អ្នក​កាសែត​អង់គ្លេស៖ រដ្ឋាភិបាល​កម្ពុជា «មិន​អាច​បញ្ឈប់​ព័ត៌មាន​មិន​ឱ្យ​លេចឮ​ទៅ​ខាងក្រៅ​បាន​ឡើយ»

ដោយ មាន ឫទ្ធិ
2025.02.11
RFA

អ្នក​កាសែត​អង់គ្លេស៖ រដ្ឋាភិបាល​កម្ពុជា «មិន​អាច​បញ្ឈប់​ព័ត៌មាន​មិន​ឱ្យ​លេចឮ​ទៅ​ខាងក្រៅ​បាន​ឡើយ»

លោក ជើរ៉លដ៍ ហ្វ្លីន (Gerald Flynn) អ្នកសារព័ត៌មានស៊ើបអង្កេត​អន្តរជាតិ​ នៃ​សារព័ត៌មានម៉ុងហ្កាបេ (Mongabay) និង​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​បរទេស​នៅ​កម្ពុជា (OPCC)។ រូបថត៖ អង្គការ​អ្នក​រាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន (RSF) Photo: RFA


អ្នក​កាសែត​ជនជាតិ​អង់គ្លេស លោក ជឺរល ហ្វ្លីន (Gerald Flynn) ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​​បម្រាម​ដាក់​ក្នុង​បញ្ជី​ខ្មៅ​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​កាលកំណត់​នោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​នឹង​នៅ​តែ​បន្ត​រាយការណ៍​ពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ដដែល។ លោក ជឺរល ហ្វ្លីន ថា​ការ​ហាម​ប្រាម​មិន​ឱ្យ​លោក​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ នឹង​មិន​អាច​បញ្ឈប់​ព័ត៌មាន​មិន​ឱ្យ​លេចឮ​ចេញ​ទៅ​ដល់​​ពិភពលោក​ខាង​ក្រៅ​បាន​​ឡើយ។


លោក មាន ឫទ្ធិ៖ បាទ! ជម្រាបសួរ​លោក ជឺរល ហ្វ្លីន! ខ្ញុំ​ដឹង​ថា លោក​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ហាមប្រាម​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​​ដោយ​គ្មាន​កាលកំណត់។ សូម​លោក​ជួយ​ប្រាប់​ពី​ដំណើរ​ដើមទង​នៃ​រឿងរ៉ាវ​នេះ​បន្តិច​មើល?

លោក ជឺរល ហ្វ្លីន៖ បាទ ប្រាកដ​ណាស់! កាលពី​ថ្ងៃទី៥ ខែមករា នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ខ្ញុំ​បាន​ត្រលប់​មក​ពី​ឈប់សម្រាក​នៅ​ឯ​ប្រទេស​ថៃ។ ពេល​នោះ មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​បាន​ប្រាប់​ខ្ញុំ​ថា គេ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ទេ និង​ថា​ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​​ហាមប្រាម​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​ជា​រៀង​រហូត។ ពួកគេ​និយាយ​ថា គេ​ដាក់​ឈ្មោះ​ខ្ញុំ​ក្នុង​បញ្ជី​ខ្មៅ​តាំង​ពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​ទៅ​មិញ​មក​ម៉្លេះ។ ច្បាស់​ណាស់​សម្រាប់​ខ្ញុំ វា​ពិបាក​នឹង​យល់​ថា បម្រាម​នេះ​គឺ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ផ្សេង ក្រៅ​តែ​ពី​ការ​សងសឹក​ដោយសារ​តែ​ការងារ​ជា​អ្នក​កាសែត​របស់​ខ្ញុំ។ អាជ្ញាធរ​នៅ​ព្រលាន​យន្តហោះ មិន​បាន​ពន្យល់​លម្អិត​នោះ​ទេ។ ពួកគេ​និយាយ​ថា ឯកសារ​ដែល​ខ្ញុំ​បាន​ដាក់​ស្នើសុំ​ទិដ្ឋាការ​ចុងក្រោយ​នេះ ជា​ឯកសារ​ក្លែងក្លាយ ឬ​ផ្តល់​ព័ត៌មាន​មិន​ពិត។ ប៉ុន្តែ ពួកគេ​មិន​អាច​ប្រាប់​ខ្ញុំ​ថា​តើ​ឯកសារ​មួយ​ណា ឬ​បញ្ហា​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ។

លោក មាន ឫទ្ធិ៖ ក្រោយ​លោក​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ក៏​ត្រូវ​បង្ខំចិត្ត​ហោះ​ទៅ​ប្រទេស​ថៃ​វិញ។ តើ​លោក​មាន​អារម្មណ៍​បែប​ណា​ដែរ​ក្រោយ​ពី​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​ដាក់​ឈ្មោះ​លោក​ក្នុង​បញ្ជី​ខ្មៅ​ដូច្នេះ និង​ថា​លោក​ក្លាយ​ជា​គោលដៅ​នោះ?

លោក ជឺរល ហ្វ្លីន៖ បាទ! និយាយ​តាម​ត្រង់​ទៅ គឺ​ឈឺ​ចិត្ត​មែនទែន។ ខ្ញុំ​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ២០១៩មក។ ខ្ញុំ​មាន​មិត្តភក្តិ​ល្អៗ​ជា​ច្រើន។ ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ពេលវេលា​របស់​ខ្ញុំ​ដែល​ធ្វើការ​នៅ​ទីនោះ​ជា​អ្នក​កាសែត។ នៅ​ពេល​ដឹង​ថា​ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ពីព្រោះ​ថា​ខ្ញុំ​បាន​ចាកចេញ​ពី​ប្រទេសកំណើត​របស់​ខ្ញុំ ហើយ​បាន​រស់នៅ​កម្ពុជា និង​ហៅ​ប្រទេស​នេះ​ថា​ជា​ផ្ទះ​របស់​ខ្ញុំ​ក្នុង​រយៈពេល​ប្រមាណ​៥ឆ្នាំ​ចុងក្រោយ​នេះ។ ប៉ុន្តែ សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​វា​រឹតតែ​ឆ្លុះបញ្ចាំង​ថា​រដ្ឋាភិបាល​កម្ពុជា​កាន់តែ​មិន​លើកលែង ឬ​អត់អោន​ឱ្យ​ចំពោះ​ការ​រាយការណ៍​បញ្ហា​រស៊ើប​ៗ​ ឬ​បញ្ហា​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ជាពិសេស​បញ្ហា​បរិស្ថាន​ជាដើម។

លោក មាន ឫទ្ធិ៖ ក្នុង​នាម​លោក​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​នៅ​ក្រៅ​ប្រទេស តើ​លោក​មាន​សារ​អ្វី​ជាចម្បង​ទៅដល់​សហការី​របស់​លោក​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​អ្នកកាសែត​ក្នុងស្រុក និង​អ្នកកាសែត​បរទេស​ដែល​កំពុង​រាយការណ៍​ពី​បញ្ហា​រស៊ើប​នោះ?

លោក ជឺរល ហ្វ្លីន៖ បាទ! ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ថា អ្នក​កាសែត​ដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​សង្គម។ ហើយ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួលស្គាល់​ពី​តួនាទី​នេះ​ក៏ដោយ ក៏​ខ្ញុំ​ដឹង​ថា​ពលរដ្ឋ​កម្ពុជា​ទទួលស្គាល់​ពី​តួនាទី​នេះ។ ពួកគេ​ដឹង​ច្បាស់​ពី​អ្វី​ដែល​កំពុង​កើតមាន​ឡើង បើ​ទោះ​បី​ជា​រឿងរ៉ាវ​មួយ​ចំនួន​មិន​ត្រូវ​បាន​គេ​រាយការណ៍​ក៏ដោយ។ ដូច្នេះ ខ្ញុំ​គិត​ថា​អ្នកកាសែត​ដែល​បន្ត​ធ្វើការ​នៅក្នុង​ស្ថានភាព​បែប​នេះ គឺ​ពួកគេ​គួរ​ឱ្យ​កោត​សរសើរ​មែនទែន។ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​អ្វី​ដែល​បាន​កើតឡើង​មក​លើ​ខ្ញុំ នឹង​មិន​អាច​បង្អាក់​អ្នកកាសែត​កម្ពុជា ឬ​អ្នក​កាសែត​បរទេស មិន​ឱ្យ​ពួកគេ​រាយការណ៍​ពី​បញ្ហា​រសើប​ៗ​នោះ​ឡើយ។ មនុស្សម្នា​ត្រូវការ​យល់ដឹង​ពី​អ្វី​ដែល​កំពុងតែ​កើតឡើង​ក្នុង​ប្រទេស​របស់​ពួកគេ។ ដូច្នេះ ខ្ញុំ​គិត​ថា​សារ​របស់​ខ្ញុំ​ទៅកាន់​អ្នកកាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​គឺ «ស៊ូ ស៊ូ!!!»

លោក មាន ឫទ្ធិ៖ ជា​ចុងក្រោយ ខ្ញុំ​ចង់​ដឹង​ថា តើ​អ្វី​ទៅ​ជា​ជំហាន​បន្ទាប់​របស់​លោក​ក្នុង​នាម​ជា​អ្នកកាសែត​ដែល​រង​នូវ​បម្រាម​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា? តើ​លោក​នឹង​នៅ​តែ​បន្ត​រាយការណ៍​ពី​បញ្ហា​របស់​ប្រទេស​កម្ពុជា​ដែរ​ឬទេ?

 លោក ជឺរល ហ្វ្លីន៖ «ខ្ញុំ​គិត​ថា​មិន​ថា​ខ្ញុំ​នៅ​ទីណា​ទេ ស្ថានភាព​នេះ​នឹង​មិន​អាច​បង្អាក់​ខ្ញុំ​មិន​ឱ្យ​រាយការណ៍​ពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​បាន​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​វា​ក៏​នឹង​មិន​បង្អាក់​អ្នក​កាសែត​ដទៃ​ទៀត​មិន​ឱ្យ​ជ្រើសរើស​យក​ការ​រាយការណ៍​ពី​ប្រទេស​កម្ពុជា​ដែល​ខ្ញុំ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចេញ​នេះ​ឡើយ។ ខ្ញុំ​ពិត​ជា​គិត​ថា​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ដឹង​ថា​ការ​បំបិទមាត់​អ្នកកាសែត​ណា​ម្នាក់ នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​នានា​ដែល​អ្នក​កាសែត​ទាំងនោះ​រាយការណ៍​ឡើយ។ ការ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​ប្រទេស​កម្ពុជា​វិញ នឹង​មិន​អាច​បញ្ឈប់​ព័ត៌មាន​មិន​ឱ្យ​លេចឮ​ទៅ​ខាងក្រៅ​នោះ​ឡើយ។ មនុស្ស​ម្នា​នឹង​នៅតែ​រក​វិធីសាស្ត្រ​នានា​ដើម្បី​ឱ្យ​ព័ត៌មាន​ទាំងនោះ​បាន​ដឹង​ឮ​ទៅ​ដល់​សាធារណជន។ អាច​ថា​ជា​រូប​ខ្ញុំ ឬ​ក៏​ជា​អ្នក​ដទៃ​ជាដើម។ ខ្ញុំ​គិត​ថា​រឿង​នេះ​គឺ​ប្រាកដ​ជា​នឹង​កើតឡើង»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles