ក្រុមមាតាធម្មជាតិថា តំបន់ការពារធម្មជាតិគិរីរម្យរងការបំពុលដោយសំរាមកខ្វក់

កម្ពុជា
13/02/2025 – 13:14
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៥ នេះ ក្រុមមាតាធម្មជាតិបានបង្ហោះរូបភាពចំនួន៣សន្លឹកដែលបង្ហាញគំនរសំរាមនៅលើឧទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺ។ រូបថតគំនរសំរាមនេះត្រូវបានភ្ជាប់ជាមួយនូវសំណួរថា ហេតុអ្វីបានជាតំបន់ការពារធម្មជាតិនៅកម្ពុជាត្រូវបានបំពុលដោយសំរាមកខ្វក់បែបនេះ? និងថា តើក្រសួងបរិស្ថានមិនមានសមត្ថភាពទេ ឬ បានជាយកដីឧទ្យានជាតិទៅធ្វើជាកន្លែងចាក់សំរាមបែបនេះ?

ក្រុមមាតាធម្មជាតិថា តំបន់ការពារធម្មជាតិគិរីរម្យរងការបំពុលដោយសំរាមកខ្វក់


រូបថត ៣សន្លឹកដែលនិយាយពីបញ្ហាសំរាមរបស់ក្រុមមាតាធម្មជាតិបានបង្ហាញឱ្យឃើញសំរាមប្លាស្ទិកជាច្រើនគរលើគ្នានៅក្នុងឧទ្យានជាតិគិរីរម្យដែលជាតំបន់ការពារធម្មជាតិ។ ក្រុមមាតាធម្មជាតិបានបញ្ជាក់ថា រូបថតទាំង ៣សន្លឹកនេះបានថតនៅថ្ងៃទី១៩ មករា ឆ្នាំ២០២៥។ តាមរយៈរូបថតទាំងនេះ ក្រុមមាតាធម្មជាតិបានវាយតម្លៃពីសមត្ថភាពនៃការគ្រប់គ្រងសំរាមរបស់ក្រសួងបរិស្ថាន និងការយកដីជាច្រើនផ្នែកក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសម:គីរីរម្យទៅធ្វើជាកន្លែងចាក់សំរាម និងឡដុតសំរាម។

ក្រុមមាតាធម្មជាតិបានចោទសួរដោយផ្ទាល់ទៅកាន់ក្រសួងបរិស្ថានថា តើមានយន្ដការអ្វីខ្លះទេក្នុងការចាត់ចែងសំរាមដ៏កខ្វក់នៅឧទ្យានជាតិគិរីរម្យនេះ?។ តែសំណួរនេះនៅមិនទាន់ទទួលបានចម្លើយយ៉ាងណាពីក្រសួងបរិស្ថាននៅឡើយទេ។ វិទ្យុបារាំងអន្តរជាតិ RFI បានព្យាយាមទាក់ទងលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន តែនៅមិនទាន់មានការឆ្លើយតប គិតត្រឹមរសៀលថ្ងៃទី១៣ កុម្ភៈនេះ។ តែលោក ស៊ុន លី នាយករដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុបារាំងអន្ដរជាតិ ថា ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមមាតាធម្មជាតិនេះ លោកនឹងឱ្យជំនាញទៅពិនិត្យមើល។  តែលោកមិនភ្លេចបញ្ជាក់ថានៅប៉ុន្មានថ្ងៃខាងមុខ នៅឧទ្យានជាតិគីរីរម្យ នឹងមានរៀបចំកម្មវិធីបុណ្យភ្នំ ហេតុនេះបញ្ហាសំរាមគឺត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់។ តែសម្រាប់ការងារលម្អិតពាក់ព័ន្ធការគ្រប់គ្រងសំរាមនៅឧទ្យានជាតិយ៉ាងណានោះ លោកថា ត្រូវសួរទៅកាន់ជំនាញនៃមន្ទីរបរិស្ថាន។  

ទោះជាយ៉ាងណា តែថ្មីៗនេះ ក្រសួងបរិស្ថានបានដាក់យុទ្ធនាការជាច្រើនដើម្បីសំអាតសំរាមក្នុងប្រទេសកម្ពុជា។ ក្រសួងអះអាងថា កម្ពុជាកំពុងដោះស្រាយបញ្ហាសំរាម និងសំណល់ប្លាស្ទិកទាំងនេះ ព្រោះវាជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ និងសោភ័ណភាពមិនថាទីប្រជុំជន ទីក្រុង និងសហគមន៍មូលដ្ឋានឡើយ។

ក្រុមមាតាធម្មជាតិថា តំបន់ការពារធម្មជាតិគិរីរម្យរងការបំពុលដោយសំរាមកខ្វក់
ក្រុមមាតាធម្មជាតិថា តំបន់ការពារធម្មជាតិគិរីរម្យរងការបំពុលដោយសំរាមកខ្វក់ © mother nature

យោងតាម​ក្រសួងបរិស្ថាន នៅ​ប្រទេស​កម្ពុជា មាន​សំរាម​ជាង ១ម៉ឺន តោន ត្រូវបាន​ចោល​ក្នុង​ ១ ​ថ្ងៃៗ ដែល​ស្មើនឹង​ជាង ​៤​លាន​តោន​ក្នុង​ ១​ឆ្នាំ​៕

What Next?

Recent Articles