បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន នឹង​មាន​វាសនាត្រូវ​តុលាការ​អន្តរជាតិ​ចាប់​ខ្លួន​ ដូច​អតីត​ប្រធានាធិបតី​ហ្វីលីពីន

ដោយ ខាន់ លក្ខិណា
2025.03.11
RFA

រូបថតឯកសារ៖ (ឆ្វេង) លោក រ៉ូឌ្រីកូ ឌុយទែរ៍តេ (Rodrigo Duterte) អតីត​ប្រធានាធិបតី​ហ្វីលីពីន និង​​អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បច្ចុប្បន្ន ក្នុង​កិច្ច​ប្រជុំ​អាស៊ាន។

រូបថតឯកសារ៖ (ឆ្វេង) លោក រ៉ូឌ្រីកូ ឌុយទែរ៍តេ (Rodrigo Duterte) អតីត​ប្រធានាធិបតី​ហ្វីលីពីន និង​​អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បច្ចុប្បន្ន ក្នុង​កិច្ច​ប្រជុំ​អាស៊ាន។ (រូប៖ ហ្វេសប៊ុក ASEAN Information Center)


មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល លើក​ឡើង​ថា លោក ហ៊ុន សែន នឹង​មាន​វាសនា​ដូច​អតីត​ប្រធានាធិបតី​ហ្វីលីពីន ដែល​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ សកម្មជន​នយោបាយ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ក្រៅ​ប្រទេស រួម​ជាមួយ​អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង សហការ​គ្នា​ប្រមូល​ភស្តុតាង​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ឱ្យ​បាន​ឆាប់។

ស្រប​ពេល​ដែល​តុលាការ​បារាំង គ្រោង​បើក​សវនាការ នៅ​ថ្ងៃ​ទី១៩ ខែមីនា ដើម្បី​ជំនុំជម្រះ​សំណុំរឿង​បោក​គ្រាប់បែក​សម្លាប់​ពលរដ្ឋ​ខ្មែរ ១៦នាក់ និង​របួស​ជាង ១៥០នាក់ កាល​ពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​របស់​លោក ហ៊ុន សែន មេ​អង្គរក្ស​គ្រួសារ​ត្រកូល ហ៊ុន លោក​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និង​នាយក​រង​ខុទ្ទកាល័យ​លោក ហ៊ុន ម៉ាណែត គឺ​លោក​ឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នោះ ក្រុម​សកម្មជន និង​អ្នក​នយោបាយ​ប្រឆាំង បាន​ជំរុញ​ឱ្យ​បង្កើន​ចលនា​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថែម​ទៀត។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក មាស ពិសាល ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ដែល​ធ្វើការ​លើ​វិស័យ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌ និង​នីតិរដ្ឋ​នៅ​កម្ពុជា គួរតែ​សហការ​គ្នា​ប្រមូល​ភស្តុតាង​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ លោក​ថា បាតុករ​ពលរដ្ឋ​ខ្មែរ​ជាង ១.០០០នាក់ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថ្មីៗ នេះ បាន​មូល​មតិ​គ្នា ចង់​ឱ្យ​មាន​ការ​ប្ដឹងផ្ដល់​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហើយ​បើ​ប្ដឹង​កាន់តែ​ឆាប់ កាន់តែ​ល្អ ពីព្រោះ​ប្រទេស​កម្ពុជា កំពុង​ធ្លាក់​ចូល​ក្នុង​គ្រោះអាសន្ន ឧក្រិដ្ឋកម្ម និង​ការ​បំផ្លិចបំផ្លាញ​ប្រជាពលរដ្ឋ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។
លោក មាស ពិសាល៖ «យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្រឡាញ់​យុត្តិធម៌ ដែល​ពួក​យើង​ចង់​ឱ្យ​មាន​យុត្តិធម៌ ហើយ​ក៏​ដូច​ជា​យើង​ចង់​លុបបំបាត់​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ខ្មែរ អំពើ​កាប់​សម្លាប់ អំពើ​ជិះជាន់​បែប​ផ្ដាច់ការ​ហ្នឹង គឺ​យើង​តែងតែ​ស្រមៃ ចង់​ឃើញ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​ធ្វើការ​កាត់​ទោស​ទៅ​លើ​លោក ហ៊ុន សែន»។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​អាំងទែប៉ូល សហការ​ជាមួយ​ប៉ូលិស ហ្វីលីពីន ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីកូ ឌុយទែរ៍តេ (Rodrigo Duterte) ដាក់​ឃុំឃាំង​តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

បណ្ដាញ​ព័ត៌មាន ស៊ីអិនអិន (CNN) របស់​អាមេរិក​រាយការណ៍ នៅ​ថ្ងៃ​ទី១១ ខែមីនា ថា លោក ឌុយទែរ៍តេ (Duterte) អាយុ ៧៩ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋាន​រដ្ឋធានី​ម៉ានីល ក្នុង​ដំណើរ​វិល​ត្រឡប់​ពី​ទីក្រុង​ហុងកុង ចូល​មក​ប្រទេស​ហ្វីលីពីន​វិញ នៅ​ថ្ងៃ​ទី១១ ខែមីនា​នេះ។ ការិយាល័យ​ទំនាក់ទំនង​ប្រធានាធិបតី​ហ្វីលីពីន ឱ្យ​ដឹង​ថា បច្ចុប្បន្ន លោក ឌុយទែរ៍តេ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​អាជ្ញាធរ។

សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​ទំនាក់ទំនង​ប្រធានាធិបតី​ហ្វីលីពីន​ថា ការិយាល័យ​របស់​ប៉ូលិស​អាំងទែប៉ូល (Interpol) នៅ​ទីក្រុងម៉ានីល បាន​ទទួល​ច្បាប់​ចម្លង​ជា​ផ្លូវការ​នៃ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ខែមីនា ហើយ​នៅ​ពេល​លោក ឌុយទែរ៍តេ មក​ដល់​ហ្វីលីពីន អគ្គ​រដ្ឋអាជ្ញា​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​រូប​នេះ អំពី​បទ​ឧក្រិដ្ឋ កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

បណ្ដាញ​ព័ត៌មាន ស៊ីអិនអិន (CNN) ផ្សាយ​ថា ក្នុង​អំឡុង​ពេល​កាន់​តំណែង​ប្រធានាធិបតី​ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០២២ លោក ឌុយទែរ៍តេ បាន​ធ្វើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ឃោរឃៅ ដែល​បាន​សម្លាប់​មនុស្ស​ជាង ៦.០០០នាក់។ CNN ផ្សាយ​ថា ការ​ស្លាប់​ជាង ៦.០០០នាក់​នេះ គឺ​យោង​តាម​ទិន្នន័យ​របស់​ប៉ូលិស​ហ្វីលីពីន​ប៉ុណ្ណោះ ប៉ុន្តែ អ្នក​ឃ្លាំមើល​ជឿ​ថា ចំនួន​អ្នក​ស្លាប់ ដោយសារ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ អាច​ខ្ពស់​ជាង​នេះ ហើយ​អ្នក​ស្លាប់​ភាគ​ច្រើន​ជា​យុវជន​ពី​គ្រួសារ​ក្រីក្រ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​គ្មាន​ប្រណី ដោយ​ប៉ូលិស និង​ខ្មាន់​កាំភ្លើង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១១ ខែមីនា ថា រឿង​ដែល​កើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ក្រោម​ការ​ដឹកនាំ លោក ឌុយទែរ៍តេ និង​ស្ថានការណ៍​នៅ​កម្ពុជា​សម័យ​លោក ហ៊ុន សែន ខុស​គ្នា​ដូច​មេឃ និង​ដី។ លោក​ថា លោក ហ៊ុន សែន មិន​បាន​ប្រព្រឹត្ត​អ្វី​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នោះ​ទេ ហើយ​ថា បើ​អ្នក​ណា​មិន​អស់​ចិត្ត ពួក​គេ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក សុខ ឥសាន៖ «ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន មិនមែន​មាន​ទោស​កំហុស​អ្វី​ធ្លាក់​ទៅ​ដល់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឬ​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​អី ។ល។ ទេ មិន​ដូច​លោក ឌុយទែរ៍តេ ទេ ព្រោះ​លោក ឌុយទែរ៍តេ នឹង​ខ្ញុំ​យល់ ក្នុង​នាម​ជា​ប្រធានាធិបតី​ហ្វីលីពីន ក៏​គាត់​ប្រើ​វិធានការ​ក្ដៅ ដើម្បី​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ហ្នឹង។ អា​ហ្នឹង​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់ ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់»។

ទោះ​ជា​យ៉ាង​ណា​ក្ដី សកម្មជន​នយោបាយ​ប្រឆាំង​ថា ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​គ្រួសារ​ត្រកូល ហ៊ុន សាហាវ​ជាង​នៅ​ហ្វីលីពីន​សម័យ​លោក ឌុយទែរ៍តេ ទៅ​ទៀត ពីព្រោះ​លោក ឌុយទែរ៍តេ សម្លាប់​ជ្រុល​ដៃ​ក្នុង​យុទ្ធនាការ​បោស​សម្អាត​គ្រឿងញៀន ប៉ុន្តែ មេ​ដឹកនាំ​គ្រួសារ​ត្រកូល ហ៊ុន ធ្វើ​ឧក្រិដ្ឋកម្ម​បំផ្លាញ​ពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​ទៅ​វិញ។

សកម្មជន ដែល​កំពុង​ភៀស​ខ្លួន​ក្រៅ​ប្រទេស លោក ខឹម មុន្នីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ហាក់​ដូច​ជា​កំពុង​មាន​មោទនភាព នឹង​ការ​ដឹកនាំ​ដោយ​ប្រព័ន្ធ​ឧក្រិដ្ឋកម្ម​គ្រប់​ទម្រង់​របស់​ខ្លួន។ លោក​ថា ប្រព័ន្ធ​បែប​នេះ កំពុង បំផ្លាញ​ជីវភាព​ប្រជាពលរដ្ឋ ឱ្យ​ធ្លាក់​ខ្លួន​ក្រីក្រ វ័ណ្ឌ​ក​ដោយ​បំណុល និង​ការ​ឆបោក ព្រមទាំង​គំរាម​កំហែង ធ្វើ​ទុក្ខ​បុក​ម្នេញ​ជីវិត​ប្រជាពលរដ្ឋ​រាល់ថ្ងៃ។ ដូច្នេះ លោក​ថា ការ​ប្ដឹង​មេ​ដឹកនាំ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឱ្យ​បាន​ឆាប់ គឺ​ជា​ការ​ចាំបាច់​បំផុត។

លោក ខឹម មុន្នីកុសល៖ «ការ​បណ្ដែតបណ្ដោយ​ឱ្យ​គាត់ [លោក ហ៊ុន សែននិង​ក្រុម​គ្រួសារ​គាត់​នៅតែ​មាន​សេរីភាព ហើយ​បន្ត​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​ច្រើន​បន្ត​ទៅ​ទៀត វា​នឹង​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស គឺ​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ការ​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​ជាតិ មិន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អាច​រីក​ចម្រើន​ទៅ​មុខ ហើយ​ឈាន​ទៅ​ដល់​ការ​បាត់បង់​ទឹកដី មិន​អាច​ការពារ​បាន ពី​ប្រទេស​ជិត​ខាង ដែល​មាន​មហិច្ឆតា ដែល​ចង់​លេប​ត្របាក់​ប្រទេស​កម្ពុជា​ទៀត​ផង»។

អតីត​មេ​ដឹកនាំ និង​មេ​ដឹកនាំ​ប្រទេស​ក្នុង​តំណែង នៅ​តំបន់​អាស៊ាន ដែល​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិនមែន​មាន​តែ​លោក ឌុយទែរ៍តេ នៅ​ប្រទេស​ហ្វីលីពីន​ម្នាក់​ទេ មេ​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា​សព្វថ្ងៃ គឺ​នាយ​ឧត្ដមសេនីយ៍ មីន អូង ហ្លាំង (Min Aung Hlaing) ដែល​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​អ្នកស្រី អូង សាន ស៊ូ ជី (Aung San Suu Kyi) ក្នុង​ឆ្នាំ២០២១ ក៏​កំពុង​ប្រឈម​នឹង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ដែរ។

ប្រធាន​អយ្យការ​អម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាល​ពី​ចុង​ឆ្នាំ២០២៤ បាន​ស្នើ​ចៅក្រម​ឱ្យ​ចេញ​ដីកា​ចាប់​ខ្លួន​លោក មីន អូង ហ្លាំង (Min Aung Hlaing) ពី​បទ​ឧក្រិដ្ឋ​ប្រព្រឹត្តិ​លើ​ជាតិ​សាសន៍​ភាគ​តិច រ៉ូហ៊ីងយ៉ា (Rohingya) ដែល​កាន់​សាសនា អ៊ិស្លាម។

រីឯ​នៅ​កម្ពុជា​លោក ហ៊ុន សែន និង មន្ត្រី​ជាន់​ខ្ពស់​ក្បែរ​លោក​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​លោក ម័រតុន សក្លា (Morton Sklar) ដែល​មេធាវី​អាម៉េរិកាំង​តំណាង​ក្រុម​សម្ព័ន្ធ​អ្នក​តស៊ូ​មតិ ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដាក់​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ លើ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ កាលពីដើមឆ្នាំ២០១៤ ពី​បទ​រំលោភ​សិទ្ធិមនុស្ស និង​រារាំង​ការ​ស្វែងរក​យុត្តិធម៌ សម្រាប់​ជន​រងគ្រោះ ក្នុង​របប​ខ្មែរ ក្រហម។

សមាជ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី២៣ ខែកុម្ភៈ ដែល​រៀបចំ​ឡើង​ដោយ​ចលនា​ប្រជាពលរដ្ឋ ដើម្បី​ប្រជាធិបតេយ្យ (KMD) និង​អង្គការ​ដៃគូ បាន​សម្រេច​ជំរុញ​ឱ្យ​មាន​ការ​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទាក់ទង​នឹង​ការ​ដឹកនាំ​របស់​គាត់ ដែល​បង្កើត​ឧក្រិដ្ឋកម្ម​បំផ្លាញ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ប្រព័ន្ធ។

ប្រធាន​អង្គការ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMDអ្នកស្រី មូរ សុខហួរ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៣ ខែកុម្ភៈ​ថា ការ​បំផ្លិចបំផ្លាញ និង​ឧក្រិដ្ឋកម្ម ក្រោម ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មាន​ច្រើន​ករណី និង​ជា​ប្រព័ន្ធ ដែល​ត្រូវ​ជាប់​បទ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​រួម​មាន​ការ​សម្លាប់ និង​អំពើ​ហិង្សា​នយោបាយ ដែល​រក​ឃាតករ​មិន​ឃើញ ការ​ចាប់​ដាក់​ពន្ធនាគារ បំបិទ​សិទ្ធិ​សេរីភាព​ជា​ក្រុម ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី រួម​ទាំង​ការ​បំផ្លាញ​សហគមន៍​ដោយ​អំពើ​ឆបោក។

អ្នកស្រី មូរ សុខហួរ៖ «ការ​ដាក់​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទៅ​លើ​ករណី​លោក ហ៊ុន សែន នេះ មិនមែន​ជា​ការ​សំណើ​លើក​ទី១ ថ្មីៗ នេះ ទេ រឿង​នេះ យើង​បាន​ធ្វើ​កិច្ចការ​នេះ អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ តាម​ខ្ញុំ​ដឹង​ករណី​នេះ មាន​មេធាវី​ច្បាស់លាស់ មាន​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ពលរដ្ឋ​ខ្មែរ​ច្បាស់លាស់ ហើយ​មេធាវី​នោះ បាន​ផ្ដល់​នូវ​ព័ត៌មាន​ទៅ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហើយ​ខ្ញុំ​បាន​ដឹង​ថា គេ​បាន​ទទួល​យក​ហើយ នៅ​ករណី​លោក ហ៊ុន សែន នេះ។ នេះ​មិនមែន​ជា​រឿង​ថ្មី តែ​យើង​សូម​ឱ្យ​ជំរុញ ហើយ​នឹង​បើក​ករណី​ហ្នឹង​ជា​ថ្មី​ម្ដង​ទៀត»។

អ្នកឃ្លាំមើល​កត់​សម្គាល់​ថា កម្ពុជា​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន តាំង​ពី​នាយក​រដ្ឋមន្ត្រី​ឪ​ដល់​នាយក​រដ្ឋមន្ត្រី​កូន ឃើញ​មាន​ការ​អំពើ​ហិង្សា វាយដំ​ឱ្យ​របួស និង​ពិការ រួម​ទាំង​ការ​ចាប់​ដាក់​ពន្ធនាគារ​ច្រើន​រយ​នាក់។ ក្រៅ​ពី​នេះ ក៏​មាន​បុគ្គល​ល្បីៗ ជា​ច្រើន​រូប ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដូចជា អ្នកស្រី ពិសិដ្ឋ ពិលិកា ព្រះសង្ឃ សំ ប៊ុនធឿន លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក លិម គិមយ៉ា រហូត​ទៅ​ដល់​អ្នក​សារព័ត៌មាន និង​ថ្នាក់​ដឹកនាំ​សហជីព​ជា​ច្រើន​រូប​ទៀត។

អ្នកឃ្លាំមើល​លើក​ឡើង​ថា ក្រៅ​ពី​ការ​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ លោក ហ៊ុន សែន ក៏​ត្រូវ​រង​ការ​ចោទ​ប្រកាន់ នូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ទៀត​ដែរ ដូចជា ករណី​សម្លាប់​ឈ្លើយសឹក​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​លោក ហូ សុខ ជា​ដើម ក្នុង​អំពើ​រដ្ឋប្រហារ ដែល​ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន ក្នុង​ខែកក្កដា ឆ្នាំ១៩៩៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment