ដោយ ច័ន្ទ ដារ៉ូ
2025.02.03
RFA

ពលករខ្មែរកញ្ញា នួន តឿន ជាសមាជិកបណ្តាញយុវជនកម្ពុជាសកលប្រចាំម៉ាឡេស៊ីម្នាក់ ដែលកម្លាំងអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកឈ្មោះកូនខ្មែរឈឺចាប់
តុលាការរាជធានីភ្នំពេញពន្យារពេលសវនាការសំណុំរឿងរបស់កញ្ញា នួន តឿន ទៅពេលក្រោយដោយគ្មានថ្ងៃកំណត់។ មន្រ្តីបក្សប្រឆាំងចាត់ទុកវិធានការរបស់តុលាការនេះថា ជាការធ្វើទុក្ខបុកម្នេញ ដាក់សម្ពាធឱ្យអ្នកជាប់ឃុំធ្វើវីដេអូសារភាព ឬចុះចូលជាមួយបក្សកាន់អំណាច។
សាច់ញាតិពលករខ្មែរដែលអាជ្ញាធរចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ី សោកស្ដាយដែលតុលាការពន្យារពេលសវនាការជំនុំជម្រះទៅពេលក្រោយ។
ម្តាយមីងរបស់កញ្ញា នួន តឿន គឺលោកស្រី ឆេង ថុល ប្រាប់វិទ្យុអាស៊ីសេរីថា នៅពេលលោកស្រីទៅសួរសុខទុក្ខក្មួយស្រីនៅក្នុងពន្ធនាគារម្តងៗ កញ្ញា នួន តឿន តែងតែផ្តាំតាមរយៈលោកស្រីឱ្យប្រាប់តុលាការជួយពន្លឿនរឿងក្តីឱ្យបានឆាប់ ដោយដោះលែងរូបនាងឱ្យមានសេរីភាពជួបជុំគ្រួសារ និងព្យាបាលជំងឺ។ លោកស្រីថាការណ៍ដែលតុលាការអូសបន្លាយសវការកាន់តែយូរ ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តក្មួយរបស់លោកស្រី បន្ទាប់ពីជាប់ពន្ធនាគារ ដោយអយុត្តិធម៌អស់ជាច្រើនខែមកហើយ។
លោកស្រី ឆេង ថុល៖ «តុលាការពន្យារពេលអ៊ីចឹងទៅ បើឃុំខ្លួនរយៈពេល៣ខែឬ៦ខែហើយតុលាការត្រូវកាត់ក្តីឱ្យហើយទៅ ដោយមិនចាំបាច់អូសបន្លាយ ហើយបើតុលាការត្រូវដោះលែងក្មួយខ្ញុំសូមដោះលែងមក ខ្ញុំមានតែលើកម្រាមដៃដប់សូមឱ្យសម្តេចដោះលែង និងអ្នកក្នុងនិងក្រៅប្រទេសសុំជួយផង ខ្ញុំមិនដឹងត្រូវនិយាយអ្វីទៀតទេ ពីព្រោះច្បាប់នៅលើគេ»។
រីឯអតីតបេក្ខជនតំណាងរាស្ត្រគណបក្សភ្លើងទៀនប្រចាំខេត្តកណ្តាល ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក លី ម៉េងឃៀង រិះគន់ប្រព័ន្ធតុលាការថា ជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច សម្រាប់ដាក់សម្ពាធលើសកម្មជននយោបាយ និងសង្គម ឱ្យបោះបង់ការតស៊ូជាមួយបក្សជំទាស់។ លោកមើលឃើញថា ករណីរបស់កញ្ញា នួន តឿន មិនខុសពីករណីសកម្មជនដទៃទៀតឡើយ គឺតុលាការសម្រេចពន្យារពេលសវនាការ ឬឃុំខ្លួនលើសពេលកំណត់នៃច្បាប់ ដើម្បីទុកពេលឱ្យមន្រ្តីបក្សប្រជាជនកម្ពុជាដែលគេស្គាល់ថាជាក្រុមលលកអាចបន្តចរចាជាមួយអ្នកទោសមសិការ ដែលមិនទាន់ចុះចូលបក្សកាន់អំណាច នៅមុនពេលតុលាការសម្រេចក្តីចុងក្រោយ។
លោក លី ម៉េងឃៀង៖ «ការអូសបន្លាយពេល ឬលើកពេលសវនាការចំពោះរឿង នួន តឿន នេះវាជារឿងនយោបាយសុទ្ធសាធ ដោយសារតែយើងមើលឃើញថា គេទុកពេលឱ្យពួកលកលទាំងអស់ហ្នឹងទៅទាក់ទាញ ទៅបញ្ជុះបញ្ជូលឱ្យពួកគាត់នៅក្នុងពន្ធនាគារចុះចូលជាមួយបក្សកាន់អំណាច អ៊ីចឹងហើយបានជាគេចង់ដោះស្រាយខាងក្រៅប្រព័ន្ធតុលាការ ដោយការបង្ខំឱ្យមនុស្សចុះចូលជាមួយបក្សខ្លួនហើយទើបដោះលែង »។
ការលើកឡើងនេះបន្ទាប់ពីតំណាងអយ្យអមនៃសាលាដំបូងរាជធានីភ្នំពេញលោក សម ឬទ្ធីវាសនា គ្រោងបើកសវនាការជម្រះក្ដីសំណុំរឿងរបស់កញ្ញា នួន តឿន នៅថ្ងៃទី៤ ខែកុម្ភៈ ប៉ុន្តែបានព្យារពេលសវនាការទៅថ្ងៃក្រោយដោយគ្មានពេលកំណត់ និងគ្មានការបញ្ជាក់ពីមូលហេតុនោះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២ ខែកុម្ភៈ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា បើតាមច្បាប់ការឃុំខ្លួនបណ្តោះអាសន្នចំពោះជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិមមិនលើស៤ខែ តែចៅក្រមស៊ើបសួរអាចពន្យារពេលឃុំខ្លួនបាន២ខែថែមទៀត ដោយដីកាមានសំអាងហេតុត្រឹមត្រូវ។ លោកថាបើទោះបីជាកញ្ញា នួន តឿន ត្រូវបានជាប់ឃុំបណ្តោះអាសន្នរយៈពេលជាង៤ខែ ដោយមិនទាន់ហួសពេលកំណត់នៃច្បាប់ក្តី ក៏តុលាការគួរតែពន្លឿនការជំនុំជម្រះឱ្យបានឆាប់ ដើម្បីកុំឱ្យប៉ះពាល់សិទ្ធិរបស់ជនជាប់ឃុំ ខណៈមជ្ឈដ្ឋានទូទៅចាត់ទុកសំណុំរឿងនេះថាជាការប្រើប្រាស់សិទ្ធបញ្ចេញមតិ។
លោក យិន ម៉េងលី៖ «ខ្ញុំគិតថាឯកសារដែលយកមកដាក់បន្ទុកលើកញ្ញា នួន តឿន គឺឯកសារពាក់ព័ន្ធនៅលើអនឡាញទៅតាមអ្វីដែលនាងបង្ហោះ អ្វីដែលនួន តឿន បញ្ចេញមតិ អ៊ីចឹងហើយ អាហ្នឹងយើងមើលថាវាជាសេរីភាពបញ្ចេញមតិទេ ដែលយើងចង់ឱ្យរដ្ឋាភិបាល និងតុលាការសូមកុំឱ្យមានការចោទប្រកាន់ សូមទម្លាក់បញ្ហាទាំងអស់នេះហ្នឹង សូមឱ្យរដ្ឋាភិបាលបើកលំហសេរីភាពនេះ វាចាំបាច់ណាស់បាទ»។
កញ្ញា នួន តឿន មានស្រុកកំណើតនៅស្រុកបសេដ្ឋ នៅខេត្តកំពង់ស្ពឺ និងជាកូនកំព្រាឪពុកម្តាយ។ នាងគឺជាពលករខ្មែរធ្វើការស្របច្បាប់ជាង១៦ឆ្នាំនៅប្រទេសម៉ាឡេស៊ីដែលចេញមុខគាំទ្រគណបក្សប្រឆាំង។
កាលថ្ងៃទី៣០ ខែកញ្ញា ប៉ូលិសម៉ាឡេស៊ីបានចាប់ កញ្ញា នួន តឿន និរទេសទៅកម្ពុជាតាមសំណើរបស់អាជ្ញាធរក្រុងភ្នំពេញ។ តុលាការបានចោទប្រកាន់កញ្ញា ពីបទ« ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធកញ្ញារិះគន់ខ្លាំងៗជុំវិញការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គម។
គ្រួសារ និងមន្រ្តីសិទ្ធិមនុស្សស្នើឱ្យតុលាការ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងពលករខ្មែររូបនេះឱ្យមានសេរីភាពវិញ ពីព្រោះអ្វីដែលនាងនិយាយរិះគន់មេដឹកនាំក្រុងភ្នំពេញកន្លងមក គឺជាការអនុវត្តសិទ្ធិបញ្ចេញមតិ ដោយមិនមែនជាអំពើល្មើសច្បាប់អ្វីនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។