យុវជន​ដែល​អាជ្ញាធរ​សៀមរាប​ចោទ​ថា ជា​ក្មេង​ទំនើង កើត​វិបត្តិ​ផ្លូវចិត្ត​ក្រោយ​បាត់បង់​សេរីភាព

ដោយ ហ៊ុំ ចំរើន
2025.02.12
RFA

យុវជន​ដែល​អាជ្ញាធរ​សៀមរាប​ចោទ​ថា ជា​ក្មេង​ទំនើង កើត​វិបត្តិ​ផ្លូវចិត្ត​ក្រោយ​បាត់បង់​សេរីភាព

អគារសាលាដំបូងខេត្ត​សៀមរាប។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​សៀមរាម


អាណាព្យាបាល​របស់​យុវជន ដែល​ត្រូវ​សមត្ថកិច្ច​ចោទ​ថា ជា​ក្មេង​ទំនើង និង​ត្រូវ​តុលាការ​សម្រេច​ឱ្យ​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប បាន​អះអាង​ថា កូន​របស់​ពួកគាត់​បាន​កើត​វិបត្តិ​ផ្លូវចិត្ត និង​មាន​សុខភាព​ចុះ​ខ្សោយ ដោយសារ​បរិភោគ​មិន​គ្រប់គ្រាន់ និង​ត្រូវ​មន្ត្រី​ពន្ធនាគារ​កិបកេង​អាហារ ដែល​គ្រួសារ​ផ្ញើ​ឱ្យ។ ពួកគាត់​ចាត់​ទុក​ករណី​នេះ គឺជា​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​កូនៗ​របស់​ពួកគាត់ បន្ថែម​ពីលើ​ភាព​អយុត្តិធម៌ ដែល​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​សារភាព ដើម្បី​ទទួល​កំហុស​ជំនួស​ជន​ប្រព្រឹត្ត។

ពលរដ្ឋ​រស់នៅ​សង្កាត់​ក្របីរៀល ក្រុង​សៀមរាប បាន​អះអាង​ថា កូន​របស់​ពួកគាត់ បាន​ជាន់​ដាន​របស់​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​ហិង្សា​នៅ​ទី​សាធារណៈ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ឆ្នាំ ពេលនេះ ពួកគេ​បាន​កើត​មាន​អារម្មណ៍​ភ័យខ្លាច និង​មាន​សុខភាព​ចុះ​ទន់ខ្សោយ បន្ទាប់ពី​ជាប់​ពន្ធនាគារ​បាន ៦ខែ។

ពលរដ្ឋ​នៅ​សង្កាត់​ក្របីរៀល ក្រុង​សៀមរាប ដែល​ត្រូវ​ជា​ឪពុក​របស់​យុវជន​កំពុង​ជាប់ឃុំ ឈ្មោះ រ៉ន ប៊ុនណា គឺ​លោក វ៉ាយ រ៉ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​ពេល​ទៅ​សួរ​សុខទុក្ខ​កូន​នៅ​ពន្ធនាគារ លោក​សង្កេត​ឃើញ​កូន​របស់​លោក មាន​សភាព​ស្គម​ស្លេកស្លាំង ស្បែក​កើត​កមរមាស់ និង​បង្ហាញ​អារម្មណ៍​ភ័យខ្លាច​ខុស​ពី​ធម្មតា។ លោក រ៉ន ប៊ុនណា អះអាង​ថា កូន​របស់​លោក បាន​ប្រាប់​លោក​ថា នៅ​ក្នុង​ពន្ធនាគារ រូប​គេ​បរិភោគ​អាហារ​មិន​បាន​គ្រប់គ្រាន់​ឡើយ ខណៈ​អាហារ ឬ​នំ​ចំណី ដែល​លោក​បាន​ផ្ញើ​តាម​មន្ត្រី​ពន្ធនាគារ យក​ឱ្យ​រូប​គេ​សម្រាប់​បរិភោគ​នោះ គឺ​បាន​ទៅ​ដល់​ដៃ​រូបគេ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

លោក វ៉ាយ រ៉ន៖ «ជួនកាល​ក៏​ប៉ះ​ពួក​អ្នក​ចូល​ថ្មី គឺ​គេ​រករឿង។ ជាពិសេស​ពួក​ជក់​គ្រឿងញៀន ធ្វើបាប​កូន​ខ្ញុំ។ ហើយ​ម្ហូប​សព្វថ្ងៃ គឺ​យក​ទៅ​ឱ្យ​មិន​សូវ​បាន​ដល់​ដៃ​កូន​ទេ គឺ​ប៉ូលិស​ដក​អស់។ ពេល​ទៅ​លើកក្រោយ​សួរ​ទៅ កូន​ខ្ញុំ​ប្រាប់​ថា អត់​ឃើញ​មាន​ទេ គេ​ដក​អស់ ដូចជា​កាហ្វេ ខ្លះ​ជូន​កាល​ទៅ​បាន​ដល់ ១កញ្ចប់ ២កញ្ចប់​ទៅ ខ្លះ​ក៏​អត់។ ណាមួយ​ខ្ញុំ​ដែល​ជា​ឪពុកម្ដាយ ក៏​ជំពាក់គេ​ពេញ​តែ​វាល ក៏​រក​លុយ​មិន​ទាន់»

កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៤ ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​សៀមរាប សម្រេច​ចោទប្រកាន់​យុវជន គី ឆវ័ន្ត អាយុ ១៦ឆ្នាំ យុវជន រ៉ន ប៊ុនណា អាយុ ១៧ឆ្នាំ និង​យុវជន រ៉ា រដ្ឋា អាយុ១៤ឆ្នាំ ពី​បទ«ប៉ុនប៉ង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា» និង​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ២ឆ្នាំ។

ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​នៅ​គ្រប់​រាជធានី​ខេត្ត បន្ត​ចាត់​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ចំពោះ​ករណី​ក្មេង​ទំនើង​ដែល​បង្ក​ហិង្សា​ដាក់​គ្នា និង​បាន​ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌ ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់​ទម្ងន់​ទោស​បន្ថែម​ទៀត​ចំពោះ​ក្មេង​ទំនើង ដើម្បី​ឱ្យ​ពួកគេ​រាងចាល និង​ខ្លាចរអា។

ទោះជា​បែបនេះ​ក្ដី ការ​ផ្ដន្ទាទោស​នេះ បាន​ធ្វើ​ឱ្យ​អាណាព្យាបាល​យុវជន​ទាំង៣ ស្រក់​ទឹកភ្នែក ដោយ​ពួកគាត់​អះអាង​ថា កូន​របស់​ពួកគាត់​មិនមែន​ជា​ក្មេង​ទំនើង​វាយដំ​គ្នា​ឡើយ គឺ​ពួកគេ​បាន​ជាន់​ដាន​អ្នកដទៃ ហើយ​ការ​សម្រេច​នេះ នឹង​ធ្វើ​ឱ្យ​កូន​របស់​ពួកគាត់​ប៉ះទង្គិច​ផ្លូវចិត្ត ផ្លូវកាយ ខាតបង់​ការ​រៀន​សូត្រ និង​ទទួលរង​ការ​រើសអើង​នៅ​ពេល​ចេញ​ពី​ពន្ធនាគារ​វិញ។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ អាណាព្យាបាល​របស់​យុវជន​ទាំង៣ អះអាង​ថា ខណៈ​ពេល​សួរ​ចម្លើយ សមត្ថកិច្ច​ក្រុង​សៀមរាប បាន​ធ្វើទារុណកម្ម វាយ​ទៅ​លើ​ក្បាល និង​ដងខ្លួន​កូន​របស់​ពួកគាត់​រហូត​ដល់​ហើម​មុខ ដើម្បី​បង្ខំ​ឱ្យ​ទទួល​កំហុស​ដែល​អាជ្ញាធរ​បាន​ចោទ។

ពលរដ្ឋ​នៅ​សង្កាត់​ក្របីរៀល ម្នាក់ទៀត ដែល​ត្រូវជា​ម្ដាយ​របស់​យុវជន​កំពុង​ជាប់ឃុំ​ឈ្មោះ គី ឆវ័ន្ត គឺ​លោកស្រី យ៉ាន សារ៉ុម ថ្លែង​ថា នៅ​ពេល​ជួប​កូន​នៅ​ពន្ធនាគារ កូន​របស់​លោកស្រី​បាន​យំ និង​សុំ​អង្វរ​លោកស្រី​ឱ្យ​ជួយ​គេ​បាន​ចេញ​ពី​ពន្ធនាគារ ដើម្បី​បាន​ចូលរៀន​វិញ។ លោកស្រី​អះអាង​ថា កូន​របស់​លោកស្រី​បាន​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ដោយសារ​រូប​គេ​បាន​បាត់បង់​ការ​សិក្សា ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​ទាំង​វ័យក្មេង និង​ទទួលរង​ការ​ធ្វើទារុណកម្ម​លើ​រាងកាយ​ពីសំណាក់​សមត្ថកិច្ច​ថែមទៀត​ផង។

លោកស្រី យ៉ាន សារ៉ុម៖ «កូន​ខ្ញុំ​យំ​ប្រាប់​ខ្ញុំ​ថា ម៉ា់ក់រក​មេធាវី​ជួយ​ឱ្យ​ខ្ញុំ​ចេញ​ទៅវិញ​បាន​ផង។ ខ្ញុំ​ថា ម៉ាក់​បាន​រក​មេធាវី​ឱ្យ​កូន​ហើយ ប៉ុន្តែ​គេ​មិន​ឱ្យ​កូន​ចេញ​ទេ។ ខ្ញុំ​បាន​ឱ្យ​គេ ៦លាន ហើយ​ក្រោយមក​ក៏​ឱ្យ​គេ ២លាន​ថែម ឱ្យ​គ្រប់ ២ពាន់​ដុល្លារ នៅ​តែ​គេ​មិន​ឱ្យ​ចេញ​ទៀត។ ពេល​កូន​ខ្ញុំ​ចូល​ដល់​ពន្ធនាគារ​ហ្នឹង ឮ​ថា​គេ​ទាត់​មួយ​ជើង​ឡើង​ឆ្អិត ដោយសារ​ឈរ​មិន​ត្រង់​ជួរ»។

អាណាព្យាបាល​របស់​យុវជន លើកឡើង​ថា ដោយសារ​តែ​ខ្លាច​កូន​បាត់បង់​អនាគត និង​គ្មាន​លទ្ធភាព​រក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ ពួកគាត់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង ស្នើ​សុំ​ឱ្យ​កូន​របស់​ពួកគាត់​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​រហូត​មកដល់​ពេលនេះ នៅ​មិនទាន់​មាន​ការ​សម្រេច​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​នគរបាល​ក្រុង​សៀមរាប លោក ដា ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ក្របីរៀល លោក សឿន សីហា និង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក ឃៀង សុណាឌីន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១១ ខែ​កុម្ភៈ។

អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត ស្នើ​ឱ្យ​មន្ត្រី​ពន្ធនាគារ​ខេត្ត​សៀមរាប គិតគូរ​ពី​សុខុមាលភាព​របស់​អ្នកជាប់ឃុំ ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​ភាព​ទន់ខ្សោយ​ផ្នែក​ស្មារតី និង​សុខភាព។ ទោះជា​យ៉ាងណា លោក អ៊ិន គង់ជិត លើកឡើង​ថា ក្នុងចំណោម​យុវជន​ដែល​កំពុង​ជាប់ឃុំ​ទាំង ៣នាក់ គឺ​យុវជន គី ឆវ័ន្ត មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​ជាមួយ​ក្រុម​ក្មេង​ទំនើង​ឡើយ ចំណែក​អ្នក​ផ្សេង​ទៀត​គ្រាន់តែ​ជា​អ្នក​នៅ​ក្នុង​ហេតុការណ៍​ប៉ុណ្ណោះ។

លោក អ៊ិន គង់ជិត៖ «ស្នើ​សុំ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក​បង្កើត​លេខ​ទូរស័ព្ទ Hot-line មួយ​ទៅ ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ពី​សាច់ញាតិ​អ្នកទោស ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ គាត់​អាច​បញ្ជូន​ព័ត៌មាន​ហ្នឹង ទៅ​ខាង​អគ្គនាយកដ្ឋាន អំពី​ស្ថានភាព​សាច់ញាតិ​របស់​គាត់​រស់នៅ​ក្នុង​ពន្ធនាគារ​យ៉ាងម៉េច​ៗ។ កាលណា​អគ្គនាយកដ្ឋាន​លោក​បាន​ទទួល​ព័ត៌មាន​ពិត លោក​មាន​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ហើយ​បាតុភាព​ផ្សេងៗ​ទៀត អាច​នឹង​ថមថយ»

អត្ថបទ​ស្ដីពី​សកម្មជន​មិន​រាងចាល​របស់​អង្គការ​លីកាដូ ចេញផ្សាយ​នៅ​ថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ២០២៤ រក​ឃើញ​ថា ពន្ធនាគារ​ជាច្រើន​កន្លែង​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ «ជន​ប្រព្រឹត្ត​បទល្មើស» បាក់​ស្មារតី​រាងចាល​ក្នុង​ការ​ប្រព្រឹត្ត ដូចជា កង្វះ​អាហារ​ហូបចុក កង្វះ​ទឹក​ស្អាត និង​ទឹក​មាន​តម្លៃ​ថ្លៃ​កប់​ពពក ជាដើម។

ពាក់ព័ន្ធ​នឹង​ការ​រង​សម្ពាធ​នៅ​ក្នុង​ពន្ធនាគារ​នេះ​ដែរ សកម្មជន​សង្គម និង​ជា​អតីត​អ្នក​ជាប់ឃុំ នៅ​ពន្ធនាគារ ម.២ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា អះអាង​ថា ជាទូទៅ​អ្នក​ជាប់ឃុំ​ទទួល​បាន​របប​អាហារ ដែល​គ្មាន​អនាម័យ និង​គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ឡើយ ខណៈ​កន្លែង​រស់​នៅ ក៏​គ្មាន​អនាម័យ​ដែរ ដោយ​មន្ត្រី​ពន្ធនាគារ បាន​ដាក់​អ្នកទោស​ក្នុង​បន្ទប់​ចង្អៀត​ណែន ជាពិសេស​អ្នក​ដែល​គ្មាន​លុយ​ទិញ​កន្លែង​ដេក។ កញ្ញា​បន្ត​ថា កត្តា​នេះ បាន​ធ្វើ​ឱ្យ​កញ្ញា​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត និង​មាន​ជំងឺ​តាម​មក​ជាមួយ​ជាច្រើន​មុខ នៅ​ពេល​ចេញ​ពី​ពន្ធនាគារ​វិញ។

កញ្ញា សូ មេត្តា៖ «ហើយ​សម្ល​គឺ​មិន​ស្មើ​នឹង​បាយ​សុនខ​ដែល​យើង​ចិញ្ចឹម​ដាក់​ឱ្យ​ស៊ី​ទេ។ គឺ​មន្ត្រី​ពន្ធនាគារ ទុក​អ្នកទោស​ដូច​សត្វ គឺ​មិន​ឱ្យ​តម្លៃ និង​គោរព​សិទ្ធិ​ទៅ​តាម​នីតិវិធី​ច្បាប់ ដែល​បាន​ចែង​នោះ​ទេ»

ឪពុកម្ដាយ​យុវជន​ជាប់ឃុំ ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌ ពិចារណា​សើរើ​សំណុំរឿង​របស់​កូន​ពួកគាត់​ឡើងវិញ ដោយ​ពួកគាត់​អះអាង​ថា ករណី​ចាប់ខ្លួន និង​ចោទប្រកាន់​លើ​កូន​របស់​ពួកគាត់ គឺជា​រឿង​អយុត្តិធម៌ ដែល​អាជ្ញាធរ​បាន​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​រឹងមាំ។ ទន្ទឹមគ្នា​នេះ ពួកគាត់​ស្នើ​ឱ្យ​មន្ត្រី​ពន្ធនាគារ​ខេត្ត​សៀមរាប គួរ​យកចិត្តទុកដាក់​ពី​សុខុមាលភាព​អ្នក​ជាប់ឃុំ ដែល​ជា​កុមារ ដើម្បី​កុំ​ឱ្យ​ពួកគេ​កើត​វិបត្តិ​ផ្លូវចិត្ត ក្រោយ​ចេញ​ពី​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles