កម្ពុជា
កម្ពុជា-ព្រំដែន
13/02/2025 – 10:38
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅថ្ងៃទី១២ កុម្ភៈ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខថៃបានប្រកាសយល់ព្រមពិនិត្យមើលសំណើសាងសង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ ប្រទេសថៃ។ ស្នើឡើងដោយអភិបាលខេត្តស្រះកែវ គម្រោងសាងសង់របងព្រំដែនជាមួយកម្ពុជានេះនឹងត្រូវចំណាយលុយអស់ ១១លានដុល្លារ សម្រាប់របងប្រវែង ៥៥គីឡូម៉ែត្រ។
ថៃកំពុងពិនិត្យសំណើសុំសាងសង់របងព្រំដែនជាមួយកម្ពុជាក្នុងខេត្តស្រះកែវប្រវែង ៥៥គីឡូម៉ែត្រ
តាមការចុះផ្សាយរបស់កាសែតថៃ Thai PBS នាថ្ងៃទី១២ កុម្ភៈ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខថៃបានប្រកាសពិនិត្យ និងសិក្សាគម្រោងសាងសង់របងព្រំដែនជាមួយកម្ពុជានៅភូមិសាស្ត្រនៃខេត្តស្រះកែវ ក្នុងចម្ងាយប្រវែង ៥៥គីឡូម៉ែត្រ ដោយចំណាយលុយ ៣៩៥លានបាត ឬស្មើប្រមាណ ១១លានដុល្លារ។ គម្រោងសាងសង់របងនៅតាមបណ្តោយព្រំដែនជាមួយកម្ពុជានេះគឺជាការស្នើឡើងដោយអភិបាលខេត្តសាកែវ លោក Parinya Phothisat ក្រោមហេតុផលទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការធ្វើប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរមនុស្សពីប្រទេសកម្ពុជា។
តាម Thai PBS ក្រៅពីស្នើគម្រោងសាងសង់របងពុះចែកព្រំដែនជាមួយកម្ពុជា អភិបាលខេត្តសាកែវថែមទាំងបានស្នើឱ្យមានការបំពាក់កាម៉េរ៉ាឃ្លាំមើលតាមរបងព្រំដែននោះទៀតផង។ ទន្ទឹមគ្នានេះ អភិបាលខេត្តសាកែវក៏បានស្នើឱ្យរដ្ឋាភិបាលថៃបើកការិយាល័យកុងស៊ុលថៃពិសេសមួយដើម្បីតាមដានស្ថានភាពពលរដ្ឋថៃប្រមាណ ៣ម៉ឺននាក់ដែលកំពុងធ្វើការក្នុងខេត្តចំនួន៨ របស់កម្ពុជា។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា យល់ឃើញថា ការសាងសង់របងព្រំដែនជាមួយកម្ពុជារបស់ថៃមិនអាចទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកឆ្លងដែន ឬការឆបោកអនឡាញបានទេ។
ម៉្យាងវិញទៀត និងបើតាមលោក គិន ភា ថៃក៏មិនអាចសម្រេចជាឯតោភាគីបានដែរ ទោះបីជាគម្រោងសិក្សាសាងសង់របងព្រំដែនជាមួយកម្ពុជានេះជាកិច្ចការផ្ទៃក្នុងរបស់ថៃក៏ដោយ។ សម្រាប់លោក គិន ភា ការធ្វើរបងតាមបណ្តោយព្រំដែនកម្ពុជា មិនថាជាមួយថៃ ឬវៀតណាម គឺមិនមែនជារឿងអាក្រក់ទេ ប្រសិនបើកិច្ចការនោះត្រូវបានអនុវត្តត្រឹមត្រូវតាមច្បាប់ព្រំដែន។ គួរជ្រាបថា រដ្ឋាភិបាលថៃបាន និងកំពុងបង្កើនប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកឆ្លងដែន ឬការឆបោកអនឡាញនៅតាមព្រំដែនជាមួយប្រទេសភូមា កម្ពុជា និងឡាវ។ អាជ្ញាធរថៃបានរកឃើញទីតាំងឆបោកនៅតាមបណ្តោយព្រំដែនថៃសរុបប្រមាណ ៧៥ទីតាំង ក្នុងនោះ ៣០ទីតាំងនៅប្រទេសកម្ពុជាក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
នៅច្រកព្រំដែនជាមួយកម្ពុជា អាជ្ញាធរថៃបានកាត់ផ្តាច់សេវាអ៊ីនធ័រនែតល្បឿនលឿនចំនួន ៤ទីតាំងដែលតភ្ជាប់ទៅកាន់អាគារនៅលើទឹកដីកម្ពុជាក្នុងក្រុងប៉ោយប៉ែត ក្រោយរកឃើញថា ទីតាំងនោះជាសំបុករបស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញ។ ក្រៅពីផ្តាច់ប្រព័ន្ធអ៊ីនធ័រនែត អាជ្ញាធរថៃក៏បានកាត់ផ្តាច់សេវាទូរស័ព្ទដៃ តាមបង្គោលអង់តែនកម្ពស់ខ្ពស់មួយចំនួនដែលបញ្ជូនរលកសញ្ញាចូលមកទឹកដីកម្ពុជាចម្ងាយ ១គីឡូម៉ែត្រ។ នេះមិនទាន់រាប់បញ្ចូលការត្រួតពិនិត្យ និងការបិទប្រតិបត្តិការស៊ីមកាត់ទូរស័ព្ទណាដែលប្រតិបត្តិការមិនច្បាស់លាស់ ឬខុសច្បាប់ជាច្រើនទៀត។

ចំណែកនៅព្រំដែនជាមួយប្រទេសភូមាវិញ រដ្ឋាភិបាលថៃបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី សេវាអ៊ីនធ័រនែត និងប្រេងឥន្ធនៈនៅតំបន់មួយចំនួនក្នុងក្រុងមីយ៉ាវាឌី និងថ្មីៗនេះ តុលាការឧក្រិដ្ឋកម្មថៃក៏បានចេញដីកាចាប់ខ្លួនមន្ត្រីយោធា និងកងកាពារព្រំដែនរដ្ឋការ៉ែនដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សយកទៅធ្វើការខុសច្បាប់នៅតាមព្រំដែន៕