ដោយ មាន ឫទ្ធិ
2025.03.11
RFA

ក្មួយប្រុសលោក ហ៊ុន សែន លោក ហ៊ុន ជា (ឆ្វេង) លោក ហ៊ុន តូ (ស្ដាំ) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (កណ្ដាល)។ (រូប៖ ចែកចាយលើបណ្ដាញសង្គម)
ធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ដែលរងការចោទប្រកាន់ជាយូរមកហើយថា ក្រុមហ៊ុននេះគឺដើរតួយ៉ាងសំខាន់ ដើម្បីប្រតិបត្តិការទូទាត់លាងលុយកខ្វក់រាប់សិបពាន់លានដុល្លារឱ្យក្រុមសង្គមងងឹត ឬក្រុមឆបោកតាមអនឡាញ (Online)។ ទោះមានការដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះក៏ក្រុមភ្នាក់ងាររបស់កម្មវិធី «ហួយវ័ន ផេ» នៅតែបន្តប្រតិបត្តិការទូទាត់ដូរលុយតាមរយៈកម្មវិធីនេះដដែល។
អ្នកនាំពាក្យធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមអ៊ីមែល (Email) កាលពីសប្ដាហ៍មុនថា អាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ ត្រូវបានដកចេញដោយសារតែក្រុមហ៊ុនមួយនេះមិនបានបំពេញលក្ខខណ្ឌអនុលោមតាមបទប្បញ្ញត្តិ និងអនុសាសន៍ដែលមានស្រាប់ដែលធ្វើឡើងដោយនិយតករកម្ពុជា។ ទោះជាយ៉ាងណា អ្នកនាំពាក្យធនាគារជាតិនៃកម្ពុជា មិនបានបញ្ជាក់ឡើយថា នៅក្រោយពេលក្រុមហ៊ុននេះត្រូវបានដកអាជ្ញាប័ណ្ណ ក្រុមហ៊ុនអាចប្រឈមមុខបែបណានោះ ប្រសិនបើក្រុមហ៊ុននៅតែបន្តប្រតិបត្តិការទូទាត់សាច់ប្រាក់តាមកម្មវិធី ហួយវ័ន ផេ។
ផ្នែកនៃក្រុមហ៊ុន ហួយវ័ន គ្រុប
ក្រុមហ៊ុន ហួយវ័ន ផេ គឺជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) ហើយក្រុមហ៊ុនទាំងនេះបានបង្កើតទីផ្សារអនឡាញជាច្រើនទៀតមានឈ្មោះដូចជា ហួយវ័ន ផេ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) ដែលក្រុមអ្នករកស៊ីឆបោកតាមអនឡាញ អាចប្រើប្រាស់យ៉ាងទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមមានទាំងកម្ពុជាផង។ កម្មវិធីនេះ អនុញ្ញាតឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់នូវទិន្នន័យ បច្ចេកវិទ្យា និងសេវាកម្មលាងលុយកខ្វក់បាន។
ក្រុមហ៊ុនវិភាគទិន្នន័យប្រតិបត្តិការកុំព្យូទ័រតាមប្រព័ន្ធបច្ចេកវិទ្យា Blockchain ឈ្មោះ «អេលីបទីក (Elliptic)» ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) កាលពីខែកក្កដា ឆ្នាំ២០២៤ បានលាតត្រដាងថា បងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ គឺជានាយកមួយរូបនៃក្រុមហ៊ុន ហួយវ័ន ផេ។ ប្រភពដដែលបានលាតត្រដាងទៀតថា ក្រុមហ៊ុន ហួយវ័ន របស់លោក ហ៊ុន តូ ពាក់ព័ន្ធយ៉ាងសកម្មនឹងប្រាក់ចំណេញបានមកពីអំពើលាងលុយកខ្វក់ពីការឆបោកតាមអនឡាញនៅជុំវិញពិភពលោក ហើយយ៉ាងហោចណាស់ទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារត្រូវបានទូទាត់លាងលុយកខ្វក់តាមរយៈកម្មវិធីក្រុមហ៊ុន ហួយវ័ន។
ប្រតិបត្តិការដកលុយរាប់ពាន់ដុល្លារ
ទោះបីមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជាបានដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ ក៏ភ្នាក់ងាររបស់កម្មវិធីទីផ្សារទូទាត់ និងដូរលុយតាមអនឡាញឱ្យក្រុមហ៊ុន ហួយវ័ន ផេ នៅតែបន្តប្រតិបត្តិការជាហូរហែ និងជាប្រចាំ។ ភ្នាក់ងារដូរលុយតាមកម្មវិធី ហួយវ័ន ផេ បានបង្ហាញទិន្នន័យសាច់ប្រាក់នៅលើបណ្ដាញសង្គមពួកគេចំពោះប្រតិបត្តិការដូរលុយរាប់ពាន់ដុល្លារ និងការទូទាត់ដូរលុយក្នុងកម្មវិធីហួយវ័ន ផេ ដោយឆ្លងតាមប្រព័ន្ធធនាគារក្នុងស្រុក។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ព្រមានដល់ពលរដ្ឋខ្មែរដែលជាភ្នាក់ងារកម្មវិធីទីផ្សារដូរលុយតាមអនឡាញឱ្យប្រុងប្រយ័ត្ន និងដកខ្លួនឱ្យបានឆាប់រហ័ស។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិករដែលបន្តដូរលុយ ឬទូទាត់សាច់ប្រាក់តាមកម្មវិធីហួយវ័ន ផេ ក្រោយធនាគារជាតិដកអាជ្ញាប័ណ្ណនេះគឺជាបទល្មើសជាក់ស្ដែង។
លោក សេក សុជាតិ៖ «កាលណាគ្រឹះស្ថានហិរញ្ញវត្ថុមួយត្រូវបានបិទ និងត្រូវបានដាក់ចេញនូវគោលការណ៍ចេញពីរដ្ឋហើយ តែនៅតែប្រព្រឹត្តទៀតមានន័យថា នេះគឺជាបទល្មើសជាក់ស្ដែងដែលគួរតែចាត់វិធានការភ្លាមៗត្រូវធ្វើដោយឈរលើគោលការណ៍ច្បាស់លាស់ និងធ្វើការបិទបណ្ដាញទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការប្រព្រឹត្តល្មើសពីគោលការណ៍របស់រដ្ឋ។ ប្រសិនជាធនាគារជាតិត្រូវបានសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម ឬការកំណត់មុខសញ្ញាណាមួយអ៊ីចឹងនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលតែម្ដង។ វាគឺជាគ្រោះធំ មិនមែនជារឿងលេងសើច និងគួរតែដោះស្រាយដោយឈរលើភាពប្រាកដប្រជា ដោយឈរលើមូលដ្ឋានច្បាប់»។
លោក សេក សុជាតិ ក៏ស្នើដល់ធនាគារជាតិនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេតចំពោះប្រតិបត្តិការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុន ហួយវ័ន ផេ នៅក្រោយការដកហូតអាជ្ញាប័ណ្ណនេះ និងត្រូវចាត់វិធានការដោយឈរលើគោលការណ៍ច្បាប់ និងយុត្តិធម៌ ប្រសិនបើរកឃើញបណ្ដាញទីផ្សារអនឡាញក្រុមហ៊ុនមានប្រតិបត្តិការលាងលុយកខ្វក់បម្រើដល់ក្រុមសង្គមងងឹត ឬក្រុមឆបោកតាមអនឡាញ។
វិទ្យុអាស៊ីសេរីមិនទាក់ទងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីសាកសួរបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះបានទេនៅថ្ងៃទី១០ ខែមីនា។ ចំណែក បងជីដូនមួយលោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
អត្ថបទដែលទាក់ទង៖
ត្រកូល «ហ៊ុន» ពាក់ព័ន្ធនឹងសម្ព័ន្ធក្រុមហ៊ុនចិន «ហួយវ័ន គ្រុប» រកស៊ីឆបោកតាមអនឡាញ
កម្មវិធីដូរលុយតាមអនឡាញនៃក្រុមហ៊ុនហួយវ័ន ផេ ក្រៅពីស្រូបទាញពលរដ្ឋខ្មែរមួយចំនួនឱ្យបម្រើការងារហើយនោះ ក្រុមហ៊ុននេះក៏បានបង្កើតទីផ្សារតាមបណ្ដាញសង្គមតេឡេក្រាម (Telegram marketplace) ដែលត្រូវបានគេកំណត់ថា ជាកន្លែងដ៏ពេញនិយមសម្រាប់ឧក្រិដ្ឋកម្មដែលមានចំណងទាក់ទងនឹងប្រតិបត្តិការសាច់ប្រាក់ខុសច្បាប់ក្នុងទំហំរហូតដល់ ២ម៉ឺន៤ពាន់លានដុល្លារ។ របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ឱ្យដឹងថា ទីផ្សារនៅតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) របស់ក្រុមហ៊ុន ហួយវ័ន ផេ បានក្លាយជាសរសៃឈាមដ៏សំខាន់មួយនៃដំណើរការពាណិជ្ជកម្មខុសច្បាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់កំពុងប្រឈមការរីករាលដាលនៃការជួញដូរមនុស្ស និងការឆបោកតាមអនឡាញកាន់តែខ្លាំង។
អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែន លោក ចាកុប ស៊ីមស៍ (Jacob Sims) ប្រាប់វិទ្យុអាស៊ីសេរីថា ការដកហូតអាជ្ញាប័ណ្ណធនាគារពីក្រុមហ៊ុន ហួយវ័ន នេះ មិនគួរត្រូវបានចាត់ទុកថា ជាសញ្ញានៃការកែទម្រង់ឡើយ ខណៈលោកពន្យល់ថា វាអាចគ្រាន់តែជាការប្ដូរឈ្មោះយីហោ។ សម្រាប់លោក ចាកុប ស៊ីមស៍ វិធីមួយដែលរដ្ឋាភិបាលកម្ពុជាគួរធ្វើដើម្បីបង្ហាញថា ខ្លួនពិតជាបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មប្រព្រឹត្តិដោយក្រុមហ៊ុន ហួយវ័ន នេះ គឺថា អាជ្ញាធរកម្ពុជាត្រូវចាប់ខ្លួនរាល់មនុស្សដែលពាក់ព័ន្ធនៅក្នុងក្រុមហ៊ុននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។