ដោយ ឡេង ម៉ាលី
2025.01.19
RFA

ពិធីបុណ្យសពរបស់ពលរដ្ឋដែលស្លាប់ដោយសារបេីករថយន្តដឹកប្រមូលផលដំឡូងក្នុងចម្ការដំឡូងមីរបស់ខ្លួន ជាន់ផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាម នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ មករា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហេង រតនា
មន្ត្រីអាជ្ញាធរមីនកម្ពុជាឱ្យដឹងថា គេបានបញ្ជូនក្រុមអ្នកបច្ចេកទេសផ្នែកដោះមីនទៅកាន់ភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូងរបស់ស្រុកត្រពាំងប្រាសាទ ដើម្បីស៊ើបអង្កេតរកមូលហេតុជុំវិញករណីផ្ទុះមីនតោន ជាប្រភេទមីនប្រឆាំងរថក្រោះ ដែលបណ្ដាលឱ្យអ្នកជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ចំនួន២នាក់បានស្លាប់នោះហើយ។
ការបញ្ជូនក្រុមអ្នកបច្ចេកទេសទៅកាន់តំបន់កើតហេតុនេះ បន្ទាប់ពីអ្នកជំនាញដោះមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាចំនួន ២នាក់បានគ្រោះថ្នាក់ស្លាប់ នៅក្នុងពេលដែលកំពុងតែបំពេញការងារកាលពីពីរថ្ងៃមុន។
មន្ត្រីអាជ្ញាធរមីនកម្ពុជាឱ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះមីនតោន នៅឯភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូងស្រុកត្រពាំងប្រាសាទ របស់ខេត្តឧត្តរមានជ័យ ដែលបណ្ដាលឱ្យអ្នកជំនាញដោះមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ចំនួន២នាក់ស្លាប់នោះ ថាកើតឡើងយ៉ាងណាឡើយ។
អ្នកនាំពាក្យអាជ្ញាធរមីនកម្ពុជា លោក ទេព កល្យាណ មានប្រសាសន៍ថា អាជ្ញាធរមីន បានសហការជាមួយអង្គភាពCMACបញ្ជូនក្រុមអ្នកបច្ចេកទេសផ្នែកគ្រាប់មីន ទៅកាន់តំបន់កើតហេតុ ដើម្បីស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នោះ ដើម្បីយកមករិះរកវិធីការពារសុវត្ថិភាពថ្មីៗទៅលើក្រុមអ្នកដោះមីនបន្ថែមទៀត។
លោក ទេព កល្យាណ៖ «ដូចយើងដឹងស្រាប់ហើយមីនគឺឆ្លងកាត់រយៈពេលជាង៣០ទៅ៤០ឆ្នាំហើយ គឺមានបញ្ហាខូចគុណភាព ដែលធ្វើឱ្យក្រុមការងារបោសសំអាតពិបាកដោះ នេះក៏ជាបញ្ហាថ្មីមួយដែរ។ ក្នុងបញ្ហាទាំងនេះគឺក្រុមការងារបច្ចេកទេសទាំងខាងអ្នកប្រតិបត្តិការផ្ទាល់ដូចជាCMAC និងខាងអាជ្ញាធរមីនបានរួមគ្នាចុះស៊ើបអង្កេត ដើម្បីរកឱ្យឃើញករណីពិតប្រាកដ។ បន្ទាប់មកគឺយើងនឹងរៀបចំជាឯកសារសម្រាប់ប្រតិបត្តិថ្មីណាមួយបើសិនជារឿងនោះ គឺជារឿងថ្មី»។
កាលពីថ្ងៃទី១៦ខែមករា អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ចំនួន២នាក់ ឈ្មោះ អឿន ចាន់ណារ៉ា និងពៅ នេពីន បានផ្ទុះមីនតោន ដែលជាមីនប្រឆាំងរថក្រោះ ស្លាប់នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងពេលកំពុងបំពេញប្រតិបត្តិការរំដោះគ្រាប់មីន។
បើទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញហេតុការណ៍គ្រោះថ្នាក់នេះ ពីអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា និងពីលោក អៀត សុធា ប្រធានកងឯកភាពកំចាត់មីនទី១ ប្រចាំខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ បាននៅឡើយនៅថ្ងៃទី១៨ ខែមករា។
ចំណែកអាជ្ញាធរមូលដ្ឋានក្នុងស្រុកត្រពាំងប្រាសាទ បានបង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាព របស់ពលរដ្ឋ ដែលកំពុងតែតាំងទីលំនៅលើតំបន់គ្រោះថ្នាក់នោះ។
មេឃុំបាក់អន្លូង លោក ជូ ថេ ឱ្យដឹងថាតំបន់ដែលផ្ទុះមីនតោន បណ្ដាលឱ្យអ្នកជំនាញដោះមីន២នាក់ស្លាប់នោះ គឺជាផ្លូវចាស់ ដែលកសាងឡើងតាំងពីសម័យបារាំង។ ផ្លូវនោះ នៅស្របតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានចម្ងាយច្រើនគីឡូម៉ែត្រ ដែលលាតសន្ធឹងតាំងពីឃុំកន្ទួត របស់ស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ រហូតដល់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ កាលពីសម័យសង្គ្រាមចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ ទីនោះគឺមានគ្រាប់មីនជាច្រើនប្រភេទ ដែលភាគីជម្លោះប្រដាប់អាវុធបានកប់នៅក្រោមដី។ លោក ជូ ថេ បញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្នផ្លូវចាស់នោះ បានរលុបបាត់ស្លាកស្នាមខ្លះ បណ្ដាលឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ នាំគ្នាទៅតាំងទីលំនៅ។ លោក ជូ ថេ បានបង្ហាញការព្រួយបារម្ភខ្លាំងដោយសារតែលោកដឹងថានៅលើផ្លូវចាស់នោះ គឺនៅមិនទាន់មានការបោសសំអាតគ្រាប់មីននៅឡើយ។
លោក ជូ ថេ៖ «រាល់ពេលប្រជុំផ្សព្វផ្សាយ ខ្ញុំតែងប្រាប់ពលរដ្ឋ កុំឱ្យប៉ះពាល់គ្រាប់មីន សំខាន់គឺក្មេងៗ។ ចំណែកអ្នកធ្វើចំការក៏ដោយប្រសិនបើប្រទះឃើញគ្រាប់មីនគឺសុំឱ្យរាយការណ៍កុំឱ្យទៅប៉ះពាល់។ កន្លងមកអ្នកភូមិតែងប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាញឹកញាប់ព្រមទាំងបានប្រាប់ឱ្យក្រុមអ្នកដោះមីនទៅកំទេចចោលជាហូរហែដែរ។ កន្លែងដែលមីនផ្ទុះសម្លាប់អ្នកជំនាញដោះមីនCMACហ្នឹង គឺនៅក្បែរចំការរបស់អ្នកភូមិ ដែលកំពុងតែដកដំឡូង។ អ្នកភូមិនៅក្បែរនោះភ័យខ្លាចចាប់តាំងពីមីនផ្ទុះស្លាប់អ្នកដោះមីនមក ហើយប្រាប់មកខាងឃុំ ឱ្យស្នើទៅស្រុក ដើម្បីស្នើទៅខាងលើមកជួយបោសសំអាតនៅតាមចំការ ហើយក៏មានភូមិដែលនៅលើផ្លូវចាស់នោះដែរ គឺអ្នកភូមិកំពុងតែភ័យ»។
ដោយឡែកនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តមួយចំនួនទៀតដែលមានព្រំដែនជាប់គ្នាជាមួយប្រទេសថៃ គឺឧស្សាហ៍មានការផ្ទុះមីនសម្លាប់មនុស្ស ជាញឹកញាប់។
កាលពីរសៀលថ្ងៃទី១៧ ខែមករា កសិករម្នាក់ឈ្មោះ ថៃ សឿន អាយុ៤២ឆ្នាំ នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏បានរងរបួសជើងទាំងពីរនិងក្បាលយ៉ាងធ្ងន់ធ្ងរ ដោយសារតែផ្ទុះមីនតោន នៅពេលដែលគាត់បើករថយន្តចូលចំការដើម្បីដឹកជញ្ជូនដំឡូងមី។
កាលពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៤ ក៏មានបុរសជនជាតិថៃម្នាក់ឈ្មោះ វង់ មែនកានកាស៊ីន អាយុ២៣ឆ្នាំ ក៏បានជាន់មីនប្រឆាំងរថក្រោះ ផ្ទុះស្លាប់ នៅក្នុងភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដែរ ក្នុងពេលជនរងគ្រោះ កំពុងបើកត្រាក់ទ័រ (Tractor) សណ្ដោងរ៉ឺម៉ក ទៅបាញ់ថ្នាំដំណាំនៅក្នុងចំការ។
របាយការណ៍របស់អាជ្ញាធរមីនកម្ពុជាឱ្យដឹងថាចាប់តាំងពីខែមករា ដល់ខែធ្នូឆ្នាំ២០២៤ កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសារមីននិងគ្រាប់ផ្សេងទៀតចំនួន៤៧នាក់។ ចំនួនអ្នករងគ្រោះនេះ កើនឡើង១៥នាក់បើប្រៀបធៀបនិងឆ្នាំ២០២៣ ដែលមានជនរងគ្រោះចំនួន៣២នាក់។
បន្ថែមលើនេះចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់ពេលនេះ ក៏មានបុគ្គលិកដោះមីនចំនួន១៥៨នាក់ បានគ្រោះថ្នាក់ក្នុងអំឡុងពេលប្រតិបត្តិការ បណ្ដាលឱ្យស្លាប់ចំនួន៣៣នាក់និងរបួសពិការចំនួន១២៥នាក់។
របាយការណ៍របស់អាជ្ញាធរមីនដដែល ឱ្យដឹងទៀតថាបច្ចុប្បន្ននេះ គ្រាប់មីនគឺមាននៅសេសសល់ក្នុងខេត្តរតនគិរី កំពង់ធំ សៀមរាប ហើយនៅសល់ច្រើនក្នុងខេត្តចំនួន៧ជាប់ព្រំដែនកម្ពុជា-ថៃ ដូចជាខេត្តកោះកុង ប៉ៃលិន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ។
ដោយសារតែបញ្ហាគ្រាប់មីននៅសេសសល់ច្រើននេះ ធ្វើឱ្យកម្ពុជាដែលធ្លាប់ប្ដេជ្ញាថានឹងបោសសំអាតគ្រាប់មីនប្រឆាំងមនុស្សឱ្យអស់នៅត្រឹមឆ្នាំ២០២៥ មិនទទួលបានជោគជ័យ ហើយត្រូវពន្យាពេលបោសសំអាតបន្តរហូតទៅដល់ឆ្នាំ២០៣០ខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។