ពលរដ្ឋ​នៅ​តំបន់​អន្ទង់អាំង​ថា មន្ត្រី​លោក ហ៊ុន ម៉ាណែត គំរាម​ពួកគាត់​មិន​ឲ្យ​ផ្សព្វផ្សាយ​បញ្ហា​ដីធ្លី

ដោយ ប្រាជ្ញ ចេវ
2025.03.11
RFA

តំណាង​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ភ្នំ​១៥០០ ស្ថិត​នៅ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្រោយ​ដាក់ញត្តិ​ជូនមន្ត្រី​ខុទ្ទកាល័យ​របស់​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥។

តំណាង​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ភ្នំ​១៥០០ ស្ថិត​នៅ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្រោយ​ដាក់ញត្តិ​ជូនមន្ត្រី​ខុទ្ទកាល័យ​របស់​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)


ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ថា មន្ត្រី​ខុទ្ទកាល័យ លោក ហ៊ុន ម៉ាណែត គំរាម​ពួកគាត់​មិន​ឲ្យ​ផ្សព្វផ្សាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​អន្ទង់អាំង ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​មិន​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឡើយ។ ប៉ុន្តែ​ពលរដ្ឋ​ថា អាជ្ញាធរ​គួរ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ប្រសើរ​ជាង​គំរាម​បំបិទ​សំឡេង​របស់​ពួក​គាត់​មិន​ឲ្យ​និយាយ​អំពី​បញ្ហា​ដីធ្លី​មួយ​នេះ។

នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​មីនា ប្រជាពលរដ្ឋ​ជិត​១០​នាក់ ដែល​រស់នៅ​តំបន់​ភ្នំ​១៥០០ ស្ថិត​នៅ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​នាំ​គ្នា​ដើរ​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍ ពី​លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និង​ក្រសួង​ពាក់ព័ន្ធ នៅ​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ ដែល​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ដាក់​ឱសានវាទ ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​អន្ទង់អាំង​រយៈ​ពេល​១៥ថ្ងៃ។ ពលរដ្ឋ​ថា មន្ត្រី​ខុទ្ទកាល័យ លោក ហ៊ុន ម៉ាណែត មិន​បាន​ទទួល​លិខិត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដោយ​ឲ្យ​ពលរដ្ឋ​ទៅ​រក​មេធាវី​នៅ​ខេត្ត​ពោធិ៍សាត់ ដើម្បី​ជួយ​រក​ដំណោះស្រាយ​អំពី​បញ្ហា​នេះ និង​បាន​គំរាម​ពលរដ្ឋ​មិន​ឲ្យ​យក​បញ្ហា​ដីធ្លី​នៅ​តំបន់​អន្ទង់អាំង​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​ដាច់ខាត។


ពលរដ្ឋ​ថា មន្ត្រី​នាយករដ្ឋមន្ត្រី​មិនគួរគំរាមពួកគេទេ

ទោះ​ជា​យ៉ាង​ណា តំណាង​ប្រជាពលរដ្ឋ លោកស្រី សែម សុខគា អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ថា មន្ត្រី​ខុទ្ទកាល័យ​របស់​លោក ហ៊ុន ម៉ាណែត មិន​គួរ​គំរាមកំហែង​ទៅ​លើ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នោះ​ឡើយ តែ​អាជ្ញាធរ​គួរ​ប្រញាប់​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់។ លោក​ស្រី​ថា ពលរដ្ឋ​មិន​អាច​នៅ​ស្ងៀមស្ងាត់​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​ឡើយ ពីព្រោះ​ពលរដ្ឋ​ជាង​៣០​គ្រួសារ ដែល​អាជ្ញាធរ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​ភ្នំ​១៥០០​នោះ ដីធ្លី​របស់​ពួកគាត់​គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​តំបន់​អន្ទង់អាំង ក្នុង​តំបន់​អភិរក្ស​បៃតង​របស់​រដ្ឋាភិបាល​នោះ​ទេ។

លោកស្រី សែម ស្រីគា៖ «ខ្ញុំ​ជំពាក់​លុយ​ធនាគារ ត្រូវ​គេ​ដេញ​ចេញ​ដោយ​មិន​មាន​សំណង​ណា​មួយ​សមរម្យ ដែល​ខ្ញុំ​ទទួល​យក​មិន​បាន ហើយ​ដី​ខ្ញុំ​មាន​ប្លង់​រឹង រួច​មក​ចោទ​ប្រកាន់​ខ្ញុំ​រស់នៅ​ខុស​ច្បាប់​ទៀត ត្រូវ​តែ​ផ្សាយ​ហើយ ដី​ខ្ញុំ​មិន​ជាប់​ជាមួយ​តំបន់​អន្ទង់អាំង​ទេ អន្ទង់អាំង​នៅ​ខាងលើ ហើយ​ដី​ពួក​ខ្ញុំ​នៅ​ខាង​ក្រោម ពួកគាត់​អត់​បាន​និយាយ​ថា​ដី​នៅ​ក្រោម​អន្ទង់អាំង​យក​ដែរ​ផង ម៉េច​ត្រូវ​ឲ្យ​ខ្ញុំ​ចេញ ហើយ​តុលាការ​មិនទាន់​ឲ្យ​ឈ្នះ​ចាញ់​ផង​យក​ឱសានវាទ​ទៅ​បិទ​លើ​ផ្ទះ​ខ្ញុំ​ឲ្យ​ចាកចេញ​ក្នុង​រយៈ​ពេល​កន្លះ​ខែ»។

ពលរដ្ឋរងគ្រោះមិនមែនជាជនល្មើសទេ

ពលរដ្ឋ​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​គឺ​ជា​ជន​រងគ្រោះ មិនមែន​ជា​ជនល្មើស​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ដីធ្លី​ទាំង​នោះ​ពលរដ្ឋ​បាន​ទិញ​ពី​ទាហាន ដែល​ធ្លាប់​ឈរ​ជើង​នៅ​តំបន់​នោះ ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​មាន​លិខិត​ទិញ​លក់​ស្របច្បាប់​ថែម​ទៀត។ ពលរដ្ឋ​ថា បច្ចុប្បន្ន​ពួកគាត់​កំពុង​តែ​ជំពាក់​បំណុល​ធនាគារ ដោយសារតែ​ពួកគាត់​យក​លុយ​ទាំង​នោះ​ទៅ​ទិញ​នៅ​តំបន់​នោះ​រស់នៅ និង​អាស្រ័យ​ផល។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា និង​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋ​មន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា។


អត្ថបទដែលទាក់ទង៖

ក្រុម​ស្ត្រី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​មួយ​ចំនួន​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត និង​ការ​រើសអើង​ពី​រដ្ឋាភិបាល

សម្ភាសន៍​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង​នៃ​ខេត្ត​ពោធិ៍សាត់

ពលរដ្ឋ​រិះគន់​អ្នក​នាំ​ពាក្យ ដែល​ថា អាជ្ញាធរ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​បាន​ជោគជ័យ​នោះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត


ទាក់​ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ប្រសើរ​ជាង​ដាក់​គំនាប​ទៅ​លើ​ពួកគាត់។ លោក​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​គួរ​ចុះ​ទៅ​សិក្សា​អំពី​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​រក​ដំណោះស្រាយ មិន​គួរ​រុញ​បញ្ហា​នេះ​​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​នោះ​ទេ ពីព្រោះ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​ដាក់​ឱសានវាទ​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ​សម្បែង។

លោក យិន ម៉េងលី៖ «មូល​ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​មិន​ព្រម​ចាកចេញ ហើយ​ការ​បណ្ដេញ​គាត់​ចេញ​សំអាង​ទៅ​លើ​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ដែរ អ៊ីចឹង​ត្រូវ​ចំណាយ​ពេល​មួយ​ព្រឹក​ទៅ​ជួប​គាត់​ទៅ ហើយ​បញ្ឈប់​ការ​ដាក់​ឱសានវាទ​ទៅ​លើ​ពួកគាត់ ឈប់​គំរាម​ទៅលើ​ពួកគាត់​ទៅ​លើ​សកម្មភាព​ពួកគាត់ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ឲ្យ​គាត់​មាន​សេរីភាព​សិន​ទៅ»។

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មីនា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​លិខិត​មួយ​ច្បាប់ ដោយ​បង្ខំ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ភ្នំ​១៥០០ ស្រុក​វាលវែង ត្រូវ​រុះ​រើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​អន្ទង់​អាំង ក្នុង​រយៈ​ពេល​១៥​ថ្ងៃ។ ប្រសិនបើ​ពួកគាត់​មិន​ព្រម​រុះ​រើ​តាម​ការ​កំណត់​នោះ​ទេ អាជ្ញាធរ​នឹង​ចុះ​ទៅ​រុះ​រើ និង​ចាត់​វិធានការ​តាម​ច្បាប់។ ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ អះអាង​ថា ពួកគាត់​នឹង​មិន​ចាកចេញ​តាម​ការ​បង្ខំ​របស់​អាជ្ញាធរ​នោះ​ឡើយ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​កាត់​ឆ្វៀល​ដីធ្លី​ទាំង​នោះ​ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់នៅ និង​បាន​អាស្រ័យ​ផល​ឡើង​វិញ និង​​ដោះលែង​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោកស្រី សេន ពិសី ដែល​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បាន​ចាប់​ខ្លួន កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment