គ្រួសារ​រៀបចំ​ពិធី​បញ្ចុះសព​លោក លិម គិមយ៉ា នៅ​ជាយ​ទីក្រុង​ប៉ារីស

ដោយ ច័ន្ទ ដារ៉ូ
2025.02.03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​រៀបចំ​ពិធី​បញ្ចុះសព​លោក លិម គិមយ៉ា នៅ​ជាយ​ទីក្រុង​ប៉ារីស

បុណ្យ​បញ្ចុះសព​អតីតតំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅ​ទី​បញ្ចុះសព​​សង្កាត់​ក្រេតី (Créteil) ជាយក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង កាលពីថ្ងៃទិ​៣ ខែកុម្ភៈ​ ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុកលោក ទេព មនោ


ក្រុម​គ្រួសារ និង​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ពិធីបុណ្យ​បញ្ចុះសព​លោក លិម គិមយ៉ា នៅ​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ​។ អ្នក​ប្រជាធិបតេយ្យ​ប្ដេជ្ញា​ចេញ​តស៊ូ​មតិ​ឱ្យ​ខ្លាំងក្លា​ដើម្បី​ជំរុញ​រដ្ឋាភិបាល​បារាំង​ឱ្យ​យកចិត្តទុកដាក់​ថែមទៀត​ក្នុង​ការ​ស៊ើបអង្កេត​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា។

​សព​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លិម គិមយ៉ា ត្រូវ បាន​បញ្ចុះ​ហើយ​នៅ រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ នៅ​ទី​បញ្ចុះសព​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ក្រេតី (Créteil) ជាយក្រុង​ប៉ារីស (Paris)​។​


​អ្នក​រៀបចំ​ពិធីបុណ្យ​សព​លោក លិម គិមយ៉ា គឺ​លោក ហេង គីម ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កម្មវិធី​បុណ្យ​នេះ​ចាប់ផ្តើម​នៅ​ម៉ោង ១​រសៀល​ ​ដោយ​ក្រុម​គ្រួសារ​សព បងប្អូន ញាតិមិត្ត​ជិត​ឆ្ងាយ និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ឧទ្ទិស​បុណ្យ​តាម​បែប​សាសនា បន្ទាប់​មក​ដង្ហែ​សព​លោក លិម គិមយ៉ា ពី​វត្ត​ពោធិវង្ស ហៅ​វត្ត​សង់សៀម៉ាន (Champs sur Marne) ឆ្ពោះទៅ​ទី​បញ្ចុះសព​ក្រេតី (Créteil)​។ លោក​បន្ថែម​ថា ក្រោយ​បញ្ចុះសព​ហើយ គ្រួសារ​សព និង​អ្នកចូលរួម​ថ្លែង​សារ​រំលឹក​ពី​ប្រវត្តិ និង​ការ​តស៊ូ​លះបង់​របស់​លោក លិម គិមយ៉ា ចំពោះ​បុព្វហេតុ​ជាតិ​រហូត​ឃាតករ​បាញ់​ផ្ដាច់ជីវិត​ដោយ​អយុត្តិធម៌។

លោក ហេង គីម៖ «យើង​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រួសារ ភរិយា និង​កូនប្រុស​ស្រី​របស់​គាត់ ដែល​បាន​អនុញ្ញាត​ឱ្យ​លោក លិម គិមយ៉ា ចូលរួម​ប្រឡូក ជួយ​ស្រោចស្រង់​ប្រទេសជាតិ មាតុភូមិ​យើង។ យើង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព»។


ចំណែក​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ធំ​លោក ម៉ែន សុថាវរិន្ទ្រ ឱ្យ​ដឹង​ថា លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​បារាំង ក៏​ចូលរួម​កម្មវិធី​បុណ្យ​នេះ​ដែរ ដើម្បី​ជូន​ដំណើរ​លោក លិម គិមយ៉ា ជា​លើក​ចុង​ក្រោយ និង​ឧទ្ទិស​ឱ្យ​វិញ្ញាណក្ខន្ធ​ទៅកាន់​សុ​គិត​ភព​។ លោក​បញ្ជាក់​ថា លោក លិម គិមយ៉ា គឺ​អ្នកប្រជាធិបតេយ្យ​មួយ​រូប​ដែល​មាន​ឆន្ទៈ និង​ស្មារតី​ស្នេហា​ជាតិ ដោយ​ហ៊ាន​ប្រឆាំង​នឹង​មេដឹកនាំ​ក្រុងភ្នំពេញ ហើយ​ពលរដ្ឋ​ខ្មែរ និង​គណបក្សប្រឆាំង​ប្តេជ្ញា​ចិត្ត​រួមគ្នា​ធ្វើ​សកម្មភាព​គ្រប់​រូបភាព ដើម្បី​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា និង​ជនរងគ្រោះ​ផ្សេងទៀត​ឱ្យ​ទាល់តែ​បាន។

លោក ម៉ែន សុថាវរិន្ទ្រ៖ «វីរភាព​ដ៏​ក្លាហាន​របស់​លោក លិម គិមយ៉ា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​យើង​អស់​រយៈពេល​ប៉ុន្មាន​មកនេះ គឺ​គាត់​បាន​ជួយ​គណបក្ស​ផង និង​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ផង ហើយ​នៅក្នុង​សភា គឺ​គាត់​តតាំង​ជាមួយ​ជន​ផ្ដាច់ការ យើង​ចូលរួម​នេះ​សូម​ឱ្យ​គាត់​បាន​ទៅ​បរមសុខ​បាទ»។

លោក លិម គិមយ៉ា មាន​អាយុ​៧៤ ឆ្នាំ ជា​អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ និង​បារាំង​។ លោក​ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់​នៅ​លើ​ដង​វិថី​មួយ ក្បែរ​វត្ត​បវ័ន្ដនិវេដ (Wat Bowonniwet Vihara) ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​៧ ខែមករា។

ក្រោយពី​បាញ់​សម្លាប់​នេះ សមត្ថកិច្ច​កម្ពុជា​ចាប់​បាន​ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ហើយ​បញ្ជូន​ឱ្យ​សមត្ថកិច្ច​ថៃ​វិញ​។ សហគមន៍​ជាតិ​អន្តរជាតិ​ចាត់ទុក​អំពើ​ឃាតកម្ម​នេះ​ថា ជា​រឿង​នយោបាយ។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ លោក ឆាយ គឹមខឿន មិនទាន់​ឆ្លើយតប​នឹង​សំនួរ​របស់​វិទ្យុ​អាស៊ីសេរី​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី៣ ខែ​កុម្ភៈ។

ប៉ុន្តែ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​ថា រឿង​ឃាតកម្ម លើ​លោក លិ​ម គិមយ៉ា នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។

ទោះបីជា​លោក ហ៊ុន ម៉ាណែត លើកឡើង​បែបនេះ​ក្ដី តុលាការ​ថៃ​បាន​ចេញ​ដីកាចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ទៀត​ដែល​ជា​ជនជាតិ​ខ្មែរ គឺ​ឈ្មោះ ពេជ្រ គិមស្រ៊ិ​ន និង លោក លី រតនៈរស្មី ដែល​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​ស្ងៀមស្ងាត់​នៅឡើយ ដោយ​រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​ជំហរ​ថា តើ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ចាប់​ជនសង្ស័យ​ទាំងពីរ​នាក់ បញ្ជូន​ឱ្យទៅ​ភាគី​ថៃ ឬ​យ៉ាងណា​ឡើយ​ទេ​។​

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន កាលពី​ថ្ងៃទី​២៣ ខែមករា​ ​ឯកអគ្គរដ្ឋទូត​បារាំ​ង​លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បាន​រំលឹក​នៅ​ចំពោះមុខ​លោក ប្រាក់ សុខុន ថា ប្រទេស​បារាំង កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ ​លើ​ការស៊ើបអង្កេត​ស្ដីពី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​បារាំង​ ​និង​ជា​សមាជិក​បក្ស​ប្រឆាំង​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment