កម្ពុជា
13/02/2025 – 13:23
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
នៅថ្ងៃទី១៣ ខែកុម្ភៈ ពលរដ្ឋមកពីសហគមន៍ព្រែកតាគង់១ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញបាននាំគ្នាទៅក្រសួងមហាផ្ទៃដើម្បីតាមដានលិខិតដែលពួកគេស្នើឲ្យដកប្រធានភូមិព្រែកតាគង់១ក្នុងខែមករាកន្លងទៅ។ ការស្នើដករូបមេភូមិព្រែកតាគង់១ ដោយពលរដ្ឋចោទថា មេភូមិព្រែកតាគង់១ ជាមន្ត្រីអសកម្ម គ្មានសមត្ថភាពក្នុងការដោះស្រាយអំពើចោរកម្ម និងល្បែងអនឡាញ។
ពលរដ្ឋសង្កាត់ចាក់អង្រែស្នើឱ្យដកមេភូមិព្រែកតាគង់១ ពីបទអសកម្មការងារ
តំណាងពលរដ្ឋក្នុងសហគមន៍ព្រែកតាគង់១ បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថា មេភូមិព្រែកតាគង់១ ជាមន្ត្រីអសមត្ថភាពគ្រប់គ្រងល្បែងស៊ីសងអនឡាញក្នុងភូមិ និងបណ្ដោយឱ្យមានអំពើចោរកម្មដូចជា ឆក់ ប្លន់ ឬគាស់ផ្ទះសម្បែងប្រជាពលរដ្ឋជាដើម។ តាមតំណាងពលរដ្ឋ មេភូមិព្រែកតាគង់១ ថែមទាំងមិនបានដោះស្រាយបញ្ហាដែលពលរដ្ឋបានដាក់ពាក្យប្ដឹង ពិសេសមិនយកចិត្តទុកដាក់ចំពោះបញ្ហាថ្នាំញៀន និងបណ្ដោយឱ្យមានការចែកចាយយ៉ាងអនាធិបតេយ្យ។ ការមិនអើពើនឹងបញ្ហារបស់ប្រធានភូមិត្រូវបានពលរដ្ឋខ្លះចាត់ទុកជាទង្វើផ្ទុយពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
គួររម្លឹកថា កាលពីខែមករា ឆ្នាំ២០២៥ មានពលរដ្ឋប្រមាណ ៥០នាក់ក្នុងសហគមន៍ព្រែកតាគង់បានរួមគ្នាដាក់លិខិតឱ្យលោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដករូបមេភូមិព្រែកតាគង់១។ ក្នុងពេលប្រមាណ ១ខែ បន្ទាប់ពីដាក់លិខិតទៅក្រសួងមហាផ្ទៃ តំណាងពលរដ្ឋក្នុងសហគមន៍ព្រែកតាគង់១ ក៏បានចោទមេភូមិព្រែកតាគង់១ ថាបានគំរាមកំហែងប្រជាពលរដ្ឋដែលមកដាក់លិខិត និងមានចេទនាមិនសម្រួលឯកសារសាធារណៈមួយចំនួនឱ្យពួកគេ។ ជាងនេះទៅទៀត មេភូមិព្រែកតាគង់១ បានដើរប្រមូលមេដៃពលរដ្ឋឱ្យគាំទ្រលោកជាមេភូមិដដែល។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងបានពិនិត្យលើលិខិតដែលពលរដ្ឋបានដាក់មក និងថា ក្រសួងឱ្យសមត្ថកិច្ចនៅថ្នាក់រាជធានីជាអ្នកស្វែងរកការពិតឱ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះ លោក ទូច សុឃៈមិនភ្លេចបញ្ជាក់ដោយរម្លឹកថា មេភូមិគឺជាតំណាងរបស់ពលរដ្ឋដែលគ្មានអំណាចនគរបាលក្នុងការដោះស្រាយបញ្ហាមួយចំនួននៅមូលដ្ឋានទេ។ ដូច្នេះសម្រាប់លោក ទូច សុឃៈ ហេតុផលដែលស្នើឲ្យដកមេភូមិ ដោយសារតែមិនបានដោះស្រាយបញ្ហាថ្នាំញៀន ឬអំពើចោរកម្ម ជាហេតុផលមិនសមស្របទេ។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះដដែល សមត្ថកិច្ចដែលមានអំណាចដកមេភូមិចេញពីតំណែង គឺក្រុមប្រឹក្សាឃុំសង្កាត់ ពោលមិនមែនក្រសួងមហាផ្ទៃ ឬរដ្ឋបាលថ្នាក់ស្រុក ខណ្ឌ ឬរាជធានីខេត្តនោះទេ៕