ស៊ីម៉ាកផ្អាកសកម្មភាពបោសសម្អាតគ្រាប់បែករបស់អាមេរិកក្នុងខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកជំនួយ

កម្ពុជា
អង្គភាពស៊ីម៉ាក-ជំនួយអាមេរិក
01/02/2025 – 12:14
ដោយ៖ សាំ ឧត្តម
RFI

អគ្គនាយកអង្គភាពស៊ីម៉ាក លោក ហេង រតនាបានប្រកាសនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ពីការផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពបោសសម្អាតយុទ្ធភណ្ឌសង្គ្រាមនៅតាមភូមិសាស្ត្រខេត្តចំនួន៨ ក្រោយសហរដ្ឋអាមេរិកបានផ្អាកការផ្តល់ជំនួយដល់អង្គការដែលធ្លាប់តែសហការជាមួយអង្គភាពស៊ីម៉ាក។ ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននេះនឹងមានរយៈពេលចំនួន៨៥ថ្ងៃ។ តែអង្គភាពស៊ីម៉ាកនៅមិនទាន់ចាត់ទុកការផ្អាកជំនួយរបស់អាមេរិកពេលនេះជាការផ្តាច់ជំនួយទាំងស្រុងដែលនាំឲ្យប៉ះពាល់ដល់សកម្មភាពបោសសម្អាតសំណល់សង្គ្រាមដែលបន្សល់ទុកដោយអាមេរិកនោះឡើយ។

ស៊ីម៉ាកផ្អាកសកម្មភាពបោសសម្អាតគ្រាប់បែករបស់អាមេរិកក្នុងខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកជំនួយ


យោងតាមខ្លឹមសារបង្ហោះនៅលើបណ្តាញសង្គម លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឫហៅថាស៊ីម៉ាក (CMAC) បង្ហាញការសោកស្តាយដែលប្រតិបត្តិការបោសសម្អាតមីនជាសំណល់ក្នុងសម័យសង្គ្រាមត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងខេត្តកំពង់ចាម ក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។ តាមលោក ហេង រតនា ការផ្អាកប្រតិបត្តិការនៅក្នុងខេត្តទាំង ៨នេះនឹងមានរយៈ ៨៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងថ្មី។

តែនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហេង រតនាមិនភ្លេចបញ្ជាក់ថា ស៊ីម៉ាកផ្អាកតែសកម្មភាពបោសសម្អាតយុទ្ធភណ្ឌសង្គ្រាមសម្រាប់ខេត្តនៅទិសខាងកើតដែលជាខេត្តរងគ្រោះពីការទម្លាក់គ្រាប់បែករបស់អាមេរិកក្នុងសម័យសង្គ្រាមប៉ុណ្ណោះ។  

ចំណែកការបោសសម្អាតគ្រាប់មីន គ្រាប់បែក និងសំណល់មិនទាន់ផ្ទុះនៅតាមបណ្តាខេត្តដទៃទៀតនឹងនៅតែបន្តមាន។ ក្នុងនាមជាប្រធានអង្គភាពស៊ីម៉ាក លោក ហេង រតនា ចាត់ទុកការផ្អាកជំនួយរបស់អាមេរិកពេលនេះថានៅមិនទាន់អាចរាប់បញ្ចូលជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ផែនការយុទ្ធសាស្ត្រជាតិកម្ពុជាគ្មានមីននៅត្រឹមឆ្នាំ២០៣០ បាននោះទេ ដ្បិតជំនួយអាមេរិកស្ថិតក្នុងការពិចារណានៅឡើយ។

មួយវិញទៀត និងបើតាមអគ្គនាយកអង្គភាពស៊ីម៉ាករូបនេះដដែល ជំនួយរបស់អាមេរិកគ្រាន់តែជាជំនួយមួយក្នុងចំណោមជំនួយជាង៣០គម្រោងផ្សេងទៀតរបស់បរទេសដែលជួយលើសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។  

ក្រុមការងារស៊ីម៉ាករកឃើញសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលទម្លាក់ដោយសហរដ្ឋអាមេរិក្នុងអំឡុងសម័យសង្គ្រាម
ក្រុមការងារស៊ីម៉ាករកឃើញសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលទម្លាក់ដោយសហរដ្ឋអាមេរិក្នុងអំឡុងសម័យសង្គ្រាម © CMAC

លោក ហេង រតនាបានបន្ថែមទៀតថា ទោះបីប្រតិបត្តិការបោសសម្អាតចម្ការគ្រាប់បែកនៅក្នុងភូមិសាស្ត្រខេត្តទាំង៨ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នក៏ដោយក៏ពលរដ្ឋ និងអាជ្ញាធរអាចជូនដំណឹងមកអង្គភាពស៊ីម៉ាក និងកម្លាំងនគរបាលជាតិតាមមូលដ្ឋានដើម្បីឱ្យស៊ីម៉ាកបញ្ចូនកម្លាំងជំនាញពីគម្រោងផ្សេងទៅជួយបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋ។

សូមជម្រាបថា ក្នុងរយៈ៣ឆ្នាំ ៩ខែកន្លងមកនេះ អាមេរិកបានផ្តល់ជំនួយជាថវិកាជាង ៦លាន ៣សែនដុល្លារដល់អង្គភាពស៊ីម៉ាកតាមរយៈអង្គការដៃគូ និងបានគាំទ្រកម្លាំងជំនាញបច្ចេកទេសសរុបជិត២០០នាក់។

បន្ថែមពីនេះ បើគិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥ នេះ ស៊ីម៉ាកដែលគ្រប់គ្រងនៅតំបន់ខេត្តទាំង៨ ខាងលើ បានបោសសម្អាតចម្ការគ្រាប់សរុបចំនួន ៥៦១ពហុកោណ ដែលមានទំហំផ្ទៃដីចំនួន១១.១៩៥ហិកតា រុករកឃើញ កម្ទេចចោលគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន២៧.០២២គ្រាប់ ក្នុងនោះ មានគ្រាប់បែកចង្កោមចំនួន ១៧.៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំចំនួន៦៩គ្រាប់៕

What Next?

Recent Articles

Leave a Reply

Submit Comment