សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​ប្ដេជ្ញា​ចេញ​មុខ​តវ៉ា​បើ​អាជ្ញាធរ​មិន​ដោះលែង​កូនស្រី

ដោយ ខាន់ លក្ខិណា
2025.02.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​ប្ដេជ្ញា​ចេញ​មុខ​តវ៉ា​បើ​អាជ្ញាធរ​មិន​ដោះលែង​កូនស្រី

លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំម៉ី សកម្មជន​បឹង​កក់​ ព្យាយាម​ជួប​មុខ​កូនស្រី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ រូបពីពលរដ្ឋ


សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំម៉ី ដែល​មាន​វ័យ ៨៤ឆ្នាំ ប្ដេជ្ញា​ចេញ​តវ៉ា រហូត​ដល់​អាជ្ញាធរ​ដោះលែង​កូនស្រី​របស់​គាត់ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​កូនស្រី ថា​ជា​រឿង​អយុត្តិធម៌។ ការ​ប្ដេជ្ញា​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​បញ្ជូន​កូន​របស់​លោកស្រី គឺ​លោកស្រី អេង សុខា ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី០១ ខែ​កុម្ភៈ​នេះ។ សង្គម​ស៊ីវិល​ថា តុលាការ​គួរ​តែ​ដោះលែង​កូន​លោកស្រី ង៉ែត ឃុន ឱ្យ​មាន​សេរីភាព ដើម្បី​កុំ​ឱ្យ​គ្រួសារ​ពួកគាត់​រង​ភាព​អយុត្តិធម៌​ផ្ទួន​គ្នា។

សកម្មជន​បឹង​កក់​លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំម៉ី ចាត់​ទុក​ការ​ចាប់​ខ្លួន​កូនស្រី របស់​លោកស្រី​នៅ​ពេល​នេះ គឺ ជា​ការ​គំ​កួន​របស់​អាជ្ញាធរ​មក​លើ​កូនស្រី​លោកស្រី ដែល​តែង​តែ​ចេញ​មុខ​តវ៉ា​ទាមទារ​យុត្តិធម៌​ឱ្យ​លោកស្រី និង​សហគមន៍។

លោកស្រី  ង៉ែត ឃុន អះអាង​ថា នៅ​រសៀល​ថ្ងៃទី០១ ខែ​កុម្ភៈ សមត្ថកិច្ច​បញ្ជូន​ កូនស្រី​របស់​គាត់​ទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ  បន្ទាប់​មក​ក៏​បញ្ជូន​ ទៅ​ឃុំ​នៅ​ខណ្ឌ​ជ្រោយ​ចង្វា​វិញ។ លោកស្រី​ប្ដេជ្ញា​ចិត្ត​ចេញ​មុខ​ទាមទារ​យុត្តិធម៌​ ឱ្យ​ដល់​ទី​បញ្ចប់ បើ​សមត្ថកិច្ច​មិន​ព្រម​ដោះលែង​កូនស្រី​នោះ​ទេ។

លោកស្រី ង៉ែត ឃុន៖«បើ​សិន​ដាក់​កូន​ខ្ញុំ​នៅ​ពន្ធនាគារ គឺ​ខ្ញុំ​ចេញ​មក​តវ៉ា​ទៀត ឱ្យ​តុលាការ​ចង់​ចាប់ ចាប់​ឱ្យ​អស់​ចុះ កូន​ខ្ញុំ​មួយ​ពូជ ចាប់​ដាក់​ពន្ធនាគារ​ទាំងអស់​គ្នា ដោយសារ​តែ​ភាព​អយុត្តិធម៌​សម្រាប់​ខ្ញុំ ដូច​ជា​គេ​វាយ​ខ្ញុំ​បែក​ក្បាល​អ៊ីចឹង ហេតុ​អី​ប្រព័ន្ធ​តុលាការ​មិន​ចាប់​ជន​ល្មើស​ជន​ល្មើស​នៅ​រាល់​ថ្ងៃ ហើយ​រូប​ភាព ភស្តុតាង​មាន​ទាំងអស់»។

ស្ត្រី​អាយុ ៨៤ ឆ្នាំ​រូប​នេះ លើក​ឡើង​ថា កូនស្រី​របស់​លោកស្រី បាន​សារភាព​ថា គាត់​ពិត​ជា​បាន​វាយ​កញ្ចក់​នៅ​ខាង​មុខ​តុលាការ​មែន។ ប៉ុន្តែ លោកស្រី​រៀបរាប់​ថា ការ​វាយ​កញ្ចក់​នោះ គឺ​ព្រោះ​តែ​សន្តិសុខ​ក៏​បាន​ចូលរួម​បង្ក​ហេតុ​ដែរ ដោយ​កម្លាំង​ សន្តិសុខ មិន​ត្រឹម​តែ​រំខាន​ការ​ផ្សាយ​ផ្ទាល់ ឬLive តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​


របស់​កូនស្រី​លោកស្រី​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ប្រើ​អំពើ​ហិង្សា​លើ​គាត់​ផង ជាហេតុ ធ្វើ​ឱ្យ​កូន​របស់​លោកស្រី​ខឹង និង ឈាន​ដល់​ការ​វាយ​កញ្ចក់​នោះ។

លោកស្រី ង៉ែត ឃុន៖ «បើ​គេ​មិន​លែង បើ​មិន​អ៊ីចឹង វា​ឱ្យ​ចាប់​ប៉ូលិស​តុលាការ ៥ ទៅ ៥ នាក់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឱ្យ​វា ព្រោះ​ពួកគាត់​សុទ្ធ​តែ​ប្រុសៗ ៤ ទៅ ៥ នាក់​មក​ចាប់​វា​មក​បោច​សក់​វា។ ម៉ែ​ឯង​មើលៗៗ មើល​សក់​វា​បោច​ចេញ​មក ហើយ​ដៃ​ខ្ញុំ​ឃើញ​ហើម​មែន ហើយ​កួយ​ដៃ​ដាច់​ចេញ​ឈាម ហើយ​នឹង​ក្បាល»។

លោកស្រី ង៉ែត ឃុន ថា ការ​ចាប់​ខ្លួន​កូន​របស់​លោកស្រី​ដាក់​ឃុំ​ក្នុង​រឿង​នេះ គឺ​ជា​អំពើ​អយុត្តិធម៌ នៅ​ពេល​សន្តិសុខ​ដែល​បាន​បង្ក​រឿង បែរជា​រួច​ខ្លួន​ទៅ​វិញ។ លោកស្រី ទទូច​ឱ្យ​សមត្ថកិច្ច​ដោះលែង​កូនស្រី ហើយ​លោកស្រី​សុខ​ចិត្ត​ជួស​ជុល​កញ្ចក់​សង​តុលាការ​វិញ។ លោកស្រី​ថា អាជ្ញាធរ​ឃុំ​ខ្លួន​កូន​លោកស្រី​នៅ​កន្លែង​ស្អុយ​ឆ្អេះឆ្អាប​ស្ទើរ​តែ ដក​ដង្ហើម​មិន​រួច គឺ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ។

លោកស្រី ង៉ែត ឃុន៖ «កូន​ខ្ញុំ​វាយ​កញ្ចក់​ហ្នឹង​បែក​ពិត​ប្រាកដ​មែន ខ្ញុំ​​សូម​ធ្វើ​ឱ្យ​ស្អាត​វិញ សូម​ដោះលែង​កូន​ខ្ញុំ​ទៅ បើ​សិន​ជា​តុលាការ ចៅក្រម​យុត្តិធម៌ ឯករាជ្យ​ពិត​ប្រាកដ​ស្រុក​ខ្មែរ កុំ​យក​ទោស​ពៃ​កូន​ខ្ញុំ​អី។ កូន​ខ្ញុំ​សតិអារម្មណ៍​អត់​មូល​ទេ វា​ចង់​សរសៃប្រសាទ​ផង អ៊ីចឹង​មិន​អាច​ប្រកាន់​វា​បាន​ទេ»។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ឃាត់​ខ្លួន​កូន​ស្រី​សកម្មជន​បឹង​កក់​លោកស្រី ង៉ែត ឃុន គឺ​លោកស្រី អេង សុខា ដោយ​ពុំ​មាន​ដីកា កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា គឺ​ក្នុង​អំឡុង​ ពេល​ដែល​លោកស្រី អេង សុខា ទៅ​តវ៉ា​និង​ផ្សាយ​ផ្ទាល់​ឬLiveលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។  ក្នុង​ការ​ផ្សាយ​ផ្ទាល់​នោះ លោកស្រី​បាន​រិះគន់​តុលាការ ដែល​កាត់​ក្ដី​ដោយ​អយុត្តិធម៌ លើ​សំណុំ​រឿង​ម្ដាយ របស់​លោកស្រី​គឺ​លោកស្រី ង៉ែត ឃុន   ដែល​ត្រូវ​ក្រុម​សន្តិសុខ​ក្រុង​ភ្នំពេញ បាន​ វាយ​ដំ​ឱ្យ​បែក​ក្បាល​ហូរ​ឈាម ពេល​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ជម្លោះ​ដី​ធ្លី កាល​ពី​ ជាង១០ឆ្នាំ​កន្លង​មក។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ ពី​អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​លោក  លឹម សុភា និង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅ ថ្ងៃទី០១ ខែ​កុម្ភៈ។

ជុំវិញ​ករណី​នេះ មន្ត្រី​សិទ្ធិមនុស្ស នៃ​សមាគម​ការពារ​សិទ្ធិ មនុស្ស​អាដហុក លោក យិន ម៉េងលី ថា តុលាការ គួរ​តែ​សម្រេច​ដោះលែង​លោកស្រី អេង សុខា ឱ្យ​មាន​ សេរីភាព ទោះបី​ជា​គាត់​មាន​សកម្មភាព និង​ប្រើ​ពាក្យ​សម្ដី​លើស​លស់​បន្តិច​ក៏ ដោយ។ លោក​ថា ការ​ផ្សាយ​ផ្ទាល់​របស់​លោកស្រី អេង សុខា លើ​បណ្ដាញ​សង្គម​នេះ  កើត​ចេញ​ពី​ការ​ឈឺ​ចាប់ និង​ការ​មិន​សប្បាយចិត្ត ដែល​គាត់​មិន​អាច​ទប់ ចិត្តបាន ពី​ការ​មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​តែ​ប៉ុណ្ណោះ។ លោក​ថា ករណី​នេះ គួរ​ណាស់​តែ​តុលាការ​ចាត់​ទុក​ជា​ការ​សម្ដែង​មតិ។

លោក យិន ម៉េងលី៖ «ប្រសិន​បើ​តុលាការ​បន្ត​ឃុំ​ខ្លួន​គាត់ ដោយ​តែ​គាត់​មាន​ការ​រំជើប​រំជួល​ចិត្ត ដោយសារ​តែ​គាត់​រង​នូវ​ភាព​អយុត្តិធម៌។ អ៊ីចឹង គេ​នឹង​មើល​ឃើញ គេ​នឹង​ធ្វើ​ការ​រិះគន់​បន្ថែម​ទៀត ទៅ​លើ​ប្រព័ន្ធ​តុលាការ​របស់​យើង​ហ្នឹង។មួយ​ទៀត​នេះ ជា​ផ្នែក​មួយ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ក៏​ដូច​ជា​ការ​តស៊ូ​មតិ​ដែរ របស់​ពួកគាត់ ទោះបី​ជា​មាន​ការ​ពាក្យ​ពេចន៍​ធ្ងន់ធ្ងរ​ខ្លះ​ក៏​ដោយ។ អ៊ីចឹង​យើង​ចង់​តុលាការ​ពិនិត្យ និង​ធ្វើ​ការ​ដោះលែង​គាត់​វិញ ដើម្បី​កុំ​ឱ្យ​មាន​ការ​រង​ការ​រិះគន់​ពី​បញ្ហា​ប្រព័ន្ធ​តុលាការ​របស់​យើង​ហ្នឹង»។

លោកស្រី អេង សុខា កូនស្រី​របស់​សកម្មជន​បឹង​កក់ គឺ​លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំមី តែង​តែ​ចេញ​មុខ​តវ៉ា ទាមទារ​យុត្តិធម៌​សង្គម​ជាមួយ​ម្ដាយ​ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​មក​នេះ ជា​ពិសេស​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ និង​ករណី​ចាប់​ខ្លួន​សកម្មជន​សង្គម​នានា។

អ្នក​ឃ្លាំមើល​ថា ការ​ឃាត់​ខ្លួន​លោកស្រី អេង សុខា ដែល​គ្រាន់​តែ​ផ្សាយ​ផ្ទាល់​លើ​ បណ្ដាញ​សង្គម សម្ដែង​មតិ​អំពី​បញ្ហា​សង្គម និង​ទាមទារ​យុត្តិធម៌​ជូន​ម្ដាយ​គឺ​ជា​ ការ​ដាក់​ទណ្ឌ​កម្ម​បន្ថែម​លើ​ភាព​ឈឺ​ចាប់ ដែល​គ្រួសារ​ពួកគាត់​កំពុង​តែ​ទទួល​រង​ និង​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស៕

What Next?

Recent Articles

Leave a Reply

Submit Comment