សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​គោលដៅ​បន្ត​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​សម្រាប់​ឆ្នាំ២០២៥

ដោយ យន់ សាមៀន
2025.02.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​គោលដៅ​បន្ត​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​សម្រាប់​ឆ្នាំ២០២៥

ពលរដ្ឋខ្មែរ និងខ្មែរក្រោម ប្រារព្ធខួបលើកទី៧៥ឆ្នាំ ដែលបារាំងផ្ទេរការត្រួតត្រាទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាម នៅវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋ


ព្រះសង្ឃ សកម្មជន​ខ្មែរ​ក្រោម និង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​នាំ​គ្នា​ដាក់​ញាតិ​នៅ​កុងស៊ុល​វៀតណាម​នៅ​រដ្ឋ (California) ដើម្បី​ទាមទារ​រដ្ឋាភិបាល​វៀតណាម ឱ្យ​ដោះលែង​ព្រះ​សង្ឃ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ដែល​ត្រូវ​វៀតណាម​ចាប់​​ដាក់​​ពន្ធនាគារ ដោយសារ​តែ​ពួក​គាត់​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម។ ស្រប​ពេល​ដែល​ខ្មែរ​ក្រោម​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ទាមទារ​សហគមន៍​អន្តរជាតិ​ដាក់​គំនាប​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​កំណត់​ទិសដៅ​ឆ្នាំ២០២៥ ដើម្បី​បន្ត​ទាមទារ​សិទ្ធិ​ស្វ័យសម្រេច។

តំណាង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម រួម​ទាំង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ កាល​ដើម​សប្ដាហ៍​នេះ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​កុងស៊ុល​វៀតណាម​នៅ​រដ្ឋ (California) ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ព្រះ​សង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ឃុំ។ ប៉ុន្តែ​មក​ទល់​នឹង​ត្រឹម​ថ្ងៃ​ទី៣១ មករា ស្ថាន​កុងស៊ុល​វៀតណាម​នៅ​មិន​ទាន់​ឆ្លើយ​តប​ជា​វិជ្ជមាន​នូវ​សំណូមពរ​របស់​ខ្មែរ​ក្រោម​នៅ​ឡើយ​ទេ។

នាយក​គណៈកម្មការ​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ការ​តវ៉ា​របស់​សហព័ន្ធ​ទទួល​បាន​លទ្ធផល​ល្អ ដោយសារ​តែ​លើក​នេះ មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ច្រើន​កុះករ និង​មាន​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ចូល​រួម​ផង​ដែរ។ ព្រះភិក្ខុ សឹង យ៉ឹងរតនា មាន​ថេរ​ដីកា​បន្ត ការ​មិន​ឆ្លើយតប​ញាតិ​របស់​ខ្មែរ​ក្រោម​នេះ បង្ហាញ​ថា វៀតណាម​គ្មាន​ចេតនា​គោរព​សិទ្ធិ​ជន​ជាតិ​ដើម។

បច្ចុប្បន្ន​មាន​ព្រះសង្ឃ ៥អង្គ រួម​មាន ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ត្រូវ​តុលាការ​វៀតណាម​កាត់​ទោស​ដាក់​ពន្ធនាគារ ៦ឆ្នាំ និង​ព្រះតេជព្រះគុណ យឿង ខាយ ៥ឆ្នាំ និង ៩ខែ និង​សកម្មជន​ខ្មែរ​ក្រោម​៨នាក់​ផ្សេង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ពី​បទ អង្គ​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ»។ ប៉ុន្តែ​សហព័ន្ធ​ខ្មែរ​ក្រោម​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ គ្រាន់​តែ​ជា​លេស ដើម្បី​គាប​សង្កត់​សិទ្ធិ​ផ្នែក​សាសនា និង​សិទ្ធ​សេរីភាព​របស់​ខ្មែរ​ក្រោម​ដើម្បី​កុំ​ឲ្យ​ងើប​ឡើង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។

ព្រះភិក្ខុ សឹង យ៉ឹងរតនា មាន​ថេរ​ដីកា​បន្ត​ថា បាតុកម្ម​ស្រដៀង នៅ​ទីក្រុង (San Francisco) នេះ នឹង​ត្រូវ​សហព័ន្ធ​បន្ត​ធ្វើ​នៅ​តាម​រដ្ឋ​ផ្សេងៗ និង​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​ជំរុញ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម។ ព្រះ​អង្គ​បន្ត​ថា បាតុកម្ម​លើក​ដំបូង​នៅ​ឆ្នាំ២០២៥ របស់​ខ្មែរ​ក្រោម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ បាន​បើក​កិច្ចប្រជុំ​ដំណាច់​ឆ្នាំ ដើម្បី​ធ្វើ​យុទ្ធនាការ​សម្រាប់​ឆ្នាំ២០២៥ ហើយ​យុទ្ធសាស្ត្រ​ចម្បង​មួយ​គឺ​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។

កាល​ពី​ដើម​ខែមករា ឆ្នាំ២០២៥ នេះ អាមេរិក និង​វៀតណាម​ទើប​តែ​ជួប​គ្នា​សន្ទនា​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​លើក​ទី២៨។ ក្នុង​កិច្ច​ប្រ​ជុំ​នោះ​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ ក្នុង​នោះ​រួម​មាន សិទ្ធិ​សំដែង​មតិ សមាគម​និង​សាសនា។ សហរដ្ឋ​អាមេរិក ក៏​បាន​ស្នើ​ឲ្យ​វៀតណាម​ដោះលែង​បុគ្គល ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ និង​លើក​កម្ពស់​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment