លោក ហ៊ុន សែន ប្រកាសកំចាត់ចោលអ្នកដែលចង់សម្លាប់លោក និងគ្រួសារលោក

កម្ពុជា
13/02/2025 – 12:29
ដោយ៖ ញឹម សុផល
RFI

នៅលើហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសកំចាត់ចោលនូវរាល់បុគ្គលទាំងឡាយណាដែលចង់សម្លាប់លោក និងគ្រួសាររបស់លោក។ ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងដោយជាមួយនូវឃ្លីបសម្លេងចំនួន២ ដែលបង្ហាញពីការជជែកគ្នារបស់ក្រុមមួយទាក់ទងទៅនឹងគម្រោងធ្វើឃាតលោក ហ៊ុន សែន និងក្រុមគ្រួសារដោយប្រើដ្រូន។

លោក ហ៊ុន សែន ប្រកាសកំចាត់ចោលអ្នកដែលចង់សម្លាប់លោក និងគ្រួសារលោក


លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកដឹងពីមេធំរបស់អ្នកប៉ុនប៉ងធ្វើឃាតលោកជាអ្នកណា ហើយនៅទីណា។ តែលោកមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះលោកត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។

សំណេរនេះត្រូវបាន លោក ហ៊ុន សែន បញ្ជាក់ថា គឺជាការចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្ម ដែលប៉ុនប៉ងធ្វើឃាតលើរូបលោក និងគ្រួសារលោក។ បន្ថែមពីនេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជាចោទសួរថា តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?

មួយវិញទៀត លោកក៏រង់ចាំមើលថា តើមានបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស នៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានបង្ហាញឃ្លីបសម្លេងជជែកគ្នាចំនួន ២ឃ្លីប របស់ក្រុមមួយដែលបានលើកឡើងពីការប្រែក្លាយដ្រូនកសិកម្មទៅជាដ្រូនវាយប្រហារភេរវកម្មដោយផ្ទុកប្រេងសាំងស្រោចរោយពីលើភូមិគ្រឹះលោក ហ៊ុន សែន និងបង្កជាអណ្តាតភ្លើងឡើង។ គឺនៅចំណុចនេះហើយ ដែលលោក ហ៊ុន សែន បញ្ជាក់នៅចុងក្រោយនៃសំណេរថា លោកនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់លោក និងគ្រួសាររបស់លោក។

អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន​ សែន
អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន​ សែន © SHS

គណបក្ស និងសកម្មជនប្រឆាំងទាំងក្នុង និងក្រៅប្រទេសកំពុងស្ថិតនៅស្ងៀមស្ងាត់នៅឡើយចំពោះអ្វីដែលលោក ហ៊ុន សែន បានលើកឡើងពេលនេះ។ ក៏ប៉ុន្តែ មេដឹកនាំកងទ័ព នគរបាល មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចៅហ្វាយខេត្ត គណបក្សនយោបាយដែលមានសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច បាននាំគ្នាចេញញត្តិដូចៗគ្នាព្រោងព្រាត ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់លោក ហ៊ុន សែន។ ខ្លឹមសារនៃញត្តិបញ្ជាក់ថា គម្រោងផែនការនេះជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គ្រាមសាជាថ្មី៕

What Next?

Recent Articles