ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា​មួយ​ចំនួន​នៅ​ប្រឈម​បញ្ហា​បំណុល​ធ្ងន់ធ្ងរ ពេល​រង់​ចាំ​ដំណោះស្រាយ​ជិត ២ឆ្នាំ

ដោយ ខាន់ លក្ខិណា
2025.02.03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា​មួយ​ចំនួន​នៅ​ប្រឈម​បញ្ហា​បំណុល​ធ្ងន់ធ្ងរ ពេល​រង់​ចាំ​ដំណោះស្រាយ​ជិត ២ឆ្នាំ

(ពីឆ្វេង) ប្រធានក្រុមហ៊ុន​ពិភពដីមាស លោក ហ៊ី គឹមហុង ប្រធានក្រុមហ៊ុន ជា សារ៉ន គ្រុប លោក ជា សារ៉ន និង​ប្រធានក្រុមហ៊ុន​ ប្រ៊ីលាន ស៊ីធី (Brilliant City) អ្នកស្រី ឡេង ចាន់ណា។ រូប៖ ពីបណ្ដាញសង្គមហ្វេសប៊ុក​


ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា​មួយ​ចំនួន បារម្ភ​វ័ណ្ឌក​នឹង​បំណុល ដែល​កាន់​តែ​កើន​ឡើង​ជា​រៀងរាល់​ខែ បន្ទាប់​ពី​ទន្ទឹង​រង់​ចាំ​ដំណោះស្រាយ​ ជិត ២ឆ្នាំ​មក​ហើយ ខណៈ​ពលរដ្ឋ​ខ្លះ​ចាញ់​បោក​ក្រុមហ៊ុន​ហើយ និង​ត្រូវ​ក្រុមហ៊ុន​ ប្ដឹង​ថែម​ទៀត និង​ខ្លះ​ទៀត​សម្លាប់​ខ្លួន ពីព្រោះ​គ្មាន​លទ្ធភាព​សង​បំណុល។

អ្នក​ឃ្លាំមើល​ថា រដ្ឋាភិបាល​គួរ​តែ​ផ្លាស់​ប្ដូរ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដោយ​លើក​យក​បញ្ហា​ដាក់​ចេញ​ជា​គោល​នយោបាយ​រួម និង​ដាក់​លើ​តុ​ជជែក​គ្នា ពី​គ្រប់​ភាគី​ទាំងអស់ បើ​មិន​ដូច្នេះ​ទេ កំហុស​នានា គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។

ប្រជាពលរដ្ឋ ដែល​ចាញ់​បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា​មួយ​ចំនួន ត្អូញត្អែរ​ថា បំណុល​ របស់​ពួកគាត់ កើន​ឡើង​កាន់​តែ​ច្រើន រីឯ​ដំណោះស្រាយ​វិញ គ្មាន​ឃើញ​ពន្លឺ​សោះ។ ពួកគាត់​ខក​ចិត្ត ចំពោះ​រដ្ឋាភិបាល ដែល​មិន​អើពើ​ជួយ​ពន្លឿន​ដំណោះស្រាយ​ឱ្យ​ពួកគាត់។ ពួកគាត់​សង្ស័យ​ថា ការ​គាំង​រក​ច្រក​ចេញ​មិន​ឃើញ​នេះ អាច​មាន​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​ធំៗ ដែល​កាង​នៅ​ពី​ក្រោយ។

ជា សារ៉ន ខេត្ត​កំពត

ពលរដ្ឋ​រងគ្រោះ​ចាញ់​បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា ជា សារ៉ន នៅ​ខេត្ត​កំពត ប្រាប់​វិទ្យុ​អាស៊ី​សេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា រយៈពេល​ជិត ២ឆ្នាំ​ហើយ​ស្ងាត់​ឈឹង។ លោក​ថា អភិបាល​ខេត្ត​កំពត​លោក ម៉ៅ ធនិន្ទ សម្របសម្រួល​ដោយ​ឱ្យ​ពួកគាត់​ផ្អាក​បង់​ប្រាក់​សង​ធនាគារ​សិន រហូត​ទទួល​បាន​ដំណោះស្រាយ ប៉ុន្តែ​ លោក​ថា ចំណាត់​ការ​បែប​នេះ គ្រាន់​តែ​ជា​ការ​ដោះ​ទ័ល​បណ្ដោះអាសន្ន។ លោក​បារម្ភ​ថា ការ​ផ្អាក​បង់​ប្រាក់​សង​ធនាគារ​បណ្ដោះអាសន្ន​នេះ នឹង​ធ្វើ​ឱ្យ​ពួកគាត់​រងគ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ ដោយសារ​តែ​ប្រាក់​ដើម​នៅ​ដដែល រីឯ​ការ​ប្រាក់​វិញ​កើន​មិន​ឈប់​ ហើយ​ក៏​ស្រាប់​តែ​តម្រូវ​ឱ្យ​ពលរដ្ឋ​រងគ្រោះ សម្រុក​ទូទាត់​នៅ​ពេល​ណា​មួយ។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ដោះស្រាយ​ទូទាត់​ប្រាក់​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យ​បាន​ជាក់ស្ដែង ជា​ជាង​ការ​ពន្យារ​ពេល​មិន​ប្រាកដ​ប្រជា។

ពលរដ្ឋ​រងគ្រោះចាញ់​បោក​ក្រុមហ៊ុន ជា សារ៉ន៖ «ថ្ងៃ​ទៅ​មុខ​ទៀត យើង​មិន​បង់​មែន ប៉ុន្តែ​ខ្ញុំ​ខ្លាច​តែ​ស្លាប់​មិន​ដឹង​ខ្លួន អត់​បង់ៗៗៗៗៗ ស្រាប់​តែ​ដល់​ពេល​គេ​គិត​យក​បញ្ជី​មក​សា​ថ្មី​ដើម​ស្មើ​ការ! ការ​ស្មើ​ដើម ច្របាច់​ចូល​គ្នា​លើស​ដើម។ មុន​នឹង​ក្រោយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដដែល»


ហ៊ី គឹមហុង ពិភពដីមាស

ចំណែក​ពលរដ្ឋ​រងគ្រោះ ចាញ់​បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា ហ៊ី គឹមហុង ប្រាប់​វិទ្យុ​អាស៊ី​សេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ពុំ​មាន​ដំណោះស្រាយ​ជិត ២ឆ្នាំ​ហើយ ហើយ​លោក​ជាប់​បណ្ដឹង​ពី​បទ​ញុះញង់​ថែម​ទៀត នៅ​ពេល​លោក​តវ៉ា​ទាមទារ​យុត្តិធម៌។ លោក​ថា មាន​ប្រជាពលរដ្ឋ​រងគ្រោះ​សម្លាប់​ខ្លួន​កាន់​តែ​ច្រើន ដោយសារ​ មាន​វិបត្តិ​ផ្លូវ​ចិត្ត ព្រោះ​ជំពាក់​បំណុល​វ័ណ្ឌក នៅ​ស្រប​ពេល​ដែល​អតីត​ឧកញ៉ា ហ៊ី គឹមហុង វិញ បង្ហាញ​ភាព​មិន​ច្បាស់លាស់ ហើយ​ចេះ​តែ​សន្យា​ពន្យារ​ពេល ៣ឆ្នាំ បន្ត​ទៀត ក្នុង​ការ​រក​ដំណោះស្រាយ ខណៈ​អាជ្ញាធរ​ធ្វើ​មិន​ដឹង​មិន​ឮ។

ពលរដ្ឋ​រងគ្រោះ​នៅ​ក្រុមហ៊ុន​អតីត​ឧកញ៉ា ហ៊ី គឹមហុង៖ «វា​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​គ្រួសារ​ត្រូវ​បាន​គេ​បោក​លុយ​ពួក​ខ្ញុំ​អស់​ហើយ បែរជា​ម្ចាស់​ក្រុមហ៊ុន​គាត់​អត់​មាន​ដំណោះស្រាយ​ណា។ ពួក​ខ្ញុំ​ម្នាក់ៗ​រង​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ជាមួយ​បំណុល​ធនាគារ មាន​បង​ប្អូន​ធ្លាក់​ខ្លួន​ឈឺ ស្លាប់​បន្ត​បន្ទាប់ សព្វ​ឡើង​ដល់ ១៧​នាក់​នៅ​តែ​អត់​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ ទទួល​បាន​លុយ​យក​មក​សង​គេ​អ៊ីចឹង។ ខ្លះ​ក៏​ចង​ក ខ្លះ​ក៏​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់ ។ អត់​មាន​សង​ធនាគារ ហើយ​ធនាគារ​មក​ទារ​ព្រឹក​មក​ទារ​ល្ងាច ឬ​ក៏​ប្ដឹង​ទៅ​គាត់​តុលាការ​អ៊ីចឹង​ទៅ គាត់​ធ្លាក់​ខ្លួន​ឈឺ ខ្លះ​គាត់​ខ្មាស​គេ គាត់​គិត​ខ្លី​ចង​ក​សម្លាប់​ខ្លួន ចោល​កូន​ចោល​ប្ដី​អ៊ីចឹង​ទៅ។ ខ្ញុំ​ឃើញ​រូប​ហ្នឹង ខ្ញុំ​ឈឺ​ចាប់​ណាស់»។

ឡេង ចាន់ណា

រីឯ​តំណាង​ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​សៀមរាប ដែល​ចាញ់​បោក​ក្រុមហ៊ុន​អតីត ឧកញ៉ា ឡេង ចាន់ណា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​អស់​លទ្ធភាព​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​ហើយ។ លោក​ថា ទាំង​លោក និង​ពលរដ្ឋ​រងគ្រោះ​ផ្សេង​ទៀត បាន​លក់ ឬ​ដាក់​បញ្ចាំ​អស់​ហើយ​នូវ​ទ្រព្យ​សម្បត្តិ ដីធ្លី និង​ស្រែ​ចម្ការ ដើម្បី​សង​បំណុល​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ។ លើស​ពី​នេះ​ទៀត លោក​ថា ពលរដ្ឋ​រងគ្រោះ​ កើន​បំណុល​កាន់​តែ​ច្រើន ដោយសារ​នាំ​គ្នា​ខ្ចី​បុល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​ សង​បំណុល ដែល​មាន​វ័ណ្ឌក​ស្រាប់​ទៅ​ហើយ។

លោក​ថា ស្ថានភាព​គ្រួសារ​នីមួយៗ ធ្លាក់​ដុន​ដាប រហូត​ដល់​ក្មេងៗ ក្នុង​គ្រួសារ​ បោះបង់​ការ​សិក្សា និង​ចំណាក​ស្រុក​ធ្វើ​ជា​កម្មករ ជួយ​រក​លុយ​សង​បំណុល​ឪពុក​ ម្ដាយ។ លោក​លើក​ឡើង​ថា បើ​តុលាការ អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា មិន​ព្រម​ដោះស្រាយ​ទូទាត់​លុយ​ឱ្យ​ពលរដ្ឋ ឱ្យ​បាន​ឆាប់​រហ័ស​ នោះ​វិបត្តិ​រងគ្រោះ នឹង​កាន់​តែ​ធ្ងន់ធ្ងរ។

ពលរដ្ឋ​រងគ្រោះ​នៅ​ក្រុមហ៊ុន​អតីត​ឧកញ៉ា ឡេង ចាន់ណា៖ «ខ្ញុំ​គ្រាន់​តែ​លឺ​តាម​គ្នា​ដែរ​ទេ ថា​គេ​នឹង​ដោះស្រាយ​ឱ្យ​ប៉ុន្តែ​មិន​ដឹងពេល​ណា​ទេ។ ឡេង ចាន់ណា ថា​ព្រម​សង​លុយ ៩៨ លាន​ដុល្លារ ហើយ​ក្រៅ​ពី​នឹង​គេ​អត់​ទទួល​ស្គាល់​ទេ ទាំង​លុយ​សរុប​ទាំងអស់​វា​ចូល ៣០០ លាន​ដុល្លារ។ ប៉ុន្តែ​ខ្ញុំ​មិន​ថា ឡេង ចាន់ណា បាន​លុយ​ពី​ណា​សម្រាប់​សង ៩៨ ដុល្លារ​ហើយ​សល់​ប៉ុន្មាន​ទៀត មិន​ដឹង​អ្នក​ណា​ជា​អ្នក​ចេញ​សង ឬ​គេ​គិត​សង​ប៉ុណ្ណឹង ខ្ញុំ​មិន​ដឹង ហើយ​ដឹង​សង​ពេល​ណា ហើយ​មិន​សង​អត់។ បារម្ភ​ច្រើន បារម្ភ​ទី១ បារម្ភ​ឡេង ចាន់ណា អត់​មាន​លុយ​សង ហើយ​មួយ​ទៀត បារម្ភ​យើង​អត់​មាន​លុយ​បង់​ធនាគារ ទៅ​មុខ​ទៀត មិន​ដឹង​ដោះស្រាយ​របៀប​ម៉េច ព្រោះ​អី​លុយ​បំណុល​ច្រើន ដូច​ខ្ញុំ​ជាប់​ធនាគារ ១០ ម៉ឺន​ដុល្លារ​ហើយ ឥឡូវ​អស់​រលីង​ពី​ខ្លួន​ហើយ មិន​រក​អី​បាន​សង​គេ​ទេ ហើយ​មិន​ថា វិធានការ​ត្រូវ​ធនាគារ​គេ​ធ្វើ​ម៉េច​ទៀត»។

កាល​ពី​ថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០២៤ លោក​ហ៊ុន ម៉ាណែត តែងតាំង​មេធាវី​រដ្ឋាភិបាល ដែល​មាន​លោក គី តិច ជា​ប្រធាន ដើម្បី​ធ្វើ​ជា​តំណាង​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​រងគ្រោះ​ពី​ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា រហូត​ដល់​ត្រូវ​បញ្ចប់​សំណុំ​រឿង។ ការ​តែងតាំង​មេធាវី​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រជាពលរដ្ឋ​ រាប់​រយ​នាក់​នៅ​ខេត្ត​សៀមរាប​បាន​ចេញ​តវ៉ា​បិទ​ផ្លូវ និង​ដាក់​ពាក្យ​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​សមស្រប​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន្ទ និង​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​លោក គី តិច បាន​ទេនៅថ្ងៃទី៣០ ខែ​មករា ជុំវិញ​ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​នេះ។


អត្ថបទទាក់ទងនឹងរឿងបោកប្រាស់ការវិនិយោគវិស័យអចលនទ្រព្យ៖

ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ចង់​ឃើញ​​រដ្ឋាភិបាល​កំណត់​ថ្ងៃ​​​​ផ្ដល់​​ដំណោះ​ស្រាយ​​ជូន​​ពួកគាត់​​ក្នុង​ឆ្នាំ​ថ្មី​នេះ
តុលាការ​គួរ​ស៊ើបអង្កេត​លើ​លោក ហ៊ុន ម៉ាណែត «ករណី​ឆបោក​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា»
អ្នករងគ្រោះ​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ជា សារ៉ន ស្នើ​ឱ្យ​អាជ្ញាធរ​ជំរុញ​ទៅ​តុលាការ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួកគាត់
ពលរដ្ឋ​ចាញ់​បោក​ឧកញ៉ា ជា សារ៉ន និង​ឧកញ៉ា ហ៊ី គឹមហុង លក់​ទ្រព្យសម្បត្តិ​សងបំណុល​ធនាគារ

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ពន្យារ​ពេល​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ នឹង​ធ្វើ​ឱ្យ​អាជ្ញាធរ​ជាប់​ឈ្មោះ​មិន​ល្អ រីឯ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ក្រុមហ៊ុន​បោក​ប្រាស់​ ក៏​បន្ត​រងគ្រោះ។

លោក​ថា រដ្ឋាភិបាល គួរ​តែ​ផ្លាស់​ប្ដូរ​ឥរិយាបថ ក្នុង​ការ​អនុវត្ត​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដោយ​លើក​យក​បញ្ហា ដាក់​ចេញ​ជា​គោល​នយោបាយ​រួម និង​ដាក់​លើ​តុ​ជជែក​គ្នា ដែល​គ្រប់​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន។

លោក សេក សុជាតិ៖ «បញ្ហា​ទាំងអស់​គួរ​លើក​យក​មក​ដាក់​ជា​គោល​នយោបាយ​រួម ហើយ​អនុវត្ត​ឱ្យ​ស្មើ​ភាព​គ្នា​ទាំង​ធនាគារ​ទាំង​រដ្ឋាភិបាល ទាំង​ប្រជាពលរដ្ឋ​ហើយ​នឹង​ក្រុម​ហ៊ុន ទាំង​បួន​ភាគី គួរ​ចូល​តុ​ចរចា ហើយ​ដាក់​ចេញ​គោល​នយោបាយ​រួម​មួយ ហើយ​បញ្ហា​ទាំងអស់​ដាក់​លើ​តុ ដើម្បី​ដោះស្រាយ។បើ​សិន​ជា​នៅ​រក្សា​វប្បធម៌​សម្របសម្រួល​ម្ដង​នោះ​ជួយ​ខាង​នេះ ម្ដង​នេះ​ជួយ​នោះ​វិញ ហើយ​ដោះ​ទៅ​ដោះ​មក បន្ទុក​ទាំងអស់​ហ្នឹង រឹត​តែ​ធ្វើ​ឱ្យ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​អនុវត្ត​ច្បាប់ កាន់​តែ​ខ្លាំង​ដូច​គ្នា ដូច្នេះ មិន​មែន​ជា​រូប​ភាព​ល្អ​ទេ»។

ក្រោយ​ការ​តវ៉ា​របស់​ពលរដ្ឋ ដែល​ចាញ់​បោក​ក្រុមហ៊ុន​អតីត​អ្នកស្រី ឡេង ចាន់ណា សមត្ថកិច្ច​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៤ បាន​ឃាត់​ខ្លួន អ្នកស្រី ឡេង ចាន់ណា ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និង​បក្ខពួក​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​លុយ​ពលរដ្ឋ​រាប់​ពាន់​នាក់ ទាំង​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស និង​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

រីឯ​អតីត​ឧកញ៉ា ហ៊ី គឹមហុង ប្រធាន​ក្រុមហ៊ុន​ពិភព​ដី​មាស និង​បក្ខពួក​ផ្សេង​ទៀត ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត​ចាប់​ខ្លួន កាល​ពី​អំឡុង ខែ​សីហា ឆ្នាំ២០២៣ ពី​បទ​ឆបោក។ក្រោយ​ជាប់​ឃុំ​ប្រមាណ ៣ខែ នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍​បាន​សម្រេច​ដោះលែង​អតីត​ឧកញ៉ា ហ៊ី គឹមហុង ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

ចំណែក​អតីត​ឧកញ៉ា ជា សារ៉ន ដែល​ជា​ប្រធាន​ក្រុមហ៊ុន ជា សារ៉ន និង​បក្ខពួក​ វិញ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​មេសា ឆ្នាំ២០២៣។

អតីត​ឧកញ៉ា ជា សារ៉ន អតីត​ឧកញ៉ា ឡេង ចាន់ណា និង​អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ដើម្បី​លក់​សង​ពលរដ្ឋ​រងគ្រោះ ដែល​ចាញ់​បោក​ក្រុមហ៊ុន របស់​អតីត​ឧកញ៉ា​ទាំង​បី​នាក់។ ប៉ុន្តែ​ ប្រជាពលរដ្ឋ អះអាង​ថា រយៈពេល​ជិត ២ឆ្នាំហើយ ពួកគាត់​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង ឬ​ដំណោះស្រាយ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment