ករណី​ជនបរទេស​ដែល​មក​ធ្វើការ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ស្លាប់ មាន​ចំនួន​កាន់តែ​ច្រើន

ដោយ សេក បណ្ឌិត
2025.02.02
RFA

ករណី​ជនបរទេស​ដែល​មក​ធ្វើការ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ស្លាប់ មាន​ចំនួន​កាន់តែ​ច្រើន

ក្រុម​ជន​ជាតិ​ចិនកំពុង​ធ្វើ​ដំណើរ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


មន្ត្រី​ប្រចាំការ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អះអាង​ថា នៅ​រយៈកាល​ចុងក្រោយ​នេះ មាន​ករណី​ជនបរទេស ដែល​មក​ធ្វើការ និង​ស្នាក់នៅ​ក្នុង​អាគារ​កាស៊ីណូ បាន​ស្លាប់​ជាបន្តបន្ទាប់ គួរ​ឱ្យ​កត់សម្គាល់។ ប្រភព​បញ្ជាក់​ថា តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​អាជ្ញាធរ មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជនបរទេស​ទាំងនេះ ភាគច្រើន​បណ្ដាលមកពី​ជំងឺ​ប្រចាំ​កាយ ធ្វើការ​ហួស​កម្រិត ការ​ប្រើប្រាស់​គ្រឿងញៀន និង​មួយ​ចំនួន​ទៀត បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរ និង​ធ្លាក់​ពី​លើ​អាគារ​កាស៊ីណូ ជាដើម។

ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បច្ចុប្បន្ន​កាន់តែ​មាន​ភាព​មមាញឹក​ខ្លាំង​ជាង​មុន បន្ទាប់ពី​ក្រុមហ៊ុន​កាស៊ីណូ​ជាច្រើន បាន​ពង្រីក​សេវាកម្ម​តាម​អនឡាញ ដោយ​មាន​ជនបរទេស​ចម្រុះ​ជាតិសាសន៍ មាន​ដូចជា ចិន (China) ឥណ្ឌូណេស៊ី (Indonesia) ហ្វីលីពីន (Philippines) ថៃ (Thailand) ឥណ្ឌា (India) និង​ប៉ាគីស្ថាន (Pakistan) ជាដើម បាន​មក​ធ្វើការ​នៅ​ក្នុង​វិស័យ​បនល្បែង។ កត្តា​នេះ បាន​ធ្វើ​ឱ្យ​ក្រុង​ប៉ោយប៉ែត កើត​មាន​បញ្ហា​សង្គម​កាន់តែ​ច្រើន។

បុគ្គលិក​ធ្វើការ​នៅ​កាស៊ីណូ​មួយ​កន្លែង ក្នុង​ក្រុង​ប៉ោយប៉ែត ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ថា មួយ​រយៈកាល​ចុងក្រោយ​នេះ មាន​ករណី​ជនបរទេស​ដេក​ស្លាប់​ក្នុង​អាគារ​កាស៊ីណូ ជាបន្តបន្ទាប់។ ប្រភព​ដដែល​បន្ត​ថា បើ​តាម​មន្ត្រី​ជំនាញ​ដែល​មក​ធ្វើ​កោសល្យវិច័យ ឱ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជនបរទេស​ទាំង​នោះ ភាគច្រើន គឺ​បណ្ដាលមកពី​គាំងបេះដូង ឬ​ខ្យល់គរ ប៉ុន្តែ​បើ​តាម​ការ​មើល​ឃើញ​របស់​លោក អ្នក​ស្លាប់​ទាំង​នោះ ភាគច្រើន​បាន​ប្រើប្រាស់​គ្រឿងញៀន និង​វាយតប់​គ្នា​ទម្លាក់​ពី​លើ​អគារ។

បុគ្គលិក​កាស៊ីណូ៖ «រឿង​ជនបរទេស​ដេក​ស្លាប់​ក្នុង​អាគារ​ហ្នឹង មាន​រាល់​តែ​ថ្ងៃ​ហ្នឹង។ ប៉ុន្តែ​ពេល​ខ្លះ​យើង​ដឹង ពេល​ខ្លះ​យើង​មិន​ដឹង។ ហើយ​ក្នុងមួយថ្ងៃ​ក៏​មាន​ច្រើន​ករណី​ដែរ។ ហើយ​ករណី​ទាំងអស់​ហ្នឹង មិនមែន​សុទ្ធតែ​ដឹង​ស្លាប់​ទាំងអស់​នោះ​ទេ។ ហើយ​ករណី​ខ្លះ​ឈ្លោះ​គ្នា​ឯង ហើយ​វាយ​គ្នា​ធ្លាក់​ពី​លើ​អាគារ។ ភាគច្រើន​គឺ​សុទ្ធតែ​អ៊ីចឹង ព្រោះ​ជនជាតិ​ទាំងអស់​ហ្នឹង និយម​លេង​ថ្នាំ ធ្វើ​ឱ្យ​គាំង​ថ្នាំ​ស្លាប់។ អ្នកខ្លះ​ក៏​ឈឺ​ស្លាប់​មែន​ទៅ»

ជនបរទេស​ដែល​គេ​ប្រទះឃើញ​ស្លាប់​ក្នុង​អាគារ ភាគច្រើន​គឺ​ជនជាតិ​ចិន ឥណ្ឌូណេស៊ី ឥណ្ឌា និង​ប៉ាគីស្ថាន ជាដើម។ ក្រៅពី​ការ​ស្លាប់​នៅ​ក្នុង​អាគារ​ហើយ​នោះ មាន​ជនបរទេស​មួយ​ចំនួន​ទៀត បាន​ស្លាប់​បាត់បង់ជីវិត​នៅ​លើ​ដង​ផ្លូវ មាន​ចំនួន​កើន​ឡើង​ដូចគ្នា​ដែរ ដោយសារ​ជនបរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មិន​បាន​គោរពច្បាប់​ចរាចរ។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ធ្វើការ​នៅ​ក្រុង​ប៉ោយប៉ែត ម្នាក់ទៀត គឺ​លោក គូ ឡុង រៀបរាប់​ថា ជនបរទេស​មួយ​ចំនួន ដែល​មក​ធ្វើការ​នៅ​ក្រុង​ប៉ោយប៉ែត មិន​គោរពច្បាប់​ចរាចរ​ឡើយ ដោយ​ពួកគេ​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ជារឿយៗ ពួកគេ​តែងតែ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ ដូចជា​ការ​បុក​ជាមួយ​រថយន្ត និង​ផាសអាប់ (PassApp) រហូត​ដល់​មាន​អ្នក​ស្លាប់។ លោក​បន្ត​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក គូ ឡុង៖ «និយាយ​ទៅ​តាម​មនុស្ស​ដែរ មិន​ថា​ជនជាតិ ឬ​ខ្មែរ​នោះ​ទេ។ ហើយ ខ្ញុំ​ធ្លាប់​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរ​ដែរ តែ​មិន​ដឹង​ច្បាប់ ដឹង​តែ​ជិះ​រញ៉េរញ៉ៃ​ហើយ។ ខ្ញុំ​គិត​ថា មាន​តែ​ជនជាតិ​ឥណ្ឌូណេស៊ី ទេ​ភាគ​ច្រើន ដែល​ជិះ​ព្រហើន»

ងាក​មក​ករណី​ស្លាប់​របស់​ជនបរទេស ដែល​ធ្លាក់​ស្លាប់​ពី​លើ​អាគារ​កាស៊ីណូ​វិញ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ស៊ា សៅឌី ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា កាលពី​ថ្ងៃទី១ ខែ​កុម្ភៈ មាន​ករណី​ជនជាតិ​ឥណ្ឌូណេស៊ី ម្នាក់​បាន​ធ្លាក់​ពី​លើ​អាគារ​ការស៊ីណូ ក្រោន(Crown Casino) បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង។ លោក​បញ្ជាក់​ថា ករណី​ជនបរទេស​ធ្លាក់​ពីលើ​អាគារ​កាស៊ីណូ ជាបន្តបន្ទាប់​នេះ មន្ត្រី​ស៊ើបអង្កេត នៅ​មិនទាន់​បង្ហាញ​ពី​លទ្ធផល​នៅ​ឡើយ។

លោក ស៊ា សៅឌី៖ «ករណី​ហ្នឹង​កម្លាំង​បាន​ចុះ​ទៅ​ហើយ ហើយ​ឥឡូវ​សព្វ​តម្កល់​នៅ​មន្ទីរពេទ្យ រង់ចាំ​ធ្វើ​កោសល្យវិច័យ»

ដោយឡែក កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា មាន​ជនជាតិ​ថៃ​ម្នាក់ បាន​ធ្លាក់​ពីលើ​អគារ​ហ្គោលឌិន (Golden) របស់​កាស៊ីណូ​ក្រោន ជាន់​ទី​១៤ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ។ កាសែត​ថៃ​រាយការណ៍​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ គឺជា​ជនរងគ្រោះ​ពី​ការ​បង្ខំ​របស់​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដែល​បង្ខំ​ឱ្យ​បម្រើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ និង​ហៅ​ទូរស័ព្ទ​ឆ្លង​ប្រទេស (Call Center)។

អគារ​កាស៊ីណូ​ក្រោន នៅ​ក្នុង​ប៉ោយប៉ែត ដែល​ល្បី​ថា​សម្បូរ​ជនបរទេស​ធ្លាក់​ស្លាប់​នោះ គឺជា​កម្មសិទ្ធិ​របស់ លោក កុក អាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា។ កន្លងទៅ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​ចង្អុល​បង្ហាញ​ថា អគារ ២៥ជាន់ នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ក្រោន គឺជា​ទីតាំង​ឆបោក​តាម​អនឡាញ។ ក្រោយ​ការ​ចង្អុល​បង្ហាញ​នេះ ប៉ូលិស​ថៃ​បាន​ស៊ើបអង្កេត​ឃើញ​ថា អាគារ ២៥ជាន់​នេះ គឺជា​រោងចក្រ​នៃ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ប្រតិបត្តិការ​គេហទំព័រ​ល្បែងស៊ីសង​ខុសច្បាប់ ដែល​មាន​ក្រុម​ឧក្រិដ្ឋជន ដែល​ជា​ជនជាតិ​ចិន ជា​អ្នក​គ្រប់គ្រង។

ទោះជា​បែបនេះ​ក្ដី អាជ្ញាធរ​កម្ពុជា មិន​បាន​បើក​ការ​ស៊ើបអង្កេត និង​ឆ្មក់​ចូល​ឆែកឆេរ​អគារ​កាស៊ីណូ ២៥ជាន់​នេះ​ឡើយ និង​បណ្ដោយ​ឱ្យ​ឧក្រិដ្ឋជន ជនជាតិ​ចិន បាន​ជម្លៀស​មនុស្ស ចេញចូល​តាម​អំពើ​ចិត្ត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ព្រហ្ម ពិសិដ្ឋ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក កុក អាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចុះ​ស៊ើបអង្កេត​ករណី​ជនបរទេស​ដេក​ស្លាប់​ក្នុង​បន្ទាប់ នៅ​អគារ​កាស៊ីណូ និង​ករណី​ធ្លាក់​ពីលើ​អាគារ ដើម្បី​បញ្ជាក់​ថា តើ​ករណី​ទាំង​នោះ ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស​ឱ្យ​ធ្វើការ​លើសកម្រិត និង​ការ​ឆបោក​តាម​អនឡាញ​ដែរ​ឬទេ។

លោក អ៊ិន គង់ជិត៖ «បើសិនជា​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​អ្នក​ទទួលខុសត្រូវ អ្នក​ទទួល​បញ្ជា​សហចារី ឬក៏​ម្ចាស់​ទីតាំង​ដែរ​បាន​ប្រព្រឹត្តិ​បទល្មើស​ហ្នឹង គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរតែ​ដក​អាជ្ញាប័ណ្ណ ហើយ​បញ្ឈប់​សកម្មភាព​ប្រកបមុខរបរ​តាម​អនឡាញ​ហ្នឹង ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់​ព្រះរាជាណាចក្រ​កម្ពុជា»

ជុំវិញ​ករណី​ជនបរទេស ដែល​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​តាម​អនឡាញ ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ និង​ធ្លាក់​ពីលើ​អគារ​នេះ ពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដែល​ជ្រក​ក្រោម​ស្លាក​យីហោ​កាស៊ីណូ ដើម្បី​ការពារ​កុំ​ឱ្យ​ក្រុង​ប៉ោយប៉ែត ក្លាយ​ជា​ឋានសួគ៌​បនល្បែង និង​ឆបោក៕

What Next?

Recent Articles

Leave a Reply

Submit Comment