កម្ពុជា
កម្ពុជា-នយោបាយ
12/03/2025 – 10:51
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃពុធទី១២មីនានេះ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានធ្វើសន្និសីទសារព័ត៌ព័ត៌មានដើម្បីប្រកាសពីជំហររបស់ខ្លួនចំពោះបណ្តឹងសំណងទឹកប្រាក់ ១០ម៉ឺនដុល្លារទៅកាន់គណៈកម្មាធិការកិច្ចការព្រំដែន។ ជំហររបស់អ្នកនយោបាយប្រឆាំងរូបនេះ គឺស្ម័គ្រចិត្តសងសំណងទៅតាមការបង្គាប់របស់តុលាការ តែស្នើសុំតុលាការបង់សំណងជាដំណាក់កាល។
លោក រ៉ុង ឈុន ស្នើសុំតុលាការបង់ជាដំណាក់កាលលើប្រាក់សំណង១០ម៉ឺនដុល្លារ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃពុធ ទី១២ មីនា លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានទទួលស្គាល់ថា លោកគ្មានលទ្ធភាពបង់សំណង ១០ម៉ឺនដុល្លារក្នុងពេលមួយដងទាំងអស់បានទេ។ អ្វីដែលលោកអាចធ្វើបាន គឺការបង់ជាដំណាក់កាលទៅតាមពេលវេលាជាក់ស្តែង។ សូមរម្លឹកថា លោក រ៉ុង ឈុន និងសកម្មជន២រូបផ្សេងទៀតត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យរួមគ្នាសងសំណងខូចខាតចំនួន ៤០០លានរៀល ឬស្មើ ១០ម៉ឺនដុល្លារទៅឲ្យគណៈកម្មាធិការកិច្ចការព្រំដែនតាមកាលកំណត់ត្រឹមថ្ងៃទី១១ មីនា។ បើគិតការបង់ជាបុគ្គលម្នាក់ៗ លោក រ៉ុង ឈុន ត្រូវបង់ទៅឲ្យគណៈកម្មាធិការកិច្ចការព្រំដែនប្រមាណជាង៣ម៉ឺនដុល្លារ។
មកដល់ពេលនេះ មានទឹកប្រាក់ជាង២ម៉ឺន៣ពាន់ដុល្លារត្រូវបានរៃអង្គាសពីមហាជន និងអ្នកគាំទ្រចំនួន ២ ១៣៣នាក់ដើម្បីជួយទំនុកបម្រុងលោក រ៉ុង ឈុន។ តែទោះជាមានទឹកប្រាក់ដល់ទៅជាង ២ម៉ឺនដុល្លារក្នុងដៃក៏លោក រ៉ុង ឈុន ថា លោកមិនអាចបង់ទាំងអស់តែម្តងបានទេ។ ក្នុងន័យនេះ លោកបានប្រាប់ទៅមេធាវីឲ្យធ្វើបែបបទស្នើសុំតុលាការបង់តាមលទ្ធភាពជាបន្តបន្ទាប់។ គួរជម្រាបថាកាលពីថ្ងៃទី២៤ កុម្ភៈ មេធាវីការពារក្តីលោក រ៉ុង ឈុន គឺលោក ជួង ជូងី បានដាក់លិខិតមួយទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញដើម្បីស្នើសុំតុលាការយោគយល់ដែលលោក រ៉ុង ឈុន សុំបង់សំណងបណ្តើរៗទៅតាមលទ្ធភាពដែលលោកអាចរកបាន។
តែលោក រ៉ុង ឈុន បានអះអាងនៅព្រឹកថ្ងៃទី១២ មីនានេះថា ក្រឡាបញ្ជីបានបដិសេធនូវសំណើមួយនេះ។ ទោះជាយ៉ាងណា លោក រ៉ុង ឈុន នៅតែទទូចឲ្យតុលាការមានការយោគយល់ និងថា បើឈានដល់ដំណាក់កាលណាបន្តទៀត លោកបានត្រៀមខ្លួនទទួលគ្រប់យ៉ាង រួមទាំងការត្រលប់ចូលទៅក្នុងពន្ធនាគារជាថ្មីផង។ សម្រាប់លោក រ៉ុង ឈុន ពាក្យថាពន្ធនាគារគ្រាន់ជាផ្ទះសំណាក់អន្តរកាលដែលមិនអាចផ្លាស់ប្តូរជំហរ និងឆន្ទៈរបស់លោកចំពោះកិច្ចការសង្គមបានឡើយ។

គួររម្លឹកថា កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទញុះញង់ដោយសារការអត្ថាធិប្បាយអំពីបញ្ហាព្រំដែន។ បន្ទាប់មកនៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវបានដោះលែងវិញតាមសាលដីការបស់សាលាឧទ្ធរណ៍ និងដោយបានកាត់តម្រឹមទោសពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ខណៈទោសដែលនៅសេសសល់ចំនួន៨ខែ ១៩ថ្ងៃត្រូវបានព្យួរ៕