ដោយ ជីវិតា
2025.01.20
RFA

ទិដ្ឋភាពក្រុមហ៊ុនចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) ថតពីខាងលើ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋរស់នៅជាប់ដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តកំពង់ធំ ស្នើឲ្យក្រសួងបរិស្ថានចុះស៊ើបអង្កេតពីអាជីវកម្មរ៉ែមាសបែបអនាធិបតេយ្យក្នុងតំបន់ព្រៃឡង់ឲ្យបានហ្មត់ចត់ ដើម្បីជៀសវាងការជឿលើរបាយការណ៍បោកប្រាស់របស់មន្ត្រីបរិស្ថានខេត្ត។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញលិខិតបដិសេធ ថា មិនបានប្រព្រឹត្តអំពើពុករលួយ បណ្ដោយឲ្យមានការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅក្នុងតំបន់ព្រៃឡង់ ខាងខេត្តកំពង់ធំនោះឡើយ។
ប្រជាពលរដ្ឋខកចិត្តដែលក្រសួងបរិស្ថាន ជឿលើរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលពួកគេចោទថា ជារបាយការណ៍បោកប្រាស់ ដែលមិនព្រមចាត់វិធានការទៅលើអាជីវកម្មរ៉ែមាសខុសច្បាប់ កំពុងធ្វើឲ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរនៅក្នុងតំបន់ព្រៃឡង់។ ពលរដ្ឋនៅតែអះអាងថា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធបានប្រព្រឹត្តអំពើពុករលួយ ដោយយកលុយពីពលរដ្ឋ៨លានរៀលក្នុងមួយឆ្នាំ ដើម្បីជាថ្នូរមិនបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំជី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ប្រាកដមែន។
ប្រជាពលរដ្ឋម្នាក់ រស់នៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក សឿ សុជា ដែលបានចុះស្រាវជ្រាវអំពីបញ្ហានេះ អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែមករា ថា លោកនឹងយករបាយការណ៍ និងភស្តុតាង ដែលលោកបានចុះស្រាវជ្រាវកន្លងទៅដាក់ជូនក្រសួងបរិស្ថានពិនិត្យ ដើម្បីឲ្យក្រសួងចាត់មន្ត្រីថ្នាក់ជាតិចុះស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់ ជៀសវាងក្រសួងជឿលើរបាយការណ៍ ដែលលោកថា មិនពិតហើយបន្តបណ្ដោយឲ្យមន្ត្រីថ្នាក់ក្រោមប្រព្រឹត្តអំពើពុករលួយបន្តទៀត។ លោកថា ពលរដ្ឋដែលធ្វើអាជីវកម្មរ៉ែមាស លក្ខណៈគ្រួសារ និងខុសច្បាប់នៅតំបន់ព្រៃឡង់ អះអាងថា ពួកគាត់បានឲ្យលុយទៅមន្ត្រីបរិស្ថានខេត្តកំពង់ធំប្រចាំខែ ដើម្បីជាថ្នូរក្នុងការធ្វើអាជីវកម្មរ៉ែមាសនេះ។
លោក សឿ សុជា៖ «វាជាការមិនទទួលខុសត្រូវ គេចវេះ ដោយមិនទទួលស្គាល់កំហុសរបស់ខ្លួន យើងមានការសោកស្ដាយហើយប្រសិនបើមានមន្ត្រីរបៀបនេះទៀត ខ្ញុំគិតថាចប់ហើយអនាគតធនធានធម្មជាតិនៅតំបន់ព្រៃឡង់ខេត្តកំពង់ធំ និងធនធានធម្មជាតិផ្សេងៗចប់ហើយប្រសិនបើមន្ត្រីរបៀបនេះបន្តកាន់ការងារ ខ្លួនឯងធ្វើហើយបែរជាបដិសេធថា មិនធ្វើ អ៊ីចឹងខ្ញុំចង់ឲ្យក្រសួងពាក់ព័ន្ធចុះមកពិនិត្យចុះមកស្រាវជ្រាវផង»។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមន្ទីរបរិស្ថានខេត្តកំពង់ធំ បានចេញសេចក្ដីបំភ្លឺមួយកាលពីថ្ងៃទី១៦ ខែមករា ដោយបដិសេធថា មន្ត្រីបរិស្ថានខេត្តកំពង់ធំ មិនបានប្រព្រឹត្តអំពើពុករលួយ ដូចការចោទប្រកាន់ ថា បានបញ្ជាឲ្យកូនចៅជំរិតទារលុយពីក្រុមធ្វើអាជីវកម្មរ៉ែមាសនៅក្នុងតំបន់ព្រៃឡង់នោះឡើយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១៩ ខែមករា។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា នៅក្នុងលិខិតបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមករា មន្ត្រីបរិស្ថានក៏ទទួលស្គាល់ថា ពិតជាមានការធ្វើអាជីវកម្មរ៉ែមាសខ្នាតតូចបែបអនាធិបតេយ្យនៅក្នុងតំបន់ព្រៃឡង់ប្រាកដមែន ប៉ុន្តែការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នេះស្ថិតនៅក្នុងខេត្តក្រចេះឯណោះទេ។
កាលពីចុងឆ្នាំ២០២៤ បណ្ដាញសហគមន៍ព្រៃឡង់ ក៏បានចុះទៅដល់តំបន់ភ្នំជី ខេត្តកំពង់ធំ រកឃើញ រោងធ្វើអាជីវកម្មរ៉ែមាសខ្នាតតូចរាប់រយកន្លែង កំពុងធ្វើអាជីវកម្មយ៉ាងមមាញឹក ហើយពុំឃើញមានមន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះចុះទប់ស្កាត់ឡើយ។
ទាក់ទិននឹងបញ្ហានេះនាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ឃើញថា ភាពអសកម្មក្នុងការបង្ក្រាបបទល្មើសនានារបស់មន្ត្រីជំនាញ នៅក្នុងតំបន់ព្រៃឡង់ នឹងធ្វើឲ្យមានការសង្ស័យពីពលរដ្ឋថា មន្ត្រីទាំងនោះប្រព្រឹត្តអំពើពុករលួយ ដូច្នេះដើម្បីកុំឲ្យមានការរិះគន់ និងការចោទប្រកាន់ទៅលើមន្ត្រីបរិស្ថានតទៅទៀត លោកថា មន្ត្រីជំនាញត្រូវតែយកចិត្តទុកដាក់ បង្ក្រាបរាល់ទង្វើទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ធនធានធម្មជាតិនៅក្នុងតំបន់ការពារ។
លោក ហេង គឹមហុង៖ «មានតែភាពសកម្មរបស់អាជ្ញាធរហើយនឹងយកចិត្តទុកដាក់ក្នុងការបំពេញមុខងារ ហើយបង្ក្រាបទៅលើបទល្មើសបានធ្វើឲ្យពលរដ្ឋមានជំនឿទៅលើអាជ្ញាធរ ប៉ុន្តែប្រសិនបើនៅតែមានបន្តកើតឡើង ចង់មិនចង់ពលរដ្ឋគាត់យល់ហើយថា មានជាប់ពាក់ព័ន្ធនឹងផងប្រយោជន៍ណាមួយ អ៊ីចឹងដើម្បីជម្រះនៅមន្ទិល អាជ្ញាធរត្រូវតែបង្កើនក្នុងការអន្តរាគមន៍ ហើយយកចិត្តទុកដាក់ខ្ពស់ចូលទៅបង្ក្រាបទប់ស្កាត់កុំឲ្យមានអាជីវកម្មរ៉ែមាសដោយខុសច្បាប់បន្តទៀត នោះនឹងអាចដោះស្រាយបញ្ហានេះបាន»។
កន្លងទៅទាំងអង្គការជាតិ និងអន្តរជាតិ រកឃើញថា គម្រោងអាជីវកម្មរ៉ែធំៗ និងអាជីវកម្មរ៉ែខុសច្បាប់បែបអនាធិបតេយ្យនៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់ បានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃឈើ និងជីវិតរបស់ប្រជាជនរស់នៅក្នុងតំបន់នោះ។ ពួកគេជំរុញឱ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណក្រុមហ៊ុនអាជីវកម្មរ៉ែធំៗ និងត្រូវទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់៕