លោក ហ៊ុន ម៉ាណែត បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

ដោយ ខាន់ លក្ខិណា
2025.01.20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុង​ពិធី​សម្ពោធ​សមិទ្ធផល នៅ​មជ្ឈមណ្ឌល​អតីត​យុទ្ធជន ក្នុង​ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី២០ ខែ​មករា បាន​ចេញ​ប្រតិកម្ម​ទាំង​កំហឹង​ដោយ​ច្រានចោល​ការ​ពាក់ព័ន្ធ​របស់​ឪពុក​លោក គឺ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​លោក លិម គិមយ៉ា នៅ​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃទី៧ ខែមករា។ ប្រតិកម្ម​បដិសេធ​ដោយ​កំហឹង​របស់​លោក ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើ​ឡើង​ជា​ច្រើន​ដង​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មិន​ស្គាល់​ សុជីវធម៌ ដែល​ត្រូវ​ឆ្លើយ​តប​ចំពោះ​គ្រួសារ​ជន​រងគ្រោះ និង​សង្ស័យ​ថា លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​លោក លិម គិមយ៉ា។

ខណៈ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​កណ្ដាល​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃទី០៧ ខែមករា មក​ដល់​ថ្ងៃ​នេះ មាន​រយៈពេល ១៣ថ្ងៃ​ហើយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទើប​តែ​ថ្លែង​ទាំង​ខឹង​សម្បារ លាយ​ឡំ​នឹង​ពាក្យ​រំលែក​ទុក្ខ​ដល់​គ្រួសារ​លោក លិម គិមយ៉ា ផង ហើយ​លោក​នាយករដ្ឋមន្ត្រី បាន​ព្យាយាម​ច្រានចោល​នូវ​ការ​ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន ជា​ឪពុក និង​រដ្ឋាភិបាល​ គ្រួសារ​ត្រកូល​ហ៊ុន ក្នុង​រឿង​ឃាតកម្ម​នេះ​ផង។

ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល នៅ​មជ្ឈមណ្ឌល​អតីត​យុទ្ធជន ក្នុង​ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី២០ ខែមករា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​ ថា​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន មិន​បាន​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ឡើយ។ លោក​ថា បើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល នៅ​ពី​ក្រោយ​សំណុំ​រឿង​នេះ រដ្ឋាភិបាល​មិន​បញ្ជូន​ជន​ដៃ​ដល់​ជា​ជន​ជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ (EkkalakPhaenoi) ទៅ​ឱ្យ​ភាគី​ថៃ​វិញ​ទេ។

លោក ហ៊ុន ម៉ាណែត៖ «តើ​រដ្ឋាភិបាល​មាន​ទេ ចាំ​បាច់​ល្ងង់​ទេ បើ​សិន​ខ្លួន​អ្នក​រៀបចំ​ផែនការ ចាំ​បាច់​មាន​ការ​ឃាត់​ខ្លួន​ជន​ដៃ​ដល់ ហើយ​បញ្ជូន​ទៅ​ហើយ​ថៃ យើង​អាច​លាក់​ទុក ឬ​មួយ​ក៏​មិន​បាច់​បញ្ជូន​ទៅ​ទេ យើង​ស៊ើប​ខ្លួន​ឯង តែ​ដើម្បី​បញ្ជាក់​នូវ​ភាព​ស្អាត​ស្អំ ដើម្បី​បញ្ជូន​នូវ​តម្លាភាព យើង​បញ្ជូន​ទៅ​ឱ្យ​ថៃ បញ្ជាក់​ទៅ គេ​ស្រាវជ្រាវ​ទៅ ហើយ​ឱ្យ​យើង​ដឹង​ផង ថា​តើ​លទ្ធផល​យ៉ាង​ម៉េច ព្រោះ​រដ្ឋាភិបាល​កម្ពុជា ក៏​ចង់​ដឹង​ដែរ​ថា រឿង​អី»។

ប៉ុន្តែ​ការ​ថ្លែង​ទាំង​កំហឹង របស់​នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត នេះ មិន​បាន​បង្ហាញ​ជំហរ​ឱ្យ​ច្បាស់លាស់ ក្នុង​ការ​ចាប់​បញ្ជូន​ជន​សង្ស័យ​ពីរ​នាក់​ទៀត​ ជា​ជន​ជាតិ​ខ្មែរ គឺ​លោក លី រតនរស្មី ដែល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន និង​លោក ពេជ្រ គឹមស្រ៊ិន ដែល​ជា​មនុស្ស​របស់​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ប្រគល់​ឱ្យ​សមត្ថកិច្ច និង​តុលាការ​ព្រហ្មទណ្ឌ​ប្រទេស​ថៃ ធ្វើ​ដំណើរ​ការ​ក្ដី​នោះ​ទេ។ សមត្ថកិច្ច​កម្ពុជា ក៏​មិន​ទាន់​បង្ហាញ​ឱ្យ​ឃើញ​ជាក់ស្ដែង​នៅ​ឡើយ​ដែរ អំពី​ប្រតិបត្តិ ការ​តាម​ចាប់​ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​ទាំង​ពីរ​នាក់។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់ ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ទេ នៅ​ថ្ងៃទី២០ ខែ​មករា ទាក់ទង​នឹង​ដំណើរ​ការ​ចាប់​ជន​សង្ស័យ​ទាំង​ពីរ​នាក់ គឺ​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន។

ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ហៅ​លោក ហ៊ុន សែន ដែល​ក្ដោប​អំណាច​ គ្រប់​ស្ថាប័ន​នៅ​ប្រទេស​កម្ពុជា ថា​ជា​មេ​ដឹក​នាំ «គ្មាន​សុជីវធម៌​ទាល់​តែ​សោះ» ដែល​មិន​បាន​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជន​រងគ្រោះ ជា​ខ្មែរ​ដូច​គ្នា ហើយ​លោក សម រង្ស៊ី ថែម​ទាំង​បាន​បង្កើន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង លើ​ការ​ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​លោក លិម គិមយ៉ា។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅថ្ងៃទី១៩ ខែ​មករា​ថា លោក ហ៊ុន សែន គួរ​ណាស់ ចាត់​កូន​ចៅ​គាត់​ណា​ម្នាក់ ដែល​មាន​មុខតំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ឱ្យ​ថ្កោល​ទោស​ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ហើយ ផ្ញើ​លិខិត​រំលែក​ទុក្ខ​មួយ​ច្បាប់ ជូន​ទៅ​ក្រុម​គ្រួសារ​ជន​រងគ្រោះ។ លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន គួរ​ណាស់ ចាត់​រដ្ឋសភា​ឱ្យ​ចេញ​ផ្សាយ​លិខិត​រំលែក​ ទុក្ខ​មួយ​ច្បាប់​ផង​ដែរ ពីព្រោះ​លោក លិម គិមយ៉ា ធ្លាប់​ធ្វើ​ជា​តំណាង​រាស្ត្រ ដែល​មាន​ឋានៈ​ជា​ឧត្ដម​មន្ត្រី​ផុត​លេខ។

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ថា ការ​ខ្វះ​សុជីវធម៌​បែប​នេះ ពី​សំណាក់​លោក ហ៊ុន សែន និង​កូន​ចៅ​គាត់ ធ្វើ​ឱ្យ​អ្នក​សង្កេតការណ៍​មាន​មន្ទិល​ សង្ស័យ​កាន់​តែ​ខ្លាំង​លើ​រូប​គាត់ ដែល​ពេល​នេះ ធ្វើ​មិន​ដឹង​មិន​ឮ ពី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា។

លើស​ពី​នេះ​ទៀត ក្រោយ​ពី​ការ​ដឹង​ដំណឹង​នៃ​ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ភ្លាមៗ​លោក សម រង្ស៊ី បាន​ចោទ​ចំៗ​លើ​លោក ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម​នេះ។

លោក សម រង្ស៊ី៖ «ប្រកែក​អត់​បាន​ទេ គ្មាន​នរណា​ក្រៅ​ពី[លោក]ហ៊ុន សែន ឬ​កូន​គាត់ ឮ​សូរ​ថា ហ៊ុន ម៉ានិត ក៏​សាហាវ​ដែរ។ គាត់​នឹង​អ្នក​បញ្ជា​ឱ្យ​សម្លាប់[លោក]បណ្ឌិត កែម ឡី ហើយ​[លោកដែល​[លោកលិម គិមយ៉ា បាន​តិះ​ទៀន​បាន​បក​អាក្រាត​ហ្នឹង គឺ​ត្រកូល​ហ៊ុន គឺ​មាន​ផល​ប្រយោជន៍​សម្លាប់[លោកលិម គិមយ៉ា ហើយ​សម្លាប់​មែន»

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២០ ខែ​មករា​ថា ការ​បញ្ជូន​ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ទៅ​ឱ្យ​ភាគី​ថៃ​វិញ គឺ​ដោយសារ​តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ពី​កាមេរ៉ា​នៅ​ថៃ បាន​បង្ហាញ​មុខ​ជន​ដៃ​ដល់​រួច​ទៅ​ហើយ ដែល​រដ្ឋាភិបាល​ភ្នំពេញ គ្មាន​ហេតុ​ផល​អាច​លាក់​ទុក​បាន​ទេ។

លោក​ថា វប្បធម៌​និទ្ទណ្ឌភាព​លើ​ឃាតកម្ម​នយោបាយ កើត​មាន​ជាង៣០ ឆ្នាំ​ហើយ ដូច្នេះ​លោក​ថា ដើម្បី​អាច​បំបាត់​ការ​សន្មតិ អំពី​ការ​ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា គឺ​ទាល់​តែ​រដ្ឋាភិបាល ហ៊ាន​បង្ហាញ​ការ​ពិត ដោយ​ស្មោះត្រង់ ក្នុង​ការ​ចាប់​បញ្ជូន​ជន​សង្ស័យ​ជន​ជាតិ​ខ្មែរ​ពីរ​នាក់ ទៅ​ឱ្យ​ភាគី​ថៃ អនុវត្ត​ដំណើរ​ការ​ក្ដី។

លោក វ៉ន ចាន់ឡូត៖ «ករណី​ឃាតកម្ម​លោក លិម គិមយ៉ា ខ្ញុំ​យល់​ថា រដ្ឋាភិបាល​គួរ​តែ​ចូលរួម​ធ្វើ​ការ​សហការ​ដោយ​ស្មោះ​ត្រង់ ហើយ​នឹង​ដោយ​ទទួល​ខុស​ត្រូវ ជាមួយ​នឹង​សហគមន៍​អន្តរជាតិ រួម​មាន​ប្រទេស​បារាំង ប្រទេស​ថៃ ដែល​គេ​កំពុង​តែ​ចេញ​និវេទន៍​ក្រហម​ឬ​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ពីរ​រូប»។

មក​ដល់​ពេល​នេះ សមត្ថកិច្ច​ថៃ​បាន​បង្ហាញ​មុខ​បុគ្គល​ពាក់ព័ន្ធ ៤នាក់ ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​លោក លិម គិមយ៉ា។ បុគ្គល​ទាំង៤នាក់ រួម​មាន ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ អ្នក​បើក​ឡាន​ជន​ជាតិ​ថៃ​ឈ្មោះ ឆាឃីត ប៊ួប្លី (Chakit Buaplee) ដែល​បាន​ដឹក​ខ្មាន់​កាំ​ភ្លើង​គេច​ខ្លួន​ចូល​ទឹក​ដី​កម្ពុជា អ្នក​ឱ្យ​តម្រុយ​ជា​ជន​ជាតិ​ខ្មែរ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត ជា​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​លោក លី រតនរស្មី ដែល​ជាប់​ចោទ​ជា​អ្នក​បញ្ជា​ខ្មាន់​កាំ​ភ្លើង ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា។

ជន​ជាតិ​ខ្មែរ​លោក ពេជ្រ គឹមស្រ៊ិន និង លោក លី រតនរស្មី ត្រូវ​បាន​តុលាការ​ ព្រហ្មទណ្ឌ​ថៃ ចេញ​ដីកា​ចាប់​ខ្លួន​រួច​ហើយ។ លោក ពេជ្រ គឹមស្រ៊ិន ជាប់​សង្ស័យ​ ឱ្យ​តម្រុយ​ដល់​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​លោក លិម គិមយ៉ា រីឯ​លោក លី រតនរស្មី ត្រូវ​បាន​តុលាការ​ថៃ ចោទ​ប្រកាន់​ពី​បទ​ជួល​អ្នក​ដទៃ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុក ​ជា​មុន និង​ប្រើប្រាស់​កាំ​ភ្លើង​ខុស​ច្បាប់​នៅ​ទី​សាធារណៈ។ អ្នក​ទាំង​ពីរ ក៏​ត្រូវ​បាន​ ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល ចេញ​និវេទន៍​ក្រហម​ស្វែង​រក​ចាប់​ខ្លួន​ដែរ។
ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ ប្រាប់​ប៉ូលិស​ថៃ​ថា ការ​សម្លាប់​ លោក លិម គិមយ៉ា ជា​រឿង​គំនុំ​បុគ្គល។ ប៉ុន្តែ​ភរិយា​របស់​សព​លោក លិម គិមយ៉ា គឺ​អ្នកស្រី លិម អានី បាន​ប្រតិកម្ម​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃទី១៦ ខែ​មករា ថា ឃាតកម្ម​សម្លាប់​ប្ដី​របស់​អ្នកស្រី គឺ​ជា​រឿង​នយោបាយ ដែល​ទាក់ទង​នឹង​រដ្ឋាភិបាល ភ្នំពេញ មិនមែន​ជា​រឿង​គំនុំ​បុគ្គល ដូច​ចម្លើយ​របស់​ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ ដែល​ បាន​ប្រាប់​ប៉ូលិស​ថៃ​ឡើយ។ រីឯ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​ក្រុម​អ្នក​ឃ្លាំ មើល ក៏​ចង្អុល​ដាក់​លោក ហ៊ុន សែន និង​បក្ខពួក​គាត់​ដែរ។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ឃាតកម្ម​ដ៏​ព្រៃ​ផ្សៃ​នេះ គួរ​តែ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ ទៀត លើ​ក្រុម​អ្នក​មាន​អំណាច​កំពូល​ៗ​នៅ​កម្ពុជា ដែល​មាន​តម្រុយ​ជាប់​ពាក់ព័ន្ធ។ បុគ្គល​ទាំង​នោះ រួមមាន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង និង​អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃ្លាំង ហួត ដែល​សុទ្ធ​តែ​មាន​ឥទ្ធិពល​បញ្ជា​ការងារ​ដោយ​ផ្ទាល់​លើ​លោក លី រតនារស្មី និងលោក ពេជ្រ គឹមស្រ៊ិន រួម​ទាំង​ ឧបនាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ានី ពីព្រោះ​លោក លិម គិមយ៉ា ត្រូវ​បាន​សម្លាប់​ ក្រោយ​ពី​រិះគន់​ចំ​លើ​លោក ហ៊ុន ម៉ានី ដែល​បាន​ដឹកនាំ​ធ្វើ​ពិធី «សាទរ​កម្ពុជា» ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment