ថៃ​បញ្ជាក់​ថា មិន​ទាន់​ពិភាក្សា​រឿង​ធ្វើ​របង​តាម​ព្រំដែន​ជាមួយ​កម្ពុជា ព្រោះ​នាយករដ្ឋមន្ត្រី​មិន​បាន​បញ្ជា

ដោយ ហ៊ុំ ចំរើន
2025.03.11
RFA

រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា (ឆ្វេង)  ជួបប្រជុំ​ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham  Wechayachai) ឧបនាយករដ្ឋមន្ត្រី នៅ​ប្រទេសឡាវ កាលពីថ្ងៃទី២០ វិច្ឆិកា ២០២៤។

រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា (ឆ្វេង) ជួបប្រជុំ​ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) ឧបនាយករដ្ឋមន្ត្រី នៅ​ប្រទេសឡាវ កាលពីថ្ងៃទី២០ វិច្ឆិកា ២០២៤។ (រូប៖ ក្រសួង​ការពារជាតិ)


មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​ការបរទេស​ថៃ លើកឡើង​ថា ភាគី​ថៃ​នៅ​មិន​ទាន់​លើក​យក​គម្រោង​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​កម្ពុជា ទៅ​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​នោះ​ទេ ដោយ​ថា មិន​ទាន់​ឆ្លងកាត់​ការ​ពិភាក្សា​លំអិត និង​ការ​អនុម័ត​ពី​នាយករដ្ឋមន្ត្រី​ថៃ។ អ្នកឃ្លាំមើល​កម្ពុជា ថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ អាច​នាំ​ផល​វិជ្ជមាន​សម្រាប់​ភាគី​កម្ពុជា។

គម្រោង​សាងសង់​របង​នៅ​តាម​ព្រំដែន​កម្ពុជា ដែល​គណៈរដ្ឋមន្ត្រី​ថៃ បាន​លើកឡើង នៅ​ពេលនេះ ហាក់​បាន​ដើរ​ថយក្រោយ​មួយ​ជំហាន​ហើយ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​ស្នើ​ឱ្យ​លើក​យក​បញ្ហា​នេះ ទៅ​សិក្សា​បន្ថែម​នៅ​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់​ជាតិ។

គម្រោង​សាងសង់​របង​នៅ​តាម​ព្រំដែន​កម្ពុជា ជាប់ក្រុង​ប៉ោយប៉ែត

ថ្លែង​ប្រាប់​សារព័ត៌មាន ថៃរ៉ាត (Thai Rath) កាលពី​ថ្ងៃទី៩ ខែ​មីនា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ម៉ារីដ ស្ងៀមផុង្ស (Maris Sangiampongsa) លើកឡើង​ថា គម្រោង​សាងសង់​របង​នៅ​តាម​ព្រំដែន​កម្ពុជា ត្រង់​ចំណុច​តំបន់​ខេត្ត​ស្រះកែវ (Sakeo) និង​ក្រុង​ប៉ោយប៉ែត របស់​កម្ពុជា គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​អាជ្ញាធរ​នៅ​ក្នុង​តំបន់ និង​មិនទាន់​មាន​ការ​បញ្ជា ឬ​អនុម័ត​ពី​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paethongthan Shinawatra) នោះ​ទេ ដូច្នេះ​លោក​មិនទាន់​លើក​យក​រឿង​នេះ ទៅ​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ឡើយ។

លោក ម៉ារីដ ស្ងៀមផុង្ស បន្ត​ថា គម្រោង​សាងសង់​របង​តាម​ព្រំដែន​កម្ពុជា​នេះ នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ក្របខ័ណ្ឌ​ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ​ជាមុន ដើម្បី​សិក្សា​ទៅ​លើ​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រំដែន និង​វាយតម្លៃ​ទៅ​លើ​ការ​ចំណាយ និង​ផលប្រយោជន៍​ដែល​ទទួល​បាន​មកវិញ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី៣ ខែ​មីនា អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ជីរ៉ាយុ ហួងសាប់ (Jirayu Houngsub) បាន​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ថា នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​លើកឡើង​ពី​គម្រោង​សាងសង់​របង​ជញ្ជាំង​នៅ​តាម​ព្រំដែន​កម្ពុជា ដើម្បី​ការពារ​ការ​ឆ្លងដែន​ខុសច្បាប់ របស់​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត ការ​ជួញដូរ​គ្រឿងញៀន និង​ការ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ជាដើម។ ក្នុង​កិច្ចប្រជុំ​នោះ អ្នកស្រី ផែផងថាន បញ្ជាក់​ថា កិច្ចការ​សង់​របង​ជញ្ជាំង​នេះ នឹង​ប្រគល់​ទៅ​ឱ្យ​ក្រសួងការបរទេស ក្រសួងការពារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ថៃ ជា​អ្នក​ទទួល​ខុសត្រូវ និង​ចរចា​ជាមួយ​ភាគី​កម្ពុជា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក ជុំ សុន្ទរី និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការ កិច្ចការ​ព្រំដែន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ឡាំ ជា ដើម្បី​សុំ​ការ​ឆ្លើយតប​របស់​ភាគី​កម្ពុជា ជុំវិញ​គម្រោង​សាងសង់​របង​តាម​ព្រំដែន របស់​រដ្ឋាភិបាល​ថៃ​នេះ​បាន​ទេ នៅ​ថ្ងៃទី១០ ខែ​មីនា។


អត្ថបទ​ដែលទាក់ទង៖

អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​ថា គម្រោង​ធ្វើ​របង​របស់​ថៃ​តាម​ព្រំដែន​កម្ពុជា អាច​នឹង​ប៉ះពាល់​អធិបតេយ្យ​កម្ពុជា

អ្នកឃ្លាំមើល​ថា កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

លោក ហ៊ុន ម៉ាណែត ថា កម្ពុជា​បន្ត​ចរចា​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ តែ​លោក​មិន​បញ្ជាក់​ចំណែក​កម្ពុជា​នៅ​លើ​កោះគជ់


ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់ឃើញ​ថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ថៃ មាន​ភាព​ច្បាស់លាស់ ព្រោះ​ការ​ធ្វើ​របង​តាម​ព្រំដែន​នេះ ពាក់ព័ន្ធ​ដល់​អធិបតេយ្យ និង​ផលប្រយោជន៍​របស់​ប្រទេស​ជិតខាង ខណៈ​កម្ពុជា និង​ថៃ កំពុង​មាន​ភាព​ចម្រូងចម្រាស រឿង​បញ្ហា​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ស្រាប់​ផង​នោះ។

លោក ម៉ែន ណាត៖ «យើង​ចង់​ឱ្យ​កម្ពុជា មាន​ការ​ប្រយ័ត្នប្រយែង​ដូច​ថៃ​ដែរ។ នៅ​ពេល​ដែល​ថៃ​មិនទាន់​ធ្វើ​សេចក្ដី​សម្រេច​ណាមួយ ភាគី​កម្ពុជា ក៏​មិន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ផ្ដេសផ្ដាស​ដែរ។ តែ​កាលណា​មាន​អរិភាព​នយោបាយ​ការទូត ធ្វើ​ឱ្យ​យើង​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់។ ប៉ះពាល់​ទាំង​វិស័យ​នាំចេញ​នាំចូល ទេសចរណ៍ និង​ប៉ះពាល់​ដល់​ពលករ​រាប់​លាន​នាក់​ដែល​កំពុង​ធ្វើការ​នៅ​ស្រុក​ថៃ»

ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

គម្រោង​ធ្វើ​របង​តាម​ព្រំដែន​កម្ពុជា​នេះ បាន​ផ្ដួចផ្ដើម​ឡើង​ក្នុង​កំឡុង​ពេល​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បាន​ទៅ​ត្រួតពិនិត្យ​ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ នៅ​ខេត្ត​ស្រះកែវ (Sakeo) កាលពី​ខែ​កុម្ភៈ ដោយ​កាលនោះ លោក​ភូមិថាំ បាន​លើកឡើង​ថា លោក​នឹង​លើក​យក​សំណើ​នេះ ទៅ​ប្រជុំ​ក្នុង​គណៈរដ្ឋមន្ត្រី។ គម្រោង​សាងសង់​របង​នេះ មាន​ប្រវែង​សរុប ១៦៥គីឡូម៉ែត្រ និង​សង់​ជញ្ជាំង​ដាក់​បន្លា​លួស​នៅ​តំបន់​ក្នុង​ស្រុក​អារញ្ញប្រៈថេត (Aranyaprathet) ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រវែង ៥៥គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ៨លានដុល្លារ។

ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ម៉ារីដ ស្ងៀមផុង្ស បាន​អះអាង​ថា កន្លងទៅ លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្នុង​ឱកាស​ជួប​ប្រជុំ​នៅ​ប្រទេស​វៀតណាម (Vietnam) ដោយ​ក្នុង​ជំនួប​នោះ អ្នក​ទាំងពីរ​បាន​ពិភាក្សា​គ្នា រឿង​ភាព​ចម្រូងចម្រាស​នៅ​ព្រំដែន​ប្រាសាទ​តាមាន់ធំ។ ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​ប្រទេស​ទាំងពីរ បាន​ព្រមព្រៀង​គ្នា ទុក​បញ្ហា​នេះ ឱ្យ​គណៈកម្មការ​តំបន់​របស់​ប្រទេស​ទាំងពីរ​ជា​អ្នក​ដោះស្រាយ ដោយ​អះអាង​ថា វិវាទ​នៅ​ប្រាសាទ​តាមាន់ធំ មិនមែន​ជា​បញ្ហា​ធំដុំ ដែល​ត្រូវ​យក​មក​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment