ដោយ ជីវីតា
2025.02.02
RFA

ទិដ្ឋភាពបាក់ស្រុតច្រាំងទន្លេបង្កឱ្យបាក់ និងរលំផ្ទះពលរដ្ឋតាមបណ្ដោយទន្លេ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី២ កុម្ភៈ ២០២៥។ រូប៖ ហ្វេសប៊ុកលោក ឃួង ស្រេង
សកម្មជនបរិស្ថានថា ការបាក់ច្រាំងផ្លូវបេតុង និងផ្ទះសម្បែងរបស់ពលរដ្ឋនៅតាមមាត់ទន្លេមេគង្គជាច្រើនខ្នងចូលក្នុងទឹក ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ដោយសារតែការបូមខ្សាច់នៅតំបន់នោះ។ ចំណែកអាជ្ញាធរក្រុងភ្នំពេញ មិនបានបញ្ជាក់ពីមូលហេតុនោះទេ ដោយគ្រាន់តែឲ្យមន្ត្រីប្រញាប់ទប់ស្កាត់កុំឲ្យបាក់ច្រាំង នាំឲ្យខូចខាតផ្ទះសម្បែងពលរដ្ឋបន្ថែមទៀត។
ក្រោយមានករណីបាក់ច្រាំងទន្លេ នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ដែលនាំឲ្យខូចខាតផ្លូវបេតុង និងផ្ទះសម្បែងរបស់ពលរដ្ឋជាច្រើនកន្លែង ចូលក្នុងទឹកទន្លេមេគង្គ សកម្មជនបរិស្ថានថា គឺបណ្ដាលមកពីការបូមខ្សាច់នៅតំបន់នោះ ទើបធ្វើឲ្យបញ្ហានេះកើតឡើងឥតឈប់ឈរ។ សកម្មជនបរិស្ថានទាមទារ ឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើអាជីវកម្មបូមខ្សាច់នៅតាមដងទន្លេ បើពុំដូច្នោះទេ ផ្ទះសម្បែង និងផ្លូវអមតាមមាត់ទន្លេ នឹងបន្តខូចខាតថែមទៀត។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន កញ្ញា លឹម គីមសួរ អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០២ ខែកុម្ភៈថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែពិចារណាបញ្ឈប់ការបូមខ្សាច់តាមដងទន្លេជាបន្ទាន់។ កញ្ញាបន្ថែមថា នេះមិនមែនជាលើកទីមួយនោះទេ ដែលផ្ទះសម្បែងរបស់ពលរដ្ឋ និងផ្លូវតាមច្រាំងទន្លេជាច្រើនកន្លែង បាក់ស្រុតចូលទឹក ដោយសារតែការបណ្ដោយឲ្យមានរកស៊ីបូមខ្សាច់តាមដងទន្លេ ហើយមិនមានអ្នកទទួលខុសត្រូវច្បាស់លាស់។
កញ្ញា លឹម គីមសួរ៖ «កន្លងមកឲ្យតែមានការបាក់ច្រាំងមិនដែលឃើញអាជ្ញាធរចេញមុខទទួលខុសត្រូវទេដូចជាជួយចេញសំណងទៅកាន់ប្រជាជន ឬក៏ជួយដល់ប្រជាជនរងគ្រោះគឺអត់មានទេ អ្នកដែលគាត់រងគ្រោះដោយសារការបាក់នឹងភាគច្រើន គឺរងទទួលផលហើយ ត្រូវស្ដារជីវភាពរបស់ពួកគាត់ទាំងលំបាកខ្លាំងមែនទែន អ៊ីចឹងខ្ញុំគិតថា ថ្ងៃអនាគតទៅមិនមែនត្រឹមបាក់ច្រាំងទន្លេទេ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអភិបាលរាជធានីភ្នំពេញ លោក ឃួន ស្រេង ដែលបានចុះទៅដល់ទីតាំងផ្ទាល់បានទេ នៅថ្ងៃទី២ ខែកុម្ភៈ ដោយលោកចុចបិទទូរស័ព្ទនៅពេលឮថាវិទ្យុអាស៊ីសេរី។
ទោះជាយ៉ាងណា លោក ឃួន ស្រេង បានប្រាប់សារព័ត៌មានហ្រ្វេសញូវដែលស្និទ្ធនឹងរដ្ឋាភិបាលថា ករណីបាក់ច្រាំងទន្លេនៅខណ្ឌជ្រោយចង្វា បានធ្វើឲ្យផ្លូវបេតុងជាង៣០ម៉ែត្រចំនួន៣កន្លែង បានបាក់ចូលទៅក្នុងទឹកទន្លេ រួមមាន ចំណុចទី១ ស្ថិតនៅផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ចំណុចទី២ នៅមុខវត្តបាក់ខែង សង្កាត់បាក់ខែង និងចំណុចទី៣ នៅមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង។ ចំណែកផ្ទះសម្បែងរបស់ពលរដ្ឋចំនួន៣ខ្នង ដែលមានបន្ទប់ជួលជិត៣០បន្ទប់រងការខូចខាត ប៉ុន្តែមិនមានពលរដ្ឋរងរបួសនោះទេ។ លោក ឃួន ស្រេង មិនបានបញ្ជាក់ពីមូលហេតុការបាក់ច្រាំង នៅតំបន់នេះនោះទេ ក្រៅពីឲ្យមន្ត្រីរបស់ខ្លួនប្រញាប់ទប់ស្កាត់កុំឲ្យបាក់ច្រាំងបន្ថែមទៀត។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា កត់សម្គាល់ឃើញថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ មិនដែលបញ្ជាក់ពីមូលហេតុច្បាស់លាស់ពីការបាក់ច្រាំងទន្លេនោះទេ ហើយចំពោះអាជីវកម្មបូមខ្សាច់វិញ អាជ្ញាធរមិនដែលបង្ហាញអំពីការសិក្សាវាយតម្លៃផលប៉ះពាល់ឲ្យដល់ប្រជាពលរដ្ឋបានដឹងឡើយ។ លោកថា រដ្ឋាភិបាល និងមន្ត្រីជំនាញត្រូវសិក្សាវាយតម្លៃផលប៉ះពាល់ឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនទាំងនោះ រកស៊ីបូមខ្សាច់។
លោក ម៉ា ចិត្រា៖ «រដ្ឋាភិបាលត្រូវតែពិចារណា ក្នុងការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរុករក ឬបូមខ្សាច់នឹងឲ្យបានត្រឹមត្រូវឡើងវិញ មិនត្រូវចេះតែឲ្យអ្នកបូមខ្សាច់នឹងចេះតែបូមបាតណាបាតណី រដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធមេត្តាផ្ដល់ព័ត៌មានមកឲ្យប្រជាពលរដ្ឋបានដឹង ថាតើក្រុមហ៊ុនណាដែលគាត់មានសិទ្ធិក្នុងការបូមខ្សាច់ នៅតំបន់ណា ប៉ុន្មានគីប ប៉ុន្មានសាឡង់ជាដើម អ៊ីចឹងគាត់បង្ហាញមក បង្ហាញតម្លាភាពឲ្យប្រជាពលរដ្ឋបានដឹងមក»។
ករណីនេះមិនមែនជាលើកទីមួយនោះទេ ដែលផ្ទះសម្បែង និងផ្លូវបេតុង នៅតាមមាត់ទន្លេត្រូវបាក់ស្រុតចូលទៅក្នុងទឹក ហើយមិនមានអ្នកទទួលខុសត្រូវឬផ្ដល់សំណងត្រឹមត្រូវដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ឡើយ។ លើសពីនោះ ពលរដ្ឋតែងតែរងការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋានបន្ថែមទៀត នៅពេលពួកគាត់ចេញមុខតវ៉ា ឬរិះគន់ ទៅលើការបូមខ្សាច់បណ្ដាលឲ្យប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅតាមតំបន់ទាំងនោះ។
សកម្មជនបរិស្ថានបន្តអំពាវនាវ ឲ្យអាជ្ញាធរត្រូវបញ្ចៀសការបូមខ្សាច់ នៅតាមតំបន់ដែលមានពលរដ្ឋរស់នៅ ដើម្បីកាន់បន្ថយអំពីផលប៉ះពាល់ និងអាយុជីវិតរបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។