ដោយ ជាតិ ចំណាន
2025.02.01
RFA

(ឆ្វេង) លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា និងយុវជនឈ្មោះ សិទ្ធិ ឬហៅថា Mr. Seth នៅប្រទេសជប៉ុន ដែលលោក ហ៊ុន សែន អះអាងថា រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មន្ត្រីបក្សប្រឆាំងរិះគន់ លោក ហ៊ុន សែន រឿងបញ្ចេញសារសំឡេងឆ្លើយឆ្លងនៅលើបណ្ដាញសង្គម បដិសេធយុវជនម្នាក់នៅជប៉ុនស្នើសុំធ្វើជាទីប្រឹក្សាថា ជារឿងឥតប្រយោជន៍ និងជានយោបាយឆ្ពិនភ្នែកពលរដ្ឋ។ ការលើកឡើងនេះ គឺក្រោយពេលប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បដិសេធមិនតែងតាំងយុវជនម្នាក់ឈ្មោះ សិទ្ធិ (Mr. Seth) ជាទីប្រឹក្សា ដោយសំអាងថា យុវជនរូបនោះគ្មានសមត្ថភាព និងចំណេះជំនាញ។ ប៉ុន្តែកន្លងមក គេដឹងថា លោក ហ៊ុន សែន ធ្លាប់បានតែងតាំងមនុស្សជាច្រើន ដែលបម្រើនយោបាយលោកឱ្យធ្វើជាទីប្រឹក្សា បើទោះជាអ្នកខ្លះគ្មានសមត្ថភាពក៏ដោយ។
មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគចាត់ទុកសារសំឡេងរបស់លោក ហ៊ុន សែន រឿងបដិសេធការតែងតាំងយុវជនម្នាក់ឈ្មោះ សិទ្ធិ (Mr. Seth) ជាទីប្រឹក្សា គ្រាន់តែជាការសំដែងល្ខោននយោបាយ និងបិទបាំងទង្វើអាក្រក់របស់ខ្លួន។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែកុម្ភៈថា ប្រសិនបើលោក ហ៊ុន សែន ជាមនុស្សគិតគូរពីផលប្រយោជន៍ជាតិជាធំនោះ លោក ហ៊ុន សែន មិនបន្តតាមកម្ទេចក្រុមអ្នកប្រឆាំងឡើយ។ លោកសង្កេតឃើញថា អត្តចរិតលោក ហ៊ុន សែន ជាមនុស្សហិង្សា និងចូលចិត្តប្រើអំណាចកម្ចាត់អ្នកដែលហ៊ានរិះគន់ក្រុមគ្រួសារត្រកូល «ហ៊ុន» ដូច្នេះ លោក ហ៊ុន សែន មិនខ្លាចរអានឹងកម្ចាត់ចោលអ្នក ដែលអស់ផលប្រយោជន៍ ចំពោះលោកឡើយ។
លោក អ៊ំ សំអាន៖ «ចេតនាគាត់ គឺគ្រាន់តែចង់បំបែកបំបាក់ក្នុងក្រុមយុវជនអ្នកប្រជាធិបតេយ្យហ្នឹង កុំឱ្យទុកចិត្តគ្នា ដើម្បីឱ្យយុវជនមានការសង្ស័យគ្នាបាក់សាមគ្គីទៅ ដើម្បីឱ្យគាត់ងាយស្រួលគ្រប់គ្រងដល់អ៊ីចឹង។ ធ្វើឱ្យអ្នកប្រជាធិបតេយ្យមានការបាក់ទឹកចិត្តសូម្បីតែក្នុងក្រុមយើងហ្នឹង ក៏មានអ្នកបង្គាប់ តាមអាហ្នឹងជានយោបាយបំបែកបំបាក់ដើម្បីគ្រប់គ្រងទេមិនមែនក្នុងបំណងល្អរបស់លោក ហ៊ុន សែន នោះទេ»។
ចំណែកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា ថ្លែងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី៣១ ខែមករាថា លោក ហ៊ុន សែន គឺជាមនុស្សក្រឡេចក្រឡុច និងផ្លាស់ប្ដូរអត្តចរិតបានគ្រប់ពេល ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះ ការបញ្ចេញសារសំឡេងរបស់លោក ហ៊ុន សែន ជាចេតនាបង្ហាញឱ្យមហាជនដឹងថា លោកអាចធ្វើអ្វីបានគ្រប់យ៉ាង ដើម្បីរក្សាអំណាចផ្ដាច់ការ។
លោក ស៊ន តារា៖ «ចំណុចសំខាន់ដែលខ្ញុំចង់និយាយនោះ គឺលោក ហ៊ុន សែន គ្មានអ្នកណាគេមើលគាត់យល់ទេ។ ពេលខ្លះជួបគាត់ជាមនុស្សចេះ ពេលដែលគាត់នៅក្នុងវេទិកាមួយ គាត់ជាមនុស្សចុះគាត់ចង់ឱ្យធ្វើមនុស្សហ្នឹង មើលគាត់អត់យល់។ ប៉ុន្តែ ស៊ន តារា មើលលោក ហ៊ុន សែន យល់ច្បាស់អ្វីដែលលោក ហ៊ុន សែន ឱ្យយើងឃើញគឺជារបស់ក្លែងក្លាយ»។
កាលពីថ្ងៃទី៣១ ខែមករា លោក ហ៊ុន សែន បានបញ្ចេញសារសំឡេងរយៈពេលជាង ៦នាទីនៅលើគណនីហ្វេសប៊ុករបស់លោកអំពីការសន្ទនារវាងលោក និងយុវជនម្នាក់ឈ្មោះ សិទ្ធិ ឬហៅថា Mr. Seth នៅប្រទេសជប៉ុន ដោយយុវជនរូបនេះស្នើសុំឱ្យលោក ហ៊ុន សែន តែងតាំងខ្លួនឯងជាទីប្រឹក្សាដើម្បីឱ្យរូបគេមានការងារធ្វើ។ ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធដោយសំអាងថា យុវជនរូបនោះពុំមានសមត្ថភាព និងចំណេះគ្រប់គ្រាន់ដើម្បីធ្វើជាទីប្រឹក្សាឡើយ ហើយការជ្រើសរើសទីប្រឹក្សានេះក៏ទាក់ទងនឹងការចំណាយថវិកាជាតិដែរ។ លើសពីនេះ លោក ហ៊ុន សែន ក៏បានសរេសរសំណេរភ្ជាប់ជាមួយនឹងសារសំឡេងនោះផងដែរ ដោយលោកអះអាងថា លោកបានឱ្យលុយទៅយុវជនឈ្មោះ សិទ្ធិ និងឪពុកម្ដាយរបស់យុវជនរូបនោះ ដើម្បីធ្វើជាដើមទុនរកស៊ី ប៉ុន្តែក្រោយមកយុវជននោះក៏វាយប្រហារលើលោក ដោយសារតែលោកបដិសេធមិនផ្ដល់ដំណែងជាទីប្រឹក្សា។ លោក ហ៊ុន សែន ក៏បញ្ជាឱ្យតុលាការសើរើរឿងក្ដីយុវជនឈ្មោះសិទ្ធិ នោះដែលជាប់ពាក់ព័ន្ធនឹងថ្ងៃទី១៨ សីហា ដែលរដ្ឋាភិបាលត្រកូល «ហ៊ុន» អះអាងថា គឺជាថ្ងៃ ដែលក្រុមប្រឆាំងរៀបចំផែនការចង់ផ្ដួលរំលំរដ្ឋាភិបាល។
លោក ហ៊ុន សែន៖ «កូនសុំអង្វរសម្ដេចពុកជួយកូនម្ដងឱ្យកូនបានធ្វើការងារនឹងគេ សម្ដេចពុកកូនមិនចង់ធ្វើការនៅប្រទេសជប៉ុននេះទេ (យុវជនសិទ្ធិ)។ (លោក ហ៊ុន សែន) ប៉ុន្តែ កូនឯងមិនទាន់គ្រប់លក្ខណៈសម្បត្តិនៅនេះ គេកំណត់ជាផ្លូវការតែម្ដងរាល់ក្របខ័ណ្ឌរដ្ឋ ត្រូវតែឆ្លងកាត់នៅការប្រឡងប្រជែង បើយកកូនឯងមកដាក់ គឺវាខុស។ អាហ្នឹងរឿងតែប៉ុណ្ណឹងទេ ឱ្យតែកូនឯងមានលទ្ធភាពប្រឡងជាប់វាមិនពិបាកទេ»។
ក្រោយពីមានការបង្ហោះសារសំឡេងរបស់លោក ហ៊ុន សែន គិតមកទល់ពេលនេះ គេមិនទាន់ឃើញថា យុវជនឈ្មោះសិទ្ធិចេញមុខប្រតិកម្មតបត ចំពោះលោក ហ៊ុន សែន វិញឡើយ។
កាលពីខែសីហា ឆ្នាំ២០២៤បុគ្គលឈ្មោះសិទ្ធិ ឬហៅ Mr. Seth នេះបានគ្រុបតេឡេក្រាម (Telegram) មួយឈ្មោះថា «រួបរួមដើម្បីជាតិ» ដើម្បីរៀបចំគម្រោងធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ហៅកាត់ថា CLV-DTA នៅថ្ងៃទី១៨ សីហា ដោយគ្រុបនោះបានជជែកគ្នាអំពីការធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ ក្រោយមកបុគ្គលឈ្មោះ សិទ្ធិ នោះបានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដោយអះអាងថា ខ្លួនយល់ខុសដោយសារជឿតាមការញុះញង់របស់មន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស។
ក្នុងសំណុំរឿងនៅថ្ងៃ១៨ សីហា រដ្ឋាភិបាលអះអាងថា ជាថ្ងៃដែលក្រុមប្រឆាំងរៀបចំគម្រោងធ្វើបាតុកម្មផ្ដួលរំលំនោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានយកលេសនេះចាប់យុវជនសង្គម បុគ្គលិកអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងប្រមាណ ៤២នាក់ ដាក់ពន្ធនាការជាបន្តបន្ទាប់ដោយចោទប្រកាន់ទាំងគ្មានភស្តុតាងពីបទ «រួមគំនិតក្បត់ និងញុះញង់»។ ប៉ុន្តែក្រោយមករដ្ឋាភិបាលបានដោះលែងយុវជនសង្គមចំនួន ៦នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីពួកគេសុំទោសរដ្ឋាភិបាល និងចុះចូលជាមួយបក្សកាន់អំណាច។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ការបញ្ចេញសារនយោបាយរបស់លោក ហ៊ុន សែន នៅពេលនេះ គឺជាការសំដែងល្ខោនបិទបាំងរឿងអាស្រូវ និងកុំឱ្យពលរដ្ឋរិះគន់រឿងរដ្ឋាភិបាលកូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត ចាយលុយជាតិខ្ជះខ្ជាយដើម្បីតែងតាំងទីប្រឹក្សា។ លោកបន្តថា ក្នុងរឿងនេះលោក ហ៊ុន សែន ទំនងជាចង់ផ្ញើសារគំរាមដល់លលករបស់លោកថា ប្រសិនបើអ្នកណាមិនធ្វើតាមបញ្ជារបស់លោក លោកនឹងបញ្ចេញសារសន្ទនាជាសាធារណៈ ហើយព្រមានចាត់វិធានការតាមផ្លូវច្បាប់។
លោក គឹម សុខ៖ «របៀបដែលលោក ហ៊ុន សែន ធ្វើមិនអាចលាក់បាំងភ្នែកពលរដ្ឋបានទេល្ខោនកំប៉ិកកំប៉ុកប៉ុណ្ណឹង។ ដោយសារក្រុមគ្រួសារហ៊ុនខ្លួនឯងហ្នឹងមានដំណែងធំៗ នៅក្នុងជួររដ្ឋាភិបាលមិនសុទ្ធតែអ្នកដែលមានចំណេះដឹងខ្ពស់ទេ។ យើងឃើញ ហ៊ុន ម៉ានិត ហ៊ុន ម៉ានី ហ៊ុន ម៉ាណែត អីរៀនសូត្របានខ្ពស់មែនក៏ប៉ុន្តែក្មួយលោក ហ៊ុន សែន ជាច្រើនទៀតមិន ដែលចូលសាលាផងហ្នឹង។ អ្នកខ្លះជាប់កេរ្តិ៍ឈ្មោះបាញ់បោះគ្រឿងញៀន ប៉ុន្តែមានឈ្មោះសុទ្ធតែឧត្ដមសេនីយ៍»។
មន្ត្រីបក្សប្រឆាំង និងអ្នកអត្ថាធិប្បាយនយោបាយយល់ឃើញថា ប្រសិនបើលោក ហ៊ុន សែន ពិតជាមានទស្សនៈដូចការលើកឡើងនៅក្នុងសារសំឡេងរបស់លោកពាក់ព័ន្ធនឹងការគោរពច្បាប់ និងឱ្យតម្លៃលើអ្នកចេះដឹងពិតប្រាកដមែន នោះលោកចាំបាច់ត្រូវតែស្ដារស្ថានការណ៍នយោបាយកម្ពុជាឱ្យល្អឡើងវិញតាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ពីព្រោះកូនរបស់លោកគឺ លោក ហ៊ុន ម៉ាណែត ឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីក៏ដោយសារតែមានលោក ហ៊ុន សែន ជាឪពុកលើកបន្តុប និងចាំកាងការពារដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។