ដោយ សុជីវី
2025.01.20
RFA

សកម្មភាពសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងនគរបាលជាតិដើម្បីជំរិតទារប្រាក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ មករា ២០២៥។ រូប៖ ហ្វេសប៊ុកលោក អេង ហ៊ី
កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន៥នាក់ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងនគរបាលជាតិដើម្បីជំរិតទារប្រាក់។ អ្នកឃ្លាំមើលលើកឡើងថា អាជ្ញាធរគួរតែពង្រឹងការណែនាំដល់អាជីវករលក់ដូរ ឯកសណ្ឋានកងកម្លាំង និងពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថា កងកម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជំនាញព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា បានសហការគ្នាស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងនគរបាលជាតិ ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់។ នេះ បើតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី នៅថ្ងៃទី ១៩ ខែមករា។
អ្នកនាំពាក្យរូបនេះ ឲ្យដឹងថា ជនសង្ស័យទាំងប្រាំនាក់ មានអាយុចន្លោះពី១៦ ដល់៣៦ឆ្នាំ ។ លោកបន្តថា មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះថា មានកងរាជអាវុធហត្ថមួយក្រុមមានគ្នាចន្លោះពី ៤ ដល់ ៥នាក់ បានធ្វើសកម្មភាពឆែកឆេររថយន្តជនរងគ្រោះ និងបានចោទថា រថយន្តជនរងគ្រោះ ដឹករបស់ខុសច្បាប់ ដែលជាម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៣ពាន់ដុល្លារ ព្រមទាំងបានគំរាមថា បើជនរងគ្រោះ មិនប្រគល់ប្រាក់ទេ ពួកគេនឹងចាប់ខ្លួនជនរងគ្រោះ រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
បន្ទាប់មកជនរងគ្រោះ ក៏បានប្រគល់ប្រាក់សុទ្ធចំនួន៣ពាន់ដុល្លារ ឲ្យទៅក្រុមជនសង្ស័យ ។ បន្ទាប់ពីនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងដើម ។ លោកបន្ថែមថា ជនសង្ស័យខាងដើម បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះផ្សេងទៀត រួមមានជនជាតិខ្មែរ និងជនជាតិចិន នៅសង្កាត់លេខ៣ និងលេខ៤ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទំហំទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ។ អ្នកនាំពាក្យរូបនេះ អំពាវនាវដល់ពលរដ្ឋឲ្យផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីថា បញ្ហាជនស៊ីវិលមួយចំនួន បានក្លែងខ្លួនជាកងកម្លាំងមានសមត្ថកិច្ច ហើយចុះឆែកឆេរពលរដ្ឋតាមដងផ្លូវ កំពុងបង្កជាការភ័យខ្លាចដល់ពលរដ្ឋ គួរឲ្យព្រួយបារម្ភ ។ លោកស្នើដល់អាជ្ញាធរឲ្យមានវិធានការម៉ឺងម៉ាត់ចំពោះជនប្រព្រឹត្ត។
លោក អំ សំអាត៖ «ដើម្បីបង្ក្រាប ទប់ស្កាត់ឲ្យមានប្រសិទ្ធភាព គឺត្រូវតែចាប់ផ្ដើមទី១ គឺត្រួតពិនិត្យការលក់ ឬចែកចាយឯកសណ្ឋានដោយខុសច្បាប់ ទី២ ការជួញដូរ និងការប្រើប្រាស់អាវុធដោយខុសច្បាប់ និងត្រូវទប់ស្កាត់ និងមានវិធានការឲ្យមានប្រសិទ្ធភាព ដើម្បីកុំឲ្យជនស៊ីវិលឆ្លៀតឱកាសក្នុងការប្រើប្រាស់ឯកសណ្ឋាន និងអាវុធក្នុងការប្រព្រឹត្តបទល្មើសទាំងឡាយហ្នឹង ។ មួយទៀតបើសិនជា រកឃើញថា មានអ្នកជាប់ពាក់ព័ន្ធជាមួយនឹងការផ្ដល់ឯកសណ្ឋាន ការផ្ដល់អាវុធ ការលក់អាវុធផ្សេងៗ ក៏ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាព»។
កន្លងទៅករណីជនសង្ស័យមានគ្នាជាក្រុម ក្លែងខ្លួនក្នុងឈុតសម្លៀកបំពាក់ឯកសណ្ឋានសមត្ថកិច្ច និងស៊ីវិល តែងចុះឆែកឆេរពលរដ្ឋ និងយុវជននៅពេលយប់ ហើយករណីខ្លះទៀត ពួកគេថែមទាំងបានប្រើប្រាស់អំពើហិង្សាថែមទៀតផង។
សង្គមស៊ីវិល ស្នើដល់អាជ្ញាធរឲ្យពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយណែនាំឲ្យអ្នកលក់ដូរឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធប្រកបដោយមានការទទួលខុសត្រូវ និងបង្កើនការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។