មី ជា​ទីប្រឹក្សា​លោក ហ៊ុន សែន នោះ​ហើយ មក​ដល់​ពេល​នេះ សមត្ថកិច្ច​កម្ពុជា​នៅ​មិនទាន់​ចាប់ខ្លួន​ជនសង្ស័យ ដែល​ជា​ជនជាតិ​ខ្មែរ​ទាំងពីរ​នាក់​នេះ បញ្ជូន​មក​ឱ្យ​អាជ្ញាធរ​ថៃ ដើម្បី​អនុវត្ត​នីតិ​វិធី​នៅ​ឡើយ​ទេ។

គ្រួសារ​សព​លោក លិម គិមយ៉ា រួម​ទាំង​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុក​ករណី​ឃាតក​បាញ់សម្លាប់​លោក លិម គិមយ៉ា ជា​រឿង​​​​​​​​​​​​​​​​​​​​​​​​​​​នយោបាយ ដែល​ជាប់​ទាក់ទង​នឹង​រដ្ឋាភិបាល​កម្ពុជា​ដោយ​មិនមែន​ជា​រឿង​គំនុំ ឬ​រឿង​បុគ្គល​ឡើយ។

ប្រជា​ពលរដ្ឋខ្មែរ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​គំរាមកំហែង និង​ការ​កាប់​សម្លាប់​អ្នក​នយោបាយ​បក្សប្រឆាំង និង​អ្នករិះគន់​ត​ទៀត ហើយ​ងាក​មក​កសាង​សង្គមជាតិ​ដោយ​ការប្រកួតប្រជែង​ត្រឹមត្រូវ​ តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឡើងវិញ។ ជាមួយ​គ្នា​នេះ ពួកគាត់ ក៏​អំពាវនាវ​ឲ្យ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ បន្ត​រក្សា​ជំហរ​រឹងមាំ ហើយ​ងើប​ស្រុះគ្នា​បន្ត​បេសកកម្ម​ទៅមុខ ទើប​ធ្វើ​ឱ្យ​អំណាច​ត្រកូល​ហ៊ុន លែង​មានឱកាស​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment