ដោយ ហ៊ុំ ចំរើន
2025.02.13
RFA

(រូបឯកសារ) អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែងក្នុងសន្និសីទបង្ហាញគ្រឿងញៀន នាមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នៅកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ RFA
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី១០ ជាការល្អប្រសើរ លើគោលនយោបាយចំនួន៩លើក ដែលបានអនុវត្តកន្លងទៅ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី១២ កុម្ភៈ បានបង្ហាញពីផែនការ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើទី១០ សម្រាប់ឆ្នាំ២០២៥។
មន្ត្រីអង្គការសង្គមស៊ីវិល ថា គ្រឿងញៀន នៅតែជាក្ដីបារម្ភមួយរបស់កម្ពុជា ខណៈគ្រឿងញៀន កំពុងក្លាយមូលហេតុចំបងមួយ ក្នុងការបំផ្លាញធនធានមនុស្ស និងថវិកាជាតិ។
មន្ត្រីអនុវត្តច្បាប់ «ត្រូវតែនៅឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀន»
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកុម្ភៈថា ក្នុងយុទ្ធនាការចំនួន ៩លើកនាពេលកន្លងទៅ អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាច្រើន ខណៈពន្ធនាគារមានជនជាប់ឃុំភាគច្រើនជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។ លោកបន្តថា ដើម្បីឲ្យយុទ្ធនាការនេះ មានប្រសិទ្ធភាពលុះណាតែរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងអនុវត្តច្បាប់ប្រកបដោយតម្លាភាព។
លោក អំ សំអាត៖ «ដើម្បីឲ្យយុទ្ធនាការលើកទី១០ របស់រាជរដ្ឋាភិបាលនេះ មានប្រសិទ្ធភាព ទាល់តែ ទី១ គឺមន្ត្រីដែលអនុវត្តទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនព្រោះកន្លងទៅយើងឃើញថា ក្រសួងពាក់ព័ន្ធមួយចំនួនចាប់ផ្ដើមធ្វើតេសទៅលើបញ្ហាគ្រឿងញៀនលើមន្ត្រីមួយចំនួន ហើយមន្ត្រី ដែលពាក់ព័ន្ធ ក៏ត្រូវមានការអនុវត្តច្បាប់មួយចំនួនដែរ អីចឹងត្រូវតែនៅឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ។ បើសិនជា មន្ត្រីអនុវត្តច្បាប់មានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន នោះការស៊ើបអង្កេតពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ គឺពិបាក»។
ចាប់គ្រឿងញៀនជិត៤៣តោន និងសារធាតុគីមីផ្សំជិត៦០០តោន
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី១២ ខែកុម្ភៈ ចេញនូវផែនការរបស់រដ្ឋាភិបាល ក្នុងការបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សម្រាប់ឆ្នាំ២០២៥។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា យុទ្ធនាការនេះ មានគោលដៅ កាត់បន្ថយផលប៉ះពាល់ នៃគ្រឿងញៀន បង្កើនសុខុមាលភាព និងសុវត្ថិភាពជូនពលរដ្ឋ និងការពារកិត្តិយសជាតិ តាមរយៈការដាក់ចេញនូវវិធានការជាក់ចំនួន៦ ចំណុចរួមមាន វិធានការអប់រំ វិធានការរដ្ឋបាល វិធានការព្យាបាល ស្ដារនីតិសម្បទា និងសមាហរណកម្ម និងវិធានការអនុវត្តច្បាប់ជាដើម។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ឲ្យដឹងថា ក្នុងយុទ្ធនាការចំនួន៩លើក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ អាជ្ញាធរបានបិទទីតាំងអាជីវកម្មចំនួន ៤៨ កន្លែង ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនរាប់ម៉ឺននាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទជិត ៤៣តោន (៤២.៨៤៨គីឡូក្រាម) និងសារធាតុគីមីផ្សំជិត ៦០០តោន (៥៩៦.៣៩៩គីឡូក្រាម)។ ប្រភពដដែលឲ្យដឹងទៀតថា ក្នុងយុទ្ធនាការនេះ អាជ្ញាធរបានបញ្ជូនជនរងគ្រោះ ប្រើប្រាស់គ្រឿងញៀន ទៅទទួលការព្យាបាល និងស្ដារនីតិសម្បទាជិត ១៥ម៉ឺននាក់ (១៤៥.៧៩០)។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១២ ខែកុម្ភៈ។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញថា នៅក្នុងមួយឆ្នាំ២០២៤ កម្ពុជាបានរឹបអូសគ្រឿងញៀនខុសច្បាប់ជិត ១៥ (១៤,៧) តោន ដែលចំនួននេះ បានកើនឡើងជិត ៤រយភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលអាជ្ញាធរបានរឹបអូសគ្រឿងញៀនជិត៣តោន (២.៩៨៨គីឡូក្រាម)។ ចំណែកជនសង្ស័យ ដែលត្រូវបានអាជ្ញាធរ ឃាត់ខ្លួនក្នុងឆ្នាំ២០២៤ គឺជិត ២ម៉ឺន ៦ពាន់នាក់ ដែលចំនួននេះ បានកើនឡើងប្រមាណ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលអាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យបានជាង២ម៉ឺននាក់ (២០.០០២)។
ទោះជាយ៉ាងនេះក្ដី លោក អំ សំអាត ស្នើដល់អាជ្ញាធរ ឲ្យចាត់ទុកអ្នកប្រើប្រាស់គ្រឿងញៀន ជាជនរងគ្រោះ និងអនុវត្តច្បាប់ប្រកបដោយតម្លាភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។