មន្ត្រី​អង្គការ​ស៊ីម៉ាក់​ថា ការ​ផ្អាក​ជំនួយ​​អាមេរិក​ភ្លាមៗ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បោស​សំអាត​គ្រាប់មីន

ដោយ យ៉ង ចាន់តារា
2025.02.02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​អង្គការ​ស៊ីម៉ាក់​ថា ការ​ផ្អាក​ជំនួយ​​អាមេរិក​ភ្លាមៗ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បោស​សំអាត​គ្រាប់មីន

គ្រាប់មីនមិនទាន់ផ្ទុះ​ដែលមន្ត្រីស៊ីម៉ាក់​រកឃើញ​ពីក្នុងដៃ នៅ​ក្នុងប្រទេស​កម្ពជា ដែលបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី៣១ មករា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ​ហេង រតនា


មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC)​ ឱ្យ​ដឹង​ថា ការ​សម្រេច​ផ្អាក​ជំនួយ​ភ្លាមៗ​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​ស្រាវ​ជ្រាវ និង​បោស​សំអាត​គ្រាប់បែក​ដែល​ទម្លាក់​ពី​លើ​យន្តហោះ​ ដែល​កំពុង​ប្រតិបត្តិ​ការ​ក្នុង​ខេត្ត​ចំនួន​៨ ​នា​ភាគ​ឦសាន​និង​ភាគ​ខាង​កើត​របស់​កម្ពុជា។

ជាមួយ​គ្នា​នេះ ​វា​ក៏​ធ្វើ​ឱ្យ​កម្លាំង​អន្តរាគមន៍ និង​កម្លាំង​បោស​សំអាត​គ្រាប់​បែក​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ឥណ្ឌូចិន​ចំនួន​ជាង​២០០​នាក់​ នឹង​ប៉ះពាល់​ដោយ​សារ​តែ​គ្មាន​ការងារ​ធ្វើ។

មន្ត្រី​អាជ្ញាធរ​មីន​កម្ពុជា​ថា បុគ្គលិក​ផ្នែក​បោស​សំអាត​មីន​នៅ​កម្ពុជា​ជាង​១​ពាន់​នាក់​នឹង​រង​ការ​ប៉ះពាល់ ​ដោយសារ​តែ​ការ​ផ្អាក​ជំនួយ​ពី​សហរដ្ឋ​អាមេរិក។

អ្នកនាំពាក្យ​អាជ្ញាធរ​មីន​កម្ពុជា​លោក ​ទេព កល្យាណ លើក​ឡើង​ថា បុគ្គលិក​ទាំង​នោះ ​កំពុង​បម្រើការ​នៅ​តាម​អង្គភាព​ជា​ច្រើន​ ដូច​ជា អង្គភាព​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​អង្គការ​ដោះ​មីន​ហាឡូ ត្រាស (Halo Trust) អង្គការ​ (MAG) អង្គការ​ដោះ​មីន​កម្ពុជា (CSHD) និង​អង្គការ​ជំនួយ​ប្រជាជន​ន័រវែស​សម្រាប់​ដោះ​មីន​ (NPA)​ ជា​ដើម។

ទាក់ទង​នឹង​បញ្ហា​នេះ អនុ​ប្រធាន​ទី​១​នៃ​អាជ្ញាធរ​មីន​កម្ពុជា ​លោក ​លី ធុជ ក៏​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ប្រកាស​ផ្អាក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ភ្លាមៗ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សកម្មភាព​បោស​សំអាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​ដែរ។ ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កម្ពុជា​ថ្មី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា​ លោក ​លី ធុជ អះ​អាង​ថា ការ​ផ្អាក​ជំនួយ​រយៈ​ពេល​៩០​ថ្ងៃ​ តាម​គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គម្រោង​បោស​សំអាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៩៣​គម្រោង និង​ការងារ​របស់​ក្រុម​អ្នក​ដោះ​

លោក លី ធុជ អំពាវនាវ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​លើ​គម្រោង​បោស​សំអាត​មីន​នៅ​កម្ពុជា​តទៅ​ទៀត ​បន្ទាប់​ពី​អាមេរិក​បាន​បញ្ចប់​គោល​នយោបាយ​ថ្មី ក្នុង​ការ​ផ្អាក​ជំនួយ​រយៈ​ពេល​៩០​ថ្ងៃ​រួច​ហើយ​នោះ។

លោក លី ធុជ៖ «ខ្ញុំ​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​វិល​មក​បន្ត​​​គម្រោង​ដែល​បាន​ចាប់​ផ្ដើម​ជាមួយ​គ្នា​ ដើម្បី​កសាង​ភាព​ជា​ដៃគូ​ដ៏​ល្អ​លើ​​វិស័យ​បោស​សំអាត​មីន​រវាង​ពីរ​ប្រទេស​គឺ​​អាមេរិក​​​និង​កម្ពុជា​នេះ​បន្ត​ទៀត ​បន្ទាប់​ពី​បញ្ចប់​ការ​ផ្អាក​ជំនួយ​រយៈ​ពេល​៩០​ថ្ងៃ​រួច​ហើយ»។

ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដូច​នេះ បន្ទាប់​ពី​ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា បាន​ចេញ​សេចក្ដី​ប្រកាស​ផ្អាក​ជំនួយ​ដែល​ផ្ដល់​តាម​រយៈ​ក្រសួង​ការបរទេស​និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ទៅ​ឱ្យ​បរទេស ​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ ​ដែល​ការ​ផ្អាក​ជំនួយ​នេះ​ រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ។

ចំណែក​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា សំដែង​ការ​សោក​ស្ដាយ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​ផ្អាក​ជំនួយ​នេះ។​ លោក​ថា ការ​ផ្អាក​ជំនួយ​របស់​អាមេរិក​ បាន​ប៉ះពាល់​ដល់​គម្រោង​ស្រាវជ្រាវ​និង​បោស​សំអាត​គ្រាប់បែក​ទម្លាក់​ពី​លើ​យន្តហោះ​ សេសសល់​ពី​សម័យ​សង្គ្រាម​ឥណ្ឌូ​ចិន។ ក្នុង​ឆ្នាំ​២០២៥​នេះ ​CMAC ​មាន​គម្រោង​​បោស​សំអាត​លើ​ផ្ទៃ​ដី​ទំហំ ៤៩​គីឡូម៉ែត្រ​ក្រឡា។

លោក ហេង រតនា បញ្ជាក់​ថា ក្នុង​១​ឆ្នាំៗ​អង្គភាព​ស៊ីម៉ាក​ ធ្លាប់​ទទួល​បាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ចំនួន​២​លាន​ដុល្លារ ​ដើម្បី​បោស​សំអាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​និង​គ្រាប់បែក​ទម្លាក់​ពី​លើ​យន្តហោះ​នេះ។ បច្ចុប្បន្ន​មាន​កម្លាំង​ស្រាវជ្រាវ​និង​បោស​សំអាត​គ្រាប់បែក ​របស់​CMAC​ចំនួន​ជាង ២​រយ​(២១២)នាក់ ​កំពុង​ធ្វើ​ការងារ​នេះ។

លោក ហេង រតនា៖ «ដោយសារ​តែ​សហរដ្ឋ​អាមេរិក​សម្រេច​ផ្អាក​ជំនួយ​យ៉ាង​តក់​ក្រហល់​ភ្លាមៗ​យើង​ក៏​មាន​ការ​ពិបាក​លើ​គម្រោង​បោស​សំអាត​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ហើយ​ក៏​មាន​ការ​សោក​ស្ដាយ​ដែរ។ ក៏​ប៉ុន្តែ​​យើង​ក៏​អនុលោម​ទៅ​តាម​សេចក្តី​សម្រេច​នោះ​ ​ពីព្រោះ​សហរដ្ឋ​អាមេរិក​មាន​គោល​នយោបាយ​ផ្សេង​ ដូច្នេះ​យើង​​​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ទេ​? ​ពីព្រោះ​វា​ជា​គោល​នយោបាយ​របស់​ប្រទេស​មួយ»។

អាជ្ញាធរ​មីន​កម្ពុជា​ឱ្យ​ដឹង​ថា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​សម្រាប់​ការ​បោស​សំអាត​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ឱ្យ​កម្ពុជា​ចំនួន ១០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។

ការ​ប្រកាស​ផ្អាក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ សម្រាប់​គម្រោង​បោស​សំអាត​មីន​នៅ​កម្ពុជា​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្រាវជ្រាវ​រក​ឃើញ​ចំការ​មីន​ថ្មីៗ​នៅ​ខេត្ត​ចំនួន​៧ ​ដែល​ជាប់​ព្រំដែន​គ្នា​ជាមួយ​ប្រទេស​ថៃ​ បន្ថែម​ពី​លើ​ផ្ទៃ​ដី​ដែល​មិន​ទាន់​ដោះ​មីន​រួច​រាល់​ទំហំ​ជិត​៥០០​(៤៦៨) រយ​គីឡូម៉ែត្រ​ក្រឡា​ថែម​ទៀត។

ជុំវិញ​ការ​ផ្អាក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ជា​បណ្ដោះ​អាសន្ន​នេះ ក្រៅ​តែ​ពី​មាន​បញ្ហា​ដោះ​មីន ​ក៏​ធ្វើ​ឱ្យ​អ្នក​វិភាគ​សង្គម ​មន្ត្រី​រាជការ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សហគមន៍ ​ការ​លើក​កំពស់​សិទ្ធិ​មនុស្ស ​លទ្ធិ​ប្រជាធិបតេយ្យ ​វិស័យ​អប់រំ ​សុខាភិបាល​ កសិកម្ម​ និង​ការ​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ជា​ដើម។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ រិះរក​ដំណោះស្រាយ​ជា​មួយ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ស្នើ​សុំ​បន្ត​ជំនួយ​ឡើង​វិញ។

វិទ្យុ​អាស៊ី​សេរី ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​កង្វល់​របស់​មហាជន​នេះ​ ពី​​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​លោក ជុំ សុន្ទរី ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។

ចំណែក​អ្នក​អត្ថាធិប្បាយ​នយោបាយ​ លោក គឹម សុខ យល់​ថា​ មូល​ហេតុ​ដែល​កម្ពុជា​ទទួល​រង​សម្ពាធ​ពី​ការ​ផ្អាក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​គឺ​ដោយសារ​តែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក គឹម សុខ៖ «រឿង​ដែល​កម្ពុជា​ថប់​ដង្ហើម​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដឹកនាំ​ផ្ដាច់ការ​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ ​គ្មាន​គន្លឹះ​អ្វី​យក​ទៅ​សម្រប​សម្រួល​ផ្សះផ្សា​ជាមួយ​ប្រទេស​សេរី ​ដើម្បី​ទាញ​យក​ជំនួយ​និង​​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​បាន​ផង។ គ្រាន់​តែ​អាមេរិក​បង្កក​ថវិកា​លើ​គម្រោង​ដោះ​មីន​១០​លាន​ដុល្លារ​រយៈ​ពេល​​៣​ខែ​ ធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​លៀន​ភ្នែក​ទៅ​ហើយ ​ចុះ​ទម្រាំ​បើ​អាមេរិក​បង្កក​ជំនួយ​ជិត ១០០​លាន​ដុល្លារ​ថែម​ទៀត ​តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​យ៉ាប់យ៉ឺន​យ៉ាង​ណា?»។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ទៀត​ថា​ កម្ពុជា​នៅ​មាន​ឱកាស​អាច​ស្ដារ​ស្ថានភាព​នយោបាយ​របស់​ខ្លួន​បាន ​ប្រសិន​បើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​ ងាក​មក​រក​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។

ការ​ស្ដារ​ស្ថានភាព​នេះ ​គឺ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បើក​លំហ​សេរីភាព​ពលរដ្ឋ ​សេរីភាព​សង្គម​ស៊ីវិល ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នយោបាយ​ ឱ្យ​ប្រសើរ​ឡើង​វិញ ​ទើប​អាច​ផ្សះផ្សា​ទំនាក់ទំនង​ល្អ ​ព្រម​ទាំង​ទទួល​បាន​ជំនួយ​ពី​បណ្ដា​ប្រទេស​សេរី​ដូច​ជា សហរដ្ឋ​អាមេរិក ​សហភាព​អឺរ៉ុប ​ជប៉ុន ​អូស្ត្រាលី​ កាណាដា និង​អង់គ្លេស​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment