អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​គ្រួសារ​លោក លិម គិមយ៉ា និង​អ្នក​ប្រជាធិបតេយ្យ​ប្រឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល

ដោយ ខាន់ លក្ខិណា
2025.02.03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​គ្រួសារ​លោក លិម គិមយ៉ា និង​អ្នក​ប្រជាធិបតេយ្យ​ប្រឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល

ភរិយា​របស់​សព​លោក លិម គិមយ៉ា គឺ​អ្នកស្រី លិម អានី (រូបស្ដាំ) លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូម៉ារ៉ា នៅ​ក្នុង​ពិធីបុណ្យសពលោក លិម កិមយ៉ា ​ដែល​ធ្វើ​​នៅ​វត្តពោធិ៍វង្ស ឬ​វត្ត សង់ សៀកម៉ាន នៅ​ជាយ​ទីក្រុងប៉ារីស កាល​ពី​យប់​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២៥។ RFA


អ្នក​ច្បាប់​និង​បក្ស​ប្រឆាំង​លើក​ឡើង​ថា ក្រុម​គ្រួសារ និង​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​ធ្វើ​សកម្មភាព​ឱ្យ​សកម្ម ដើម្បី​ជំរុញ​រដ្ឋាភិបាល​បារាំង​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត ក្នុង​ការ​ស៊ើបអង្កេត​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា។ ការ​ជំរុញ​នេះ​ធ្វើ​ ឡើង​បន្ទាប់​ពី​លោក​ប្រុស​លោក លិម គិមយ៉ា លើក​ឡើង​ថា ការ​ស៊ើបអង្កេត​លើ​ឃាតកម្ម​ឪពុក​របស់​លោក​ហាក់​នៅ​ជាប់​គាំង ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ចាប់​បញ្ជូន​ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​ពីរ​នាក់ ទៅ​ឱ្យ​តុលាការ​ថៃ។

អ្នក​ច្បាប់ និង​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា ចំណុច​គន្លឹះ​នៃ​ការ​ស្វែង​រក​យុត្តិធម៌​ ជូន​លោក លិម គិមយ៉ា គឺ​ស្ថិត​នៅ​លើ​ការ​ប្រឹងប្រែង​របស់​អាជ្ញាធរ និង​តុលាការ​បារាំង ពីព្រោះ​លោក លិម គិមយ៉ា និង​គ្រួសារ​របស់​គាត់​ជា​ពលរដ្ឋ​បារាំង។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០២ ខែ​កុម្ភៈ​ថា ខណៈ​ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​បន្ត​នីតិវិធី​របស់​តុលាការ​ថៃ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ទាន់​បាន​បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​ពីរ​នាក់ គឺ​លោក ពេជ្រ គឹមស្រ៊ិន និង​លោក លី រតនរស្មី នៅ​ឡើយ​ទេ។ លោក​បាន​ហៅ​ស្ថានភាព​នេះ​ថា ជា​ឃាតកម្ម​នយោបាយ។

លោក វ៉ន ចាន់ឡូត ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្ហាញ​ឥរិយាបថ​មិន​អើពើ ក្នុង​ការ​តាម​ចាប់​ជន​សង្ស័យ​ទាំង​ពីរ​នាក់ ទៅ​ឱ្យ​តុលាការ​ថៃ ដើម្បី​អនុវត្ត​ ដំណើរ​ការ​ក្ដី។ លោក​អះអាង​ថា ឥរិយាបថ​របស់​លោក ហ៊ុន ម៉ាណែត មាន​គោល​ដៅ​បិទ​បាំង​ការ​ពាក់ព័ន្ធ​ណា​មួយ របស់​អ្នក​មាន​ឥទ្ធិពល​នៅ​កម្ពុជា ដែល​នៅ​ពី​ ក្រោយ​ផែនការ​សម្លាប់​លោក លិម គិមយ៉ា។ ដូច្នេះ​លោក​ថា គ្រួសារ​ជន​រងគ្រោះ​ ពិបាក​រំពឹង​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គឺ​មាន​តែ​ជំរុញ​ឱ្យ​មាន​ អន្តរាគមន៍​ថែម​ទៀត​ពី​ភាគី​បារាំង។

លោក វ៉ន ចាន់ឡូត៖ «វា​លើក​លែង​តែ​មាន​ការ​ស្នើ​ឬ​ការ​ជំរុញ​យ៉ាង​ខ្លាំង ពី​តុលាការ​ក៏​ដូច​ជា អាជ្ញាធរ​បារាំង ឱ្យ​ធ្វើ​ការ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ឬ​មួយ​តុលាការ​ថៃ ទើប​អាច​សង្ឃឹម​ថា ឃាតករ​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បន្ត​នីតិវិធី»។

លោក វ៉ន ចាន់ឡូត ថា ដើម្បី​អាច​រក​យុត្តិធម៌​ឱ្យ​បាន​កម្រិត​ខ្ពស់​បំផុត​ជូន​លោក លិម គិមយ៉ា គឺ​ទាល់​តែ​ក្រុម​គ្រួសារ សាច់ញាតិ មិត្ត​ភក្ដិ និង​ប្រជាធិបតេយ្យ​ជា​រួម បង្កើន​សកម្មភាព​បន្ថែម​ទៀត ទាំង​តាម​ក្រប​ខណ្ឌ​រដ្ឋបាល​បារាំង រួម​ទាំង​ការ​ចេញ​ទាមទារ​ជា​សាធារណៈ​ឱ្យ​ភាគី​បារាំង យក​ចិត្ត​ទុក​ដាក់​ជំរុញ​ទៅ​ភាគី​ថៃ និង​កម្ពុជា​ លើ​ករណី​ពាក់ព័ន្ធ​នានា ក្នុង​ដំណើរ​ការ​រឿង​ក្ដី ជា​ពិសេស​ការ​ចាប់​បញ្ជូន​លោក ពេជ្រ គឹមស្រ៊ិន និង​លោក លី រតនរស្មី ទៅ​ឱ្យ​តុលាការ​ថៃ។

លោក វ៉ន ចាន់ឡូត៖ «អាច​ធ្វើ​ការ​ទាមទារ​ជា​សាធារណៈ រួម​មាន​តែ​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ទូត​ខ្មែរ ធ្វើ​បាតុកម្ម​នៅ​ទី​សាធារណៈ​នៅ​ក្នុង​ប្រទេស​បារាំង។ ដោយ​ឡែក​ជា​រួម​នៅ​លើ​ពិភព​លោក ខ្ញុំ​យល់​ថា ក៏​ជា​សម្ពាធ​មួយ ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ថៃ ត្រូវ​តែ​លាង​ជម្រះ​បញ្ហា​ឃាត​កម្ម ដែល​កើត​ឡើង​នៅ​ទឹក​ដី​របស់​ខ្លួន ក៏​ដូច​ជា ត្រូវ​ហ៊ាន​បង្ហាញ​ប្រព័ន្ធ​តុលាការ​ថៃ​ជា​ប្រព័ន្ធ​តុលាការ ដែល​មិន​ចំណុះ​ឱ្យ​អំណាច​នយោបាយ​ដូច​ទៅ​នឹង​តុលាការ​កម្ពុជា»។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កូន​ប្រុស​ពៅ​របស់​លោក លិម គិមយ៉ា គឺ​លោក លិម តូម៉ាស៍ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​ឪពុក​ របស់​លោក ហាក់​ដូច​ជា​នៅ​ទ្រឹង ពីព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គ្រាន់​តែ​ចាប់​ខ្លួន​ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ទៅ​ឱ្យ​ភាគី​ថៃ ប៉ុន្តែ​មិន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ទៀត តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​ថៃ​ឡើយ។


អត្ថបទទាក់ទអនឹងរឿងឃាតកម្មលើលោក លិម គិមយ៉ា៖

លោក ហ៊ុន ម៉ាណែត ច្រានចោល​ការ​ពាត់ព័ន្ធក្នុងឃាតកម្មលើលោក លិម គិមយ៉ា

តុលាការបារាំងបានសាកសួរភរិយាលោក លិម គិមយ៉ា អំពីករណីឃាតកម្មលើលោក លិម គិមយ៉ា

ខ្មាន់កាំភ្លើងបង្ហាញអត្តសញ្ញាណអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា

អ្នកជំនាញច្បាប់ និងអ្នកតាមដាននយោបាយថា ឃាតកម្មលើលោក លិម គិមយ៉ា ជាប់ពាក់ព័ន្ធរដ្ឋាភិបាល ដែលរៀបចំជាប្រព័ន្ធ


វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ពី​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃទី២ ខែ​កុម្ភៈ ជុំវិញ​ដំណើរ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​ពីរ​នាក់។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី២ ខែកុម្ភៈ ថា​ក្រុម​គ្រួសារ​លោក លិម គិមយ៉ា និង​អ្នក​ស្រឡាញ់​យុត្តិធម៌​ទូទៅ មិន​ត្រូវ​ស្ងៀម​ស្ងាត់ នឹង​ការ​ជាប់​គាំង​នៃ​ដំណើរ​ការ​ក្ដី​លោក លិម គិមយ៉ា ឡើយ ពីព្រោះ​លោក​ថា បើ​មិន​អាច​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា បាន​ទេ នោះ​នឹង​កាន់​តែ​រីក​រាល​ដាល​អំពី​ឃាតកម្ម​នយោបាយ​ទាំង​នៅ​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ត្រកូល​ហ៊ុន។ លោក​ថា គ្រួសារ​លោក លិម គិមយ៉ា និង​អ្នក​ប្រជាធិបតេយ្យ ត្រូវ​សួរ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​សមត្ថកិច្ច និង​ តុលាការ​បារាំង ហើយ​រក​វិធី​ជំរុញ​ឱ្យ​តុលាការ​បារាំង ចេញ​ដីកា​បន្ថែម​ទៀត ក្នុង​ការ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ខ្មែរ​ទាំង​ពីរ​នាក់ ទៅ​ឱ្យ​តុលាការ​ថៃ​ធ្វើ​ដំណើរ​ការ​ក្ដី។

លោក អ៊ុំ សំអាន៖ «ជំរុញ​ការ​ពន្លឿន​ទៅ​ដល់​តុលាការ​បារាំង​ឱ្យ​ដំណើរ​ការ​រឿង​ហ្នឹង។ មួយ​ទៀត ជំរុញ​ឱ្យ​រដ្ឋាភិបាល ដែល​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​បារាំង​ឱ្យ​ពន្លឿន​សំណុំ​រឿង​នៅ​តុលាការ​បារាំង ពីព្រោះ​បើ​តាម​ខ្ញុំ​យល់​ថា មាន​តែ​បារាំង​នោះ​ទេ ដែល​មិន​ទទួល​ឥទ្ធិពល​នយោបាយ។ អ្នក​​នយោបាយ​មិន​អាច​ជ្រៀង​ជ្រែក​កិច្ច​ការ​របស់​តុលាការ​បាន​ទេ តុលាការ​ឯករាជ្យ គេ​អាច​ចេញ​ដីកា​ចាប់​ខ្លួន អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​ជា​ពិសេស ពេជ្រ គឹមស្រ៊ិន លី រតនរស្មី ហើយ​និង​លោក ហ៊ុន សែន ជា​អ្នក​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ឃាត​កម្ម​ហ្នឹង»។

លោក លិម គិមយ៉ា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ មណ្ឌលកំពង់​ធំ​ ត្រូវ​បាន​ខ្មាន់កាំភ្លើង ​បាញ់​សម្លាប់​នៅ​​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២៥ ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ពី​ខែត្រ​សៀមរាប​មក​ទីក្រុង​បាងកក​តាម​រថយន្ត​ក្រុង​ជាមួយ​ភរិយា​របស់​លោក។

មក​ដល់​ពេល​នេះ សមត្ថកិច្ច​ថៃ​បាន​បង្ហាញ​មុខ​បុគ្គល​ពាក់ព័ន្ធ ៤នាក់ ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​លោក លិម គិមយ៉ា។ បុគ្គល​ទាំង៤នាក់ រួម​មាន​ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ អ្នក​បើក​ឡាន​ជន​ជាតិ​ថៃ​ឈ្មោះ ឆាឃីត ប៊ួប្លី (Chakit Buaplee) ដែល​បាន​ដឹក​ខ្មាន់​កាំ​ភ្លើង​គេច​ខ្លួន​ចូល​ទឹក​ដី​កម្ពុជា អ្នក​ឱ្យ​តម្រុយ​ជា​ជន​ជាតិ​ខ្មែរ​ឈ្មោះ​ពេជ្រ គឹមស្រ៊ិន និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត ជា​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​លោក លី រតនរស្មី ដែល​ជាប់​ចោទ​ជា​អ្នក​បញ្ជា​ខ្មាន់​កាំ​ភ្លើង ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា។

ជន​ជាតិ​ខ្មែរ​លោក ពេជ្រ គឹមស្រ៊ិន និង​លោក លី រតនរស្មី ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​ថៃ ចេញ​ដីកា​ចាប់​ខ្លួន​រួច​ហើយ ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល​ចេញ​និវេទន៍​ក្រហម​ស្វែង​រក​ចាប់​ខ្លួន​ដែរ។ ប៉ុន្តែ​អស់​រយៈពេល​ជិត​មួយ​ខែ​ទៅ​ហើយ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​បាន​បង្ហាញ​ប្រតិបត្តិការ​តាម​ចាប់​ជន​សង្ស័យ​ទាំង​ពីរ​នាក់ បញ្ជូន​ឱ្យ​តុលាការ​ថៃ​អនុវត្ត​ដំណើរ​ការ​ក្ដី​ឡើយ។

ដោយ​ឡែក​សព​លោក លិម គិមយ៉ា ត្រូវ​បាន​បញ្ជូន​ពី​ទី​ក្រុង​បាងកក ប្រទេស​ថៃ ទៅ​ដល់​ទីក្រុង​ប៉ារីស៍ ប្រទេស​បារាំង កាល​ពី​ថ្ងៃទី២៧ ខែ​មករា ដោយ​មាន​កិច្ចសហការ​រវាង​ស្ថាន​ទូត​បារាំង​នៅ​ទីក្រុង​បាងកក និង​អាជ្ញាធរ​ថៃ។ ក្រុម​គ្រួសារ​របស់​លោក លិម គិមយ៉ា បាន​រៀបចំ​ពិធី​បញ្ចុះសព​លោក​នៅ​ថ្ងៃ​ទី៣ ខែ​កុម្ភៈ នៅ​សង្កាត់ គ្រេតី (Gretiel) ជាយ​ក្រុង​ប៉ារីស។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន កាលពី ថ្ងៃទី២៣ ខែមករា ឯកអគ្គរដ្ឋទូត​បារាំង​លោក ហ្សាក់ ប៉ឺឡេ បាន​រំលឹក​ប្រាប់​លោក លោក ប្រាក់ សុខុន ថា ប្រទេស​បារាំង កំពុង​តាម​ដាន​យ៉ាង​ យក​ចិត្ត​ទុក​ដាក់ លើ​ការ​ស៊ើបអង្កេត​ស្ដី​ពី​ឃាតកម្ម​លើ​លោក លិម គិម យ៉ា ដែល​ជា​ពលរដ្ឋ​បារាំង និង​ជា​សមាជិក​បក្ស​ប្រឆាំង​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment